1 2 3
4 5 6 7

ម៉េង កែវពេជ្ជតា មិន​ចង់​អួត!

ប្រភព៖ postkhmer

ភ្នំពេញៈ ការ​បាត់​មុខ​តារាចម្រៀង ម៉េង កែវពេជ្ជតា នាំឲ្យ​មាន​ការ​ចោទសួរ​ថា​តើ​តារា​រូប​នេះ​បាត់​មុខ​ទៅ​ណា​? ឬ​មួយ​ក៏​នាង​មិន​សូវ​មាន​ការងារ​សិល្បៈ​សម្រាក​នៅ​ផ្ទះ​? ប៉ុន្តែ​នៅពេល​សម្ភាស​ជាមួយ​នឹង​តារា​រូប​នេះ អ្នកនាង ម៉េង កែវ​ពេជ្ជតា បាន​ឲ្យ​ដឹង​ថា នាង​មាន​ការងារ​រវល់​ស្ទើរ​គ្មាន​ពេល​សម្រាក គ្រាន់តែ​នាង​មិន​ចង់​អួត​ប៉ុណ្ណោះ​។

មួយ​រយៈ​ចុងក្រោយ​នេះ ទស្សនិកជន​បាន​សម្តែង​ការ​ងឿងឆ្ងល់​ពី​ការ​បាត់​វត្តមាន​តារាចម្រៀង សំនៀង​ស្រួយស្រែស​អ្នកនាង ម៉េង កែវពេជ្ជតា ពី​វេទិកា​សិល្បៈ​ទាំង​លើ​កញ្ចក់​ទូរទស្សន៍ និង​ការ​ប្រគំ​តន្ត្រី​នានា ខណៈ​កាលពី​ជាង​១​ឆ្នាំ​មុន តារា​រូប​នេះ​បាន​រីកសាយ​ភាយ​ក្លិន​សំនៀង​ស្ទើរ​គ្រប់​កម្មវិធី​នោះ។

ការ បាត់​មុខ​នេះ​នាំឲ្យ​ទស្សនិកជន​មួយ​ចំនួន​លើក​ឡើង​ថា ទំនង​ជា​តារា​រូប​នេះ​មិន​សូវ​មាន​បទល្បី​ដូច​កាលពី​មុន ដែល​ពិបាក​នឹង​បញ្ចេញ​មុខ​ប្រឈម​នឹង​ទស្សនិកជន។ ដូច្នេះ​ហើយ​នាង​ក៏​ចំណាយ​ពេល​ច្រើន​សម្រាក​នៅ​ផ្ទះ​នោះ។ តែ​ការ​លើក​ឡើង​ពី​ទស្សនិកជន​ទាំងនោះ មិនមែន​ជា​ការ​ពិត​ទេ ខណៈ​ដែល​តារាចម្រៀង​មេម៉ាយ​កូន​ពីរ​រូប​នេះ បាន​ឲ្យ​ដឹង​ថា នា​ពេល​សព្វថ្ងៃ​នេះ រូបនាង​កំពុង​រវល់​នឹង​ការងារ​ស្ទើរ​ដក​ដៃ​មិន​រួច នៅក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ពិធី​មង្គលការ​។

ដោយ​ភាព​រួសរាយ រាក់ទាក់ តារាចម្រៀង​ដែល​ប្រឹងប្រែង​រក​ប្រាក់​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង​រូប​នេះ បាន​និយាយ​លេងសើច​លាយឡំ​ជាមួយ​នឹង​សំណើច​កក្អឹក​ថា៖​«​កុំ​ច្រឡំ​ណា​! មិនមែន​ខ្ញុំ​គ្រោង​រៀប​មង្គលការ​ខ្លួន​ឯង​ទេ…​ (​សើច) គឺ​ខ្ញុំ​ច្រៀង​ការ​គេ»។ តារា​រូប​នេះ​បន្ត​ថា៖​«​រឿង​ខ្ញុំ​ស្ងាត់​អី​នោះ តាមពិត​ទៅ​មាន​ប៉ុស្តិ៍ទូរទស្សន៍​ជាច្រើន​ក៏​បាន​ហៅ​ខ្ញុំ​ឡើង​ច្រៀង បង្ហាញ​មុខ​ដែរ តែ​ខ្ញុំ​សុំទោស​គេ ព្រោះ​ខ្ញុំ​រវល់​ជាប់​ច្រៀង​ក្នុង​ពិធី​មង្គលការ​គេ ពិធី​កាត់សក់ និង​ជប់លៀង​ផ្សេងៗ ជាដើម។ វា​ពិបាក​លៃ​ពេលវេលា ព្រោះ​ពេលវេលា​ច្រើន​តែ​ជាន់​គ្នា​»។

តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នៅក្នុង​រដូវក្តៅ​នេះ រវល់​ស្ទើរតែ​ដក​ដៃ​មិន​រួច​ទេ កុំ​ថា​ឡើយ មាន​ពេល​ឡើង​ច្រៀង​តាម​ប៉ុស្តិ៍​ទូរទស្សន៍ សូម្បី​តែ​ពេល​ចេញ​ទៅ​សម្តែង​ច្រៀង​នៅ​ក្រៅ​ប្រទេស​ក៏​គ្មានពេល​ដែរ​។ តារាវ័យ​៣៦​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖​«​ខ្ញុំ​ទើប​តែ​លុបចោល​គម្រោង ទៅ​ក្រៅ​ប្រទេស ព្រោះ​ជាប់​ការងារ​នៅក្នុង​ស្រុក ខ្លាច​ដាច់​លុយ បើ​ទៅ​ក្រៅ​ក៏​បាន​លុយ​ដែរ គ្រាន់តែ​វា​ឆ្ងាយ​ពេក»។

តារា​រូប​នេះ បញ្ជាក់​ថា៖​«​ខ្ញុំ​មាន​ការងារ​ច្រើន​ត្រូវ​ធ្វើ មិនមែន​ខ្ញុំ​អត់​ចេញ​មុខ​ហ្នឹង​ទំនេរ​ទេ តែ​ខ្ញុំ​មាន​ចរិត​មួយ​មិន​ចូលចិត្ត​ផ្សព្វផ្សាយ ឬ​ក៏​បង្ហោះ​ហ្វេសប៊ុក​អី​ទេ»។ នាង​បន្ថែម​ថា៖​«​និយាយ​ទៅ ខ្ញុំ​ខ្លាច​គេ​ថា អួត តែ​ខ្ញុំ​អត់​ចង់​អួត​អ្នក​ណា​ទេ បើ​ខ្ញុំ​ទំនេរ​មិន​ដឹង​ជា​អ្នក​ណា​រវល់​ទេ​»។

អ្នកនាង ម៉េង កែវ​ពេជ្ជតា កន្លង​មក តែង​មាន​មុខ​ចេញ​បទ​ថ្មីៗ តាមរយៈ​ផលិតកម្ម​រស្មី​ហង្សមាស និង​ផលិតកម្ម​ក្រៅ​ស្រុក តែ​តារា​វ័យ​កាន់តែ​ច្រើន​រូប​នេះ ហាក់​ស្ងាត់ច្រៀប​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​នេះ។ អវត្តមាន​នៅ​ហង្សមាស​នេះ អ្នកនាង ម៉េង កែវពេជ្ជតា បាន​ឲ្យ​ដឹង​ថា ដោយសារ​ផលិតកម្ម​ហង្សមាស​សព្វថ្ងៃ​មាន​តារាចម្រៀង​ច្រើន​គរ​ជើង​គ្នា ទៅ​ហើយ​។ រីឯ​ផលិតកម្ម​ក្រៅ​ស្រុក​កាន់តែ​ពិបាក​ក្នុង​ការ​ឈរជើង​ទប់ទល់​នឹង​ការ លួចចម្លង​។

គួរ​បញ្ជាក់​ថា តារាចម្រៀង ម៉េង កែវពេជ្ជតា បាន​បរាជ័យ​យ៉ាង​ធំធេង​នៅក្នុង​រឿង​ស្នេហា​ជាមួយ​នឹង​ឯកឧត្តម មួង ឃីម ដែល​ចុងក្រោយ​បែក​គ្នា​ទាំង​ផ្ទុះ​រឿង​ចម្រូងចម្រាស។ លោក មួង ឃីម និង​អតីតជំទាវ ម៉េង កែវពេជ្ជតា បាន​រស់នៅ​ជាមួយ​គ្នា​រយៈពេល​ប្រាំ​ឆ្នាំ និង​ទទួល​បាន​ចំណងដៃ​អាពាហ៍ពិពាហ៍​នូវ​កូន​២​នាក់ ដែល​ភាព​រុងរឿង​នៅក្នុង​គ្រួសារ​មួយ​នេះ ត្រូវ​បាន​គេ​គិត​ថា ក្មេង​ទាំង​ពីរ​នឹង​មាន​អនាគត​ល្អ តែ​មិន​បាន​ប៉ុន្មាន​ផង គ្រួសារ​មួយ​នេះ ត្រូវ​បែកបាក់ ដោយ​អ្នកនាង​ម៉េង កែវពេជ្ជតា បាន​បញ្ជាក់​ថា នេះ​ជា​ភាព​អាម៉ាស់​មួយ​របស់​លោក មួង ឃីម ដែល​បាន​ចែក​ផ្លូវ​គ្នា​ទៅ​ដោយ​មិន​បាន​បន្សល់​ប្រាក់​ឲ្យ​កូន​សូម្បី​តែ មួយ​កាក់ មួយ​រៀល​នោះ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS