1 2 3
4 5 6 7

កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ

koh songsa, songsa isliand

កោះសង្សារ​ដែល​ស្ថិតនៅ​បណ្ដុំ​កោះរុង មាន​រមណីយដ្ឋាន​ដែល​មាន​វីឡា​ឈើ​ប្រណីត​២៧​ខ្នង​ស្វាគមន៍​ភ្ញៀវ​។

ព្រះសីហនុ: ស្ថិតនៅ​ប្រជុំកោះរុង ភាគនិរតី​នៃ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ទេសភាព​ខ្សាច់ស​ក្បុស​ហ៊ុមព័ទ្ធ​ផ្ទះឈើ​ប្រក់​ស្បូវ​ប្រណីត បាន​ក្លាយជា​ឋានសួគ៌​ពិត​របស់​ភ្ញៀវ​ទេសចរ។ នោះគឺជា​រមណីយដ្ឋាន កោះសង្សារ ដែល​ផ្សារភ្ជាប់​នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈ​ចម្រុះ និង​សត្វព្រៃ​។

ខុសពី​ឆ្នេរ​សមុទ្រ​ដែល​មាន​មនុស្សម្នា​កកកុញ នៅទីនេះ ហ្វូង​មច្ឆជាតិ​ហែល​ឆ្វែលឆ្វាត់ លោត​ផុត​ពី​ទឹក​សមុទ្រ​ពណ៌​ខៀវ​ថ្លា​ឆ្វង់​ ខណៈ​បក្សា​បក្សី​សំចត​កាយ​នៅ​លើ​មែក​ដើម​កោងកាង​យ៉ាង​ក្លាហាន។

ទិដ្ឋភាព​ទាំងនោះ​គឺជា​លទ្ធផល​នៃ​គម្រោង​អភិរក្ស​របស់​កោះ​សង្សារ ដែល​ធ្វើ​ឲ្យ​រមណីយដ្ឋាន​នេះ​មាន​ស្ដង់ដារ​ខុស​ពី​កន្លែង​កម្សាន្ត​ទូទៅ។

ស្ថិតនៅ​ចម្ងាយ​២៩​គីឡូម៉ែត្រ​ពី​កំពង់ផែ​ខេត្ត​ព្រះសីហនុ រមណីយដ្ឋាន​កោះទាំង​២​នេះ​មាន​បុគ្គលិក​ផ្ទះបាយ អ្នក​ច្នៃម៉ូដ​អគារ និង​មគ្គុទ្ទេស​ក៍សុទ្ធតែ​លំដាប់​ផ្កាយ។ ភ្ញៀវ​ដែល​ប្រាថ្នា​មក​កម្សាន្ត​នៅ​ទីនេះ​អាច​ធ្វើ​ដំណើរ​តាមទូក ឬ​ក៏​ឧទ្ធម្ភាគចក្រ​ក៏បាន។

នាយក​គ្រប់គ្រង​ផ្នែក​អភិរក្ស​នៃ​កោះសង្សារ បណ្ឌិត វ៉េន ម៉ាក់ខាលាម បាន​ឲ្យដឹង​ថា៖ «កោះនេះ​ស្ថាបនា​ឡើង​ដោយ​ផ្ដោតលើ​គោល​គំនិត​កែច្នៃ​ជាកោះ​ឯកជន។ អ្នក​មក​ស្រុកខ្មែរ​ហើយ អ្នកត្រូវតែ​ធ្វើ​អ្វី​ដែល​អ្នកប្រាថ្នា​ចង់ធ្វើ​»។

លោក​បន្ត​ថា៖ «ភ្ញៀវ​ដែល​ស្រឡាញ់​បរិស្ថាន និង​ចង់ចូលរួម​ជាមួយ​សហគមន៍​អាច​អញ្ជើញ​មក​ស្នាក់នៅ​ទីនេះហើយ​រីករាយ​នឹង​សកម្មភាព​ជា​ច្រើន»។

កោះសង្សារ​ទាំងគូ​ស្ថិត​នៅ​គម្លាត​ពីគ្នា​មិន​ដល់​១​គីឡូម៉ែត្រ​ផង ហើយ​ភ្ញៀវ​អាចឆ្លង​ទៅវិញ​ទៅមក​តាមរយៈ​ស្ពានឈើ​លើទឹក។ ផ្ទះ​វីឡា​ឈើ​ដ៏ប្រណីត​ចំនួន​២៧​ខ្នង​បាន​បំផុស​ខ្លួន​ចេញ​ពី​ព្រៃ​ព្រឹក្សា តំបន់​ឆ្នេរ និង​ខ្លះ​ទៀតស្ថាបនា​លេច​ចេញ​ពី​ផ្ទៃ​សាគរ។

នៅជុំវិញកោះ​ពោរពេញ​ទៅដោយ​ជីវិត​ក្រោម​បាតសមុទ្រ ឯ​នៅ​ផ្ទៃ​គោក​វិញ​ក៏​សម្បូរ​ទី​កម្សាន្ត​ផង​ដែរ​រួមមាន កន្លែង​ហាត់​ប្រាណ ភោជនីយដ្ឋាន​ចំនួន​២ មជ្ឈមណ្ឌល​សម្រាប់​កក់​ដំណើរ​កម្សាន្ត ជួល​យានជំនិះ​ផ្សេងៗ ក៏ដូច​ជា​លេង​កីឡា​ក្នុង និង​លើទឹក។

ក្នុង​ចំណោម​កោះទាំង​២ កោះបង គឺ​ជាកោះ​ដែល​មាន​ទិដ្ឋភាព​ស្រស់​បំព្រង និង​គ្របដណ្ដប់​ទៅ​ដោយ​រុក្ខជាតិ​ធំៗដូច​ក្នុង​ព្រៃភ្នំ។ នៅទីនោះ​មិនមាន​ស្លាក​សញ្ញា​ប្រាប់​ផ្លូវ​អ្វីច្រើនទេ ពោល​គឺ​ភ្ញៀវ​អាច​ដើរលេង ទស្សនា​បក្សាបក្សី និង​តំបន់​ឆ្នេរ​មាន​ដុំ​សិលា​ដ៏ស្ងប់ស្ងាត់ និង​លន្លង់​លន្លោច។ ទេសភាព​បែបនេះ​បានក្លាយជា​ចំណី​ចក្ខុ​មួយ​ដ៏​កម្រ​នៅ​ប្រទេស​កម្ពុជា។

សំណង់​ផ្ទះវីឡា​ឈើ​នៅកោះ​សង្សារ​នេះ​ត្រូវ​បាន​រចនា​ដោយ​ស្នាដៃ​ របស់​អ្នកស្រី មើលីតា ហាន់ធ័រ ដែល​មាន​ភាគហ៊ុន​ជា​ម្ចាស់​កោះ​នេះ​ផង​ដែរ។

koh songsa, songsa isliand 01

ទេស​ភាព​ថ្ងៃ​ហៀប​លិច​នៅ​ផ្ទះវីឡា​ឈើ​ប្រណីត​មានអាង​ទឹក​ប៉ប្រ៉ះ​ទឹក​សមុទ្រ នៅ​ឯ​កោះសង្សារ​​។

ផ្ទះវីឡាឈើ​ទាំង​២៧​ខ្នង​នេះ​មាន​ស្ដុក​ទៅ​ដោយ​ស្រា ស្រាបៀរ និង​ស្រា​សាំប៉ាញ។ ភ្ញៀវ​ដែល​មក​ស្នាក់​នៅ​ទីនេះ​នឹង​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ឈុត​សាច់​បន្ទះ និង​ឈីស ព្រមទាំង​កំដរ​ដោយ​សូរ​តន្ត្រី​បបោស​អង្អែល​សោតា​ផង​ដែរ។

នៅ​ក្នុង​បន្ទប់​គេង គ្រឿង​សង្ហារិម​ទាំង​ឡាយ​មាន​ក្បូរ​ក្បាច់​រចនា​ល្អ​សោភា។ ជញ្ជាំង​ត្រូវ​បាន​លម្អ​ដោយ​​ផ្ទាំង​គំនូរ និង​ចម្លាក​់ឈើ​ម៉ូដខុសៗ​គ្នា​។ រីឯ​បន្ទប់​ទឹក​ក៏​មានបំពាក់​ដោយ​ទឹក​ផ្កាឈូក​ធ្លាក់​ចំ​ពីលើ​កេសា​ដូច​តំណក់ទឹក​ភ្លៀង និង​អាងទឹក​ថ្ម​ម៉ាប​ដ៏​រលើប​រលោង​ដែល​ភ្ញៀវ​អាចត្រាំ​កាយ​បណ្ដើរ គយ​គន់ទេសភាព​ឆ្នេរ​សមុទ្រ​តាម​បង្អួច​បណ្ដើរ។

នៅ​ខាង​ក្រោយ​ផ្ទះ​វីឡា​ទាំង​នោះ​ក៏​មាន​អាង​ហែល​ទឹក​លយ​ប៉ប្រ៉ះ​ផ្ទៃ​សមុទ្រ ធ្វើ​ឲ្យអ្នក​ហាក់បីដូច​ជា​កំពុង​ត្រាំ​ទឹក​ប្រៃ​ឥត​កោះត្រើយ​។ សម្រាប់អាហារ​វិញ ភ្ញៀវ​អាច​ធ្វើ​ការ​កុម្ម៉ង់​ហៅ​តាម​បញ្ជី​មុខ​ម្ហូប ដើម្បី​យក​មក​ទទួលទាន​នៅ​ក្នុង​បន្ទប់ ឬ​ខ្ចូស។

មិនដូច្នោះទេ ភ្ញៀវ​ក៏​អាច​ទៅទទួល​ទាន​អាហារ​ខ្មែរ អឺរ៉ុប ឬ​ម្ហូបកូនកាត់​ដែល​ច្នៃ​ដោយ​មេចុងភៅ​ល្បី​ឈ្មោះ នែល វេកនើ ​នៅ​ភោជនីយដ្ឋាន​ទាំង​ពីរ​របស់​កោះ​សង្សារ​។ ម្ហូប​ដែល​ល្បី​ឈ្មោះ​របស់​មេ​ចុងភៅ​រូបនេះ​រួមមាន ឆាមឹក​អ៊ីតាលី និង​ការី​ភ្លៅកង្កែប។

ថ្វីដ្បិត​តែ​មក​ដល់​ភ្លាម អ្នក​មានអារម្មណ៍​ថា​ហាក់​បាន​មក​ដល់កោះ​ដាច់​ស្រយាល​ក៏ពិតមែន ប៉ុន្តែ​នៅ​ទីនេះ​មាន​សកម្មភាព​កម្សាន្ត​ជា​ច្រើន​រង់ចាំ​អ្នក មិន​ឲ្យ​នៅទំនេរ​គេង​ញ៉ាំ​អាហារ និង​ស្រា​តែ​មួយ​មុខ​នោះ​ទេ។ នៅពេល​ព្រឹក​ព្រហាម គ្រូ​បង្វឹក​អាច​ជួយ​បង្ហាត់​យោគៈ​ដល់​អ្នក​។ នៅ​ពេល​ព្រះអាទិត្យ​អស្ដង្គត បុគ្គលិក​ក៏​អាច​ជូន​អ្នក​ទៅ​ទស្សនា​ភាពយន្ត​នៅ​រោង​កុន​ឯកជន​លើ​កោះ​នេះ​ផង​ដែរ។

កោះ​សង្សារ​មិន​ត្រឹម​ជា​ទី​កម្សាន្ត​នោះទេ វា​ក៏​ជា​កន្លែង​ផ្សារ​ភ្ជាប់​មនោសញ្ចេតនា​របស់​អ្នក​ទៅ​នឹង​វប្បធម៌ ជីវភាព​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ។ នៅ​ទីនេះ​ ភ្ញៀវ​អាច​មាន​ឱកាស​ចូល​រួម​បុណ្យ​ប្រពៃណី ដែល​មាន​វត្តមាន​ព្រះសង្ឃ​ប្រោះព្រំ។

ទន្ទឹម​នឹង​នោះ​មគ្គុទេ្ទសក៍របស់​អ្នកក៏​អាច​នាំ​អ្នក​ទៅ​លេង​ព្រៃ​កោង​កាង ដែល​ជា​មរតក​ធម្មជាតិ​បន្សល់​ទុក​មក​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

កោះ​សង្សារ​ក៏មាន​គម្រោង​អភិរក្ស​ជីវិត​សត្វ​ក្នុង​ទឹក ដើម្បី​អាច​ឲ្យ​ភ្ញៀវ​រីករាយ​នឹង​ការ​ហែល​ជ្រមុជ​ទឹក​គយគន់​ធម្មជាតិ​ក្រោម​បាត​សមុទ្រ​រាក់ៗ។ រីឯ​នៅ​លើ​គោក​ឯណោះ​វិញ ភ្ញៀវ​ក៏​អាច​ទស្សនា​ពូជសត្វ​ស្លាប​ច្រើន​ប្រភេទ​នៅ​កោះបង​ផង​ដែរ។

សព្វថ្ងៃ ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​អភិរក្ស​ធម្មជាតិ​របស់​កោះ​សង្សារ​ កំពុង​តែ​សិក្សា​លើ​កា​របញ្ចេញ​ឧស្ម័ន​កាបូន​ក្នុង​តំបន់ព្រៃ​កោងកាង ដើម្បី​ធ្វើ​ឲ្យទី​នេះ​ក្លាយជា​ជម្រក​សត្វ​ស្លាប​ចម្រុះ​ថែម​ទៀត។

លោក វ៉េន ម៉ាក់​ខាលាម បាន​និយាយ​ថា៖ «ការ​អភិរក្ស​ធម្មជាតិ​ដើរ​តួនាទី​ជា​កោសិកា​យ៉ាង​សំខាន់​សម្រាប់​គម្រោង​វិនិយោគ​កោះ​សង្សារ​របស់​យើង​នេះ។ បច្ចុប្បន្ន​យើង​មាន​បុគ្គលិក​៥​នាក់​ធ្វើកិច្ច​ការ​លើ​គម្រោង​អភិរក្ស​យ៉ាង​យ​ក​ចិត្ត​ទុក​ដាក់»។

https://www.youtube.com/watch?v=j7eGWsoKFLc

ព័ត៌មាន​បន្ថែម​ពី​កោះ​សង្សារ​មាននៅ www.songsaa.com

 ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS