1 2 3
4 5 6 7

មណ្ឌលកីឡា ហែលទឹក លំដាប់អន្តរជាតិ តម្លៃ១,៥លានដុល្លារ គ្រោងដាក់ឲ្យ ដំណើរការ នៅចុងឆ្នាំនេះ

ភ្នំពេញ៖ មណ្ឌលកីឡាហែលទឹកលំដាប់អន្តរជាតិ បំពាក់ដោយបរិក្ខាបច្ចេកវិទ្យា ដ៏ទំនើបនៅក្នុងកីឡដ្ឋានខេត្តកំពង់ ចាមតម្លៃ ១,៥លានដុល្លារអាម៉េរិក គ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៤នេះ  ដើម្បីបម្រើដល់ការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ក៏ដូចជាត្រៀមបើកការប្រកួតផ្សេងៗទៀត។

ស្ថិតក្នុងដំណាក់កាល នៃការសាងសង់នេះ កាលពីសប្តាហ៍កន្លងទៅ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  លោក ស៊ុន ចាន់ថុល ដែលជាប្រធានសហព័ន្ធកីឡាហែលទឹក រួមនិងអភិបាលខេត្តកំពង់ចាម លោក លួន លឹមថៃ  បានដឹកនាំមន្រ្តីជាច្រើនរូប ចុះទៅត្រួតពិនិត្យដំណើរការសាងសង់មណ្ឌលកីឡាហែលទឹកខាងលើ ដើម្បីធានាថា  មណ្ឌលកីឡាហែលទឹកជាសមិទ្ធផលប្រកបដោយគុណភាព ស្របតាមស្តង់ដារអន្តរជាតិ។

មន្រ្តីមើលការខុសត្រូវលើគម្រោងសាងសង់នេះ បានថ្លែងឲ្យដឹងថា មជ្ឈមណ្ឌលកីឡាហែលទឹក បានបើកការសាង  សង់កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយទទួលបានការឧបត្ថម្ភថវិកាពីក្រុមហ៊ុនឯកជនជាច្រើន។

មជ្ឈមណ្ឌលកីឡាហែលទឹក ត្រូវបានគេប្រសិទ្ធនាមថា «មណ្ឌលកីឡាហែលទឹកតេជោសែន» ដែលសាងសង់លើ  ផ្ទៃដីទំហំ ៦៥ម៉ែត្រ X ១២០ម៉ែត្រ ស្ថិតក្នុងកីឡាដ្ឋានខេត្តកំពង់ចាម។ មានអាងហែលទឹកទំហំ ២៥ម៉ែត្រ X ៥០ ម៉ែត្រ, អាងលោតទឹកទំហំ ២៥ម៉ែត្រ X ២៥ម៉ែត្រ, អាងហែលទឹកកំដៅសាច់ដុំមុនពេលប្រកួតទំហំ ១០ម៉ែត្រ X ១៥ម៉ែត្រ, អគារបម្រើការប្រកួតទំហំ ៧ម៉ែត្រ X ៣៥ម៉ែត្រ, មានជាន់ផ្ទាល់ដី និងជាន់ទី១ (ក្នុងនោះ មានបន្ទប់  VIP ទំហំ ៧ម៉ែត្រ X ១៥ម៉ែត្រ), និងកន្លែងទស្សនាចំនួន ៦១៥កន្លែង។ អាងហែលទឹកនេះ ត្រូវបានសាងសង់  និងបំពាក់ទៅដោយម៉ាស៊ីនចម្រោះទឹកទៅតាមស្តង់ដារអន្តរជាតិ ដែលកំណត់ដោយសហព័ន្ធកីឡា ហែលអន្តរជាតិ  (FINA)។

សូមបញ្ជាក់ថា នៅក្នុងទស្សវត្សរ៍៦០ ខេត្តកំពង់ចាម គឺជាខេត្ត ដែលមានវិញ្ញាសារកីឡាហែលទឹកខ្លាំងជាងគេ នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ កីឡាករ កីឡាការនី មកពីខេត្តកំពង់ចាម បានទទួលមេដាយ នៅលើឆាកអន្តរជាតិ  ច្រើនជាងកីឡាករ កីឡាការនី មកពីខេត្តផ្សេងៗ និងរាជធានីភ្នំពេញ។ ជាក់ស្តែងក្នុង SEAGAMES-ASIAN  GAMES ឆ្នាំ ១៩៦៧, ១៩៧១, ១៩៧៣ ក្នុងចំណោមកីឡាករកម្ពុជាចូលរួមប្រកួតចំនួន ១៧រូប មានកីឡាករ មកពីខេត្តកំពង់ចាម ចំនួន ១៤រូប។ ដោយឡែកសម្រាប់កីឡាករអូឡាំពិក នៅទីក្រុងមុយនីក ប្រទេសអាល្លឺម៉ង់  កីឡាករ ដែលកម្ពុជាបញ្ជូនទៅមានបួនរូប និងគ្រូបង្វឹកមួយរូប គឺជាកីឡាករមកពីខេត្តកំពង់ចាម ទាំងអស់។

នៅឆ្នាំ ១៩៤៤ ខេត្តកំពង់ចាម មានអាងហែលទឹកខ្នាតតូចមួយកន្លែង មានបណ្តោយ ២៥ម៉ែត្រ ទទឹង ១២ម៉ែត្រ  ពុំមានម៉ាស៊ីនច្រោះសម្អាតទឹកទេ។ អាងទឹកនេះ ត្រូវបានសាងសង់ដោយប្រធានធនាគារបារាំង សម្រាប់ជនជាតិ បារាំង និងមន្រ្តីខ្មែរធំៗ ហែលកម្សាន្ត។

ទន្ទឹមនឹងនេះ ម្ចាស់អាងហែលទឹក ក៏បានអនុញ្ញាតកូនខ្មែរ ដែលមាននិស្ស័យហែលទឹកចូលរៀនហែលផងដែរ។  បច្ចុប្បន្នទីតាំងអាងហែលទឹកនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម ប៉ុន្តែមិនបានស្តារ  ឱ្យដំណើរការទេ ចាប់តាំងពីឆ្នាំ ១៩៧៩មក។

បច្ចុប្បន្ន អ្នកសេ្នហាកីឡាហែលទឹក និងកីឡាករជម្រើសជាតិពីររូប នៅខេត្តកំពង់ចាម បានប្រើប្រាស់ទន្លេបិទ ភូមិ រការធំ សម្រាប់ការហ្វឹកហ្វឺននៅរដូវប្រាំង រីឯនៅរដូវវស្សាប្រើប្រាស់ទឹកបឹងទន្សោង ជាកន្លែងហាត់ហ្វឹកហ្វឺន ដែល ត្រូវបានជួយហ្វឹកហ្វឺនដោយកីឡាករជម្រើសជាតិពីររូប ដែលនៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS