1 2 3
4 5 6 7

ចាប់ខ្លួន បុគ្គលិកអង្គការ ប្រឆាំង អំពើពុករលួយ ២នាក់ ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ : ជនសង្ស័យ ២នាក់ ដែលជាបុគ្គិលកអង្គការ ប្រឆាំងអំពើពុករលួយ ត្រូវនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួន ជាប់ពាក់ព័ន្ធគ្រឿងញៀន កាលពីវេលាម៉ោង ៤ និង២០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ នៅតាម ផ្លូវលេខ៤៨៨ នៅជិតសាលារៀនប៊ែលធី សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ជនជាប់សង្ស័យចែកចាយ គ្រឿងញៀន ដែលសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ផ្សារដើមថ្កូវ ឃាត់ខ្លួនទាំង ២នាក់នេះ មានទី១-ឈ្មោះ នួន ចិត្រ្តា ភេទប្រុស អាយុ ២៤ឆ្នាំ ជាបុគ្គិលកអង្គការ ប្រឆាំងអំពើពុករលួយ ផ្នែកសើុបអង្កេត ស្នាក់នៅផ្ទះលេខ៧៣ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានថ្នាំញៀន នៅជាប់ខ្លួន ចំនួន ៤កញ្ចប់ធំ ជាប្រភេទសក្រាមពណ៌សថ្លា (ម៉ាទឹកកក) និងទី២-ឈ្មោះ វ៉ាត ភក្តី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៩៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

លោក សេង វណ្ណ: នាយនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវ បានឲ្យដឹងថា ដោយទទួលព័ត៌មានវិទ្យុទាក់ទង ថាមានជនសង្ស័យទាំង២នាក់នេះ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ តាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី៣ ហើយត្រូវកម្លាំងនគរបាលប៉ុស្តិ៍ សង្ស័យ ក៏ហៅអោយឈប់ ដើម្បីឆែកឆេរ ប៉ុន្តែ ក្រុមជនសង្ស័យមិនឈប់ទេ គឺពួកគេបានបន្ថែមល្បឿន ជិះរត់គេចរហូតមកដល់ផ្លូវលេខ៤៨៨
ក៏ជួប កម្លាំងរបស់លោក ដែលតែងតែល្បាត ក្នុងភូមិសាស្រ្តរបស់ខ្លួន ក៏ដេញតាម ចៃដន្យម៉ូតូរបស់ ក្រុមជនសង្ស័យបានទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរតាមផ្លូវលេខ៤៨៨ មុខសាលារៀនប៊ែលធី បណ្តាលអោយដួល ខណ:នោះកម្លាំងនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ បានមកដល់ ក្របួចបានភ្លាមៗតែម្តង ។

សូមបញ្ជាក់ថា ខណ:ក្រុមជនសង្ស័យជិះម៉ូតូបុកគេនោះ ជនសង្ស័យម្នាក់ ឈ្មោះ នួន ចិត្រ្តា មានថ្នាំញៀន នៅជាប់នឹងខ្លួន ដោយលាក់ក្នុងកញ្ចប់បារី ទើបសមត្ថកិច្ច ឃាត់ខ្លួនយកមកសួរនាំបន្ត នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ។

បច្ចុប្បន្នជនសង្ស័យទាំង២ នាក់ រួមទាំងវត្ថុតាង ថ្នាំញៀន ៤កញ្ចប់ប្លាស្ទិក និងម៉ូតូមួយគ្រឿង ត្រូវបានឃុំខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន កសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ ការតាមនីតិវិធីច្បាប់៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS