1 2 3
4 5 6 7

រក​ឃើញ​អ្នក​ជំនាញ​លេង​អុក ត្រូវ​ទៅ​ប្រកួត​នៅ​ថ្ងៃ​មហាសង្ក្រាន្ត

20140410_27b

អ្នក​ជំនាញ​លេង​អុក​ចត្រង្គ​ទាំង​៨​នាក់ ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​នៅ NOCC ដើម្បី​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​បន្ត​នៅ​ថ្ងៃ​មហាសង្ក្រាន្ត​​។ រូប ពន្លក

ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​អុក​ប្រចាំ​ឆ្នាំ​២០១៤ ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ NOCC ត្រឹម​រយៈពេល​២​ថ្ងៃ​នោះ បាន​រក​ឃើញ​អ្នក​ខ្លាំង​ទាំង​៨​នាក់ សម្រាប់​ត្រៀម​ចេញ​ទៅ​ប្រកួត​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ក្នុង​ថ្ងៃ​មហាសង្ក្រាន្ត អំឡុង​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ នៅឯ​ទឹកដី​អង្គរ ខេត្ត​សៀមរាប​ហើយ។

ទោះ​បី​ជា​យ៉ាង​ណា សម្រាប់​អ្នក​ឈ្នះ​ទាំង​៨​នាក់ ដែល​ឆ្លង​ផុត​ក្នុង​ការ​ប្រកួត​ជម្រុះ​វគ្គ​១៦​នាក់​ចុងក្រោយ កាលពី​ព្រឹក​ថ្ងៃ​ពុធ ម្សិលមិញ​នេះ គឺ​សុទ្ធតែ​ជា​ជើងខ្លាំង​ចំណូល​ថ្មី ខណៈ​ម្ចាស់​ជ័យលាភី​ទាំង​៣​នាក់ ក្នុង​ការ​ប្រកួត​កីឡា​អុកចត្រង្គ​ដណ្តើម​ពាន​រង្វាន់​ហ៊ុនសែន កាលពី​ឆ្នាំ​២០១០​នោះ បាន​ធ្លាក់​ទាំងអស់។

នៅក្នុង​ការ​ប្រកួត​បើក ឆាក​ក្នុង​វគ្គ​ជម្រុះ​៦៤​នាក់ កាលពី​ថ្ងៃ​អង្គារ នៅ​ទីស្នាក់ការ NOCC ម្ចាស់​ជើងឯក ឆយ វីរ៉ា បាន​ទម្លាក់​កីឡាករ​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ កាល​ឆ្នាំ​២០១០ រស់ រិទ្ធិយ៉ា ដ៏​គួរ​ឲ្យ​កត់សម្គាល់។ ប៉ុន្តែ​បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្នុង​វគ្គ​នោះ​មក ឆយ វីរ៉ា ដែល​បាន​អះអាង​ថា គេ​អាច​នឹង​គ្រង​តំណែង​ជើងឯក​ក្នុង​ការ​ប្រកួត​លើក​នេះ​នោះ ត្រូវ​មក​ជួប​ម្ចាស់​ជើងឯក​រង សុខ ភារ៉ា ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​៣២​នាក់ ក្នុង​ថ្ងៃ​ដដែល​នោះ ហើយ​ជា​លទ្ធផល​នៃ​ការ​ប្រកួត​នោះ វីរ៉ា ត្រូវ​បាន​ខ្ទាត​ចេញ​ពី​ការ​ប្រកួត​នេះ​ដ៏​គួរ​ឲ្យ​នឹក​ស្មាន​មិន​ដល់ នៅពេល​រូប​គេ​បាន​ប្រកួត​ចាញ់ ភារ៉ា មុន​ថិរវេលា​កំណត់​នោះ។

រឿង​ដ៏​គួរ ភ្ញាក់ផ្អើល បាន​កើត​មាន​ឡើង​ម្តង​ទៀត សម្រាប់​ការ​ប្រកួត​វគ្គ​១៦​ក្រុម កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ នៅពេល​ជើងខ្លាំង សុខ ភារ៉ា បាន​ដើរ​ចេញ​ពី​ការ​ប្រកួត​នេះ​ទាំង​សោកស្តាយ ដោយ​រូប​គេ​បាន​ចាញ់​កីឡាករ​វ័យក្មេង កែវ វឌ្ឍនា នោះ។ ផ្ទុយ​ទៅវិញ​អ្នក​លេង​អុក​ជើងចាស់ គ្រួច ចន្ថារិទ្ធិ នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ជា​បន្ត​ទៀត ដោយ​គាត់​បាន​ទម្លាក់​កីឡាករ​ជើងចាស់​ដូច​គ្នា ឡាវ ប៊ុនង៉ូវ មុន​ពេល​កីឡាករ សំរិទ្ធ សៀ បាន​យក​ឈ្នះ ប៉ូ ប៉ុណ្ណម៉ាលីកា។

នៅក្នុង ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ កីឡាករ ចាន់ ប្រាថ្នា បាន​ទម្លាក់​កីឡាករ ប៊ិន គាសេង ខណៈ​កីឡាករ សេង ចាន់ បាន​យក​ឈ្នះ​កីឡាករ ប៉ោ សារិទ្ធ ហើយ សួ សំភី ក៏​បាន​យក​ឈ្នះ​លើ ទេព សារិន ដូច​គ្នា​ផង​ដែរ។ ចំណែក​កីឡាករ ប៉ាវ សុខណា បាន​យក​ឈ្នះ​កីឡាករ លី យ៉ារ៉ាត់ ប៉ុន្តែ​កីឡាករ ឃី ចំរើន បាន​ប្រកួត​ចាញ់​កីឡាករ ឈៀវ បូរ៉ា។

សម្រាប់​អ្នក​ឈ្នះ​ទាំង​៨​នាក់​នេះ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត នៅ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ក្នុង​ថ្ងៃ​មហាសង្ក្រាន្ត បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ នៅឯ​ទឹកដី​អង្គរ​ខេត្ត​សៀមរាប ហើយ​នៅក្នុង​ការ​ប្រកួត​ជម្រុះ​៨​នាក់​ចុងក្រោយ លោក ឯម ហៀង ជា​គណៈកម្មការ​ផ្គូផ្គង​កីឡាករ បាន​ប្រកាស​ឲ្យ​ដឹង​ថា កីឡាករ គ្រួច ចន្ថារិទ្ធ ត្រូវ​ជួប កីឡាករ សំរិទ្ធ សៀ រីឯ​កីឡាករ ចាន់ ប្រាថ្នា ត្រូវ​ប៉ះ​កីឡាករ កែវ វឌ្ឍនា​។ កីឡាករ សេង ចាន់ ប្រកួត​ជាមួយ សួ សំភី រីឯ​កីឡាករ ប៉ាវ សុខណា ត្រូវ​ប្រឈម​ជាមួយ ឈៀវ បូរ៉ា ហើយ​លោក ឯម ហៀង ក៏​បាន​ប្រកាស​ប្រាប់​ទៀត​ថា នៅក្នុង​ដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​មាន​ប្រកួត​៣​ក្តារ​ក្នុង​មួយ​គូៗ ដោយ​អ្នក​ឈ្នះ​២​ក្តារ​បាន​មុន ជា​អ្នក​ទទួល​បាន​ជ័យជម្នះ។

ទាក់ទង​ទៅ​នឹង​ប្រាក់​រង្វាន់​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បញ្ជាក់​ថា​៖ «គឺ​មាន​ការ​ផ្តល់​ជូន​ពី​លេខ​១​ដល់​លេខ​៤ ក្នុង​នោះ​ចំណាត់​ថ្នាក់​លេខ​១ បាន​១០០០​ដុល្លារ លេខ​២​បាន​៧០០​ដុល្លារ លេខ​៣​បាន​៤០០​ដុល្លារ និង​លេខ​៤​បាន​២០០​ដុល្លារ​ហើយ​អ្នក​ទាំង​៨​នោះ ត្រូវ​បាន​ផ្តល់​ជូន​ការ​ហូបចុក ស្នាក់នៅ ដែល​ចេញ​ដោយ​គណៈកម្មការ​រៀបចំ​ទាំងអស់»​៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS