1 2 3
4 5 6 7

ឌួង ហ្សូរីដា ស្រែក​អយុត្តិធម៌​ដាក់​សាលាដំបូង ត្រៀមប្ដឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​រកភាព​យុត្តិធម៌

ភ្នំពេញ៖ បន្ទាប់ពី កញ្ញា ឌួង ហ្សូរីដា ត្រូវបានសាលក្រមជាផ្លូវការ របស់សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសឲ្យនាងចាញ់ក្តី និងត្រូវពិន័យប្រាក់ ២លានរៀល សងជំងឺចិត្តដើមបណ្តឹង ៥លានរៀល ។ គេសង្កេតឃើញថា ពិធីការិនីស្រីរូបនេះ ហាក់មានការមិនពេញចិត្ត និងស្រែកថាអយុត្តិធម៌ចំពោះការសម្រេច របស់សាលាដំបូង ហើយពេលនេះនាង និងមេធាវីសម្រេចដាក់ពាក្យបណ្តឹងប្តឹងឡើង ទៅសាលាឧទ្ធរណ៍ដើម្បីទាមទារយុត្តិធម៌ ។

នៅក្នុងជំនួបជាមួយ Looking TODAY ក្នុងកម្មវិធីបង្ហាញម៉ូដ Cambodia Fashion Illumination នៅ Hall City កោះពេជ្រ កញ្ញា ឌួង ហ្សូរីដា បានប្រាប់ឲ្យដឹងថា សម្រាប់ការកាត់ក្តីរបស់ សាលាដំបូងរាជធានីភ្នំពេញ នាងចាត់ទុកថាជារឿងអយុត្តិធម៌ ព្រោះថានៅពេលដែលនាង និងមេធាវីបញ្ចេញប្រតិកម្មថាកាត់ក្តីមិនយុត្តិធម៌ ស្រាប់តែចៅក្រមដែលបានចេញសាលក្រមនោះថ្លែងថា មិននិយាយរឿងហ្នឹងទេ បើមិនសុខចិត្តប្តឹងឡើង តទៅសាលាឧទ្ធរណ៍ទៅ។

ពិធីការិនីដែលមានរហ័សនាមថា ជាខ្លាញីប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “សម្រាប់ការចាញ់ក្តីរបស់ខ្ញុំនេះ មិនមែនមកពីច្បាប់នោះទេ ព្រោះថាលោកចៅក្រមដែលកាន់រឿងខ្ញុំ កាលពីពេលថ្មីៗនេះ ទើបតែត្រូវបានគេចុះផ្សាយថា មានជនបរទេសដាក់ពាក្យប្តឹង ទៅចៅក្រមរូបនោះ ដោយសារតែកាត់សេចក្តីខុស លំអៀងឲ្យជនក្លែងឯកសារឈ្នះក្តី វាច្បាស់ណាស់ថា ការកាត់ក្តីបែបអយុត្តិធម៌នេះ មិនមែនទើបតែកើតឡើងលើខ្ញុំម្នាក់នោះទេ ” ។

តារាសម្តែងរូបនេះ បានប្រាប់ឲ្យដឹងដោយសម្តីមាំថា រឿងនេះវាមិនចប់ទេ បើសិនជាតុលាការមើលឃើញថា នាងមានកំហុសនាងត្រៀមលុយចំនួន ៥ពាន់ដុល្លារសម្រាប់សងគេ ។

ប៉ុន្តែការកាត់ក្តីនេះ តុលាការអត់បានបញ្ជាក់ប្រាប់ថា ខុសត្រង់ចំណុចណាហេតុផលណាមួយឡើយ ស្រាប់តែកាត់ឲ្យនាងចាញ់ ត្រូវសងទៅភាគីដើមបណ្តឹងជាង ១៧០០ ដុល្លារទៅវិញ “បើសិនជាការសងសំណងជំងឺចិត្តនោះ វាត្រឹមត្រូវមានលក្ខណៈគ្រប់គ្រាន់ខ្ញុំនឹងសង ប៉ុន្តែការកាត់ក្តីនេះ អត់មានហេតុផលច្បាស់លាស់ ដូច្នេះខ្ញុំសុខចិត្តយកលុយនេះ ទៅជួលមេធាវីបន្ត រឿងក្តីទៅសាលាឧទ្ធរណ៍បន្តទៀត ព្រោះថាខ្ញុំចង់យករឿងនេះ ទុកជាបទពិសោធន៍សម្រាប់ អ្នកលេង Facebook ដទៃទៀត បើការលេងបណ្តាញនេះ វាប៉ះពាល់តុលាការត្រូវតែបកស្រាយ ថាប៉ះពាល់អ្វីខ្លះហើយ កម្រិតនៃការប្រើពាក្យពេចន៍ នៅលើបណ្តាញនោះយើងត្រូវប្រើបែបណាកុំឲ្យខុស ហើយខ្ញុំចង់យករឿងរបស់ខ្ញុំធ្វើជាឯកសារផងដែរ ”៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS