1 2 3
4 5 6 7

ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​តាម​សៀវភៅ​មហាសង្ក្រាន្ត

សង្ក្រាន្ត ចូល​មក​នៅ​ថ្ងៃ ១៥​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មេសា វេលា​ម៉ោង ៨ និង ០៧ នាទី​ព្រឹក។ ពេល​នោះ​ព្រះអាទិត្យ​ចេញ​ពី​មីន​រាសី​ទៅ​ស្ថិត​នៅ​ឯ​មេសរាសី​តាម​ផ្លូវ​ គោវិថី​គឺ​ផ្លូវ​កណ្ដាល មាន​ទេពធីតា​មួយ​ព្រះអង្គ​ជា​មគ្គ​នាយិកា​ព្រះនាម គោរាគៈទេវី ជា​បុត្រី ទី២ នៃ​កបិល​មហាព្រហ្ម គង់​នៅ​ចាតុម្មហារាជិកា មក​ទទួល​វេន​បន្ត​ពី​ទេវតា​ឆ្នាំ​ចាស់ ទ្រង់ អម្ពរ​ពណ៌​លឿង លម្អ​ព្រះ​កាណ៌ (ត្រចៀក) ដោយ​សៀត​ផ្កា​អង្គារ​បុស្ស អភរណៈ​ទ្រង់​ពាក់ កែវមុក្តា ភក្សាហារ​ទ្រង់​សោយ តេលំ (ប្រេង) ព្រះហស្ត​ស្តាំ​ទ្រង់​កាន់ ព្រះខ័ន ព្រះហស្ត​ឆ្វេង​ទ្រង់ ឈើ​ច្រត់ ទ្រង់​គង់​លើ​ខ្នង ព្យាគ្យូៈ (សត្វ​ខ្លា) ជា​ពាហនៈ។

កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

ពិធី​ផ្សេងៗ ដែល​ប្រជាជន​ខ្មែរ​រៀបចំ​តាម​ប្រពៃណី​មាន​ដូច​ត​ទៅ៖ ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ សម្អាត​ផ្ទះ​សម្បែង រែក​ទឹក​ដាក់​ពាង​រក​អុស​ទុក និង​កាត់​សម្លៀក​បំពាក់​ថ្មីៗ​ជាដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការបូជា​ទទួល​ទេវតា​ថ្មី។ ចំណែក​ផ្ទះ​សម្បែង​គេ​តុបតែង​រំលេច​ដោយ​ភ្លើង​ទៀន អំពូល​អគ្គិសនី​ខ្សែ​តូចៗ ចម្រុះ​ពណ៌ ឬ​ចង្កៀង​គោម​គ្រប់​ពណ៌។

ពិធី​បុណ្យ​ចូល​ឆ្នាំ ៣​ថ្ងៃ នោះ​គឺ៖

ថ្ងៃ​ចន្ទ ១៥ កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ទី​១៤ ខែ​មេសា ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី វេលា​ម៉ោង ៨ និង ៧ នាទី​ព្រឹក​ជា​ថ្ងៃ​ចូល​ឆ្នាំ មមី ឆស័ក (ថ្ងៃ​មហា​សង្ក្រាន្ត)។

ថ្ងៃ​អង្គារ ១ រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ទី​១៥ ខែ​មេសា ជា​វារៈវនប័ត។

ថ្ងៃ​ពុធ ២​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ទី​១៦ ខែ​មេសា ជា​វារៈ​ឡើង​ស័ក​គម្រប់​ជា​សង្ក្រាន្ត ៣​ថ្ងៃ ដោយ​បរិបូរណ៍​និង​ចូល ឆ្នាំ​មមី ឆស័ក ចុល្លសករាជ ១៣៧៦ និង​មហាសករាជ ១៩៣៦ តរៀង​ទៅ។

តាម​ទម្លាប់​ពី​ដើម​នៅ​ថ្ងៃ ទី១ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ភិក្ខុ​ទាំង​ឡាយ​នៅ​តាម​វត្ត​អារាម។ ពេល​ល្ងាច​គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ៍​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ។ នៅ​ពេល​ព្រលប់ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ភិក្ខុ​ទាំង​ឡាយ និមន្ត​ភិក្ខុ​សូត្រ​ចម្រើន​ព្រះបរិត្ត និង​សម្ដែង​ធម្ម​ទេសនា។

នៅ​ថ្ងៃ ទី​២ កូន​ចៅ​ជូន​អំណោយ​ជា​សម្លៀក​បំពាក់ នំ​ចំណី លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជីដូន​ជីតា​ជាដើម។ ជួន​កាល​គេ​ធ្វើ​ទាន​ដល់​អ្នក​ក្រីក្រ​ទៀត​ផង។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិស្ឋាន​ភ្នំ​ខ្សាច់​ដែល​គេ​សន្មត​ទុក​ដូច​ចូឡា​មណីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​ វិញ្ញាណក្ខន្ធ​បង​ប្អូន​ដែល​បាន​ចែក​ឋាន។

ថ្ងៃ ទី​៣ ពេល​ព្រឹក និមន្ត​ភិក្ខុ​ទាំង​ឡាយ​សូត្រ​ឆ្លង​ភ្នំ​ខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ភិក្ខុ​ស្រង់​ទឹក និង​ស្រង់​ព្រះពុទ្ធ​រូប (តាម​ការ​និយម​នៃ​ស្រុក​ខ្លះ)។ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កម្សាន្ត​សប្បាយ​ជាច្រើន ដូចជា លេង​បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជាដើម និង មាន​របាំត្រុដិ (ច្រើន​មាន​នៅ ខេត្ត​បាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំវង់ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូល​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ។ អ្នក​ខ្លះ​និយម​នាំ​គ្នា​ដើរ​កម្សាន្ត​បន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។

គ្រឿង​រណ្ដាប់​ទទួល​ទេវតា

សម្រាប់​គ្រឿង​រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​មក​ត្រូវ​រៀប​ រាន​ទទួល​ទេវតា នៅ​មុខ​ផ្ទះ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផេ្សងៗ។ ត្រូវ​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា​មាន​ជា​អាទិ៍ បាយ​សី ៩ ថ្នាក់​មួយ​គូ បាយ​សី ៧ ថ្នាក់​មួយ​គូ បាយ​សី ៥ ថ្នាក់​មួយ​គូ បាយ​សី ៣ ថ្នាក់​មួយ​គូ បាយ​សី​ប៉ា​ឆាម​មួយ​គូ​គូ ស្លាធម៌​មួយ​គូ ទឹក​អប់​មួយ​គូ (ទៀន ៥ ធូប ៥) លាច ៥ ផ្កា ៥ ដាក់​លើ​ជើង​ពាន​មួយ​គូ ចេក​នួន ចេក​ណាំវ៉ា ជើង​ពាន​មួយ​គូ ផ្លែឈើ ១១ មុខ​រៀប​ដាក់​ជើង​ពាន ១១ គូ ដូង​ឡៅ​មួយ​គូ ទឹក​ស្អាត​ពីរ​កែវ។ ឆ្នាំ​នេះ​គួរ​រក​ប្រេង ដាក់​ទទួល​ទេវតា​ផង ព្រោះ​ជា​ភក្សាហារ​របស់​ទេពធីតា។ ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេពធីតា​ចុះ​មក​ត្រូវ​ជួប​ជុំ​ក្រុម​គ្រួសារ​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សការ​ព្រះ​រតនត្រ័យ សមាទាន​សីល ហើយ​ធ្វើ​ការ​តាំង​ចិត្ត​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះ​ស្រឡះ​នូវ​មន្ទិល​ ទាំង​ពួង តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា​ទីពឹង​លុះ​ចប់​ពិធី​ទទួល​ទេវតា។

គួរ​បញ្ជាក់​ថា បាយសី ៩ ថ្នាក់ ៧ ថ្នាក់ តំណាង​ឲ្យ​ព្រះរាជា ព្រះបរម​រាជវាំង។ ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ ៥ ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា​ដែល​មាន​ទៀន ៥ ធូប ៥ ស្លា​ធម៌ កូន​ចេក​មួយ​គូ​ក៏​ល្អ​ដែរ។ ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជារាស្ត្រ គួរ​រៀបចំ​ឲ្យ​បាន​ត្រឹម ៣ ឬ ៥ មុខ​ជា​ការ​ប្រសើរ គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន។ នៅ​គ្រប់​តង្វាយ​ទាំង​អស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​ពី​លើ​គ្រប់​តង្វាយ នៅ​លើ​ជើង​ពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​បំភ្លឺ។

ទំនាយ​ឆ្នាំ​ថ្មី​មាន​បាតុភូត​ទឹក​ធំ និង​ធាតុ​អាកាស​ត្រជាក់ កេណ្ឌ​ព្រះពិរុណសាស្រ្ត៖ ឆ្នាំ​នេះ ភព​សៅរ៍ ជា​អធិបតី នាំ​ផ្លូវ​ទៅ​សុំ​ទឹក​ភ្លៀង​ពី​ស្តេច​នាគ ហើយ​បាន​នាគ ៥ បង្អុរ​ទឹក​ភ្លៀង ៤០០ មេ​ដែល​ចែក​ចេញ​ជា៖

-ចក្កវាឡ ១៦០ មេ

-ព្រៃ​ហេមពាន្ត ១២០ មេ

-មហាសមុទ្រ ៨០ មេ

– ជម្ពូ​ទ្វីប មនុស្ស​យើង​មាន​ចំនួន ៤០មេ បណ្ដាល​ឲ្យ​មាន​ទឹក​ភ្លៀង ដើម​ឆ្នាំ​ល្អ កណ្ដាល​ល្អ ចុង​ឆ្នាំ​ភ្លៀង​តិច។ ទំនាយ​ទាយ​ថា ទឹក​ទន្លេ​ឆ្នាំ​នេះ​ច្រើន​លើស​ឆ្នាំ​ទាំង​ពួង ទឹក​ធំ​ណាស់។ ចំណែក​ការ​ធ្វើ​ស្រែ ដី​ទំនាប​ទទួល​បាន​ផល​ល្អ ដី​ទួល​មាន​ផល​ល្មម​សមគួរ។ ឆ្នាំ​នេះ​ទំនាយ​ទាយ​ថា​ធាតុអាកាស​ត្រជាក់។

ដកស្រង់​ចេញ​ពី​មហា​សង្ក្រាន្ត ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ការ​ផ្សាយ​របស់​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ និង​វិទ្យាស្ថាន​ពុទ្ធ​សាសនបណ្ឌិត្យ នៃ​ក្រសួង ធម្មការ និង​សាសនា៕

1

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS