1 2 3
4 5 6 7

ជីវិត​ពល​ការិនី​ត្រូវ​ថៅកែ​ម៉ា​ឡេ​ស៊ី​ធ្វើ​ទារុណកម្ម​​ដោយ​យក​ដង្កាប់​កៀប​សុដន់​និង​បង្ខំ​ឱ្យ​ផឹកថ្នាំ​ឆ្កួត​

ប្រភព៖ នគរវត្ត

ខេត្ដកំពង់ឆ្នាំង ​ ៖​ ពល​ការិនី​ម្នាក់​ដែល​ទើប​ត្រឡប់​មក​ពី​បម្រើ​ការ​នៅ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ក្រោយ​ពី​ចប់​អាណត្ដិ​ ការងារ​ដែល​ធ្វើការ​ទាំង​បង្ខំ​ ប្រើ​ហិង្សា​ និង​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​ពី​ថៅ​ កែ​ជនជាតិ​ម៉ា​ឡេ​ស៊ី​នោះ​នៅ​ពេល​នេះ​ នាង​សឹង​ក្លាយទៅជា​មនុស្ស​មាន​សតិ​មិន​ គ្រប់​ទៅ​ហើយ​ក្រោយ​ពី​ត្រឡប់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​មក​រស់នៅ​ជាមួយ​ក្រុម​ គ្រួសារ​។​

ក្នុង​ពេល​មក​ជួប​ជាមួយ​មន្ដ្រី​អា​ដ​ ហុ​ក​ ពល​ការិនី​រូប​នេះ​បាន​និយាយ​ទាំង​អាការ​ រវើរវាយ​ក្នុង​ទឹកមុខ​ព្រួយបារម្ភ​ថា​ នាង​ មានឈ្មោះ​ ធន​ សុខ​លី​ អាយុ​២២​ឆ្នាំ​ រស់​ នៅ​ភូមិ​អន្លង់​កញ្ចុះ​ ឃុំ​ប្រឡាយ​មាស​ ស្រុក​កំពង់លែង​ ខេត្ដកំពង់ឆ្នាំង​ នាង​ ទើប​មក​ពី​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ កាលពី​អំឡុង​ខែសីហា​ ឆ្នាំ​២០១៣​ ។​

សំឡេង​ខ្សាវៗ​និង​និយាយ​ទាំង​អួល​ ដើម​ក​ពល​ការិនី​ធន​ សុខ​លី​ បាន​ប្រាប់​ ទៀត​ថា​ គ្រួសារ​នាង​មាន​ភាព​ទីទ័ល​ក្រ​ ខ្លាំង​ណាស់​ហើយ​ដើម្បី​ចង់​ជួយ​សម្រាល​ ជីវភាព​នាង​បាន​សម្រេចចិត្ដ​ទៅ​ធ្វើការ​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​តាម​រយៈ​ក្រុមហ៊ុន​ក្នុងស្រុក​ ។​ នាង​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ ប្រទេស​ម៉ា​ឡេ​ស៊ីក្នុង​អំឡុង​ឆ្នាំ​២០០៩​ នៅ​ពេល​ទៅ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី​នាង​ មាន​អារម្មណ៍​សប្បាយ​យ៉ាង​ខ្លាំង​ ដោយ​ មាន​ក្ដី​សង្ឃឹមថា​ ការណ៍​ដែល​ទៅ​បម្រើ​ការ​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​ជួយ​ឱ្យ​នាង​និង​ ក្រុម​គ្រួសារ​នាង​មាន​ជីវភាព​ប្រសើរ​ ជាង​មុន​ ។​ ប៉ុន្ដែ​ក្ដី​សង្ឃឹម​ដែល​ធ្លាប់តែ​ ប្រាថ្នា​រំពឹង​ទុក​ពី​ពេល​មុន​នោះ​បាន​រលាយ​ សូន្យ​អស់រលីង​គ្មាន​សល់​អ្វី​នោះ​ទេ​គឺ​ផ្ទុយ​ពី​ការ​គិត​របស់​នាង​ ទាំងស្រុង​ ។​

និយាយ​បណ្ដើរ​ទឹកភ្នែក​រលីងរលោង​ បណ្ដើរ​ពល​ការិនី​ធន​ សុខ​លី​ បាន​រៀប​ រាប់​ពី​ទុក្ខ​លំបាក​វេទនា​ដែល​ថៅកែ​ធ្វើ​ បាប​ក្នុង​ពេល​ដែល​នាង​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។​ នៅ​ពេល​លើក​ឡើង​ពី​រសជាតិ​ ជីវិត​នាង​បាន​សម្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​ ហើយ​បាន​និយាយ​មួយៗ​ថា​ នាង​ បាន​ធ្វើការ​តាំងពី​ព្រលឹម​រហូត​ដល់​ម៉ោង​១​រសៀល​ដែល​ថៅកែ​របស់​នាង​ឱ្យ​នាង ​ កាត់​ក្រចក​មាន់​ក្នុង​អំឡុង​ម៉ោង​ធ្វើការ​ នេះ​គឺ​ថៅកែ​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​បាន​បង្ខំ​ឱ្យ​នាង​ធ្វើ​ឱ្យ​បាន​៣០០​ គីឡូក្រាម​បើ​មិន​បាន​នោះ​ទេ​គេ​នឹង​ធ្វើបាប​នាង​ដូច​ជា​មិន​ឱ្យ​បាយ​ហូប​ និង​បង្ខំ​ឱ្យធ្វើ​ការ​រហូត​ដល់​យប់​ជ្រៅ​ ។​ មាន​ពេល​ខ្លះ​ថៅកែ​របស់​ខ្លួន​ បាន​ខឹង​នឹង​នាង​យក​កាំបិត​ចុង​ស្រួច​គប់​មក​លើ​នាង​បណ្ដាល​ឱ្យ​មុត​របួស​ និង​យក​ ទុ​យ​យោ​វាយ​រហូត​ដល់​សន្លប់​ទៀត​ផង​  ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​ភ័យ​ខ្លាច​បំផុត​ រហូត​ចាំ​មិន​ភ្លេច​នោះ​គឺ​កូន​ថៅកែ​របស់​នាង​បាន​យក​ដុំឥដ្ឋ​គប់​ក្បាល​នាង ​រហូត​សន្លប់​ ។​ ក្រោយ​ពី​ដឹងខ្លួន​វិញ​គេ​បាន​ធ្វើ​ ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​មក​លើ​រូប​នាង​គឺ​បាន​យក​ដង្កាប់​មក​ចាប់​កៀប​ចុង​ សុដន់​ កៀប​ម្រាមដៃ​ កៀប​ស្លឹកត្រចៀក​ អុជ​នឹង​ ភ្លើង​ បន្ថែម​លើស​នេះ​ទៀត​គឺ​បង្ខំ​ឱ្យ​នាង​ ផឹកថ្នាំ​ឆ្កួត​ ។​

ទារុណកម្ម​ដ៏​សាហាវយង់ឃ្នង​បែប​ នេះ​គឺ​នាង​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ធ្វើ​ឱ្យ​នាង​ស្លុត​ស្មារតី​អស់ហើយ​ ប៉ុន្ដែ​ទោះជា​យ៉ាង​ ណា​នាង​បាន​ទ្រាំ​លំបាក​វេទនា​ សុខចិត្ដ​ស៊ូ​ ទ្រាំ​រស់នៅ​រហូត​ដល់​ចប់​អាណត្ដិ​ការងារ​ ។​ អ្វី​ដែល​ធ្វើ​ឱ្យ​នាង​កាន់តែ​ឈឺចាប់​យ៉ាង​ ខ្លាំង​បន្ថែម​ទៀត​នោះ​ គឺ​ក្រោយ​ពី​បញ្ចប់​ អាណត្ដិ​ការងារ​ហើយ​បែរជា​ក្រុមហ៊ុន​នាំ​ពល​ការិនី​ទៅ​ធ្វើការ​នៅ​ប្រទេស​ ម៉ា​ឡេ​ស៊ី​នោះ​ទៅ​បើក​យក​ប្រាក់ខែ​អស់ពី​ថៅ​ កែ​ម៉ា​ឡេ​ស៊ី​ ហើយ​បើក​ឱ្យ​នាង​មិន​គ្រប់​ ចំនួន​ទៀត​ផង​ ។​

ចុង​ក្រោយ​នាង​សូម​សំណូមពរ​ដល់​ ប្រជាពលរដ្ឋ​ទូទៅ​មុន​នឹង​សម្រេច​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ត្រូវ​គិត​ឱ្យ​ បាន​ ច្បាស់​ជា​មុន​សិន​ ព្រោះថា​ពេល​ទៅ​ធ្វើការ​ នៅ​ឆ្ងាយ​ស្រុក​នោះ​ពេល​មានទុក្ខ​លំបាក​ពិបាក​ ហើយ​ចង់​មក​ស្រុក​វិញ​នោះ​គឺ​មិន​ ងាយស្រួល​នោះ​ទេ​បើ​ធ្វើការ​ក្នុងស្រុក​ បាន​គួរតែ​នាំ​គ្នា​ធ្វើការ​នៅ​ស្រុក​ខ្មែរ​យើង​វិញ​ល្អ​ជាង​ ៕

a1(318)

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS