1 2 3
4 5 6 7

សុគន្ធ ថេរ៉ាយុ ប្រតិកម្មនឹង​ព័ត៌មាន​ជិះរថយន្ត​ទំនើប​ Lexus 570 ក្នុង​ភាព​មិនប្រក្រតី

ភ្នំពេញ: បន្ទាប់ពីមានការចុះផ្សាយថា តារាចម្រៀងមុខស្លូត មិនដែលជំពប់ រឿងរ៉ាវអាស្រូវស្នេហា សុគន្ធ ថេរ៉ាយុ បានផ្លាស់ប្តូរ កម្រិតជីវភាព យ៉ាងលឿនស្លេវ ដោយគេឃើញ លោកជិះរថយន្ត ស៊េរីទំនើប មានតំលៃជាង ១០ម៉ឺនដុល្លារ ម៉ាក Lexus 570 ស៊េរី ២០១០ ក្នុងភាពមិនប្រក្រតី ណាមួយ កាលពីពេលថ្មីៗនេះរួចមក តារាចម្រៀងស្រស់សង្ហា សម្បូរស្រីក្មេងៗ ចោម លោក សុគន្ធ ថេរ៉ាយុ ហាក់បីដូចជា ដេកមិនលក់បក់ មិនល្ហើយ បានចេញមុខប្រតិកម្ម ជាមួយនឹងសារពត៌មាន ក្នុងស្រុកនោះ ដោយបញ្ជាក់យ៉ាងច្បាស់ថា រថយន្តដែលមានតម្លៃថ្លៃ ស៊េរីទំនើបនេះ គឺជារថយន្តរបស់ ម្ដាយប៉ុណ្ណោះ មិនមែនជាកម្មសិទ្ធិ របស់លោកផ្ទាល់ឡើយ។

ថ្លែងប្រាប់ភ្នាក់ងារ គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៤នេះ តារាចម្រៀង ដែលត្រូវគេដឹងថា មានចរិកស្លូតបូត មិនចេះ រករឿងអ្នកណា តាំងពីតូចក្រូចឆ្នាមក លោក សុគន្ធ ថេរ៉ាយុ បានបញ្ជាក់ថា ឡានថ្មីស៊េរីទំនើប ដែលគេឧស្សាហ៍ឃើញលោក ជិះទៅច្រៀង តាមស្ថានីយទូរទស្សន៍ នៅមួយរយៈចុងក្រោយនេះ មិនមែនជាឡាន កម្មសិទ្ធិរបស់ខ្លួនទេ ពោល ជាឡានរបស់ម្ដាយ ដែលគាត់ទើបនឹង ទិញថ្មីៗនេះ។

ថេរ៉ាយុ និយាយថា “ខ្ញុំបានខ្ចីឡានម៉ាក់ជិះ ព្រោះឡានខ្ញុំ អាម៉ាក Lexus 350 ពណ៌សហ្នឹង..វាខូច ទុកឲ្យជាងគេមើល (ជួសជុល) ប្រហែលជាគាត់ (អ្នកកាសែត)គិតថាជាឡានរបស់ខ្ញុំហើយ តាមពិតទៅ ជាឡានរបស់ម៉ាក់ខ្ញុំទេ ។ ម្យ៉ាងការងារសិល្បៈរបស់ខ្ញុំ ក៏កំពុងរវល់ច្រើន ត្រូវដោះស្រាយ តាមកាលៈទេសៈ កុំឲ្យស្ទះ ជាពិសេសការងារ ច្រៀងតាមខេត្ត និងតាមប៉ុស្ដិ៍ទូរទស្សន៍។ គេថា ខ្ញុំជិះឡានហ្នឹង ហាក់មានភាព មិនប្រក្រតី តែគ្មានទេ ខ្ញុំធ្វើអ្វីគ្មានការលាក់បាំងទេ ..ម៉ាក់ខ្ញុំជាអ្នករកស៊ីម្នាក់ ដែលមានបើកហាងផ្កា មួយកន្លែងឈ្មោះ “Floral Exprees ” នៅតាមបណ្ដោយ ផ្លូវព្រះសីហនុ ខ្ញុំពិតជាមិនយល់ថា ហេតុអីបានជាត្រូវចុះផ្សាយ ថាខ្ញុំមានអ្នកនេះ ឬអ្នកនោះចិញ្ចឹមនោះទេ..! “។

សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀងមានកេរ្តិ៍ឈ្មោះល្បី ក្នុងពិភពសិល្បៈ និងជាតារាលេចធ្លោមួយដួង ក្នុងផលិតកម្ម ថោន ត្រូវបានគេសង្កេតឃើញថា ប្រជាប្រិយភាពនៅរយៈកាលប៉ុន្មានឆ្នាំ ចុងក្រោយនេះ មានការគាំទ្រកាន់តែខ្លាំង ពីមហាជន ជាពិសេសស្រទាប់យុវវ័យ។ ប៉ុន្តែបើនិយាយ ពីកម្រិតជីវភាពវិញ ក៏គេសង្កេតឃើញថា មានការផ្លាស់ប្តូរ ទៅតាមសម័យកាល គួរជាទីកត់សម្គាល់ដែរ ពោលពាក់ព័ន្ធនឹងការប្ដូរ ស៊េរីរថយន្ត បន្ទាប់ពីផ្លាស់រថយន្តពី Camery Hibrige មកជិះរថយន្ត Lexus 350 ពណ៌ស ដែលមានតំលៃថ្លៃគួរសមរួចមក ស្រាប់តែគេឃើញ លោកជិះរថយន្តម៉ាក Lexus 570 ស៊េរី ២០១០ ដែលគេដឹងថា តម្លៃនៃរថយន្តមួយគ្រឿងនេះ មិនតិចជាង១០ម៉ឺនដុល្លារនោះទេ ទើបធ្វើឲ្យមហាជន កើតជាមន្ទិលសង្ស័យថា ភាពមានបានថ្កុំថ្កើង របស់លោក ស្ថិតក្នុងភាពមិនប្រក្រតី បែបនេះ តែមិនមែនជាការពិតនោះទេ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS