1 2 3
4 5 6 7

អ៊ីវ៉ា វិលមកវាយបំបែក ទីផ្សារឡើងវិញ ក្រោយ ទុក្ខសោក ត្រូវរសាយ

ភ្នំពេញ៖ ការអវត្តមាន ពីសង្វៀនសិល្បៈ មួយរយៈពេលធំ របស់តារាចម្រៀង វ័យក្មេង កញ្ញា ឃីត ស្រីនាថ ហៅ អ៊ីវ៉ា ត្រូវបានមជ្ឈដ្ឋានមហាជន ជាអ្នកគាំទ្រមួយចំនួន មើលឃើញថា នាងកំពុងតែស្រុតចុះធ្លាក់ប្រជាប្រិយភាព និងបាត់ ឱកាសច្រើន ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះល្បីល្បាញ។ មិនតែប៉ុណ្ណោះ សន្ទុះនៃការគាំទ្រ ទៅលើរូបនាង ក៏ហាក់ដូចជាមាន ការថមថយខ្លាំង ដែលធ្វើឱ្យតារាចម្រៀងចំណូលថ្មី ជ្រកក្រោមដំបូលជាមួយ មានឱកាសប្រជែង ដើម្បីទម្លាក់រូបនាង មានដូចជា យូរី សុខ ស្រីនាង និង អែនជី ជាដើម។

ស្របពេលកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់អ្នកចម្រៀង អ៊ីវ៉ា កំពុងតែមានភាពរង្គោះរង្គើរ ស្ទើរបាត់ការគាំទ្រ ក្នុង អំឡុងពេលដ៏ខ្លីចុងក្រោយនេះ ស្រាប់តែលេចដំណឹង វត្តមានរបស់នាងជាថ្មី ជាមួយនឹងក្តីសង្ឃឹម ចូលសិល្បៈ ដើម្បី ស្តារមុខមាត់ឡើងវិញ ដោយការខំប្រឹងថត បទចម្រៀងថ្មីៗចេញជា CD និង VCD ដើម្បីចរាចរលក់ តាមទីផ្សារ ព្រមទាំងការបង្ហាញខ្លួន នៅលើឆាកប្រគំតន្រ្តី តាមបណ្តាខេត្ត និងស្ថានីយទូរទស្សន៍នានា។

បើតាមការលើកឡើង ពីអ្នកដែលនិយមតាមដាន រឿងរ៉ាវតារាក្នុងស្រុក បាននិយាយស្រដៀងគ្នា ថាការងាកទៅរក សិល្បៈជាថ្មីឡើងវិញនេះ គេជឿថា តារាចម្រៀងវ័យក្មេងសាច់សខ្ចី មានមន្តស្នេហ៍ កញ្ញា អ៊ីវ៉ា អាចនឹងទាញបាន មកវិញ នូវការគាំទ្រ ព្រមទាំងកេរ្តិ៍ឈ្មោះល្បីដូចដើម។ មិនតែប៉ុណ្ណោះ រឿងដែលគេកំពុង ដាក់ការសង្ស័យថា នាងអាចបញ្ចប់ជីវិតសិល្បៈ ទៅសាងអនាគតជាមួយបុរសជំនួញ សម្បូរទ្រព្យក្នុងស្រុកនោះ ក៏អាចនឹងសាបរលាប ទៅតាមអំណាច នៃការវិលត្រឡប់វិញនេះដែរ។

ផ្អែកតាមប្រភព ពីអ្នកសិល្បៈកៀកកិត និងតារាចម្រៀង អ៊ីវ៉ា បានបង្ហើបមកថា រាល់ថ្ងៃនេះនាងបាននឹងកំពុង តែស្រវេស្រវាជាថ្មីសម្រាប់ការចូលខ្លួន វិលមកអុកឡុក វាយកំបែកទីផ្សារសិល្បៈ ទាញរកការគាំទ្រ និងប្រជាប្រិយភាព ឡើងវិញ ក្រោយពេលទីផ្សារសិល្បៈរបស់នាង ត្រូវបានជាប់គាំងអស់សន្ទុះ និងបានបាត់បង់ឱកាសបង្ហាញខ្លួន ក្នុងវិថីចម្រៀង ព្រោះមានទុក្ខជាប់ខ្លួនផ្ទួនៗគ្នាជាបន្តបន្ទាប់។

នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY បានព្យាយាមទំនាក់ទំនង ទៅ កញ្ញា អ៊ីវ៉ា ដើម្បីសាកសួរព័ត៌មានបន្ថែម អំពីរឿងនេះដែរ ប៉ុន្តែលេខទូរស័ព្ទរបស់នាង ពុំអាចទាក់ទងបានទេ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS