1 2 3
4 5 6 7

កែវ ពេជ្រ​ពិសី បិទ​ហាង​​

pich-pisey-2014-02-24

មាន​ការភ្ញាក់ផ្អើល​គួរសម បន្ទាប់​ពី​មាន​ការចាប់អារម្មណ៍​ថា ហាង​សម្អាងការ​របស់​អ្នកនាង​កែវ​ពេជ្រ​ពិសី ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុស្សី នៅ​ជិតស្ដុប​ពន្ធដារ​ទួលគោក ស្រាប់តែ​ត្រូវ​បិទទ្វារ​ទម្លាក់​ផ្លាក​ចោល​។ ពាក់ព័ន្ធ​នឹង​ការបិទ​ហាង​ដោយ​ស្ងាត់ៗ​នេះ អ្នក​នាង​ជា​ម្ចាស់​ហាង បាន​ប្រាប់​ពី​មូលហេតុ ដើម្បី​បញ្ចប់​នូវ​ការភាន់ច្រឡំ​ថា នាង​ក្ស័យធន​មុខ​ជំនួញ​។

​មានការ​ចោទសួរ​យ៉ាងច្រើន នៅពេល​ហាង​សម្អាងការ​របស់​កែវ​ពេជ្រ​ពិសី នៅលើ បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្រាប់តែ​ត្រូវ​បាន​បិទទ្វារ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ប្រភព​ពី​អ្នកជិតខាង​បាន​ប្រាប់ឲ្យដឹង​ថា កែវ​ពេជ្រ​ពិសី បិទ​ហាង​នោះ​ចោល​ហើយ បន្ទាប់ពី​ម្ចាស់​ទីតាំង​នោះ បាន​កំណត់​តម្លៃ​ឡើងថ្លៃ ដោយ​មិន​មាន​ការស្វែងរក​ទីតាំង​ថ្មី​មក​ជំនួស​នោះឡើយ​។ ការបិទ​ហាង​នេះ យ៉ាងហោច​មាន​អ្នក​បាន​ទទួល​ដំណឹង​ជាង​ពាក់កណ្ដាល​ភ្ញាក់ផ្អើល និង​ចោទសួរ​ដោយ​ការយល់ឃើញ​ផ្សេងៗ ខណៈ​ដែល​អ្នក​នាង​ត្រូវ​គេ​មើលឃើញថា កំពុង​ជោគជ័យ​ក្នុង​សិល្បៈ និង​មាន​ទីផ្សារ​កាន់តែ​ប្រសើរ ប៉ុន្តែ​បែរជា​ត្រូវ​រួម​តូច​នូវមុខ​ជំនួញ​។ ទោះយ៉ាងណា  ទីតាំង​សម្អាងការ​របស់​នាង​មួយកន្លែង​ទៀត ដែល​ស្ថិតនៅ​ផ្សារ​ទួលគោគ នៅតែ​បាន​ដំណើរការ​ជា​ធម្មតា​នោះ​ទេ​មក​ទល់​នឹង​ពេលនេះ​។

​កែវ ពេជ្រ​ពិសី និយាយថា បញ្ហា​ឡើងថ្លៃ​ផ្ទះ និង​កត្តា​មិន​មាន​ពេល​គ្រប់គ្រាន់​មើល​ហាង​២​ព្រម​គ្នា គឺជា​ហេតុផល​ដែល​នាង​សម្រេច​បិទ​ហាង​ចោល​មួយ​។ ការបិទទ្វារ​ហាង​ជាប់​ផ្លូវធំ ហើយ​ទុក​តែ​ហាង​ផ្លូវ​ក្នុង ដែល​ត្រូវ​គេ​មើលឃើញ​ថា​ចំ​ប្លង់​មិនល្អ​ដូចគ្នានេះ ត្រូវ​អ្នកនាង​ទទួលស្គាល់ថា ជា​ការរួម​តូច​នៃ​អាជីវកម្ម ដែល​ផ្ទុយ​ទាំងស្រុង​ពី​ការប្រកាន់​ជំហរ​របស់​នាង​កាលពីមុន​។ ក្នុង​ពេល​ដំណើរការ​ហាង​ទី​២ អ្នកនាង​និយាយថា ហាង​ធំ​នៅ​ផ្លូវ​សហព័ន្ធ​រូស្ស៊ី នឹង​រៀបចំ​ឲ្យក្លាយ​ជាហាង​សម្អាងកា​រកាន់​តែ​ធំ រីឯ​ហាង​នៅ​ម្ដុំ​ផ្សារ​ទួលគោក គ្រាន់តែ​ជួល​ដើម្បី​ស្ដុក​ឥ​វ៉ាន់ និង​ទុក​បើក​សាឡ​ន និង​អ៊ុតសក់ ដើម្បី​ធ្វើ​ជា​អាជីព​ទី​២​ប៉ុណ្ណោះ​។ ក្រោយ​ការបញ្ជាក់​ភ្លាមៗ អ្នក​នាង​បាន​ចំណាយ​ប្រាក់​ច្រើន​ពាន់​រៀបចំ​ហាង​ធំ​ដែល​ទើប​បិទទ្វារ ឲ្យមាន​ទូកញ្ចក់ និង​ភ្លើងពណ៌​យ៉ាង​ប្រណីត ដោយ​មិន​ទំនង​ថា​គួរ​នឹង​បិទទ្វារ​ចោល​ដោយ​មិន​ស្ដាយ​ប្រាក់​កែកុន​នោះ​សោះ​ ។ កែវ ពេជ្រ​ពិសី ប្រាប់ថា ការផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន គឺ​ដើម្បី​កាត់បន្ថយ​ចំណាយ និង​ដើម្បី​មាន​ពេល​ពេញលេញ​មើល​ការខុសត្រូវ​ទៅលើ​មុខ​ជំនួញ​សម្អាងការ និង​ហាង​សាឡ​ន ឲ្យបាន​រឹងមាំ​តែប៉ុណ្ណោះ​។ មកទល់​ពេល​នេះ​ទីតាំង​ហាង​សាឡ​ន របស់​កែវ​ពេជ្រ​ពិសី បាន​ប្រែក្លាយ​ជា​ហាង​សម្អាងការ​ផង និង​ជា​ហាង​សាឡ​ន​ផង ដែល​មិន​ខុស​ពី​ការ​បង្រួម​ហាង​២​ដែល​ធ្លាប់​នៅ​ដាច់ពីគ្នា ឲ្យ​ស្ថិត​នៅលើ​ទីតាំង​តែមួយ​។ អ្នកនាង​បដិសេធ​ក្ស័យធន ដែល​នាំ​ឲ្យ​ខ្លួន​សម្រេច​បិទ​ចោល​ហាង​មួយ ដែល​ជាប់​ផ្លូវធំ ហើយ​ទុក​តែ​ហាង​ផ្លូវ​ក្នុង ដែល​ស្ថិតនៅ​ផ្សារ​ទួលគោក​។ អ្នកនាង​និយាយថា « ​ការបិទ​ចោល​ទីតាំង​ចាស់ ពិតជា​ស្ដាយ​មែន ព្រោះ​ទីនោះ​ជាប់​ផ្លូវធំ ហើយ​មាន​គេ​ជិះ​កាត់​ច្រើន ប៉ុន្តែ​បើ​ខ្ញុំ​នៅតែ​បន្ត​ទុក​ហាង​ទាំងពីរ គឺ​ពិតជា​គ្មាន​ពេល​មើលថែ​ទេ ទើប​គិតថា​ត្រូវ​ទុក​តែមួយ​ដើម្បី​មាន​ពេល​ពង្រឹង​ទាំង​ផ្នែក​សម្អាងការ និង​សាឡ​ន ឲ្យបាន​ល្អ​វិញ​!»​។

យ៉ាងណាមិញ អ្នកនាង​នឹង​មាន​គម្រោង​ស្វែងរក​ទីតាំង​ផ្លូវធំ ដើម្បី​ទុក​បើក​សម្អាងការ​ជំនួស​ឲ្យ​ការបិទទ្វា​រនេះ​វិញ​ក៏​ថា​បាន ប្រសិនបើ​មើលឃើញថា ទីតាំង​នៅ​ផ្សារ​ទួលគោក ដែល​អ្នកនាង​ជម្រើស​យក ធ្វើឲ្យ​បាត់​ភ្ញៀវ​ដែល​ធ្លាប់​គាំទ្រ ក្រោយ​ការបិទ​ចោល​ហាង​ធំ​។

​កែវ ពេជ្រ​ពិសី ប្រាប់ថា អាជីព​សម្អាងការ​ជា​អាយុជីវិត​របស់​គ្រួសារ​ខ្លួន​។ ដូច្នេះ​ទោះ ជា​ប្រឹង​វារ​ប្រឹង​លូន​ប៉ុណ្ណា ក៏​មិន​អាច​បណ្ដោយ​ឲ្យ​មុខរបរ​នេះ ដួល​រលំ​នោះ​ដែរ​។ អ្នកនាង​ចាត់ទុកថា​ការបិទ​ចោល​ហាង​មួយ គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយ​ផ្នែក ដែល​អាចឲ្យ​អ្នកនាង​មានឱ​កាសមើលខុសត្រូវ​មុខរបរ​ពីរ​ដោយ​មិន​ខ្វល់​ឆ្លារ​ ចុះ​ឆ្លារ​ឡើង និង​ប្រមូល​យក​ថវិកា​ដែល​ធ្លាប់​ចំណាយ យក​មក​ពង្រីក​ហាង​ទី​២ ឲ្យ​កាន់តែ​មាន​ការចាប់អារម្មណ៍​ប៉ុណ្ណោះ​។ ទន្ទឹម​ការទទួលចម្លើយ​នេះ វា​នៅតែ​ជា​រឿង​ចាប់អារម្មណ៍​ដដែល បន្ទាប់​ពី​អ្នកនាង សម្រេចចិត្ត​បិទ​ចោល​ហាង​ជាប់​ផ្លូវធំ ដោយ​ទុក​តែ​ហាង​ផ្លូវ​ក្នុង ដែល​ត្រូវ​គេ​មើលឃើញថា មិន​មាន​ឥទ្ធិពល​បើកមុខ​ដូច​ទីតាំង​ចាស់​បែបនេះ​៕

ប្រភព៖ VOD

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS