1 2 3
4 5 6 7

បុរស​ម្នាក់​ជាប់​ក្នុង​មឈូស​4ថ្ងៃ​ផឹក​​ទឹក​នោម​ខ្លួន​ឯង​

Khmer Famous

បុរស​​ជន​ជាតិ​តៃ​វ៉ាន់​ម្នាក់​ស្ទើរ​ស្លាប់​ស្ទើរ​ រស់​ក្រោយ​ពី​ជាប់​នៅ​ក្នុង​មឈូស​រយៈ​ពេល​ជាង​៤​ថ្ងៃ​​ ប៉ុន្ដែ​សំណាង​ល្អ​ត្រូវ​គេ​ប្រទះ​ឃើញ​ក៏​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ឱ្យ​ទៅ​ ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​ ។​ សារព័ត៌​មាន​របស់ចិន​ កាល​ពី​ថ្ងៃ​ទី​១៥​ មីនា​ ២០១៤​ ផ្សាយ​ថា​ កាល​ពី​រសៀល​ថ្ងៃទី​១៣​ មីនា​ ប្ដី​-ប្រពន្ធ​មួយ​គូ​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​បញ្ចុះ​សព​ «ភីហ្វើង​» និង​បាន​ឮ​សម្រែក​សុំ​ការ​ជួយ​សង្គ្រោះ​ចេញ​ពី​ក្នុង​មឈូស​ ។​ ភ្លាម​នោះ​ទាំង​២នាក់​ប្ដី​-ប្រពន្ធ​ក៏​ទៅ​ប្ដឹង​ប៉ូលិស​ឱ្យ​ទៅ​ពិនិត្យ​ ។​

ប៉ូលិស​ និង​ក្រុម​ជួយ​សង្គ្រោះ​បាន​ឆ្ពោះ​ទៅ​កន្លែង​កើត​ហេតុ​ ហើយ​បើក​គម្រប​មឈូស​ប្រទះ​ឃើញ​បុរស​ឈ្មោះ​ឆើន​ នៅ​ក្នុង​នោះ​ស្ថិត​ក្នុង​សភាព​រាង​កាយ​ទន់​ល្ហិតល្ហៃ និង​សម្លៀក​បំពាក់​ប្រឡាក់​ដោយ​ភក់​ ។​ សមត្ថកិច្ច​បាន​បញ្ជូន​លោក​ឆើន​ ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ ។​ លោក​ឆើន​ និយាយ​ថា​ ពេលរូប​គេ​ស្វាង​ពី​ស្រវឹង​ ស្រាប់តែ​មើល​អ្វី​មិន​ឃើញ​ គឺ​ស្ថិត​នៅ​កន្លែង​មួយ​ងងឹត​ឈ្លប់​ ។​ ពេល​យក​ដៃ​រាវ​ក៏​ប៉ះ​ផ្ទាំង​ឈើ​ ហើយ​ដឹង​ថា​ជាប់​ក្នុង​មឈូស​ ។​ រូប​គេ​ព្យាយាម​ស្រែក​ឱ្យ​គេ​ជួយ​ ប៉ុន្ដែ​គ្មាន​អ្នក​ណា​ឮ​ទេ។​ រូប​គេ​ស្ថិត​នៅ​ក្នុង​មឈូស​យ៉ាង​លំបាក​ ហើយ​យក​ថង់​ប្លាស្ទិក​ជាប់​នៅ​ក្នុង​ហោប៉ៅ​ខោ សម្រាប់​ត្រង​ទឹក​នោម​របស់​ខ្លួន​ទុក​ផឹក​ជំនួស​ទឹក។​

រយៈ​ពេល​៤​ថ្ងៃ​លោក​ឆើន​ រស់​នៅ​ក្នុង​មឈូស​ដោយ​ប្រើ​ទឹក​នោម​ខ្លួន​ឯង​ និង​ទឹក​ភ្លៀង​ហូរ​ចូល​មឈូស​សម្រាប់​ផឹក​បំបាត់ការ​ស្រេក​ឃ្លាន​ ។​ ក្រោយ​មក​ឮ​សំឡេង​មនុស្ស​ លោក​ឆើន​ ក៏​ស្រែក​ឱ្យ​គេ​ជួយ​ ទើប​បាន​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ ។ ប៉ូលិស​បញ្ជាក់​ថា​ ពី​ដំបូង​លោក​ឆើន​ និយាយ​ថា​ ខ្លួន​ត្រូវ​មិត្ដ​ភក្ដិ​នាំ​ទៅ​ដេក​ក្នុង​មឈូស​​ ប៉ុន្ដែ​ក្រោយ​មក​ប្រែ​សម្ដី​ថា​ រូប​គេ​ដើរ​ទ្រេត​ទ្រោត​ទាំង​ស្រវឹង​វង្វេង​ទៅ​ធ្លាក់​ក្នុង​មឈូស​ដោយ​ខ្លួន ​ឯង​ ។​ ប៉ូលិស​កំពុង​ស៊ើប​អង្កេត​ដើម្បី​រក​ការណ៍​ពិត​ថា​ ហេតុ​អ្វី​បាន​ជា​លោកឆើន​ ធ្លាក់​ចូល​ទៅក្នុង​មឈូស​នោះ​ ៕​

ប្រភព៖ កោះសន្តិភាព

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS