1 2 3
4 5 6 7

គង់ សុជាតិ និង​ស្វាមី ប្រឆាំង​ហានិភ័យ​អាពាហ៍ពិពាហ៍​​

kongsocheat-cheavibol-140227--somalin--2014-02-27

បើ​ទោះ ជា​ស្នេហា​តារា​ល្បីឈ្មោះ​លោក ជា វិបុល និង​អ្នកនាង គង់ សុជាតិ ត្រូវ​គេ​មើលឃើញ​ថា​ស្អិតល្មួត ក៏​ហានិភ័យ​ធំ​មួយ​នៅ​តែ​ត្រូវគេ​វិភាគ​ឡើង នា​អំឡុង​ពេល​នេះ​។ ប៉ុន្តែ​ស្ថានការណ៍​វិភាគ​នោះ ត្រូវបាន​អ្នក​ទាំង​ពីរ​បញ្ជាក់​ពី​ការ​ទប់ទល់ និង​ធ្វើ​ការបញ្ចៀស​។​

​មនុស្ស​ជាច្រើន កំពុង​ផុសផុល​នូវ​ការលើកឡើង​ថ្មី​មួយ ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​ចំណង​ស្នេហ៍​របស់​តារា​ទាំងពីរ បន្ទាប់ពី​ឃើញ​គូស្នេហ៍​របស់​តារា​សិល្បៈ​ច្រើន​គូរ​មកហើយ ដូចជា​គូស្នេហ៍​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា និង​លោក​ឆា​នី បែកបាក់​គ្នា​។ ហានិភ័យ ដែល​គេ​គិត​ឡើង​នោះ គឺ​បញ្ហា​វ័យ ដែល​ពិបាក​ឲ្យ​អ្នកនាង​គង់ សុជាតិ បង្កើត​កូន​ប្រុស​ស្រី​ឲ្យ​លោក​ជា វិបុល ដែល​មាន​វ័យក្មេង​ជាង​នោះ បាន​ដូច​ចិត្ត​តែ​ម្ដង​។ អ្នកនាង​គង់ សុជាតិ ទទួលស្គាល់ថា នោះ​ជា​បញ្ហា​ធំ តែ​អ្នកនាង​កំពុង​គិតគូរ និង​សង្ឃឹមថា​ជៀសផុត​ជា​បណ្ដើរៗ​ហើយ ដើម្បី​ចំណង​ស្នេហ៍​រឹងមាំ​។ អ្នកនាង​យល់ស្រប​ថា ខ្សែ​ដែល​អាច​ចងចិត្ត​ស្វាមី​ឲ្យ​រស់នៅ​ជាមួយ​ស្ត្រី​ម្នាក់​បាន​យូរអង្វែង គឺ​កូន ដូច្នេះ​អ្នកនាង​មិន​អាច​បណ្ដោយ​ឲ្យ​វ័យ និង​ភាព​រវល់​នៅក្នុង​សិល្បៈ​ដែល​មាន​រាល់ថ្ងៃ រាំងស្ទះ​ចំពោះ​គោលបំណង​មួយ​នេះ​បានទេ បើទោះជា វិបុល ហាក់​មិន​បាន​ដាក់​សម្ពាធ​ឲ្យ​អ្នក​នាងមាន​កូនចៅ ឬ​ក៏​គ្មាន​ចាប់តាំងពីរ​រៀបកា​រហើយ​។​

​លោក​ជា វិបុល បាន​អះអាង​ថា បញ្ហា​កូន​គឺជា​រឿង​សំខាន់​ដែល​លោក​ត្រូវការ ប៉ុន្តែ​បើ​ស្ថានភាព​វ័យ និង​ពេលវេលា មិន​អាច​ឲ្យ​អ្នកនាង​គង់ សុជាតិ មាន​ឱកាស​នោះ​ទេ គឺ​លោក​ត្រៀម​ខ្លួន​ទទួលយក​ដូចគ្នា ដោយ​គ្មាន​ការ​ងាករេ​។ នេះ​គឺជា​ជំហរ​ដែល​លោក​លើកឡើង​ក្នុងន័យ​ប្រឆាំងនឹង​ហានិភ័យ ដែល​ក្រុម​មហាជន​ជាច្រើន កំពុង​សម្ដែង​ការ​ភ័យ​បារម្ភ​។ ជា វិបុល​ប្រាប់ថា បើ​សម្រេចចិត្ត​រស់នៅ​ជាមួយ​អ្នក​ណា​រួចហើយ លោក​មិន​ប្ដូរ​ចិត្ត​វិញ​ទេ បើ​ទោះ ជា​អ្នកនាង​គង់ សុជាតិ អាច​បង្កើត​បាន​ដំណក់ឈាម​ឲ្យ​ខ្លួន ឬ​មិន​បាន ក្នុង​រយៈពេល​នៃ​ការរួមរស់​ជាមួយ​គ្នា​។ លោក​ធានា​ការពារ​ខ្លួន មិន​ឲ្យ​ជំពប់រឿង​ស៊ី​ក្រៅ ឬ​មាន​ស្នេហា​ត្រីកោណ ព្រោះ​តែ​ហេតុ​ភរិយា​មាន​វ័យ​ច្រើនជាង ឬ​មិន​អាច​បង្កើត​កូន​ឲ្យ​ខ្លួន​នោះ​ឡើយ ដើម្បី​ការពារ​ចំណង​ស្នេហ៍ ដែល​ត្រូវ​គេ​គិត​ថា​អាច​នឹង​ជួប​ហានិភ័យ កុំឲ្យ​កើតមាន​។ យ៉ាងណាមិញ លោក​មិន​ជឿ​ថា​ស្ថានភាព​វ័យ​របស់​អ្នកនាង​គង់  សុជាតិ មិន​អាច​បង្កើត​បាន​កូន​ម្នាក់ ឬ​២​នាក់​សម្រាប់​ឲ្យ​លោក​កំដរ​ជីវិត​នោះទេ ដោយសារ​តែ​អ្នកនាង​ដ្បិតថា​មាន​វ័យ​ច្រើន​មែន ប៉ុន្តែ​ក៏​ស្ថិត​ក្នុង​ដំណាក់កាល​ដែល​អាច​ពរ​ពោះ​បាន​ដោយ​មិន​ពិបាក មិន​ខុស​ពី​ស្ត្រី​ទូទៅ​។ តាម​ការស្រាវជ្រាវ ស្ត្រី​ដែល​ប្រឈម​នឹង​ការ​ពរ​ពោះ​លែង​បាន គឺ​លុះត្រា​ស្ថិតក្នុង​វ័យ​៤៥​ឆ្នាំ ឬ​ក្នុង​ដំណាក់កាល​ដែល​វដ្ដ​នៃ​រដូវ ត្រូវ​បាត់បង់​។ ប៉ុន្តែ​សង្គម​នៃ​សម័យ​វិទ្យាសាស្ត្រ គេ​អាច​កែប្រែ​ការវិភាគ​នេះ​បាន បន្ទាប់ពី​កើតមាន​រួចទៅហើយ ចំពោះ​ករណី​ដែល​មាន​ស្ត្រី​អាយុ​ច្រើន អាចមាន​លទ្ធភាព​ពរ​ពោះ និង​បង្កើតកូន​បាន​ដូច​ក្មេង​ពេញកម្លាំង​នា​ពេលកន្លងមក​។​

អ្នកនាង គង់ សុជាតិ​ និងលោក ជា វិបុល ក្នុងកម្មវិធី អាណាចក្រតារា នាពេលកន្លងមក (រូបថត៖ វង្ស សុម៉ាលីន)

​លោក​ជា វិបុល ប្រាប់ថា ទោះជា​ក្នុង​ពេល​នេះ អ្នកនាង​គង់ សុជាតិ កំពុង​ទទួល​ជោគជ័យ​ផ្នែក​មុខ​ជំនួញ ហើយ​បែរជា​មាន​ថ្ងៃ​មួយ​បែរជា​ប្រែប្រួល​ស្ថានការណ៍ ក៏​លោក​នៅ​តែ​រក្សា​ចិត្តគំនិត​ស្រឡាញ់ និង​តស៊ូ អ្នកនាង​ដែលជា​ភរិយា ដោយ​មិន​បោះបង់​ឡើយ បើ​ទោះ ជា​លោក​មាន​ឱកាស​គ្រប់គ្រាន់ ដើម្បី​ស្វែងរក​នារី​វ័យក្មេង និង​សំបូរ​ទ្រព្យ​ដើម្បី​ធ្វើ​ជា​ភរិយា​ដោយ​មិន​លំបាក​។ អ្នកនាង​គង់ សុជាតិ បាន​ថ្លែង​ដូចគ្នា​ដែរ​ថា មនុស្ស​មួយចំនួន​បាន​ចោទ​ថា អ្នកនាង​ជ្រើស​យក​លោក​ជា វិបុល ព្រោះ​តែ​ឃើញ​លោក វ័យក្មេង និង​មាន​មុខ​ជំនួញ​ផ្ទាល់ខ្លួន តាំងពី​នៅ​កំលោះ​មុនពេល​រៀបការ​។ ប៉ុន្តែ​ធាតុពិត​បើទោះជា ក្រុមហ៊ុន​លក់​សំបុត្រ​ឡាន​ក្រុង និង ក្រុមហ៊ុន​Internet របស់​លោក​ជា​វិបុល ដែល​បើក​ដំណើរការ​នៅ​ម្ដុំ​ផ្សារ​រតនា​ផ្លា​ស្សា​ភ្នំពេញ​ថ្មី ជួប​នឹង​ហានិភ័យ ដែល​អាច​និយាយថា បរាជ័យ​មុខ​ជំនួញ ក៏​អ្នកនាង​នៅ​តែ​ស្រឡាញ់ និង​សុខចិត្ត​រួមសុខ​រួមទុក្ខ​ជាមួយ ដោយ​មិន​ឲ្យ​រង្គើរង្គើរ​ស្នេហា​ជា​លើក​ទី​២​នោះដែរ​។ បញ្ហា​បែកបាក់ អ្នកនាង​ប្រាប់ថា សំខាន់​លើ​ចិត្ត​ប៉ុណ្ណោះ ដោយ​មិន​មែន​ស្ថិតនៅ​លើ​វ័យ លើ​បញ្ហា​ការងារ ឬ​មុខ​ជំនួញ​បរាជ័យ ឬ​បញ្ហា​មាន​កូន​អត់​កូន​នោះ​ទេ​។ ប៉ុន្តែ​អ្នកនាង​ប្រាប់ថា នោះ​ក៏​ជា​កត្តា​ធ្វើឲ្យ​ចំណងអាពាហ៍ពិពា​ហ៍​មិន​អាច​របូត​នោះ​ដែរ​។​

នេះ​មានន័យ​ថា អ្នក​ទាំង​ពីរ​បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ប្រឆាំង​តប​នឹង​ហានិភ័យ ដែល​គូ​ស្វាមីភរិយា​ភាគច្រើន សម្ដែង​ការ​ភ័យ​បារម្ភ​៕

ប្រភព៖ VOD

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS