1 2 3
4 5 6 7

សម្លាប់សង្សារ យកសពទៅប្លុងចោល នៅស្រុកទឹកឈូ រួចយករថយន្ត មកប្លុងចោល នៅខណ្ឌសែនសុខ

កំពត ៖ អំពើឃាតកម្ម ដ៏សាហាវមួយ បានកើតឡើង ដោយបុរសជាសង្សារ បានវាយសម្លាប់ នារីជាស្រីស្នេហ៍ របស់ខ្លួន មានមុខរបរជាអ្នករកស៊ី ចងការប្រាក់ នៅផ្សារទួលទំពូង និងផ្សារបឹងកេងកង ហើយបានយកសាកសព ទៅប្លុងចោល នៅស្រុកទឹកឈូ ខេត្តកំពត បន្ទាប់មក ជនសង្ស័យរូបនេះ បានបើករថយន្តរបស់ស្រីស្នេហ៍ ដដែលនេះ មកទម្លាក់ចោល នៅខណ្ឌសែនសុខ មុនពេលរត់គេចខ្លួន ទៅខេត្តកំពត ទីដែលកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពត ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការរងនគរបាលខេត្តកំពត សហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ចាប់ខ្លួនក្រោយពីធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងតាមជំនាញរបស់ខ្លួន។

សូមបញ្ជាក់ថា ជនរងគ្រោះមាន ឈ្មោះ កែវ ស្រីមុំ អាយុ២៨ឆ្នាំ ជាអ្នករកស៊ីចងការប្រាក់នៅ ផ្សារទួលទំពូង និងផ្សារបឹងកេងកង ។ សពជនរងគ្រោះ ត្រូវបានគេប្រទះឃើញ នៅម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី១៥ ខែមេសា ស្ថិតនៅក្រោមស្ពានស្ទឹងចារិក ក្នុងភូមិស្រែលាវ ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត ។

រួចហើយ នៅយប់ថ្ងៃខែឆ្នាំដដែល មានសេចក្តីរាយការណ៍ថា មានគេប្លង់រថយន្តចោល មួយគ្រឿង នៅខណ្ឌសែនសុខ ទើបលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ឋ ដឹកនាំកម្លាំងនគរបាល ដោយសហការជាមួយកម្លាំងនគរបាល រាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ ការឃាត់ជនសង្ស័យរូបនេះ នៅខេត្តកំពត កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ ក្រោយពីជនសង្ស័យរូបនេះ បានចេញទៅខេត្តកំពតវិញ ដែលផ្ទះរបស់ខ្លួននៅទីនោះ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់មួយរូប បានឲ្យដឹងថា ជនសង្ស័យ និងនារីរងគ្រោះ គឺជាសង្សារនឹងគ្នា ហើយក្រោយពីបាននាំ សង្សាររបស់ខ្លួន ទៅដើរលេង និងផឹកស៊ីរួចរាល់ហើយនោះ ពួកគេទាំង២នាក់ កើតមានជម្លោះ រហូតដល់បែកគំនិត វាយសម្លាប់សង្សារ តែម្តង។

មន្រ្តីនគរបាលដដែលនេះ បានបន្តទៀតថា ក្រោយវាយសម្លាប់សង្សារ របស់ខ្លួនហើយ ជនសង្ស័យបានបើករថយន្តរបស់ស្រីស្នេហ៍ ម៉ាក បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-3477 យកមកទម្លាក់ចោល នៅក្នុងទឹកដី ខណ្ឌសែនសុខ។

យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បានបញ្ជាក់អំពីមូលហេតុ នៃការវាយសម្លាប់នារី ជាសង្សារនោះទេ ប៉ុន្តែបានលួចបង្ហើបថាជារឿងផ្ទៃក្នុង រវាងពួកគេទាំង២នាក់ ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួន និងសួរនាំបន្តទៀតនៅស្នងការដ្ឋាន នគរបាលខេត្តកំពត ដើម្បីចាត់ការបន្តទៀត៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS