1 2 3
4 5 6 7

ព្រាប សុវត្ថិ គ្រោង​ដើរ​ចេញ​ពី​ផលិតកម្ម​រស្មី​ហង្សមាស?

ប្រភព៖ postkhmer

ភ្នំពេញៈ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​មាន​ព័ត៌មាន​ដ៏​រំជើបរំជួល ​មួយ​ត្រូវ បាន​លេចធ្លាយ​ឡើង​នៅក្នុង​សង្វៀន​សិល្បៈ​ថា កំពូល​តារាចម្រៀង​ឈរ​តំណែង​កំពូល​របស់​កម្ពុជា​លោក ព្រាប សុវត្ថិ គ្រោង​នឹង​បោះ​ជំហាន​ដើរ​ចេញ​ពី​ផលិតកម្ម​រស្មីហង្ស​មាស ដែល​លោក​ធ្លាប់​ជ្រក​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​នោះ ហើយ​រូប​លោក​នឹង​ចូល​ខ្លួន​ទៅ​ច្រៀង​ឲ្យ​ផលិតកម្ម​ថ្មី​មួយ​ផ្សេង​ទៀត។

ការ លេចធ្លាយ​ព័ត៌មាន​ដ៏​រសើប​ពី​ការ​ចាកចេញ​របស់​កំពូល​តារាចម្រៀង​ក្តោបក្តាប់ ​តំណែង​កំពូល​ជាង​១០​ឆ្នាំ លោក ព្រាប សុវត្ថិ បាន​កើតឡើង​ចេញ​ពី​ក្រុម​អ្នក​សិល្បៈ​ជើង​យូរ​មួយ​ក្រុម​ជជែក​គ្នា​នៅពេល ពួកគេ​បាន​ជួប​គ្នា​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​។

តាមរយៈ ដំណឹង​ទើប​តែ​ធ្លាយ​ចេញ​មួយ​នោះ​បាន​ឲ្យ​ដឹង​ថា តារាចម្រៀង​លោក ព្រាប សុវត្ថិ គ្រោង​នឹង​ដើរ​ចេញ​ពី​ផលិតកម្ម​រស្មី​ហង្សមាស​ជា​ផ្លូវការ​ហើយ​នៅ​ពេល ខាង​មុខ​ដ៏​ខ្លី ហើយ​លោក​នឹង​ត្រូវ​បាន​ផលិតកម្ម​ថោន ដែល​មាន​វ័យក្មេង​ខ្ចី​ជាង​គេ​បើក​ទ្វារ​ចាំ​ទទួល។ តាម​ប្រភព​នោះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​តារាចម្រៀង ព្រាប សុវត្ថិ ឈាន​ជើង​ចូល​ដល់​ផលិតកម្ម​ថោន​ភ្លាម ថោន នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដ៏​ធំ​មួយ ដើម្បី​បញ្ជាក់​ប្រាប់​ពី​វត្តមាន និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​តារាចម្រៀង​រូប​នោះ​។

ទោះ​បី​ជា​មាន​ការ លើក​ឡើង​ពី​ការ​ដើរ​ចេញ​របស់​កំពូល​តារាចម្រៀង​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដាច់ គេ​លោក ព្រាប សុវត្ថិ ក្តី តែ​ប្រភព​អ្នក​សិល្បៈ​រូប​នោះ​មិន​បាន​បញ្ជាក់​ឡើយ​ថា ការ​ដើរ​ចេញ​នោះ​បណ្តាល​មកពី​មូលហេតុ​អ្វី​នោះ​ទេ ពោល​គឺ​គ្រាន់តែ​ដឹង​តាមរយៈ​ការ​ខ្សឹបខ្សៀវ​សួរ​គ្នា​របស់​អ្នក​សិល្បៈ ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​ការ សម្រេច​ចិត្ត​របស់​លោក ព្រាប សុវត្ថិ ដើរ​ចេញ​ពី​ទ្រនំ​ចាស់​នោះ សាមី​ខ្លួន​ផ្ទាល់​មិន​ទាន់​បកស្រាយ​នៅ​ឡើយ ខណៈ​លោក​ហាក់​ដូចជា​មិន​ចង់​ផ្តល់​ការ​សម្ភាស។ លោក​ព្រាប សុវត្ថិ បាន​និយាយ​ថា៖​«​ខ្ញុំ​ជាប់​រវល់​ថត​បន្តិច…​តែ​មិន​ដឹង​ពេល​ណា​ទំនេរ ទេ»។

ជុំវិញ​បញ្ហា​នេះ លោក មាស សុខរតនៈ អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ផលិតកម្ម​ថោន ក៏​ហាក់​ដូចជា​មិន​ចង់​និយាយ​លម្អិត​នោះ​ដែរ ខណៈ​ពេល​ឮ​ពី​ការ​ចោទសួរ​ចំពោះ​ការ​ដើរ​ចេញ​របស់​លោក ព្រាប សុវត្ថិ ពី​ហង្សមាស ចូល​ផលិតកម្ម​ថោន បែរ​ជា​លោក មាស សុខរតនៈ ប្រាប់​ថា កំពុង​ជាប់​រវល់​ទៅ​វិញ។

តែ​យ៉ាង​ណា​មិញ អ្នក​គ្រប់គ្រង​ផលិតកម្ម​រស្មីហង្ស​មាស បាន​ចេញ​មុខ​មក​បញ្ជាក់​ថា ដំណឹង​នៃ​ការ​ត្រៀម​ចាកចេញ​របស់​លោក ព្រាប សុវត្ថិ ពី​ផលិតកម្ម​រស្មីហង្សមាស គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​គ្មាន​ការ​ពិត​ប៉ុណ្ណោះ។ លោក អ៊ឹង សុងលាភ បាន​និយាយ​ថា៖​«​អូ! រឿង​ហ្នឹង​អត់​ពិត​ផង ពាក្យ​ចចាមអារ៉ាម…​»។

ជាមួយ​គ្នា​នោះ លោក អ៊ឹង សុងលាភ បាន​បញ្ជាក់​ថា តាំងពី​ដើម​កន្លង​មក​រវាង​ផលិតកម្ម​រស្មីហង្សមាស និង​លោក​ព្រាប សុវត្ថិ មិន​ដែល​មាន​ភាព​ល្អក់កករ​នឹង​គ្នា​ទេ ដូច្នេះ​ក៏​គ្មាន​មូលហេតុ​អ្វី​ដែល​លោក ព្រាប សុវត្ថិ ត្រូវ​ដើរ​ចេញ​ពី​ហង្សមាស​ដែរ។

អ្នក​គ្រប់គ្រង​ផលិតកម្ម​រស្មីហង្សមាស​រូប​នេះ​បាន​និយាយ​ថា៖​«​យើង​អត់​ ដែល​មាន​បញ្ហា​នឹង​គ្នា​ទេ បទចម្រៀង​របស់​គាត់​មាន​ចេញ​លក់​លើ​ទីផ្សារ​ជា​ហូរហែ ហើយ​គាត់​ក៏​ទើប​ចេញ​អាល់ប៊ុម​ថ្មី​ផង​ដែរ។ ខ្ញុំ​អត់​ដឹង​ថា មាន​ពាក្យ​ចចាមអារ៉ាម​មកពី​ណា​ទេ តែ​យើង​បាន​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​រលូន»។

ទោះជា​យ៉ាង​ណា ការ​ពិត​ថា តើ​លោក ព្រាប សុវត្ថិ ដើរ​ចេញ ឬ​មិន​ដើរ​ចេញ នឹង​បាន​ដឹង​នៅពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បើ​លោក​ចាកចេញ​មែន ប្រាកដ​ណាស់​នឹង​មាន​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដូច​ការ​លើក​ឡើង។

គួរ បញ្ជាក់​ថា ពាក្យ​ចចាមអារ៉ាម​បែប​នេះ ធ្លាប់​លេចឮ​ម្តង​រួច​មក​ហើយ តែ​ទីបំផុត​លោក ព្រាប សុវត្ថិ នៅ​តែ​ជ្រក​ក្រោម​ដំបូល​ហង្សមាស​ដដែល​។ ទស្សនិកជន​បាន​លើក​ឡើង​ថា រស្មីហង្សមាស​ជា​ទ្រនំ​តែ​មួយ​គត់​ដែល​លោក​ព្រាប សុវត្ថិ ជ្រក​តាំងពី​លោក​ចូល​សិល្បៈ​មក ហើយ​តារា​រូប​នេះ ក៏​មិន​ដែល​មាន​បញ្ហា​អ្វី​ធំ​ដុំ​នោះ​ដែរ ដូច្នេះ​ទំនង​ជា​គ្មាន​មូលហេតុ​អ្វី​ដែល​លោក​ត្រូវ​ដើរ​ចេញ​ពី​ផ្ទះ​របស់ ខ្លួន​នោះ​ដែរ​។

គួរ​រំឭក​ផង​ដែរ​ថា លោក ព្រាប សុវត្ថិ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ​១៩៩៧​។ លោក​បាន​បញ្ចប់​បាក់ឌុប​នៅក្នុង​ឆ្នាំ​១៩៩១​នៅ​សាលា​ទួលគោក។ នៅក្នុង​ឆ្នាំ​១៩៨៤ លោក​បាន​ប្រឡង​ទៅ​សិក្សា​នៅ​វៀតណាម​រយៈពេល​៧​ឆ្នាំ ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​មួយ តែ​លោក​មិន​បាន​ទៅ​សិក្សា​ទេ ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ក្រុម​គ្រួសារ។

មកដល់​ក្នុង​អំឡុង ឆ្នាំ​១៩៩២ រយៈពេល​ដែល​លោក​បាន​ធ្វើ​ជា​ទាហាន លោក​ក៏​បាន​ឆ្លៀត​ពេល​ទៅ​ច្រៀង​តាម​រង្គសាល​នានា។ លុះ​រហូត​ដល់​ឆ្នាំ​១៩៩៧ លោក​បាន​ជួប​ជាមួយ​លោកគ្រូ ម៉ម សុគន្ធា ហើយ​ក៏​មាន​ការ​ណែនាំ​ឱ្យ​លោក​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​រស្មីហង្សមាស។ ចាប់ពី​ពេល​ដែល​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ បាន​ចូល​ច្រៀង​ឱ្យ​ផលិតកម្ម​រស្មីហង្សមាស លោក​បាន​ខិតខំ​សាង​កេរ្ដិ៍ឈ្មោះ​ឲ្យ​មាន​ភាព​ល្បីល្បាញ​រហូត​មក​ដល់​ សព្វថ្ងៃ ដែល​ពេល​នេះ​មាន​រយៈពេល​១៥​ឆ្នាំ​ហើយ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS