1 2 3
4 5 6 7

រូបភាព នៃការផ្ទុះឆេះនាវា ដឹកប្រេង នៅជប៉ុន កាលពីម្សិលមិញ

តូក្យូ, (ស៊ិនហួ)៖ នាវាដឹកប្រេងធុនមធ្យម របស់ជប៉ុន មួយគ្រឿង បានផ្ទុះឆេះ ផ្នែកកណ្តាលយ៉ាងសន្ធោសន្ធៅ កាលពីថ្ងៃទី២៩ ខែឧសភា ម្សិលមិញនេះ ដែលបានបណ្តាលឲ្យ កាពីទែនមួយរូបបាត់ខ្លួន និងកម្មករបម្រើការ ៤នាក់ទៀត រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩ ៖២០នាទីព្រឹក ម៉ោងក្នុងតំបន់ ស្ថិតនៅជិតឆ្នេរសមុទ្ររបស់ខេត្តហ៊ីយ៉ូហ្គោ ភាគខាងលិចប្រទេសជប៉ុន។ តាមការអះអាងពីឆ្មាំការពារ ដែនសមុទ្រជប៉ុន ឲ្យដឹងថា នាវាដឹកប្រេងខាងលើនេះ មានទម្ងន់ ៩៨៨តោន ផ្ទុកមនុស្ស ៨នាក់ ហើយបន្ទាប់ពីកើតគ្រោះថ្នាក់ផ្ទុះឆេះនោះ មនុស្ស ៧នាក់ត្រូវបានជួយសង្គ្រោះ។

បើតាមព័ត៌មានក្នុងតំបន់ឲ្យដឹងទៀតថា កាពីទែនវ័យ ៦៤ឆ្នាំ បានបញ្ជាផ្ទេរប្រេងដាក់កំពង់ផែ រួចរាល់ហើយ ប៉ុន្តែមិនដឹងថាមានរឿងហេតុអ្វីកើតឡើង បានជានាវានោះឆាបឆេះផ្នែកកណ្តាល បណ្តាលឲ្យមានផ្សែងហុយខ្មួលខ្មាញ់ ឡើងលើផ្ទៃអាកាស កម្ពស់ជាង ១០០ម៉ែត្រ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កាពីទែន ដែលបាត់ខ្លួននោះ មិនទាន់ត្រូវបានរកឃើញទេ ហើយមូលហេតុដែលនាំឲ្យឆេះនាវានោះ ក៏មិនទាន់អាចបញ្ជាក់ច្បាស់លាស់ដែរ៕

 

ប្រភព៖ ដើមអម្ពិល
© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS