1 2 3
4 5 6 7

ព្រះកាយ​ច័ន្ទ ក្ដាប់​តំណែង​នៅ អាស៊ីអាគ្នេយ៍​​

កម្មវិធី​លេចធ្លោរ​របស់​ស្ថានីយ​ទូរទស្សន៍​អប្សរា ដែល​មានឈ្មោះ ​«​ខ្ញុំ​ដឹង​អ្នក​ដឹង​» ឬ​ «I Know U Know» នឹង​ផ្លាស់​ទៅ​ចាក់​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ឬ​SEATV វិញ​ហើយ ចាប់ពី​ថ្ងៃ​ច័ន្ទ​ទី​៣ ខែ​មីនា​តទៅ​។ អ្វី​ដែល​គេ​កត់សម្គាល់ គឺ​កម្មវិធី​នោះ​ត្រូវបាន​ប្រគល់​ឲ្យ​តា​រាស្រី​កំពុង​ឡើង​កូដ​នាង ​ព្រះកាយ ​ច័ន្ទ ចាប់​គូ​ជាមួយ​លោក រ​តនៈ វិសិដ្ឋ ជំនួស​ឲ្យ​ពិធីករ និង​ពិធី​ការិនី​ចាស់ ដែល​ធ្លាប់​កាន់​នៅ​ឯ​ស្ថាប័ន​ចាស់​។​

​តារា​ប្រុស​ស្រី​ទាំងពីរ នឹង​បើក​ទំព័រ​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ «​ខ្ញុំ​ដឹង​អ្នក​ដឹង​» ឬ​ «I Know U Know» នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់ ជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ នៅលើ​កញ្ចក់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដែល​ជា​ស្ថាប័ន​ធំ និង​មាន​ការគាំទ្រ​ខ្ពស់​ក្នុង​ចំណោម​ស្ថានីយ​ទូរទស្សន៍​ខ្លាំងៗ នៅក្នុង​ប្រទេស​កម្ពុជា​។ ការបង្ហាញ​មុខ​នេះ ត្រូវ​គេ​ជឿ​ភ្លាម​ថា នឹង​ធ្វើឲ្យ​អ្នក​អត្ថាធិប្បាយ​ទាំងពីរ ពិសេស​គឺ​ព្រះកាយ​ច័ន្ទ​លេចធ្លោរ ដោយសារ​តែ​នោះ គឺ​ជា​កម្មវិធី​ធំ ដែល​ស្រូប​ទាញ​អ្នកទស្សនា​បាន​ច្រើន​រួចមកហើយ តាំងពី​នៅ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អប្សរា​។

ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្ដូរ​ទៅកាន់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​នេះ ត្រូវបាន​អ្នកគ្រប់គ្រង​ប្រាប់ថា គឺ​បណ្ដាលមកពី «​ខ្ញុំ​ដឹង​អ្នក​ដឹង​» ឬ​ «I Know U Know» បាន​ទទួល​ការគាំទ្រ ហើយ​ត្រូវបាន​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ចាប់អារម្មណ៍​យកមក​ដាក់​ ផ្សាយ​នៅ​កញ្ចក់​ទូរទស្សន៍​របស់​ខ្លួន​វិញ​។ ទោះ​យ៉ាងណា​កម្មវិធី​នោះ បាន​ផ្លាស់ប្ដូរ​ទម្រង់ និង​កែប្រែ​ជា​ច្រើន ដើម្បី​ឲ្យ​កាន់តែ​ល្អ ស្រប​ទៅតាម​ប្រជាប្រិយភាព​ប៉ុស្ដិ៍​អាស៊ីអាគ្នេយ៍ ដែល​ជា​ប៉ុស្ដិ៍​ធំ និង​មាន​អ្នកទស្សនា​លំដាប់​ជួរមុខ​។ មិន​ត្រឹមតែ​ពិធីករ និង​ពិធី​ការិនី​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​ប៉ុស្ដិ៍​ដដែល​នេះ ទាមទារ​ឲ្យ​ប្ដូ​រចេញ ពោល​គឺ​សូម្បី​តែ​ទម្រង់​កម្មវិធី និង​ការរៀបចំ​មួយ​ភាគ​ធំ ក៏​ត្រូវ​អាស៊ីអាគ្នេយ៍​រៀបចំ​កែប្រែ ដើម្បី​ឲ្យមាន​ការទាញទាញ​កាន់តែខ្លាំង ក្នុងចំណោម​អ្នកទស្សនា​នោះដែរ​។​

ពិធីករ និងពិធីការិនី ក្នុងកម្មវិធី «ខ្ញុំដឹងអ្នកដឹង» កញ្ញា ព្រះកាយ ច័ន្ទ និងលោក រតនៈ វិសិដ្ឋ (រូបថត៖ វង្ស សុម៉ាលីន)

​ព្រះកាយ​ច័ន្ទ​ប្រាប់ថា កម្មវិធី​ដែល​នាង​ចេញ​មុខ​ជាមួយ​លោករ​តនៈ វិសិដ្ឋ​នោះ គឺ​ជា​កម្មវិធី កម្សាន្ត និង​ផ្ដល់​ជូន​នូវ​ចំណេះដឹង​ដ៏​សំបូរបែប ដែល​នាង​មិន​ធ្លាប់​ធ្វើ ក្នុង​អាជីព​ជា​ពិធី​ការិនី តាំងពី​បាន​លេចធ្លោរ​។ អ្វី​ដែល​នាង​ចាប់អារម្មណ៍ គឺ​កម្មវិធី​នោះ បាន​ចាក់​ផ្សាយ​នៅលើ​ប៉ុស្ដិ៍​ធំ ហើយ​ចាក់​ជា​រៀងរាល់ថ្ងៃ ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ រាល់​វេលា​ម៉ោង​១១​ព្រឹក​ដល់ ១១ និង​៣០​ព្រឹក ដែល​ពិតជា​ធ្វើឲ្យ​មាន​អ្នកទស្សនា​កម្មវិធី​ក្នុង​ទ្រង់ទ្រាយ​ច្រើន​។ ក្នុង​សប្ដាហ៍​ដំបូង​ដែល​នឹង​ដំណើរ​នៅ​ដើមខែ​មីនា​នេះ  កម្មវិធី​នឹង​បង្ហាញ​ពី​ជីវប្រវត្តិ​តស៊ូ របស់​លោក​សាយ សៀ​រ៉ា ដែល​ជា​តារា​សម្ដែង​កំពុង​លេចធ្លោរ និង​ជីវប្រវត្តិ​លម្អិតរ​បស់​អ្នកនាង​យក់ ឋិត​រដ្ឋា ដែល​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​។ នោះ​មិន​ទាន់​រាប់​បញ្ចូល​នូវ​វគ្គ​គំនិត​ច្នៃប្រឌីត វគ្គ​អត្ថប្រយោជន៍​ថ្មីៗ និង​វគ្គ​តារា​បរទេស ដែល​នាង​ប្រាប់ថា សុទ្ធតែ​មាន​ឥទ្ធិពល​ទាក់ទាញ​អ្នក​ទស្សនា​ឲ្យ​ផ្ដោត​ការចាប់អារម្មណ៍​នោះ​ផង ​។

នៅក្នុង​កម្មវិធី​នេះ នឹង​បង្ហាញ​ជូន​នូវ​វីដេអូ​ឃ្លីប​ចំនួន​៤​វគ្គ​ខុសៗ​គ្នា​ជា​រៀងរាល់ថ្ងៃ ដែល​នាង​ប្រាកដ​ចិត្ត​ថា កម្មវិធី «​ខ្ញុំ​ដឹង​អ្នក​ដឹង​» ឬ​ «I Know U Know» ពិតជា​ធ្វើឲ្យ​នាង​ទទួលបាន​ការគាំទ្រ​ខ្ពស់​ក្នុង​ពេល​ដំណើរការ​។ ទោះយ៉ាងណា នាង​មិន​បាន​កុងត្រា​ជាមួយ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​នោះទេ បើ​ទោះ​ជា​ស្ថាប័ន​នេះ បាន​ផ្ដល់​ឲ្យ​នាង​នូវ​កម្មវិធី​ធំ​ដែល​មាន​ការរំពឹង​យ៉ាង​មុតមាំ​ថា អាច​ទាញ​ប្រជាប្រិយភាព​បាន​ខ្ពស់ ពី​អ្នកទស្សនា​។ ព្រះកាយ​ច័ន្ទ​ប្រាប់ថា ទាំង​នៅ​ប៉ុស្ដិ៍​លេខ​៩ និង​នៅ​My TV នាង​មិន​បាន​កុងត្រា​ទាំងអស់ ដោយសារតែ​នាង​ប្រកាន់​ជំហរ​តាម​លំនាំ​ពិធី​ការិនី ឌួង ហ្សូ​រីដា ដែល​ធ្វើ​ជា​អ្នក​អត្ថាធិប្បាយ​ឯករាជ្យ ហើយ​មិន​ប្រកាន់​ប៉ុស្ដិ៍​ណាមួយ​ផ្ដាច់មុខ​។ យ៉ាងណាក៏ដោយ ក្នុងចំណោម​កម្មវិធី​ដែល​នាង​កាន់កាប់ «​ខ្ញុំ​ដឹង​អ្នក​ដឹង​» ឬ​ «I Know U Know» នឹង​ក្លាយជា​កម្មវិធី​តែមួយគត់ ដែល​ជួយ​ឲ្យ​នាង​លេចធ្លោរ​សម្រាប់​ឆ្នាំ​២០១៤​នេះ ក្នុងពេល​ដែល​កម្មវិធី​កំពុង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ អាស៊ីអាគ្នេយ៍ ដែល​កាន់តែ​ទទួល​ការពេញនិយម​ក្នុងចំណោម​អ្នកទស្សនា​។​

​ព្រះកាយ​ច័ន្ទ​និយាយថា សម្រាប់​អ្នក​ត្រូវ​ការយល់ដឹង​ពី​គំនិត​ច្នៃប្រឌីត ម៉ូត​ប្លែកៗ វិជ្ជា​ធ្វើ​ម្ហូប បច្ចេកវិទ្យា​ចុងក្រោយ ដំណឹង​ក្ដៅៗ​ពី​តារា​បរទេស និង​ជីវប្រវត្តិ​របស់​តារា​ល្បីៗ​ក្នុងស្រុក គឺ​ពិតជា ជៀស​មិន​ឆ្ងាយ​ឡើយ​ពី​កម្មវិធី «​ខ្ញុំ​ដឹង​អ្នក​ដឹង​» ឬ​ «I Know U Know» ដែល​ផ្សាយ​រាល់ថ្ងៃ​ម៉ោង​១១​ព្រឹក នៅលើ​កញ្ចក់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​៕

ប្រភព៖ VOD

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS