1 2 3
4 5 6 7

លោក​នាយក​រដ្ឋ​មន្ត្រី​បញ្ជា​ឲ្យ​បិទ​អាជីវកម្ម​ស៊ី​សា និង e-cigarette

1_story_1

ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​​ចេញ​បញ្ជា​ជា​បន្ទាន់​​ឲ្យ​អាជ្ញាធរ​រាជធានី​ ខេត្ត​ ទប់ស្កាត់ រឹបអូស និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​ផលិត ផល​ ស៊ីសា និង e-cigarette ដែល​ពង្វក់​ស្មារតី​យុវជន​ខ្មែរ​ឲ្យ​បោះបង់ការ​សិក្សា ឈាន​ដល់​ការ​ប្រើ​ប្រាស់គ្រឿងញៀន​ ហើយ​តម្រូវ​​ហាម​ឃាត់​នាំ​ចូល​ផលិត​ផល​នេះ​នៅក្នុង​ប្រទេស​កម្ពុជា។

បញ្ជាដែល​ធ្វើ​ចំណារ​នៅ​ក្នុង​​លិខិត​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​ ប្រឆាំង​គ្រឿងញៀន ចុះ​ថ្ងៃទី២៥ កុម្ភៈ លោក​ហ៊ុន សែន បាន​ចារ​ថា៖ «យល់​ព្រម​ និង​សូម​ចាត់វិធានការ​ជា​បន្ទាន់​ និងម៉ឺងម៉ាត់…​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ដឹកនាំ​អនុវត្ត»។

លិខិត​របស់​លោក​ឧប​នាយករដ្ឋ​មន្ត្រី កែ​ គឹម​យ៉ាន​​ ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន សុំ​​គោលការណ៍​ពី​លោក​ហ៊ុន​សែន ពាក់ព័ន្ធ​នឹង​ករណី​អាជីវកម្ម​ស៊ីសា សរសេរ​ថា អាជ្ញាធរ បាន​រក​ឃើញ​ថា ផលិតផល​ស៊ីសា និង​ e-cigarette មិនមាន​ផ្ទុក​សារធាតុ​ញៀន​ ដែលមាន​ចែង​ក្នុង​តារាង​ឧប​សម្ព័ន្ធ​នៃ​ច្បាប់​ ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ ប៉ុន្តែ«​វា​មាន​ផ្ទុក​នូវ​សាធាតុ​នីកូទីន​ សំយោគ​ក្នុង​កម្រិត​ខ្ពស់​ ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់​ធ្ងរ​ជាង​បារី​»។

ភ្លាមៗ​បន្ទាប់​ពីបទ​​បញ្ជា កាលពីយប់​ថ្ងៃទី​២៥ កុម្ភៈ​​ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចុះ​បង្ក្រាបទីតាំង​អាជីវកម្ម​ជក់​ស៊ីសា ហើយ​ឃាត់​ខ្លួន​យុវជន​ប្រុស​ស្រីមក​អប់រំ​បានចំនួន ៣១នាក់ ព្រម​ទាំង​រឹប​អូស​បាន​សម្ភារៈ​ជក់​ចំនួន​៥២​គ្រឿង​ ដោយ​អះអាង​ថា​អាជីវកម្មនេះ បាន​បើក​ដោយគ្មាន​ការ​អនុញ្ញា​ត​ត្រឹម​ត្រូវ​។

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS