1 2 3
4 5 6 7

ការបាត់ខ្លួន យន្តហោះ MH370 ពេលនេះ នាំឱ្យនឹកឃើញ ករណីប្លន់យន្តហោះ និងរំដោះចំណាប់ខ្មាំង កាលពី ឆ្នាំ១៩៧៦ នៅអ៊ូហ្កង់ដា

រហូតមកដល់ ថ្ងៃនេះ វាមានរយៈពេល ១២ថ្ងៃហើយ ដែលយន្តហោះ របស់ក្រុមហ៊ុន អាកាសចរ ម៉ាឡេស៊ី ប្រភេទប៊ូអ៊ីង 777 ជើងហោះហើរ MH370 បានបាត់ខ្លួន ដោយអាថ៌កំបាំង រួមជាមួយអ្នកជិះ នៅលើនោះចំនួន ២៣៩នាក់ ។ បើទោះជាសកម្មភាព រុករកមានជាលក្ខណៈអន្តរជាតិ យ៉ាងណា ក៏នៅតែមិនទាន់ រកឃើញ សូម្បីតែមូលហេតុ ពិតប្រាកដ នៃការបាត់ខ្លួន យន្តហោះ ដ៏អាថ៌កំបាំងនេះ ក៏គេមិនហ៊ាន បញ្ជាក់ឱ្យដឹង ជាផ្លូវការដែរ គឺបានត្រឹមតែនាំគ្នា សន្និដ្ឋាន ឬក៏ដាក់ការសង្ស័យ ពេលខ្លះថា អាចធ្លាក់ចូលសមុទ្រ ពេលខ្លះថា អាចករណីប្លន់ ឬក៏ជាករណីប្រព្រឹត្តឡើង ដោយក្រុមបញ្ជាការ ហោះហើរ ជាដើម ។

ចុងក្រោយនេះ ក្រុមអ្នករុករក បានដាក់ការសង្ស័យយ៉ាងខ្លាំង ទៅលើការប្រព្រឹត្ត របស់ក្រុមពីឡុត ដែលមានជំនាញខ្ពស់ ក្នុងការបើកយន្តហោះគេចចេញ ពីប្រព័ន្ធរ៉ាដា ឬក៏ចុះចតដោយមានសភាព ស្ងប់ស្ងាត់មិនឱ្យអ្នកណា ដឹងជាដើម ។

ដើម្បីចូលរួមចែករំលែកព័ត៌មានថា តើទង្វើបាត់យន្តហោះ ខាងលើនេះ បង្កឡើងដោយក្រុមពីឡុតមែននោះ ហើយពួកគេ មានសមត្ថភាពយ៉ាងណា បានជាអាចធ្វើឱ្យយន្តហោះ អាចហោះទៅលើមេឃបាន ដោយគេចផុតពីប្រព័ន្ធរ៉ាដា ឬក៏ផ្កាយរណប ដ៏ស្អែកស្គះហើយចុះចតយ៉ាងស្ងាត់កំបាំង ម្តេចកើត បើយន្តហោះធំប៉ុនណាណី ពេលចុះចតសំលេង ខ្ទ រញ្ជួយញ័រ រាប់គីឡូម៉ែត្រនោះ ? ថ្ងៃនេះ ដើមអម្ពិលសូមលើកយក ហេតុការណ៍ ករណីប្លន់យន្តហោះរបស់ ក្រុមហ៊ុន Air France កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៧៦ ដែលបង្កឡើងដោយ ក្រុមចោរប្លន់ជនជាតិប៉ាឡេស្ទីន និងអាឡឺម៉ង់ ដែលស្អប់ជនជាតិ ជ្វីហ្វ ដោយសារតែនៅលើយន្តហោះ នោះមានជនជាតិជ្វីហ្វជិះច្រើន និងប្រតិបត្តិការរបស់ទាហាន អ៊ីស្រាអែល ជិះយន្តហោះធុន C130 ចំនួន៤គ្រឿង បើកទៅចុះចត នៅព្រលានយន្តហោះ អេនថេបបេ កណ្តាលទីក្រុង នៃប្រទេសអ៊ូហ្កង់ដា ដោយក្រុមភេរវករ និងទាហានរបស់ប្រទេសនោះ នៅការពារ ព្រលានយន្តហោះ មិនបានដឹងខ្លួន ឡើយ។ ក្នុងនោះសូម្បីតែរ៉ាដា របស់សូវៀត ដែលចែកប្លុកកុំម្មុយនីស្ទ និងសេរី ក៏មិនអាច ចាប់យន្តហោះ C130 របស់អ៊ីស្រាអែល ជាប់ឡើយ។ ខាងក្រោមនេះ ជាប្រវត្តិ នៃការចាប់ជំរិត យន្តហោះ និងប្រតិបត្តិការ រំដោះរហូតបានជោគជ័យ ដែលមានដំណើររឿង ដូចតទៅ ៖

ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ១៩៧៦ ម៉ោង ០៥ និង១៥នាទី តាមពេលវេលាប្រចាំតំបន់ ក៏កើតនូវហេតុការណ៍ ដែលត្រូវចារិកទុក ក្នុងទំព័រប្រវត្តិសាស្រ្ត ទីមួយរបស់ពិភពលោក នៅពេលដែលយន្តហោះ AF-139 របស់ជើង ហោះហើរ អ៊ែរ ហ្វ្រេន (Air France) បានដឹកអ្នកដំណើរ ២៨៥នាក់ ជាពិសេសក្នុងនោះ មានជនជាតិជ្វីសហ្វ ៨៣នាក់ ដែលធ្វើដំណើរពីបុរី អាតែន ទៅកាន់ក្រុង តែអាវីវ នៃប្រទេសអ៊ីស្រាអែល ឆ្ពោះទៅកាន់ក្រុង ប៉ារីស ត្រូវបានចោរប្លន់ តាមអាកាស (HiJack) ជនជាតិប៉ាឡេស្ទីន ដោយប្លន់យកយន្តហោះ និងចាប់អ្នកដំណើរ ក្នុងយន្តហោះ ទាំងអស់ ធ្វើជាចំណាប់ខ្មាំង ហើយបង្ខំឱ្យយន្តហោះចុះចត នៅព្រលានយន្តហោះ អេនថេបបេ ក្រុងកាំប៉ាឡា ដែលជាប្រទេស ក្រោមការគ្រប់គ្រង របស់មេដឹកនាំផ្តាច់ការ អ៊ីឌី អាមីន (អ៊ូហ្កង់ដា)។

មុនពេលចុះចតនៅក្រុង កាំប៉ាឡា នោះក្រុមភេរវករ នៅមានចិត្តមេត្តាដល់ជនជាតិដទៃ ដែលមិនមែន ជាជនជាតិជ្វីហ្វ ។ ពួកគេបានដោះលែងអ្នកដំណើរ ដែលមិនមែនជាជនជាតិជ្វីហ្វ ចុះនៅក្នុងក្រុង បេនកាហ្ស៊ី ប្រទេសលីប៊ី  របស់ឧត្តមសេនីយ៍ទោ មូហាម៉ា កាដាហ្វី ដែលជាសម្ព័ន្ធមិត្តដ៏ជ្រាលជ្រៅ របស់អ៊ីឌី អាមីន (មេដឹកនាំផ្តាច់ការ របស់ប្រទេស អ៊ូហ្កង់ដា ) ចំនួន ៤៣នាក់ មុនពេលឆ្ពោះទៅកាន់ក្រុង កាំប៉ាឡា ។ ហេតុកាណ៍នេះ មានភស្តុតាង ដើម្បីបញ្ជាក់ថា អ៊ីឌី អាមីន បានឃុបឃិតជាមួយនឹង ប៉ាឡេស្ទីន យ៉ាងពេញទំហឹង ដល់ថ្នាក់ត្រៀមទាហាន មកចាំទទួនៅឯព្រលានយន្តហោះ អេន ថេបបេ ដើម្បីរក្សាសុវត្ថិភាព។

ក្រោយនោះ មិនយូរប៉ុន្មាន ជើង AF.139 ក៏បានបាត់ចេញពីផែនទី នៃការហោះហើរ របស់ពិភពលោក ហើយក៏បានបាត់ចេញពីទំព័រកាសែតមួយរយៈដែរ ដោយសារតែមានព័ត៌មាន គួរឱ្យចាប់អារម្មណ៍ជាង ។ យន្តហោះ AF.139 បានចាប់ផ្តើមរលាយពិការចងចាំរបស់មនុស្ស ស្ទើទាំងអស់គ្នា តែយន្តហោះ AF.139 មិនបានបាត់ចេញពីក្នុងចិត្ត របស់ជនជាតិ អ៊ីស្រាអែល និងញាតិមិត្តបងប្អូន របស់អ្នកដែលជួបគ្រោះកម្មទេ ព្រោះកន្លងមកមិនយូរប៉ុន្មាន មានការរាយការណ៍ ព័ត៌មានពីទីក្រុងឡុងដ៍ ទាក់ទងនឹងការប្លន់យន្តហោះ លើកនោះជា ជនជាតិអាល្លឺម៉ង់ ពីនាក់ក៏រួមគំនិត ចេញប្រតិបត្តិការ ផងដែរ ។

ដោយពួកចោរមានគម្រោង ឱ្យយន្តហោះ AF.139 ចុះចតក្នុងប្រទេសមិត្ត ។ ៥នាទីមុន ពេលយន្តហោះ ឡើងពីបុរី អាតែន ពួកចោរ មានបុរសជនជាតិ អាល្លឺម៉ង់ ម្នាក់ និងជនជាតិអារ៉ាប់ ៣នាក់ ។ អ្នកដំណើរដែល បានដោះលែង មកមុនបានឱ្យការណ៍ថា ភេរវករទាំងអស់នោះ មានអាវុធ មានគ្រាប់បែកដៃដាក់នៅ ម៉ាត់ទ្វារយន្តហោះ ។ ផែនការនៅក្រុង បេនកាហ្ស៊ី គ្រាន់តែជាចំណុចសំខាន់មួយរយៈប៉ុណ្ណោះ ។ តាមការពិត ពួកភេរវករ សំដៅទៅអាហ្វ្រិកកណ្តាល ។

នៅពេលកងស៊ើបការណ៍សម្ងាត់របស់ អ៊ីស្រាអែល បានលួចស្តាប់ព័ត៌មានផ្សេងៗ ធ្វើឱ្យបានដឹងថា មានការប្លន់ យន្តហោះលើកនេះ មានគោលបំណងសងសឹកមកលើប្រទេស អ៊ីស្រាអែល ដោយត្រង់។ ពួកភេរវករ ត្រូវការឱ្យអ៊ីស្រាអែល ដោះលែងអ្នកទោស ដែលជាមិត្តរបស់ពួកគេ ចំនួន៤០នាក់ ដែលត្រូវបាន អ៊ីស្រាអែល ចាប់ខ្លួន ។ បើមិនព្រមដោះលែង នឹងសម្លាប់អ្នកដំណើរជនជាតិ ជ្វីហ្វ ហើយនៅតែមាន មេដឹកនាំផ្តាច់ការ អ៊ីឌី អាមីន នៅពីក្រោយ។ ភេរវករ បានដោះលែងអ្នកដំណើរផ្សេងៗ ៤៣នាក់ មុនពេល AF.139 ចេញដំណើរពីក្រុង បេងកាស្ស៊ី ប្រទេសលីប៊ី មកចតនៅព្រលានយន្តហោះ អេនថេបបេ ក្នុងប្រទេសអ៊ូហ្កង់ដា

ក្រោមកណ្តាប់ដៃមេដឹកនាំ ស្រេកឃ្លានឈាម នៅទីនោះមានការបែងចែកយកអ្នកដំណើរ ដែលជាជនជាតិជ្វីហ្វ ចេញពីអ្នកដំណើរ ជនជាតិផ្សេងៗ ។ វរសេនីយ៍ឯក ចូណាថាន ណេថាន់យ៉ាហ៊ូ ដែលជាមេបញ្ជាការ កងប្រតិបត្តិការពិសេស ថាសហ្វក គណៈរដ្ឋមន្រ្តី របស់អ៊ីស្រាអែល បានបញ្ជាឱ្យតែងតាំងភ្នាក់ងារពិសេស មានទាំងទាហាន និងស៊ីវិល ដោយមានវរសេនីយ៍ឯក ចូណាថា ណេថានយ៉ាហ៊ូ ជាអ្នកទទួលខុសត្រូវ តួនាទីដ៏លំបាកនេះ ។ ក្រោយយន្តហោះត្រូវបានពួកភេរវករ បង្ខំឱ្យចុះចត នៅឯព្រលានយន្តហោះ អេនថេបបេ សម្រង់ព័ត៌មានរបស់ អ៊ីស្រាអែល បានបញ្ជូនទិន្នន័យ ឱ្យភ្នាក់ងារពិសេស ដែលបានបែងចែកជាពីរក្រុម ។ ក្រុមទី១ ដំណើរការ តាមផែនការ A ដើម្បីចរចា ហើយយល់ព្រមតាមពាក្យទាមទារ របស់ពួកភេរវករ ហើយក្រុមទី២ ត្រៀមរួចរាល់ និងហ្វឹកហាត់សមយុទ្ធធំ ក្រែងលោកករណី A មិនបានសម្រេច ។

និយាយទៅ យន្តហោះ AF.139 នោះចាត់ទុកថា មិនមែនជារឿងថ្មី សម្រាប់ជនជាតិអ៊ីស្រាអែល ទេ ដោយរឿងលំនាំនេះ ធ្លាប់កើតឡើងរួចមកហើយ តែលើកនេះពិសេសត្រង់ថា ជាការតស៊ូជាមួយពួកភេរវករ ដែលផ្សាភ្ជាប់ ជាមួយនឹងមេដឹកនាំ ប្រទេសដែលផ្តាច់ការ ដូចជា អ៊ីឌី អាមីន ។ ការចរចារលើកដំបូង នៅពេលត្រូវប្រឈមមុខជាមួយ ភេរវករ នៅថ្ងៃអង្គារ៍ ទី២៩ ខែមិថុនា ពួកភេរវករ ប្រកាសទាមទារឱ្យ ដោះដូរអ្នកទោសចំនួន ៥៣នាក់ ជាមួយអ្នកដំណើរ ដែលជាចំណាប់ខ្មាំង ដោយកំណត់ពេល ថ្ងៃព្រហស្បត្តិ៍ ទី១ កក្កដា ។

ភាពលំបាកកាន់កើនឡើង ព្រោះថាអ្នកទោសទាំងនោះ ត្រូវបានបញ្ជូនទៅឃុំឃាំងនៅក្នុងគុកច្រើនប្រទេស ធ្វើឱ្យត្រូវចាំស្តាប់ការយល់ឃើញរបស់ជនជាតិដទៃទៀត ដោយផែនការ ត្រូវបានលើកយកមក មានដូចជា ការចាប់ជំរិត អ៊ីឌី អាមីន និងការបញ្ជូនឧត្តមសេនីយ៍ ម៉ូឆេ ដាយ៉ាន់ ទៅចរចា ។

រឿងមួយដែល អ៊ីស្រាអែល យល់យ៉ាងច្បាស់គឺ ទស្សនៈពិភពលោក ដែលមានចំពោះការប្រតិបត្តិការទាហាន ក្នុងការបើកយន្តហោះ វាងទឹកដី អារ៉ាប់ ដោយត្រូវបានហោះគេចពីប្រព័ន្ធត្រួតចាប់ដ៏មានប្រសិទ្ធភាព របស់ឧបករណ៍ សូវៀត ហើយត្រូវហោះចេញទៅក្នុងរវាងចម្ងាយជាង ២០០០ម៉ាយ ដែលនេះ ចាត់ទុកថា ជាឧបសគ្គដ៏សំខាន់ ក្នុងប្រតិបត្តិការ របស់ទាហាន ព្រោះថា ក្នុងកំឡុងពេលនោះ ប្រទេស នៅមជ្ឈឹមបូព៌ា និងអាហ្វ្រិក ស្ទើតែទាំងអស់ សុទ្ធសឹងតែនៅក្រោម ឥទ្ធិពលរបស់សូវៀត ។

ប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារ ភាពអន្តរាយ ខាងអាកាស របស់ប្រទេសទាំងនោះ អាចនឹងធ្វើឱ្យផែនការ ប្រតិបត្តិការ វិនាសបានភ្លាមៗ ។ ប៉ុន្តែចង់មិនចង់ អ៊ីស្រាអែល ត្រូវតែធ្វើដោយពីដំបូង មានបញ្ហា ឱ្យអ្នកបើកយន្តហោះ មកសម្ងំខ្លួនតែពួកគេជាច្រើន បានជំទាស់ ដោយនិយាយថា “សូមឱ្យខ្ញុំបានដេកផ្ទះ យប់ចុងក្រោយផងចុះ” ។ គណៈសេនាធិការ យល់ព្រមចំពោះរឿងនេះ ព្រោះចំនួនអ្នកបើកយន្តហោះ ដែលឱ្យសម្ងំខ្លួននោះ មានច្រើន ជាងចំនួន ដែលយកទៅប្រើ ដល់ទៅ៣ដង ហើយអ្នកបើកយន្តហោះគ្រប់គ្នា រក្សាអាថ៌កំបាំង បានយ៉ាងល្អ ព្រោះពួកគេដឹងច្បាស់ថា ពួកគេគឺជាគោលដៅដំបូង ប្រសិនបើ អាថ៌កំបាំងធ្លាយចេញទៅ ។

អ្នកបើកយន្តហោះគ្រប់គ្នា ត្រូវជួបការគាបសង្កត់យ៉ាងខ្លាំង ទាំងការត្រូវបាញ់តាមបរិវេណព្រំដែន និងការត្រូវធ្វើទារុណកម្ម ។ គ្រប់គ្នាមានការព្រួយបារម្ភ ពីសុវត្ថិភាពប្រពន្ធកូន និងការដែលពួកក្រុមចោរព្រៃ អាចនឹងមកសងសឹកដល់ផ្ទះ។ ដូច្នេះហើយ អ្នកបើកយន្តហោះ អ៊ីស្រាអែល មានឈ្មោះថា “ជាកងទ័ពបិទមាត់បានជិតបំផុត” ។

ឧត្តមសេនីយ៍ កឺរ៍ បានបញ្ជាក់ថា យន្តហោះដឹកជញ្ជូន C-130 ហីឃីវលីស ដែលពួក អ៊ីស្រាអែល ហៅថា “ហ៊ីបប៊ូ” អាចហោះឡើងបាន ដោយផ្ទុកពេញចំនួន ទៅកាន់ព្រលានយន្តហោះ ដែលមិនធ្លាប់ស្គាល់ពីមុន ហើយអាចត្រឡប់មក ដោយសុវត្ថិភាព ក្រោយពីបញ្ជូនកងកុម្ម៉ងដូ ទៅជួយចំណាប់ខ្មាំង រួមទាំងយានជំនិះ ឡានសម្រាប់ដឹកជញ្ជូនទាហាន និងអាវុធ ផ្សេងៗ រួមទាំងឡាន ហ្ស៊ីប ដែលដាក់កាំភ្លើងធុនធ្ងន់ និងកាំជ្រជួច ដោយត្រូវដឹកតាមយន្តហោះ ហើយទៅមក ប្រហែលជា ៥០០០ម៉ាយ ដោយមិនមានការនាំផ្លូវដោយបន្ទប់ បញ្ជាការហោះហើរ ។

ឧត្តមសេនីយ៍ កីរ៍ បានបន្ថែមទៀតថា “ត្រូវតែឱ្យជឿជាក់ថា យន្តហោះដឹកជញ្ជូនខ្នាតធំទាំងនេះ ត្រូវមាន កម្លាំងវាយលុក គ្រប់គ្រាន់ហើយមិនត្រូវឱ្យប្រព័ន្ធត្រួតពិនិត្យ ចាប់បាន ក្នុងពេលធ្វើដំណើរ ចុះទៅកាន់ ព្រលានយន្តហោះ ដែលខ្ពស់ជាងកម្រិតទឹកសមុទ្រ ៣៨០០ហ្វូត មានកងការពាររឹងមាំ ត្រូវធ្វើយ៉ាងណា កុំឱ្យពួកទាហានការពារទាំងនោះដឹង ប្រសិនបើយន្តហោះមួយណាមានការខូចខាត មិនថាជាកង់ គ្រឿងយន្ត ត្រូវប៉ះដោយបំណែកគ្រាប់បែក ឬសូម្បីតែការស្រូបយកសត្វត្មាត ចូលទៅក្នុងគ្រឿងម៉ាស៊ីន ដូចដែលធ្លាប់បានជួប វិធីជួយដល់អាកាសយានិក និងទាហានចេញ មកយ៉ាងម៉េច នៅពេលដែលផែនការ កំណត់ឱ្យប្រើប្រាស់ យន្តហោះ មិនលើសពី៤ គ្រឿង ដើម្បីភាពបន្ទាន់” ។

ក្នុងខណៈដែល អ៊ីស្រាអែល គិតថា ខ្លួនឯកោម្នាក់ឯងនោះ មានប្រទេសមួយ រីករាយមករួមដៃជាមួយ គឺប្រទេសអង់គ្លេស ព្រោះ អង់គ្លេស ដឹងពីផលអាក្រក់របស់ពួកចោរព្រៃបានយ៉ាងច្បាស់បំផុត ពីអង្គភាព ភេរវកម្មអន្តរជាតិ ផ្តល់ការគាំទ្រ សង្គ្រាមបង្ហូរឈាម ក្នុងទីក្រុងឡុងដ៍ និងអៀកឡង់ ខាងជើង ។ ប៉ុន្តែជនជាតិ អង់គ្លេស ជាច្រើន នៅក្នុងប្រទេស អ៊ូហ្កង់ដា នៅឡើយ ។ ដូច្នេះ អង់គ្លេស មានសន្យាដោយសម្ងាត់ ក្នុងការការពារ រួមជាមួយ កេនយ៉ា ដោយយន្តហោះចម្បាំង និងកម្លាំង អង់គ្លេស អាចប្រើព្រលាន ណៃ រ៉ូប៊ី និងព្រលានផ្សេងទៀត របស់កេនយ៉ា បានបើចាំបាច់ ។ អង់គ្លេស និងអ៊ីស្រាអែល បានរួមគ្នា វាយតម្លៃទុក ក្នុងអន្តរកាលសមយុទ្ធធំថា នឹងមានការបាត់បង់ឈ្លើយសឹក បើសិនជា មានការប៉ះទង្គិចគ្នា កើតឡើងនៅ អេនថេបបេ ដល់ទៅ ៣៥នាក់ ។ សំណួរ សួរថាតើ អ៊ីស្រាអែល ព្រមទទួលការខូចខាតនេះ ដែរឬទេ ? តែបើមិនតស៊ូ អាចនឹងត្រូវបានបាត់បង់ ១០៥នាក់ ។

ថាទៅ ព្រឹត្តការណ៍លើកនេះ ប្រសិនបើមិនមាន អ៊ីឌី អាមីន ទេ ប្រហែលជា ធ្វើឱ្យរឿងរ៉ាវលើកនេះ ងាយស្រួលដូចបកចេក អ៊ីចឹង ។ តែបើមើល ប្រលោមលោកស៊ើបអង្កេត ដែលមានការរំជើបរំជួលចិត្តវិញ គេម្នាក់នេះហើយ ដែលធ្វើឱ្យប្រតិបត្តិការ លើកនេះ មានគ្រប់រសជាតិ មានរឿងគួរតាមដានគ្រប់វិនាទី ។ គណៈរដ្ឋមន្រ្តី បានពិភាគ្សាគ្នាយ៉ាងយូរ ខាងនាយករដ្ឋមន្រ្តី បានប្រាប់ថា មិនបាច់កំណត់ពេលវេលា ក្នុងការបង្ហាញការយល់ឃើញរបស់រដ្ឋមន្រ្តីម្នាក់ៗទេ ។ ដូច្នេះការសម្រេចចិត្ត និងដំណើរការទៅដោយសេរី និងមិនមានពេលកំណត់ ព្រោះរដ្ឋមន្រ្តី សុទ្ធតែចង់និយាយក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត សំខាន់នេះ ទាំងអស់ ។

បន្ទាប់ពីការសម្រេចចិត្ត របស់គណៈរដ្ឋមន្រ្តី បានចប់សព្វគ្រប់ហើយ ក៏បញ្ជាឱ្យកាត់ផ្តាច់ការទាក់ទង រវាងយន្តហោះ ទាំង៤ ដែលកំពុងតែរង់ចាំ វិទ្យុទាក់ទងរបស់ទាហាន នឹងផ្អាកការទាក់ទង ដើម្បីការពារការលបស្តាប់ ហើយចេញបញ្ជាថា “ ចេញប្រតិបត្តិការ!” ។

នៅពេលព្រលប់ កងទ័ពចម្បាំង ក៏ចូលទៅកាន់ភាគខាងជើង ណៃរ៉ូប៊ី ព្រោះថាមិនមានកន្លែងចុះចត ផ្សេងទៀតឡើយ ។ នៅខាងមុខគឺ ជាគោលដៅ នៃការធ្វើដំណើរទៅកាន់ព្រលានយន្តហោះ អេនថេបបេ ។ ខណៈនោះយន្តហោះ C130 ទាំង៤គ្រឿង មិនបាច់គេចចេញ ពីប្រព័ន្ធរ៉ាដារបស់យន្តហោះ ដឹកអ្នកដំណើរ ពាណិជ្ជករតទៅទៀតឡើយ ព្រោះបានហោះចេញ ពីខ្សែហោះហើរ របស់យន្តហោះដឹកអ្នកដំណើរ ពាណិជ្ជករស្រេចទៅហើយ ។

យន្តហោះ C-130 ទាំង៤គ្រឿង បានបន្ទាបខ្លួនចុះ ទៅកាន់ផ្ទៃទឹកដ៏ធំទូលាយនៅពីមុខ ។ អាស្រ័យលើរលកវិទ្យុ ពីបន្ទប់គ្រប់គ្រង ការហោះហើរ អេនថេបបេ ទើបយន្តហោះ C-130 អាចចាប់ទិសដៅ របស់ព្រលាន យន្តហោះបាន ។ ការហោះហើរដ៏វែងឆ្ងាយ រយៈពេល ៧ម៉ោង ដោយមិនបានប្រើវិទ្យុទាក់ទង មិនមានសូម្បីតែ ការបញ្ជូនសញ្ញានាំផ្លូវ ប្រើត្រឹមតែការសម្រេចចិត្ត របស់អ្នកបើកបរ នាំមុខប៉ុណ្ណោះ ។ ពេលខ្លះនៅក្នុងពេល ហោះហើរ យន្តហោះត្រូវហោះចូលព្យុះ ជំនួសការដែលត្រូវវៀង ដើម្បីសន្សំសាំងទុកឱ្យបានច្រើនបំផុត ។ ដប់នាទីចុងក្រោយ យន្តហោះចាប់ផ្តើមបន្ថយល្បឿន ភ្លាមៗនេះ ផ្លូវរត់របស់ព្រលានយន្តហោះ អេនថេបបេ ដែលនៅខាងមុខ មានភ្លៀងរលឹមតិចៗ និងមានផ្លេកបន្ទោរ។ យន្តហោះដំបូងបានចុះចតនៅព្រលានយន្តហោះ អេនថេបបេ បានជោគជ័យ ។ អ្នកបើកបរ មិនប្រើប្រព័ន្ធ Reveres ព្រោះមិនចង់ឱ្យឮសំឡេងខ្លាំង គ្រាន់តែ គ្រប់គ្រងឱ្យនៅលើផ្លូវរត់ និងចូលទៅចត ទៅកន្លែង ដែលបានកំណត់តាមផែនការប៉ុណ្ណោះ ។

ចំណែកយន្តហោះទីពីរ ក៏ចុះមកតាម ដោយសារការហ្វឹកហាត់មកយ៉ាងល្អ ។ ការមកដល់របស់យន្តហោះ ទាំង២គ្រឿង ធ្វើឡើងដោយស្ងាត់ៗ រហូតពួកភេរវករមិនដឹងខ្លួន ។ អ្នកខ្លះនៅអង្គុយសប្បាយលើកកៅអីពូក។ អ្នកបើកយន្តហោះម្នាក់ បានប្រាប់ពីព្រឹត្តិការណ៍នោះថា “អារម្មណ៍ នៅពេលនោះដូចនៅក្នុងនរក ស្ងាត់រហូតដូចយើងរង់ចាំការស្លាប់ វាមិនគួរស្ងាត់ ដល់ថ្នាក់នោះទេ វាគួរឱ្យខ្លាចជាង ការត្រូវគេបាញ់ទៅទៀត ស្ងាត់ដូចនៅក្នុងនរក ខ្ញុំមានអារម្មណ៍ថា កំពុងរង់ចាំការស្លាប់ យ៉ាងពិតប្រាកដ រង់ចាំមើលថា ពេលណាទៅ អន្ទាក់ដែលចាំដាក់យើង នឹងលេចធ្លោចេញមក” ។

រហូតពេលទ្វារក្រោយបើកចេញ កងកម្ម៉ង់ដូនីមួយៗ រត់សម្តៅទៅប្រចាំ ការតាមកន្លែងដែលបានកំណត់ទុក ទាហានបាញ់ត្រង់ (ទាហានដៃឯក) ចាប់ផ្តើមរាវរកគោលដៅ របស់ខ្លួន ។ សំឡេងកាំភ្លើង ដំបូងលាន់ឮ មុនកណ្តាលអាធ្រាត្រ ក្រោយពីយន្តហោះ C-130 ចុះដល់មិនដល់២នាទី កូនចៅរបស់ យ៉ននី បានផ្តាច់ជីវិតភេរវករជា អាល្លឺម៉ង់ ខណៈដែល ដៃរបស់វានៅលើកៃកាំភ្លើង កំពុងបែរខ្លួនត្រឡប់មកលើក កាំភ្លើងបំរុងនឹងបាញ់ ។

សំឡេងកាំភ្លើងរបស់ទាហាន អ៊ីស្រាអែល បានទម្លុះចូលទៅក្នុង រាងកាយរបស់វាមុន ដែលជាសពដំបូង ។ ភេរវករស្រីជនជាតិ អាល្លឺម៉ង់ម្នាក់ទៀត មានគ្រាប់បែកនៅនឹងដៃ ឈរធ្មឹង ដឹងភ្លាមថា ខ្លួនអស់សង្ឃឹម នៅពេលកងកម្ម៉ង់ដូ របស់អ៊ីស្រាអែល តម្រង់កាំភ្លើងមករកនាងឆ្ងាយពីគ្នាត្រឹមតែ៣ម៉ែត្រ ហើយកេះកៃរហូតអស់គ្រាប់ ។ គេប្រាប់ថា “គេមិនដែលបាញ់ស្រ្តី មកពីមុនទេ បាញ់ទៅដូចជាគ្មានសតិអ៊ីចឹង” ។ កម្លាំងជំនួយចេញពីយន្តហោះទី៣ ចូលមកដល់ល្មម ហើយស្រែកទៅក្នុងអគារ ជាភាសាហ៊ីព្រូថា ឱ្យ “ក្រាបចុះ ! ក្រាបចុះ!” ។

មិនយូរប៉ុន្មាន អ្នកដំណើរដែលជាចំណាត់ខ្មាំងមួយចំនួន ភ្ញាក់ផ្អើលមិនដឹងថា មានរឿងអ្វីកើតឡើង ។ ភេរវករជនជាតិ អារ៉ាប់ ពីរនាក់ ឈរក្នុងចំណោមអ្នកធ្វើដំណើរ ដោយម្នាក់ប្រើកាំភ្លើងយន្ត បាញ់តទល់ និងបាញ់ដាក់ចំណាប់ខ្មាំង ហើយម្នាក់ទៀត ប្រើកាំភ្លើង រីវ៉លវើ ៣៥៧ ។

កងកម្ម៉ងដូរបស់យ៉ន់នី ងាកទៅមើលប្រភព នៃសំឡេងកាំភ្លើង បន្ទាប់មក កាំភ្លើងទាំងអស់ ក៏បាញ់ទៅកាន់គោលដៅតែមួយ ភាពចលាចល បានកើតឡើង ព្រោះអ្នកដំណើរមួយចំនួន បានគិតថា ភេរវករ នឹងសម្លាប់ចំណាប់ខ្មាំង ក្មេងមួយចំនួនភ័យខ្លាចស្រែកយំ ។

យ៉ននី និង កងកម្ម៉ងដូ របស់គេ បានដេញតាមពួកភេរវករ ដែលនៅសល់ឡើងទៅលើអគារ ម្នាក់ពួនក្នុងទូ ម្នាក់ទៀតនៅក្នុងបង្គន់ ។ ទាំងពីនាក់សុទ្ធតែមានអាវុធហើយត្រូវបានផ្តាច់ជីវិត ។

ទីបំផុត ភេរវករទី៧ បានរត់ទៅកាន់ទិសខាងជើង នៃអគារ ហើយក៏មិនអាចរត់រួចបាន។ ទាហាន អ៊ូហ្គង់ដា ដែលស្ថិតនៅ ក្នុងបន្ទប់គ្រងការហោះហើរ ចាប់ផ្តើមដឹងខ្លួន បានបាញ់សំដៅទៅទាហាន អ៊ីស្រាអែល មានសំឡេងចេញពីវិទ្យុមកថា “យ៉ននី ត្រូវគេបាញ់ យ៉ននី! ត្រូវគេបាញ់ !” សំឡេងនេះ ធ្វើឱ្យទាហានគ្រប់រូប រន្ធត់រួមទាំងមេបញ្ជាការទាហាន គ្រប់រូបនៅ តែ អាវីវ កំពុងតែនៅចាំស្តាប់ការប្រតិបត្តិការ ដែលបានមកពី ការទាក់ទងវិទ្យុប៉ុណ្ណោះ ។ យ៉ននី ដួលផ្កាប់មុខ នៅមុខទ្វារ បន្ទប់គ្រប់គ្រង ការហោះហើរ ឈាមហូរមកគួរឱ្យខ្លាច ។

ទោះបីជាបែបនេះ កងកម្លាំងកម្ម៉ងដូ របស់គាត់ ក៏បានសម្រុកទៅមុខ ដើម្បីចូលទៅគ្រប់គ្រង បន្ទប់គ្រប់គ្រង ការហោះហើរបាន ។ រថយន្តដឹកជញ្ជូន និងឡានហ្ស៊ីប ដែលបំពាក់ដោយកាំភ្លើងធំ បានចេញមក នៅពីមុខព្រលាន ដើម្បីត្រៀម ចាំទប់ទល់ទាហាន អ៊ូហ្កង់ដា ដែលគិតថា អាចនឹងមានរថក្រោះ ចូលមកផងដែរ ។ ប៉ុន្តែសំណាងល្អ មានតែកងទាហាន ខ្នាតតូច ដែលមិនដឹងខ្យល់អ្វីវង្វេងចូលមក ហើយត្រូវទាហាន អ៊ីស្រាអែលវាយប្រហារមុន ។

នៅក្នុងអន្តរកាលនោះ យន្តហោះ C-130 វិលខ្លួន បែរកន្ទុយរកអ្នកដំណើរ ដែលកំពុងរត់ចូលមក ។ យន្តហោះ នីមួយៗ ដែលចុះចត មានកងការពារ១២នាក់ ដែលដំបូងគិតថា នឹងលួចចាក់សាំងនៅព្រលាន អេនថេបបេ តែប្រតិបត្តិការរួចលឿនជាង ការគិតទុក ទើបប្តូរផែនការ ទៅចាក់ប្រេងនៅ កេនយ៉ា ដែលឆ្ងាយពីទីនោះ ៥០នាទី ខណៈដែល សាំងនៅសល់ហោះបាន៩០នាទី ទើបអ្នកបើកបរប្រថុយបើកចេញទៅ ។

រាងកាយដែលគ្មានវិញ្ញាណរបស់ យ៉ននី ត្រូវនាំឡើងយន្តហោះ ព្រមគ្នាជាមួយ អ្នកដំណើរផងដែរ ។ ទាហាន អ៊ីស្រាអែល បានចាប់ខ្លួនទាហាន អ៊ូហ្កង់ដា ពីរនាក់ ហើយចងដៃចងជើង ដើម្បីទុកជារបស់ជំនួសដល់ អ៊ីឌី អាមីន ។ ទាហាន អ៊ីស្រាអែល ជៀសវាងមិនសម្លាប់ ទាហាន អ៊ូហ្កង់ដា ព្រោះជាទាហាន ដែលអ៊ីស្រាអែល ធ្លាប់មកបង្វឹកពួកគេ ។

អ៊ីស្រាអែល ប៉ាន់ស្មានថា មានទាហាន អ៊ូហ្កង់ដា ស្លាប់ ២០នាក់ ប៉ុណ្ណោះ តែខាងអ៊ូហ្កង់ដា រាយការណ៍ថា មាន៤៥នាក់ ដែលគេជឿថា ចំនួនដែលកើនឡើងនោះ ជាស្នាដៃ របស់ អ៊ីឌី អាមីន មេដឹកនាំសន្តានព្រៃដ៏សាហាវ ឃោរឃៅប្រចាំសតវត្ស បញ្ជាឱ្យសម្លាប់កូនចៅរបស់ ខ្លួនឯងព្រោះកំហឹង ។

សរុបហេតុការណ៍នៅគ្រានោះ ការប្រតិបត្តិការ ប្រើពេលវេលា ត្រឹមតែ ៥៣នាទី លឿនជាងការគិតទុក២នាទី ។ មុនពេលយន្តហោះ ចម្បាំងរបស់អ៊ីស្រាអែល ចាកចេញពីអេនថេបបេ ។ អ៊ីស្រាអែល បំផ្លាញស្ថានីយ៍រ៉ាដា និងយន្តហោះ MIG ដែលចតនៅទីនោះ ដើម្បីការពារ ការដេញតាម ថែមទាំលួចដោះយកឧបករណ៍ ពិសេសៗ មួយចំនួនមកជាមួយផងដែរ ។

ពួកភេរវករ គិតថា មានគ្នាទាំងអស់១០នាក់ ត្រូវសម្លាប់៧នាក់ ៣នាក់ទៀតគិតថា ត្រូវចាប់ទាំងរស់ តែខាងអ៊ីស្រាអែល បដិសេធ ។ អ្វីដែលអ៊ីស្រាអែល បាត់បង់នោះ គឺគ្រឿងបូមសាំងដ៏ទាន់សម័យ ដែលត្រៀមទុក សម្រាប់ចាក់សាំងបន្ថែម នៅអេនថេបបេ ។ អ៊ីស្រាអែល ចាំបាច់ត្រូវតែរក្សាទុក ដើម្បីមានចន្លោះផ្ទុកយក ឧបករណ៍រ៉ាដា សូវៀត ត្រឡប់មកប្រទេសវិញ ។

ការងារ ដ៏កក្រើកនេះ អ្នកដែលបានមុខមាត់បំផុត គឺឧត្តមសេនីយ៍ ចូណាថាន ណេថាន់យ៉ាហ៊ូ ប្រធានកងប្រតិបត្តិការពិសេស ថាហ្វត ហើយមានអ្នកស្លាប់នៅក្នុងប្រតិបត្តិការនេះ ត្រឹមតែពីរនាក់ប៉ុណ្ណោះ គឺវរសេនីយ៍ឯក យន់ នី និងនាង ដឡា ប្លក់ ដែលក្រោយមកបានស៊ើបដឹងថា នាងដឡា ប្លក់ ជាស្រ្តីមេម៉ាយ ជនជាតិអង់គ្លេស ខ្សែស្រឡាយជ្វីហ្វ ដែលត្រូវបានដោះលែង ពីការប្លន់យន្តហោះ នៅក្នុងថេល អាវីហ្វ ដោយភេរវករ មិនដឹងថា នាងជាជនជាតិជ្វីហ្វ ហើយដោយសារនាងឈ្លក់អាហារថ្ងៃអាទិត្យ ក្នុងពេលដែល ពួកភេរវករ ចូលគ្រប់គ្រងយន្តហោះ ជាហេតុធ្វើឱ្យនាងភ្ញាក់ផ្អើល រហូតដល់អាហារដែលទទួលទាន ធ្លាក់ចូលទៅក្នុងបំពង់ខ្យល់ កើតជាអាការៈ ស្ទះបំពង់ខ្យល់ ស្ទើរស្លាប់ ។

ក្រោយមក ពួកភេរវករ បានដោះលែងនាង ហើយនាំទៅកាន់មន្ទីរពេទ្យ ដែលឆ្ងាយពីព្រលានយន្តហោះ អេនថេបបេ ក្នុងរយៈចម្ងាយ២០ម៉ាយ មុនពេលដណ្តើមចំណាប់ខ្មាំង ពីព្រលាន អេនថេបបេ ។ ក្រោយមកប៉ុន្មានម៉ោង ក្រោយពីប្រតិបត្តិការ អេនថេបបេ ឬភារកិច្ច រំដោះចំណាប់ខ្មាំងពីព្រលាន អេនថេបបេ ។ អ៊ីឌី អាមីន ដ៏សាហាវ ឃោរឃៅ ដែលកំពុងតែគុំកួន នឹងការបំបាក់មុខបំផុតនោះ បានបញ្ជាឱ្យអង្គរក្ស នាំនាង ដឡា ប្លក់ មកប្រហារជីវិតភ្លាម ដើម្បីសងសឹក ជនជាតិជ្វីហ្វ ដែលធ្វើឱ្យខ្លួនបាក់មុខ ។

នៅពេលទាហាន ក្រោមបង្គាប់បញ្ជា របស់ អ៊ីឌី អាមីន ទៅដល់មន្ទីរពេទ្យ ដែលព្យាបាលនាង ដឡា ប្លក់ បើកទ្វារភ្លាម គ្រាប់កាំភ្លើងបានបាញ់ចេញទៅលើនាង រហូតមិនអាចរាប់បាន់ មិនបាច់និយាយអ្វីទៀតទេ ព្រោះនាងបានស្លាប់ តាំងពីគ្រាប់ដំបូងទៅហើយ ។ បន្ទប់មក អ៊ីឌី អាមីន នៅបានបញ្ជាឱ្យអូសសាកសព របស់នាង ទៅចោលនៅ ជាយក្រុង កាំប៉ាឡា យ៉ាងឃោរឃៅ។ ទោះបីជា ខាងអង់គ្លេស សាកសួរ មេដឹកនាំផ្តាច់ការ ក៏មិនមានការឆ្លើយតបអ្វីដែរ ដោយនិយាយអះអាងថា កងកម្លាំងបានបញ្ជូននាង ឡើងយន្តហោះបាត់យូរហើយ ៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS