1 2 3
4 5 6 7

ពេជ្រ ថាវរ៉ា បង្ហាញរូប​កូនប្រុស​ក្នុង Facebook ខណៈ​ធ្លាយដំណឹងស្នេហ៍​លួចលាក់​ជាមួយ​ ព្រាប សុវត្ថិ

ភ្នំពេញ៖ ថ្មីៗនេះ បន្ទាប់ពីផ្ទុះដំណឹងថា តារាសម្ដែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះ កញ្ញា ពេជ្រ ថាវរ៉ា ធ្លាយរឿងមានទំនាក់ទំនង ស្នេហាលួចលាក់ ជាមួយកំពូល តារាចម្រៀង ព្រាប សុវត្ថិ រួចមក ស្រាប់តែដំណឹងគួរឲ្យ ភ្ញាក់ផ្អើលមួយទៀត សម្រាប់តារាស្រី ពេជ្រ ថាវរ៉ា គឺដោយសារតែ នៅក្នុង Facebook របស់នាង មានបង្ហោះរូបថត នាងបីកូនតូច និងមានក្មេងប្រុសម្នាក់ អាយុប្រហែលជា ២ទៅ៣ឆ្នាំ នៅក្បែរនោះ ដោយនាងបាន សរសេរបញ្ជាក់ថា “អាកូនតូច ជាកូនបងស្រី ចំណែកអាកូនធំ ជាកូនខ្ញុំ”។

សម្រាប់តារាបង្ហាញម៉ូដ ពេជ្រ ថាវរ៉ា កន្លងមក គេពុំដែលធ្លាប់លេចឮ រឿងរ៉ាវស្នេហា រវាងនាងជាមួយនឹង បុរសណាម្នាក់ឡើយ ខណៈនាងចូល ប្រឡូក ក្នុងវិស័យសិល្បៈ អស់រយៈពេលជាង ២ឆ្នាំមកនេះ។ ជាការពិតបន្ទាប់ពីនាង បានអះអាងនៅក្នុង Facebook ពេលដែលនាងបង្ហោះរូបថត កៀកកើយ ជាមួយលោក ព្រាប សុវត្ថិ ថាគ្រាន់តែជាប្ដី ក្នុងឈុតឆាកសម្ដែង រឿង “ធ្លាប់ស្រឡាញ់ខ្ញុំទេ?” កាលពីជាង១ឆ្នាំមុន ហើយក្ដី ប៉ុន្តែសម្រាប់ មន្ទិលសង្ស័យ របស់មហាជនទូទៅ នៅតែមានជាហូរហែ ព្រោះថា វាអាចស្របទៅនឹងអ្វី ដែលនាងកំពុងតែ បង្ហាញនៅពេលនេះ គឺការ មានកូនតូចម្នាក់ និងធំម្នាក់ រហូតដល់នាងសរសេរឃ្លា ភ្ជាប់ទៅនឹងរូបថតនោះ បញ្ជាក់បន្ថែមទៀតថា “កូនកុំឈឺ ម៉ាក់អាណិតកូនណាស់… គេងទៅ..ម៉ាក់ប្រញាប់ទៅធ្វើការ”។

ការសរសេរពាក្យពេចន៍បែបនេះ បានបង្កឲ្យមិត្តភ័ក្តិ នៅក្នុងមជ្ឈដ្ឋានសិល្បៈ និងនៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម Facebook បានចោទជា សំណូរសួរដេញដោលគ្នា ទៅវិញទៅមក ថាជាការពិត ឬយ៉ាងណា? ទោះបីជាពួកគេខំសរសេរជាសំណួរ សួរទៅកាន់នាងវិញ ក៏ហាក់បីដូចជា គ្មានចម្លើយពី ពេជ្រ ថាវរ៉ា ដែរ។ មហាជនបាននឹកឃើញ ទៅនឹងដំណឹងកាលពីពេលថ្មីៗ ដោយនាងបានអះអាង ប្រាប់មិត្តភ័ក្តិក្នុង Facebook ថា លោក ព្រាប សុវត្ថិ ជាប្ដីរបស់នាង ទោះបីជាមានពាក្យបកស្រាយថា គ្រាន់តែជាការសម្ដែងក៏ដោយ គេហាក់នឹកឃើញ ទៅដល់ពេលវេលា ដ៏សមរម្យមួយ សម្រាប់ទំនាក់ទំនង ស្ងាត់កំបាំងរបស់អ្នកទាំងពីរ រហូតផ្ទុះបង្ហោះរូបថតទារក និងក្មេងអាយុប្រហែល២-៣ នេះឯង។

ពាក់ព័ន្ធជាមួយនឹងការបង្ហោះ រូបថតកូនពីសំណាក់ តារាម៉ូដែល ពេជ្រ ថាវរ៉ា នៅពេលនេះ ត្រូវបាននាងបញ្ជាក់ប្រាប់ LookingTODAY នៅព្រឹក ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា “មិនមែនជាការពិតទេ គ្រាន់តែជារូបក្មួយ ប៉ុន្តែដោយសារម៉ាក់របស់វា(កូនតូច) អត់ទំនេរ ដូច្នេះខ្ញុំត្រូវមើលថែវា ច្រើនជាងម៉ាក់វា ប្រៀបបីដូចជាកូនរបស់ខ្ញុំម្នាក់ដែរ និងជាក្មេងទី១នៅក្នុងផ្ទះ គួរឲ្យស្រឡាញ់។ បងស្រីខ្ញុំពេលកើត បានមួយខែ គាត់ត្រូវទៅធ្វើការ តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់… អ៊ីចឹងទៅគាត់អត់មានពេល មើលថែទេ មានតែខ្ញុំ ហើយអ្នកនៅក្នុងផ្ទះជាមួយគ្នា តែងនិយាយថា ម៉ាក់តូចៗ អូនឯងមកហើយ…”។

ពេជ្រ ថាវរ៉ា បានបញ្ជាក់ទៀតថា “ចំណែកកូនបង គឺជាកូនរបស់បងប្រុស រស់នៅសហរដ្ឋអាមេរិក ប៉ុន្តែរស់នៅជាមួយ បងស្រីខ្ញុំក្នុងផ្ទះជាមួយគ្នា នៅភ្នំពេញ ដោយកូនតូចឈ្មោះ “លី សុវណ្ណារាជ” និងកូនធំឈ្មោះ “សូ លីម៉េង” ដែលកូនទាំងពីរនេះ ត្រូវជាកូនរបស់បងស្រី១ និងជាកូនរបស់ បងប្រុស១។ បច្ចុប្បន្ននេះ ប្រពន្ធរបស់បងប្រុស ក៏រស់នៅភ្នំពេញ ជាមួយគ្នាដែរ (នៅជាមួយ ពេជ្រ ថាវរ៉ា) “។

ទោះបីជាបែបណា ការបង្ហោះរូបមានកូន ខាងលើនេះ ពេជ្រ ថាវរ៉ា មិនបានព្រួយបារម្ភ ពីការបាក់ស្រុតប្រជាប្រិយភាព ឬបាត់បង់ការចាប់អារម្មណ៍ ក្នុងអាជីពជាអ្នកសិល្បៈឡើយ ដោយនាងគិតថា គ្រាន់តែជាការកម្សាន្តសប្បាយ ក្នុងលក្ខណៈគ្រួសារ ព្រោះពេលបង្ហោះ ទៅម្ដាយឪពុក របស់គេទាំងពីរ នឹងបានឃើញរូបនេះ ទោះជានៅឆ្ងាយដល់ ទីណាក៏ដោយ។ យ៉ាងណាមិញ នាងហាក់ភ័យខ្លះៗ ពេលមិត្តភ័ក្តិជិតស្និទ្ធតែងតែ ផ្ដល់យោបល់ឲ្យ និងឃាត់នាង មិនឲ្យបង្ហោះរូបមានកូន ឬរូបមានផ្ទៃពោះ ទោះជារូបក្នុងការសម្ដែងរឿង ក៏ដោយ ក៏មហាជន អាចមានការយល់ ច្រឡំ និងគិតថា ពេជ្រ ថាវរ៉ា មានកូន និងប្ដីពិតមែន៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS