1 2 3
4 5 6 7

​តុលាការ ចាត់ទុកថា ខ្វះ​ភ័ស្តុតាង ចំពោះ​បណ្តឹង​ប្រឆាំង​លោក ហ៊ុន សែន រឿង​បាត់​កោះ​​

neang-sokhun-youths-sued-hun-sen-140225-vida-2014-02-27

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ង​ព្រហស្បតិ៍​នេះ បាន​សម្រេច​ថា ពាក្យបណ្តឹង​របស់​យុវជន​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ប្រឆាំង​លោក​នាយកដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ធ្វើឲ្យ​បាត់ដែន​ដីកោះ​មួយចំនួន ទៅលើ​ប្រទេស​វៀតណាម​នោះ មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ដើម្បីឲ្យ​ព្រះរាជអាជ្ញា​ធ្វើ​ការចោទប្រកាន់បាន​ទេ​។​

បន្ទាប់​ពី​ចូល​បំភ្លឺ​តាម​ដីកា​របស់ ព្រះរាជអាជ្ញារង  លោក មាស ច័ន្ទ​ពិសិដ្ឋ លោក នាង សុ​ឃុន  ជា​ម្ចាស់​បណ្តឹង ថ្លែង​ទៅ​អ្នកសារព័ត៌មាន នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា បើទោះជា​តុលាការ​ចាត់​បណ្តឹង​នេះ​មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ តែ​លោក មាន​ជំនឿ​ចិត្ត​ថា ជនល្មើស​នឹង​ត្រូវ​ផ្តនា្ទទោស​តាមច្បាប់ ហើយ​កោះត្រល់ និង​កោះ​ក្រចកសេះ នឹង​ត្រូវ​ប្រគល់​មក​កម្ពុជា តាមរយៈ​យន្តការ​អន្តរជាតិ​។​

​លោក នាង សុ​ឃុន  ឲ្យដឹងទៀតថា នៅ​ថ្ងៃ​ទី ៧ ខែ​មិនា លោក នឹង​យក​ភ័ស្តុតាង​បន្ថែមទៀត​ដាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​នូវ​ពាក្យបណ្តឹង​របស់​ខ្លួន​។​

ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស​នៃ​ មាគ​ម​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា ដោយសារ​រឿងក្តី​នេះ​ជា​រឿង​ផលប្រយោជន៍ជា​តិ​រួម តុលាការ​គួរតែ​រក​ភស្តុតាង បន្ថែម និង​ស៊ើបអង្កេត ព្រោះ​ជា​កាតព្វកិច្ច​របស់​តុលាការ​។​

​អ្នកស្រាវជ្រាវ​បញ្ហា​ព្រំដែន​សមុទ្រ លោក ហុង សុខ​ហូ ឲ្យដឹងថា នៅ​ខែ​មករា ឆ្នាំ​១៩៣៩ លោក​មាន លិខិត​ពីរ​ផ្នែក ដែល​ផ្នែក​ទី​១ សរសេរថា កោះ​ទាំងឡាយ​ដែល​នៅ​ខាងត្បូង​បន្ទាត់​ប្រេវី​យេ ១៤០ អង្សារ គឺ​នៅក្រោម​ការត្រួតត្រា​រដ្ឋបាល​របស់​កូសាំងស៊ីន ជំនាន់​នោះ ។ ចំណែក​ផ្នែក​ទី​២ សរសេរថា កោះត្រល់​ជា​កោះ​របស់​ខ្មែរ នៅតែ​ជា​កោះ​របស់​ខ្មែរ​ដដែល ដោយ​គេ​បាន​ប្រើ​ពាក្យ​ថា អនិស្សរៈ​ភាព ដែល​ផ្ទុយ​អំពី​ពាក្យ​ឯករាជ្យភាព​។

​លោក ហុង សុខ​ហូ ឲ្យដឹងថា កោះត្រល់ ត្រូវបាន​លោក ហ៊ុន សែន អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស ចុះហត្ថលេខា​លើ​សន្ធិសញ្ញា ឆ្នាំ​១៩៨២ ឲ្យទៅ​វៀតណាម  ដែល​គ្រានោះ​កម្ពុជា ស្ថិត​នៅក្រោម​ការត្រួតត្រា​របស់​វៀតណាម ដូច្នេះ​ការ​បាត់​កោះ​​នេះ គឺ​ស្ថិត​ក្រោម​គំនាប​នយោបាយ​។ លោក​ចាត់ទុកថា សន្ធិសញ្ញា​នៅ​ឆ្នាំ​១៩៨២​នោះ សន្ធិសញ្ញា​មិន​ស្របច្បាប់ ប៉ុន្តែ​ផ្អែក​​លើ​សន្ធិសញ្ញា​បំពេញបន្ថែម នៅ​ឆ្នាំ​២០០៥ បាន​ធ្វើឲ្យ​សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ​១៩៨២​នោះ ក៏ដូចជា​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩ និង​ឆ្នាំ​១៩៨៥ ទៅ​ជា​ស្របច្បាប់​វិញ​។​

​ប៉ុន្តែ កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​ថា ការបាត់បង់​កោះ​ត្រល់ គឺ​បាត់​តាំងពី​ឆ្នាំ​១៩៣៩​មកម្ល៉េះ នៅពេល​ដែល​កម្ពុជា​នៅ​ក្រោម​អាណានិគម​បារាំង ហើយ​ត្រូវបាន​លោក Previe(​ប្រេវី​យេ​) ជនជាតិ​បារាំង​ជា​អ្នកគ្រប់គ្រង​នៅ​តំបន់​ឥណ្ឌូចិន បាន​កាត់​កោះ​នោះ​ឲ្យ​វៀតណាម​៕

ប្រភព៖ VOD

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS