1 2 3
4 5 6 7

ជុំ លីណូ មិនស្តាយក្រោយ​ពេលចេញពី សាន់ដេ ចូល Diamond Music

ភ្នំពេញៈ លោក ជុំ លីណូ បន្ទាប់ពីបញ្ចប់កុងត្រាជាមួយ ផលិតកម្មសាន់ដេ ហើយលោកមិន ដែលបង្ហើប ប្រាប់មហាជនទេ ថាលោកផ្លាស់ពីទ្រនំចាស់ទៅជ្រក ក្នុងទ្រនំផលិតកម្មណា មួយទេ ទើបតែពេលនេះ តារា រូបនេះបានចំណាយពេលរៀបចំ សន្និសីទសារព័ត៌មានមួយ ដោយប្រកាសក្តែងៗថា ពេលនេះ លោករកបានទ្រនំថ្មី ដែលផ្តល់ភាពកក់ក្តៅ និងទំនុកចិត្ត ដល់លោក ហើយពេលនេះលោកបានក្លាយ ជាតារាចម្រៀងចំណូលថ្មី ក្នុងផលិតកម្ម Diamond Music ។

បន្ទាប់ពីតារាចម្រៀង លោក ជុំ លីណូ បានដើរចេញពីផលិតកម្មសាន់ដេ បានមួយរយៈពេលដោយសារតែមិនចុះសម្រុងគ្នាខ្លះៗជាមួយ សាន់ដេ បានធ្វើឲ្យលោកផ្លាស់ទ្រនំទៅ ផលិតកម្ម ថ្មី ស្របពេលចប់កុងត្រាផងដែរ ។ ប៉ុន្តែក្រោយពីតារារូបនេះ ចេញពីទ្រនំចាស់លោក ហាក់ ដូចជា មានការលាក់លៀមបង្ហើប ពីគម្រោងថ្មីក្នុងវិថីសិល្បៈទេ រហូតធ្វើឲ្យទស្សនិកជន និងអ្នកដែលគាំទ្រលោកជាច្រើនគិតថា លោកអាចចាកចេញពីសិល្បៈទាំងស្រុង ព្រោះតែការ នឿយណាយថែមទៀតផង។

នៅទីបំផុតអ្វីដែលជាចម្ងល់របស់មហាជន ត្រូវបានតារាចម្រៀងរូបនេះ ចេញមុខបកស្រាយ តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤នេះថា សម្រាប់មូល ហេតុគឺ លោកនៅតែនិយាយដដែលៗថា ការចាកចេញពីផលិតកម្មចាស់ ដោយសារតែការ ផុតកុងត្រា ហើយម្យ៉ាងទៀត ក្នុងនាមលោកជាតារាចម្រៀងមួយរូប ក៏ត្រូវតែរិះរកអ្វីដែលថ្មី ដើម្បីទុកជាបទពិសោធន៍ខ្លួនឯង ដូច្នេះហើយទើបលោកសម្រេចចិត្តស្វែងរកទ្រនំថ្មី មិនមែន មានន័យថាលោក មានការអាក់អន់ស្រពន់ចិត្ត ឫក៏មានភាពល្អក់កករណា មួយជាមួយ ផលិតកម្មចាស់ទេ ។

តារាប្រុសដែលពូកែចាក់ក្បាច់រាំ រស់រវើកមិនចាញ់តារាបរទេសរូបនេះ បានប្រាប់ទៀតថា ពេលនេះលោកស្វែងរកទ្រនំថ្មីមួយ ដែលផ្តល់ភាពកក់ក្តៅអាចជួយជ្រោង ប្រជាប្រិយភាព របស់លោក បានហើយនោះគឺផលិតកម្ម Diamond Music ហើយសម្រាប់ឱកាសបុណ្យ ចូលឆ្នាំខ្មែរ ខាងមុខនេះ ខាងផលិតកម្មក៏មានត្រៀមបទ ចម្រៀងត្រៀមចូលឆ្នាំជាច្រើន បទផងដែរ ។ ហេតុដូច្នេះសង្ឃឹមថា ទស្សនិកជន និងនៅតែបន្តជួយគាំទ្ររូបលោកផង ។

បើទោះជា លោក ជុំ លីណូ បង្ហើបពីការចូលជ្រកក្នុងផលិតកម្មថ្មី ក៏ដោយតែលោកហាក់ នៅមិនទាន់មានភាពជឿជាក់ច្បាស់ថា អាចស្រវ៉ាបានប្រជាប្រិយភាពយ៉ាងណានោះទេ “សម្រាប់ផលិតកម្មថ្មីនេះខ្ញុំនៅមិនទាន់រំពឹងថា អាចទទួលបានការគាំទ្រច្រើនកម្រិតណាទេ មានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា “ហើយសម្រាប់ការចូលផលិតកម្មថ្មីនេះ គឺខ្ញុំមិនមានការ ស្តាយក្រោយថា ចេញពីផលិតកម្មសាន់ដេ ក្នុងការមកចូលផលិតកម្មថ្មីទេ ហើយប្រសិន បើខាងផលិតកម្មចាស់ ផ្តល់ភ្លៀងខៀវឲ្យខ្ញុំ ក៏មិនអាចត្រឡប់ក្រោយបានដែរ ” ។

លោកបានប្រាប់ឲ្យដឹងថា ក្រោយពីលោកចប់កុងត្រា ជាមួយផលិតកម្មសាន់ដេ កាលពីអំឡុងចុងឆ្នាំ២០១៣ ហើយ លោកក៏បានងាកមកចាប់ផ្តើម ចុះកុងត្រាថ្មីជាមួយផលិតកម្ម Diamond Music នៅក្នុងខែកុម្ភៈ ហើយសម្រាប់កន្លងមកដែល លោកមិនបង្ហាញជា សាធារណៈនោះ គឺដោយសារតែលោកចង់បង្ហាញទាំងផលិតកម្មថ្មី និងបទចម្រៀងថ្មី រួមគ្នា តែម្តង ។ ហើយអ្វីដែលពិសេសសម្រាប់ ផលិតកម្មថ្មីៗនេះ គឺបើកសិទ្ធឲ្យយើងចេញទៅច្រៀង នៅក្រៅប្រទេសតាមការទាក់ទងរបស់ Sponsor មិនដូចផលិតកម្មចាស់នោះទេ ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS