1 2 3
4 5 6 7

មាន សូ​នី​តា យល់ព្រម​ត្រឡប់​ក្រោយ​​

meansonita-140225--somalin--2014-02-25

​ទន្ទឹម​នឹង​ភាពស្ងប់ស្ងាត់​ពី​ការសម្ដែង​ អស់​មួយរយៈ តារា​សម្ដែង​ល្បីល្បាញ​កញ្ញា មាន សូ​នី​តា បានដាក់​ជំហរ​ជា​ថ្មី​មួយ​ថា​នឹង​យល់ព្រម​ទទួលយក​អ្វី ដែល​ធ្លាប់​បាត់បង់​នោះ​វិញ​ហើយ បើទោះជា​អំឡុង​ពេល​នេះ នៅ​មិនទាន់​អំណោយផល​គ្រប់គ្រាន់​។ ការបញ្ជាក់​ដែល​ខុស​ពី​មុន​ដូច​មេឃ និង​ដី​នេះ ត្រូវ​គេ​មើលឃើញ​ថា ស្ថិត​ក្នុង​គម្រោង​ពង្រីក​ប្រជាប្រិយភាព​ទាំងស្រុង បន្ទាប់ពី​ឃើញ​តារា​ស្រករ​ក្រោយ កាន់តែ​ច្រើន​ឡើង​កូដ​ស្ទើរតែ​បាំង​ពន្លឺ​ចែងចាំង​របស់ខ្លួន​។

​មាន សូ​នី​តា និយាយថា ក្នុង​អំឡុង​ឆ្នាំ​២០១៤​នេះ នាង​នឹង​ទទួលយក​តំណែង​ធំ​មួយ ដែល​ធ្លាប់​ធ្វើឲ្យ​របូត​ត្រឡប់មកវិញ នោះ​គឺ​តំណែង​ជា​ពិធី​ការិនី ដែល​នាង​ប្រកាស​ទាត់​ចោល​ឡើង​សឹក​មាត់​នា​ពេលកន្លងមក​។ ប្រមាណ​ជា​ច្រើន​ឆ្នាំមុន មាន សូ​នី​តា បាន​លេចធ្លោរ​យ៉ាងខ្លាំង​តាមរយៈ​កម្មវិធី «​តន្ត្រីសម័យ​ថ្ងៃអាទិត្យ ឬ​Top Teen Concert» ដែល​ជា​កម្មវិធី​លេចធ្លោរ​កាលពី​អតីតកាល​របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​ លេខ​៥​។ តែ​នាង​បែរ​ប្រកាស​ដើរចោល ក្រោម​ហេតុផល​ថា ជាប់​សិក្សា​ដក​ឃ្លា​មិនបាន​។ ក្រោយ​ការដក​ខ្លួន មាន សូ​នី​តា មិន​ទទួលយក​ការងារ​ដដែល​នេះ​ឡើយ បើទោះជា​មាន​ស្ថានីយ​ទូរ​ទស្សន៍ប៉ុស្ដិ៍​ផ្សេង ប្រកាស​ប្រគល់​ឲ្យ​នាង​នូវ​កម្មវិធី​ថ្មីៗ​តាម​ការចង់បាន ព្រោះ​តែ​ឃើញ​តារា​ស្រី​ដែលជា អតីត​Freshies រូប​នេះ ក្រៅពី​ស្អាត​ផូរផង់ គឺ​មាន​ទឹកដម​សំឡេង និង​ទេពកោសល្យ​ក្នុង​ការអត្ថាធិប្បាយ​ទូរទស្សន៍​មិនធម្មតា​។ ទន្ទឹម​នឹង​ការ​ច្រាន​ចោល នាង​ក៏​បាន​ប្រកាស​បោះបង់​តំណែង​នេះ​ចោល​តែម្ដង ដើម្បី​ដាក់​ជំហរ​វាយលុក​តែ​ការបង្ហាញ​ម៉ូដ ថត​ស្ពត និង​ទទួល​សម្ដែង ឲ្យ​ឡើង​កូដ​ខ្លាំង​។

ទោះយ៉ាងណា មាន សូ​នី​តា ក៏​នៅតែ​លេចមុខ​ក្នុង​កម្មវិធី​ក្រៅ​ឆាក តាម​វេទិកា​ពិ​ព័រណ៍តូច​ធំដ​ដែល ដោយសារតែ​នាង​ប្រាប់ថា វា​ជា​ការងារ​ដែល​មិន​តម្រូវឲ្យនាង​រវល់​ទៀង​ថ្ងៃ ក្នុង​មួយ​សប្ដាហ៍ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​មិនទាន់​ចប់​របស់​នាង​។

​ងាក​មក​កាន់​ការប្រកាស​ត្រលប់​ក្រោយ​វិញ មាន សូ​នី​តា ប្រាប់ថា ក្នុង​ពេល​ដ៏​ខ្លី​នាង​នឹង​បង្ហាញ​មុខ​នៅលើ​កញ្ចក់​ទូរទស្សន៍​ដូចដើម  បើ​ទោះជា​ក្នុង​រយៈពេល​នេះ ការសិក្សា​របស់​នាង​នៅ​មិន​ទាន់​បញ្ចប់ និង​មិន​ទាន់​ទំនេរ​គ្រប់គ្រាន់​ក្នុង​មុខ​ជំនួញ​ឪពុកម្ដាយ​ដែល​ស្ថិត​ក្នុង ​ភាពរលូន​។ ប៉ុន្តែ​ការងារ​ដដែល ដែល​នាង​ទទួលយក គឺ​លុះត្រាតែ​ស្ថិត​ក្នុង​ល​ក្ខខណ្ឌ​៣ ដែល​នាង​ចង់​បាន ទើប​នឹង​ទទួលយក ដើម្បី​កុំ​ឲ្យ​ពិបាក លេចមុខ​តែ​មួយ​រយៈ ក៏​បាត់​មុខ​ម្ដងទៀត​នាំឲ្យ​មាន​ការរិះគន់​។ ហេតុផល​ដែល​​នាង​បាន​ប្រកាស​នោះ គឺ​សំដៅលើ​ស្ថាប័ន​ត្រូវ​តែ​ជា​ប៉ុស្ដិ៍​ធំ​ដែល​មាន​ការពេញនិយម​ច្រើន ក្នុង​ចង្កោម​អ្នកទស្សនា និង​សំដៅលើ​កម្មវិធី ដែល​អាច​ឲ្យ​នាង​ទទួល​ភាព​លេចធ្លោរ​។ ចំពោះ​ពេលវេលា ក៏​ត្រូវ​តែ​មិន​បង្ខំ​ឲ្យ​នាង​រវល់​ច្រើន​ថ្ងៃ ក្នុង​មួយ​សប្ដាហ៍ៗ​នោះដែរ ដើម្បី​អាច​ឲ្យ​នាង​មាន​ឱកាស​ឈោង​ចាប់​បាន​យូរ​។ ការទម្លាយ​ចុងក្រោយ​បញ្ជាក់ថា មាន​ស្ថានីយ​ទូរទស្សន៍​តែ​បី​ប៉ុណ្ណោះ ដែល​នាង​មានបំណង​ចង់​បង្ហាញ​ខ្លួន​ក្នុង​តំណែង​ជា​ពិធី​ការិនី​បើកឆាក ក្រោយ​ការប្រកាស​នេះ​។ នោះ​​គឺ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​ចុងក្រោយ​គឺ​ស្ថានីយទូរទស្សន៍ CTN​។

​កាលពី​ឆ្នាំ​២០១៣ ក៏​មាន​ការទាក់ទង​ឲ្យ​នាង​ឡើង​ធ្វើ​ពិធី​ការិនី​ក្នុង​កម្មវិធី​ធំ​របស់​ ស្ថានីយ​ទូរទស្សន៍​មិនសូវ​លេចធ្លោរ​មួយ​រួច​ទៅហើយ ប៉ុន្តែ​នាង​បាន​បដិសេធ ដែល​ទំនង​ជា​ការទំនាក់ទំនង​នាពេលនោះ មិន​ស្ថិត​ក្នុង​ភាពអំណោយ​ផល​នៃ​ពេលវេលា​របស់​នាង ឬ​អាច​ថា​មកពី​ស្ថាប័ន​នោះ​ទើបតែ​ហើប​បាន​បន្តិច ដែល​មិន​រំពឹង​ឲ្យ​នាង​លេចធ្លោរ​។ មាន សូ​នី​តា និយាយថា ការវិល​ត្រលប់​មក​វិញ​របស់​នា​ង គឺ​លុះត្រាតែ តំណែង​ដែល​ទទួលយក អាច​ធ្វើឲ្យ​នាង​ទុកចិត្តថា ទទួល​បាន​ភាព​លេចធ្លោ​រ​។ បើ​មិន​ដូច្នោះ​ទេ នាង​សុខចិត្ត​មិន​ទទួលយក​ឡើយ ដើម្បី​កុំឲ្យ​មាន​ការពេប​ជ្រាយថា ដើរចេញ​ពី​កម្មវិធី​ធំ​របស់​ប៉ុស្ដិ៍​លេខ​៥ ហើយ​មក​លេចមុខ​ក្នុង​កម្មវិធី​របស់​ប៉ុស្ដិ៍​មួយ ដែល​មាន​ឥទ្ធិពល​ខ្សោយ ក្នុង​ស្រទាប់​មហាជន​។

​ក្រោយ​ការប្រកាស​របស់​នាង មាន​ការសន្និដ្ឋាន​យ៉ាងច្រើន​ថា ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ទាំង​៣ ពិតជា​ផ្ដល់​តំណែង​ឲ្យ​នាង​មិនយូរ​មិនឆាប់ ដោយសារ​តែ​មុននេះ​បន្តិច​មាន​ការអះអាង​ថា រូ​ច​ហើយ​ថា​មាន សូ​នី​តា ជា​តារា​ដែល​មាន​ទីផ្សារ​បំផុត ក្នុង​តំណែង​ជា​ពិធី​ការិនី បើ​នាង​សម្រេចចិត្ត​ទទួលយក​។ មាន​ការសង្ស័យថា ស្ថាប័ន​ដំបូង​គេ​ដែល​នាង​បង្ហាញមុខ នឹង​អាច​ជា​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដោយសារតែ​លោក​ចារ រិទ្ធី ដែល​ធ្លាប់​ជ្រោមជ្រែង​ឲ្យ​នាង​ក្លាយខ្លួនជា​ពិធី​ការិនី បាន ផ្លាស់​ចេញ​ពី​ប៉ុស្ដិ៍​លេខ​៥ ទៅកាន់​កម្មវិធី​នៅ​ទីនោះ ជំនួស​តំណែង​លោក​គួច ខេ​វិន ដែល​បាន​ប្ដូរ​ទៅ​កាន់​ស្ថានីយ​ទូរទស្សន៍​ទី​៣ របស់​ប៉ុស្ដិ៍​បាយ័ន​នាពេលនេះ​។ មាន សូ​នី​តា និយាយថា ក្រោយ​បញ្ចប់​ការសម្ដែង​ក្នុង​រឿង ឡូយ​៩ នាង​រវល់​តែ​មុខ​ជំនួញ​របស់​គ្រូ​សារ ការងារ​ថត​ម៉ូដ និង​ថត​ស្ពត​ប៉ុណ្ណោះ ចំណែក​រឿង​ថ្មី និង​ការងារ​ដែល​ប្រើ​ពេល​យូរ នៅ​មិនទាន់​ទទួល​នោះ​ទេ ដោយសារតែ​នាង​មានបំណង​ទទួលយក​តំណែង​ជា​ពិធី​ការិនី​ក្នុង​អំឡុង​ពេល​នេះ​។ ក្រុម​អ្នកឃ្លាំមើល​ទីផ្សារ​សិល្បៈ ព្រលយ​ថា បើ​មាន សូ​នី​តា មាន​តំណែង​ពិធី​ការិនី​ម្ដងនេះ នឹង​មាន​ឥទ្ធិពល​ជាង​កាល​លេចមុខ​នៅ​ប៉ុស្ដិ៍​លេខ​៥​ឆ្ងាយ​ណាស់ ដោយសារ​តែ​ក្នុង​ពេល​នេះ ទីផ្សារ​ក្នុង​សិល្បៈ​របស់​នាង​រីក​ធំធាត់​គ្មាន​ទីបញ្ចប់​រួចទៅហើយ បើ​ធៀប​នឹង​អតីតកាល​៕

ប្រភព៖ VOD

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS