1 2 3
4 5 6 7

ទម្លាយ​មូលហេតុ​ជុំវិញ ព្រាប សុវត្ថិ ប្តឹង​ឲ្យ​បិទ​ការ​ប្រគំតន្ត្រី

20140408_28a
តារា​ចម្រៀង​កំពូល​លោក ព្រាប សុវត្ថិ​​។ ស្រីនាង

ភ្នំពេញៈ បន្ទាប់ពី​ផ្ទុះ​ព័ត៌មាន​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ប្តឹង​ឲ្យ​បិទ​ការ​ប្រគំតន្ត្រី​មួយ​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​ឡើង​ច្រៀង​ដោយ ខេមរៈ សេរីមន្ត នោះ នៅពេល​នេះ ការ​ពិត​ត្រូវ​បាន​បញ្ជាក់​បន្ថែម​ថា កំហុស​នៃ​ការ​ផ្ទុះ​រឿង​នៃ​ការ​ប៉ះទង្គិច​នេះ គឺ​កើតឡើង​ពី​ការ​មិន​ស៊ីចង្វាក់​គ្នា​នៃ​ក្រុម​ការងារ​ទាំង​៣​ភាគី ដែល​មាន​ភាគី​លោក ព្រាប សុវត្ថិ ក្រុមហ៊ុន Smart និង​ក្រុមហ៊ុន SL។

ជាថ្មី​ម្តង​ទៀត​លោក តាន់ មុនីវុធ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ឆាក ភ្លើង​ភ្លេង SL បាន​ឲ្យ​ដឹង​ថា តាមពិត​ភាគី​នីមួយៗ​សុទ្ធតែ​មាន​កំហុស​ម្នាក់​បន្តិចៗ តែ​ដោយសារ​គ្មាន​ការ​ពិភាក្សា​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ ទើប​បាន​លេច​ចេញ​ជា​ការ​ប៉ះទង្គិច​គ្នា​បែប​នេះ។

លោក ព្រាប សុវត្ថិ ជា​តារាចម្រៀង​កំពូល​របស់​កម្ពុជា​ដែល​ឈរ​តំណែង​ជួរ​មុខ​ប្រមាណ​១៥​ឆ្នាំ ជាប់ៗ​គ្នា ហើយ​លោក​តែង​តំណាង​ឲ្យ​កម្ពុជា​នៅក្នុង​ព្រឹត្តិការណ៍​នានា​ទាំង​ថ្នាក់ ជាតិ និង​អន្តរជាតិ។ ទស្សនិកជន​បាន​លើក​ឡើង​ថា ការ​មិន​ឌីហ្សាញ​ដាក់​រូប​លោក​ឲ្យ​ធំ​ជាង​តារា​ស្រករ​ក្រោយ ឬ​តូច​ជាង​នោះ​ជា​រឿង​ខុស​ឆ្គង​មួយ​របស់​អ្នក​គ្រប់គ្រង​កម្មវិធី។ តែ​ដោយឡែក​សម្រាប់​ការ​ប្រគំតន្ត្រី​របស់​ក្រុមហ៊ុន​ស្មាត ដែល​ផ្ទុះ​ជា​ជម្លោះ​នោះ ក្រុមហ៊ុន​ស្មាត​គេ​ក៏​មាន​ហេតុផល​របស់​គេ​ដែរ ព្រោះ ខេមរៈ សេរីមន្ត​ជា Brand Ambassador របស់​គេ​។ ដូច្នេះ​មាន​ន័យ​ថា ការ​រៀបចំ​នោះ ធ្វើ​ឡើង​ដោយ​មិន​បាន​ពិភាក្សា​គ្នា។ បើ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា យ៉ាង​ហោច​ណាស់ ក៏​រូបថត​លោក ព្រាប សុវត្ថិ និង​ខេមរៈ សេរីមន្ត មាន​ទំហំ​ប៉ុន​គ្នា​ដែរ មិន​ដល់​ថ្នាក់​ដាក់​រូបថត​លោក ព្រាប សុវត្ថិ នៅ​ខាង​ក្រោម និង​តូច​ជាង សេរីមន្ត នោះ​ទេ។

លោក តាន់ មុនីវុធ បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​គិត​ថា បើ​និយាយ​ឲ្យ​ចំ លោក ព្រាប សុវត្ថិ គាត់​ក៏​មិនមែន​ជា​អ្នក​ខុស​ដែរ។ ក្រុមហ៊ុន​ស្មាត គេ​ដាក់​រូប​គាត់​តូច ក៏​មិន​បាន​សួរ​យោបល់​ពី​គាត់ រីឯ លោក ព្រាប សុវត្ថិ វិញ បើ​និយាយ​ឲ្យ​ចំ​គាត់​ក៏​មិន​បាន​កុងត្រា​ជាមួយ​ស្មាត​ថា ត្រូវ​តែ​ដាក់​រូបថត​គាត់​ឲ្យ​ធំ​ជាង​គេ​ដែរ​។ ម្យ៉ាង​ដោយសារ​តែ​ក្រុមហ៊ុន SL ខ្ញុំ​ជា​អ្នក​រត់​ការ​កណ្តាល ផង ដូច្នេះ​បណ្តាល​ឲ្យ​បាត់​ការ​ទាក់ទង​រវាង​ភាគី​ទាំង​ពីរ​ខាង​លើ​នោះ»។

ប្រភព ចុងក្រោយ​មួយ​ទៀត​បាន​ឲ្យ​ដឹង​ថា មុន​នឹង លោក ព្រាប សុវត្ថិ ប្តឹង​ឲ្យ​កម្លាំង​ប៉េអឹម ព័ទ្ធ​ឆាក និង​បិទ​ការ​ប្រគំតន្ត្រី​នោះ លោក​ក៏​បាន​ទូរស័ព្ទ​ទៅ​ក្រុម​ការងារ​ស្មាត និង SL ឲ្យ​ទម្លាក់​ប៉ាណូ​ផ្សព្វផ្សាយ​ដែល​មាន​រូបថត​របស់​លោក ខណៈ​រូប​លោក​មិន​មាន​វត្តមាន​ទៅ​ច្រៀង​ដែរ តែ​ក្រុម​ការងារ​មិន​បាន​ធ្វើ​តាម ឬ​ក៏​ពួកគេ​ធ្វើ​យឺត​ម៉ោង​ជាង​ការ​កំណត់​របស់​លោក ព្រាប សុវត្ថិ ដែល​ផ្តល់​ឲ្យ​នៅ​ត្រឹម​ម៉ោង ៤ និង​៣០​នាទី​ល្ងាច​នោះ។

លោក មុនីវុធ បាន​បញ្ជាក់​ថា ជុំវិញ​បញ្ហា​នេះ ក្រុមហ៊ុន​ស្មាត ក៏​បាន​សុំទោស​លោក ព្រាប សុវត្ថិ រួច​ដែរ។

លោក​បញ្ជាក់​បន្ថែម​ថា រឿង​នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​តារាចម្រៀង ខេមរៈ សេរីមន្ត នោះ​ទេ។

នៅក្នុង​បទសម្ភាស​មុន លោក សុវណ្ណ អ្នក​គ្រប់គ្រង​កម្មវិធី​ប្រគំតន្ត្រី​របស់​ស្មាត បាន​បញ្ជាក់​ស្រដៀង​គ្នា​នោះ​ដែរ​ថា បញ្ហា​នេះ​បាន​កើតឡើង​ដោយសារ​តែ​ភាគី​ទាំង​សង​ខាង​មិន​មាន​ការ​ទាក់ទង គ្នា​ឲ្យ​បាន​ច្បាស់លាស់ ដូច្នេះ ស្មាត​ក៏​សុំទោស​លោក ព្រាប សុវត្ថិ លើ​រឿង​មួយ​ចំនួន​ដែរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ តារាចម្រៀង ព្រាប សុវត្ថិ នៅ​តែ​មិន​លើក​ទូរស័ព្ទ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​។

លោក ព្រាប សុវត្ថិ ត្រូវ​ទៅ​ច្រៀង​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​កម្មវិធី​ក្រុមហ៊ុន​ស្មាត​នៅ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៥ មេសា តែ​ទស្សនិកជន​កំពុង​សម្តែង​ការ​ខក​ចិត្ត​នៅពេល​ឮ​ដំណឹង​ថា វត្តមាន​របស់​លោក ព្រាប សុវត្ថិ នៅ​កំពង់សោម​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ។ តែ​យ៉ាង​ណា ទស្សនិកជន​ភាគច្រើន ពិសេស​យុវវ័យ​នៅ​តែ​សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក ព្រាប សុវត្ថិ នឹង​មាន​វត្តមាន​ច្រៀង​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​ពួកគេ​នៅ​ថ្ងៃ​នោះ​៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS