1 2 3
4 5 6 7

វ៉ាង ស្រីណូ មិន​ទាន់​ច្បាស់​ពេល​វិលវិញ

ប្រភព៖ postkhmer

ភ្នំពេញៈ គេ​នៅ​មិន​ទាន់​ឃើញ​មាន​សកម្មភាព​សិល្បៈ​របស់​ តារាសម្តែង​កំពូល​សម្រស់ សិចស៊ី​នាង វ៉ាង ស្រីណូ បាន​ចេញ​មុខ​នៅ​ឡើយ ទាំង​ការ​សម្តែង ឡើង​ច្រៀង និង​ការ​ថត​ស្ប៉ត បើ​ទោះ​ជា​កាលពី​ជាង​១​ឆ្នាំ​មុន នាង​បាន​ប្រកាស​ដោយ​ភាព​ប្រាកដប្រជា ពី​ការ​វិល​ត្រឡប់​មក​បង្ហាញ​សម្រស់ អុកឡុក​ក្នុង​វិថីសិល្បៈ​វិញ​ក៏ដោយ​។ បញ្ជាក់​ជំហរ​ជាថ្មី ស្រី​ស្រស់​សម្រស់​សិចស៊ី​នាង វ៉ាង ស្រីណូ បាន​សារភាព​ថា នាង​រក​ពេល​ចូល​សិល្បៈ​មិន​បាន​ឡើយ សព្វថ្ងៃ​នេះ​។

បើ​ទោះ​មិន​មាន សកម្មភាព​នៅក្នុង​ពិភពសិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​មិន​បាន​វិល​ត្រឡប់​ចូល​បង្ហាញ​វត្តមាន​នៅក្នុង​ថ្នាល​សិល្បៈ​តាម​ការ សន្យា​ក៏ដោយ ប៉ុន្តែ​តារាសម្ដែង​ស្រី​ល្បី​ខាង​សម្រស់​សិចស៊ី​អ្នកនាង វ៉ាង ស្រីណូ នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់ គ្រប់​ពេល​បង្ហាញ​មុខ​ជា​សាធារណៈ​។ ជាមួយ​គ្នា​នោះ​ទៀត ជីវិត​ឯកជន​របស់​នាង នៅ​តែ​មាន​ឥទ្ធិពល​ធ្វើឲ្យ​គេ​តាមដាន​ដែល​ផ្ទុយ​ស្រឡះ​ពី​ក្រុម​តារា​ធ្លាក់ ​កូដ​មួយ​ចំនួន​ទៀត​។

គ្មាន អ្នកណា​មិន​ដឹង​នោះ​ទេ អ្នកនាង វ៉ាង ស្រីណូ បាន​ប្រកាស​ថា វិល​មក​ប្រឡូក​ក្នុង​សិល្បៈ​វិញ ដើម្បី​បន្សាប​ពាក្យ​ចចាមអារ៉ាម​ទាំងឡាយ ដែល​បាន​ចោទ​ថា​អ្នកនាង​មាន​ជំងឺ​មហារីក​ដើមទ្រូង ត្រង់​កន្លែង​កែកុន រឿង​លាក់មុខ​សម្រាល​កូន​ស្ងាត់ៗ និង​រឿង​មាន​ស្វាមី​លួចលាក់ ទើប​បោះបង់​សិល្បៈ​ជាដើម​។ បន្ទាប់ពី​បាន​ដឹង​ពី​ការ​ប្រកាស​វិលវិញ​នោះ ក៏​លេច​ចេញ​ដំណឹង​ថា មាន​បណ្ដា​ស្ថានីយទូរទស្សន៍ និង​ក្រុម​ផលិតករ​ជាច្រើន បាន​តម្រៀប​ជួរ​គ្នា​ទាក់ទង​ឲ្យ​អ្នកនាង​ចេញ​មុខ​ឡើង​ឆាក និង​ទទួល​សម្ដែង ប៉ុន្តែ​ទទួល​ផល​អវិជ្ជមាន​ទាំងអស់​មក​ទល់​ពេល​នេះ​។

រាល់ ការ​ទាក់ទង មិន​ដែល​ឆ្លើយ​យល់ព្រម​ទេ ដោយ​ប្រាប់​ថា ចាំ​បន្តិច​ទៀត​សិន​បែប​នេះ​បែប​នោះ​ជា​ប្រចាំ ដោយ​ម្ដង​ថា ចាំ​ទំនេរ​បន្តិច​ទៀត និង​ម្ដង​ថា ចាំ​សម្រក​រាង​បាន​ស្វែល​ដូច​ដើម​សិន​។ ការ​ពន្យារពេល​ប្រមាណ​អស់​ជាង​១​ឆ្នាំ​តាំងពី​បាន​ប្រកាស​នោះ ត្រូវ​គេ​យល់​ឃើញ​ថា មិន​ខុស​ពី​ការ​ស្ដោះ​ហើយ​លេប​វិញ​ទេ ដែល​ក្រុម​អ្នក​តាមដាន លើក​ឡើង​ថា នោះ​ជា​អ្វី​ដែល​អ្នកនាង​គ្រាន់តែ​និយាយ ហើយ​ធ្វើ​មិន​បាន​ប៉ុណ្ណោះ។

ប្រឆាំង​តប​នឹង​ការ​លើក​ឡើង​នេះ អ្នកនាង​បាន​ច្រានចោល។ នាង វ៉ាង ស្រីណូ បាន​ប្រាប់​ថា៖ «​ខ្ញុំ​មិន​លេប​សម្ដី​នោះ​ទេ ប៉ុន្តែ​ភាព​ខកខាន​បន្ត ក្រោយពី​ការ​ប្រកាស​វិល​ចូល​សិល្បៈ មកពី​ខ្ញុំ​មិន​ទាន់​ត្រៀម​ខ្លួន​បាន​រួចរាល់ ដើម្បី​បង្ហាញ​មុខ​នៅក្នុង​សិល្បៈ​ជា​ផ្លូវការ​ប៉ុណ្ណោះ ទើប​មក​ទល់​ពេល​នេះ អ្វីៗ​ស្ថិត​នៅ​តែ​ជា​ខ្យល់​កើតឡើង​មិន​ចេញ»​។ អ្នកនាង​នៅ​តែ​អះអាង​ថា នាង​នឹង​មិន​ចោល​សិល្បៈ​ឡើយ និង​គ្រោង​បង្ហាញ​មុខ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​ នេះ។

បើ ទោះ​ជា​បង្ហាញ​ជំហរ គ្រោង​វិល​ចូល​បញ្ចេញ​កាយវិការ​សិល្បៈ និង​ធ្វើឲ្យ​ភ្ញាក់ផ្អើល​ក៏ដោយ ប៉ុន្តែ តារាសម្តែង​ដែល​មាន​ជីវភាព​កាន់តែ​ហ៊ឺហា គ្រា​ដែល​ដក​ឃ្លា​ពី​សិល្បៈ នាង វ៉ាង ស្រីណូ នៅតែ​មិន​ប្រាកដ​ពី​ថ្ងៃ​នោះ​ដដែល ខណៈ​ដែល​ការ​លើក​ឡើង​នេះ ត្រូវ​មនុស្ស​ភាគច្រើន ចាត់​ទុក​ថា​ទំនង​គ្រាន់តែ​ជា​ខ្យល់​ដែល​គ្មាន​ស្រមោល​យូរអង្វែង​ប៉ុណ្ណោះ។

ប្រភព ពី​អ្នកសិល្បៈ​បាន​បញ្ជាក់​ទៀត​ថា៖​«ការ​លើក​ឡើង​របស់ ស្រីណូ អាច​គ្រាន់តែ​ដើម្បី​ជា​ការ​បង្វែរ​ការ​ចាប់​អារម្មណ៍ និង​ទុក​ការពារ​ក្រែង​ថ្ងៃ​ណា​មួយ​នាង​ចង់​ហក់​ប្រឡូក​ក្នុង​សិល្បៈ វិញ​ដើម្បី​គ្មាន​ការ​រិះគន់​ពី​សំណាក់​មហាជន​ប៉ុណ្ណោះ​»៕

20140221_20a
តារា​សម្តែង​សិច​ស៊ី​ វ៉ាង ស្រីណូ កាល​ពី​ចូល​កម្ម​វិធី​សិល្បៈ​។

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS