ខេត្ដសៀមរាប ៖ បុរសជនជាតិកាណាដាម្នាក់ដែលទំនងជាញៀនថ្នាំញៀនបានយកកាំបិតចុង ស្រួចចាក់ខ្លួនឯងជាច្រើនកាំបិតបណ្ដាលឲ្យហូរឈាមជោកខ្លួន ដោយមិនមានសម្លៀកបំពាក់ បន្ទាប់ពីបៀតបៀនផ្លូវភេទលើកុមារាជាអនិតិជនជាច្រើននាក់ ។
ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្នុងបន្ទប់ជួលក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ហើយត្រូវបានរថយន្ដសង្គ្រោះបន្ទាន់របស់នគរបាលដឹកទៅព្យាបាលនៅ មន្ទីរពេទ្យដែលបណ្ដាលឲ្យមានការភ្ញាក់ផ្អើលផងដែរ ។
លោកស្រី វរសេនីយ៍ទោ ឌួង ថាវរី ប្រធានការិយាល័យការជួញដូរមនុស្សនិងអនិតិជននៃស្នងការនគរបាល ខេត្ដសៀមរាបបានឲ្យដឹងនៅកន្លែងកើតហេតុថា បុរសស្បែកសនោះមានឈ្មោះDESLAURIES PIERE ជាជនជាតិកាណាដា ភេទប្រុស អាយុ៧០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ QF 73 00 84 ផុតកំណត់នៅខែតុលា ឆ្នាំ២០១៦ ។
លោកស្រី បានបន្ដទៀតថា បន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមគ្រួសារហើយមានការចង្អុលបង្ហាញពី កុមារងគ្រោះផងនោះ សមត្ថកិច្ចចាប់ជនសង្ស័យបានមកដេកសំងំក្នុងបន្ទប់ផ្ទះជួលដោយមិន មានសម្លៀកបំពាក់ បន្ទាប់ពីល្បួកុមារាជាច្រើននាក់យកទៅបៀតបៀនផ្លូវភេទ ហើយមកសមត្ថកិច្ចក៏បានធាក់ទ្វារបន្ទប់ចាប់ជនសង្ស័យនោះ ។
លោកស្រី បានបានសន្និដ្ឋានថា បុរសស្បែកសនោះទំនងញៀនថ្នាំញៀនខ្លាំងនិងដឹងខ្លួនឯងថា បានប្រព្រឹត្តបទល្មើសមកលើអនិតិជនក្រោមអាយុ១៥ឆ្នាំផងនោះ ទើបបានយកកាំបិតចុងស្រួចចាក់មកលើខ្លួនឯង និងអារដៃជាច្រើនកាំបិតបណ្ដាលឲ្យហូរឈាមជោកខ្លួននិងឆ្អាបពេញ បន្ទប់ ។
លោកស្រី វរសេនីយ៍បានបន្ថែមទៀតថា ជនសង្ស័យបានយកទៅព្យាបាលនៅមន្ទីរពេទ្យ រួចហើយនឹងធ្វើការសាកសួរជាក្រោយ ដើម្បីឈានទៅចាត់ការតាមច្បាប់ ៕