1 2 3
4 5 6 7

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គំរាម​ប្តឹង​លោក សម រង្ស៊ី​មុន​ចូល​ឆ្នាំ​ថ្មី

_MG_0702
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកម្មវិធីមួយនៅរាជធានីភ្នំពេញ ពេលកន្លងមក។ រូបថត ហុង មិនា

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​គំរាម​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង មុន​​ចូ​ល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដោយ​ចោទ​ប្រកាន់​ថា បាន​ប្រឆាំង​នឹង​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្ម​នុញ្ញ​ ដែល​ពាក់​ព័ន្ធ​នឹង​លិខិត​របស់​លោក​ផ្ញើរ​​ថ្វាយ​ព្រះ​មហាក្សត្រ​។

​ថ្លែង​ក្នុង​ពិធី​ប្រគល់​​​​សញ្ញា​បត្រ​​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​កាល​ពី​ម្សិលមិញ លោក ហ៊ុន សែន បាន​ប្រើ​ពាក្យ​​ខ្លាំង​ៗ ទាក់​ទង​នឹង​បណ្តឹង​ប្រឆាំង​លោក សម រង្ស៊ី ដែល​បាន​សរ​សេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី កាល​ពី​សប្តាហ៍​មុន ដែល​ក្នុង​​លិខិត​របស់​លោក សម រង្ស៊ី លោក ហ៊ុន សែន​បាន​ចោទ​ថា លោក សម​ រង្ស៊ី មាន​ឆន្ទៈ​​​​ប្រមាថ​ព្រះ​មហាក្សត្រ និង​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ។

​លោក​នាយក​រដ្ឋ​មន្រ្តី​បាន​​ប្រកាស​ថា រដ្ឋាភិបាល​មាន​ភស្តុតាង​គ្រប់​គ្រាន់​ ដើម្បី​ប្តឹង​លោក សម រង្ស៊ី ថា​បាន​ប្រព្រឹត្ត​ច្រើន​ករណី ​​ក្នុង​នោះ រាប់​បញ្ចូល​ទាំង​ករណី​ដែល​​កើត​ឡើង​ក្នុង​បាតុកម្ម ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី នៅ​ផ្លូវ​វេង​ស្រេង ​និង​កន្លែង​ដទៃ​ទៀត ហើយ​ករណី​ចុងក្រោយ លោក សម រង្ស៊ី​បាន​ប្រមាថ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ។

​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា៖ «​អ្នក​ជំនាញ​ច្បាប់​កំពុង​ពិនិត្យ​ច្បាប់​។ ជូន​កាល​ យើង​អាច​ប្តឹង​មុន​ចូល​ឆ្នាំ​ខ្មែរ​ចំពោះ​លិខិត​នោះ។ ​ត្រូវប្រយ័ត្នកុំ​សប្បាយ​​​ពេល​ចូល​ឆ្នាំ​ថ្មី … ចូល​ឆ្នាំ​ថ្មី​នៅ​ព្រៃ​ស កុំ​​​ព្រហើន​។ ​និយាយ​បែប​នេះ​ មិន​មែន​និយាយ​ថា គំរាម​ទេ។ ទេ ​​នេះ​មិនមែន​និយាយ​លេង​សើច​ទេ»។

​លោក ហ៊ុន សែន បាន​យល់​ស្រប​តាម​អ្នក​ជំនាញ​ច្បាប់ថា អ្នក​ណា​ក៏​ដោយ​ដែល​ប្រមាថ​ព្រះ​មហាក្សត្រ ​មិន​អាច​ផ្តន្ទា​ទោស​បាន​ឡើយ ព្រោះ​ការ​ដាក់​ទោស​ពុំ​មាន​ចែង​ក្នុង​ច្បាប់ បើ​ទោះ​បី​ជា​​រដ្ឋ​ធម្ម​នុញ្ញ​ចែង​ថា ព្រះមហាក្សត្រ ជា​​​​អង្គ​មិន​អាច​បំពាន​បាន​ក៏​ដោយ។

​​​​លោក ហ៊ុន​ សែន បាន​ថ្លែ​ង​ថា៖ «​ ប្រឆាំង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​​ ត្រូវ​តែ​មាន​ពិរុទ្ធ​ភាព​។ តើ​អ្នក​ពឹង​ផ្អែក​​​លើ​ស្ថានទូត​ណា! ​​មិន​អាច​ពឹង​ផ្អែក​លើ​ស្ថានទូត​នោះ​ទេ។ ​​​​…​ខ្ញុំ​បាន​ប្រាប់​ឯក​អគ្គ​រដ្ឋ​ទូត​ប៉ុន្មាន​ឆ្នាំ​មុន​ … ថា ​​​ក្នុង​ស្ថានទូត​ឯកឧត្តម ខ្ញុំ​មិន​ចាប់​ទេ​។​ ឯក​ឧត្តម​យក​ទៅ​អាកាស​យាន​ដ្ឋាន​តាម​រថយន្ត​ឯកឧត្តម ខ្ញុំ​មិន​ចាប់​ទេ។​ ​ពេល​ឡើង​​យន្ត​ហោះ​ ​​​សូម្បី​តែ​យន្ត​ហោះ​​​​​​​ហោះ​​ឡើង … [ខ្ញុំ​] នឹង​ហៅ​មក​វិញ​ បន្ទាប់មក​ ​​ចាប់​ខ្លួន គ្មាន​បញ្ហា​ទេ​»។

​លោក ហ៊ុន សែន បាន​បន្ថែម​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ចាប់​ខ្លួន ​លោក សម រង្ស៊ី ​មិន​អាច​រត់​បាន​ទេ ដោយ​លោក​ព្រមាន​ថា ​លោក សម រង្ស៊ី កុំ​ពឹង​ផ្អែក​លើ​ការ​ធ្វើ​បាតុកម្ម និង​ថា លោក សម រង្ស៊ី គួរ​ផ្អាក​ធ្វើ​បាតុកម្ម បើ​មិន​ដូច្នោះទេ លោក សម រង្ស៊ី ត្រូវ​ប្រយ័ត្ន …។

​ប៉ុន្តែ លោក សម រង្ស៊ី ហាក់​បីដូច​ជា​មិន​ខ្វល់​អំពី​​ការ​គំរាម​របស់​លោក ហ៊ុន សែន ទេ ដោយ​លោក​ថា លោក​នឹង​ទៅ​ជាប់​ពន្ធនា​គារ ប្រសិន​បើ​អាជ្ញា​ធរ​លោក​ ហ៊ុន សែន ចាប់​ខ្លួននោះ ហើយ​លោក​ក៏​បាន​ប្រកាស​រៀប​ចំ​មហា​បាតុកម្ម នៅ​ដើម​ខែ​ឧសភា ​ដោយ​អំពា​វ​នាវ​ដល់​មនុស្ស​ពីរ​លាន​នាក់​ឲ្យ​ចូល​រួម​។

​លោក សម រង្ស៊ី បាន​ប្រាប់​អ្នក​គាំទ្រ​ក្នុង​គំរប់​ខួប​មួយ​ឆ្នាំ​នៃ​​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ទីស្នាក់​ការ​គណបក្ស​ នៅ​ខណ្ឌ​មាន​ជ័យ​កាល​ពី​ម្សិលមិញ​ថា៖ «​បង​ប្អូន​ទាំង​អស់​គ្នា​កុំ​បារម្ភ។ ប្រសិន​បើ​គេចាប់​ខ្លួន​ខ្ញុំ សូម​​​បង​ប្អូន​ទាំង​អស់​គ្នា​​រក្សា​ភាព​ស្ងៀម​ស្ងាត់​។ ខ្ញុំ​យល់​ព្រម​ទៅ​ជាប់ពន្ធ​នា​គារ​។ គ្មាន​បញ្ហា​ទេ។ ​ការ​ពិត ភាព​ស្មោះ​ត្រង់ និង​យុតិ្ត​ធម៌​ត្រូវ​តែ​ឈ្នះ។ ​​

​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ថា លោក សម​ រង្ស៊ី បាន​ប្រមាថ​ព្រះ​មហាក្សត្រ លោក សម រង្ស៊ី បាន​ឆ្លើយ​ត​ប​ថា លោក​មិន​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ទេ និង​ថា លោក​បាន​សរ​សេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ ព្រោះ​លោក​គោរព​ និង​ស្រឡាញ់​ព្រះ​មហាក្សត្រ ហើយ​ចង់​ឲ្យ​ព្រះ​មហា​ក្សត្រ​​​ដឹង​ការ​ពិត ដែល​មាន​តែ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ប្រជាជន​ប៉ុណ្ណចូល​ប្រជុំ​សភា។

​លោក​បាន​បន្ថែម​ថា៖ «​គណបក្ស​មួយ​នោះ​ធ្លាប់​ប្រមាថ​ព្រះមហាក្សត្រ ធ្លាប់​ព្រមាន​លុប​បំបាត់​របប​រាជា​និយម រំលាយរាជ​បល្ល័ង្គ។ តើ​អ្នក​ធ្លាប់​ប្រមាថ​ព្រះមហាក្សត្រ ​ព្រមាន​គ្រួសារ​រាជវង្ស ​យើង​ដឹង​ហើយ ប៉ុន្តែ​បុគ្គល​នោះ ឥឡូវ​នេះ ចោទ​ប្រកាន់​​ខ្ញុំ​ថា​ប្រមាថ​ព្រះមហាក្សត្រ។​ក្រុម​នេះ​ថា សជា​ខ្មៅ ខ្មៅ​ជា​ស»។

​លោក​​ សុខ សំអឿន ​នាយក​ប្រតិបតិ្ត​នៃ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទិ្ធ​មនុស្ស​កម្ពុជា បាន​​យល់​ស្រប​ថា ការ​ប្រឆាំង​នឹង​​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្ម​នុញ្ញ​អាច​មាន​ពិរុទ្ធ​ភាព ប៉ុន្តែអះអាង​ថា ​​អត្ថ​ន័យ​ក្នុង​លិខិត​របស់​លោក សម រង្ស៊ី មិន​មែន​ជា​ការ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ទេ ប៉ុន្តែ វា​គ្រាន់តែ​ជា​ការ​សម្តែងមតិ​។​

​លោក សុខ សំអឿន បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​គិត​ថា នេះ​ជា​យុទ្ធ​សាស្រ្ត​នយោ​បាយ មាន​ន័យ​ថា ទាំង​ចរ​ចា​ផង និង​វៃ​ផង​។ ខ្ញុំ​យល់​ឃើញ​បែប​នេះ»។ លោក​បាន​បន្ថែម​ថា មុន​ពេល​ចោទ​ប្រកាន់​ថា​ប្រឆាំង​នឹង​​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​​មើល​សេចក្តី​សម្រេច ព្រោះ​មាន​សេចក្តី​សម្រេច​ច្រើន​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ដូច្នេះ តើ​សេចក្តី​សម្រេច​ណា​ ដែល​គេ​ចោទ​ថា ​លិខិត​របស់​លោក សម រង្ស៊ី ប្រឆាំង​នោះ៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS