1 2 3
4 5 6 7

ទំនប់វារីអគ្គិសនី កម្ពុជាឡាវ បង្កផលប៉ះពាល់ ដល់ពូជត្រីផ្សោត

ប្រភព៖ ដើមអម្ពិល

ភ្នំពេញៈ ចំនួនត្រីផ្សោត នៅក្នុងទន្លេមេគង្គ អាចនឹងត្រូវផុតពូជ ដោយសារគម្រោង ទំនប់វារីអគ្គិសនី នៅតាមបន្ទាត់ ព្រំដែនកម្ពុជាឡាវ ។ នេះបើយោងតាមការលើកឡើង របស់ក្រុមអភិរក្ស កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ។

ទីភ្នាក់ងារសារព័ត៌មាន បាងកកបុស្តិ៍ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤នេះបានឲ្យដឹងថា ការងារសាងសង់ និងការកសាងទំនប់វារីអគ្គិសនី Don Sahong អាចបង្កផលប៉ះពាល់ដល់គុណភាពទឹក និងជីវិតសត្វត្រីផ្សោត ប្រភេទនេះបាន ដែលបច្ចុប្បន្នវា នៅសល់ត្រឹមតែ ៨៥ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គ។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីមូលនីធិពិភពលោក ដើម្បីធម្មជាតិហៅកាត់ថា WWF។

លោក ជិន សម្អាតប្រធាន WWF ប្រចាំកម្ពុជា បានលើកឡើងថា គម្រោងកសាងទំនប់ Don Sahong ក្នុងប្រព័ន្ធទឹកទន្លេ នឹងធ្វើឲ្យពូជត្រីនេះត្រូវបាត់បង់។ ប្រភពពី WWF បានឲ្យដឹងថា តាមការសន្និដ្ឋាន បច្ចុប្បន្ននេះត្រីផ្សោត នៅសល់ត្រឹមតែ ៦.០០០ក្បាលតែប៉ុណ្ណោះ ទូទាំងពិភពលោក ហើយក្នុងចំណោមត្រី ទាំងនោះភាគច្រើនមាននៅប្រទេស បង់ក្លាដែស ដោយឡែកនៅក្នុងទន្លេមេគង្គ ក៏ដូចជាក្នុងប្រទេស ហ្វីលីពីន ភូមា និងឥណ្ឌូនេស៊ី មានមិនដល់ ១០០ក្បាលផងក្នុងតំបន់នីមួយៗ។

មូលនីធិ WWF បានអំពាវនាវដល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីស្នើឲ្យប្រទេសឡាវ បញ្ឈប់ ការកសាងគម្រោងវារីអគ្គិសនី ដែលផ្តល់ថាមពលចំនួន ២៤០មេហ្គាវ៉ាត់នេះ។ កាលពី២០១៣ កន្លងទៅនេះ ប្រទេស ឡាវ បានប្រកាសថា គម្រោងសាងសង់នេះ នឹងចាប់ផ្តើមនៅឆ្នាំ២០១៤នេះ បើទោះបីជាមានការប្រឆាំង ពីសំណាក់ក្រុមអភិរក្សសត្វ និងបង្កផលប៉ះពាល់ដល់បណ្តាប្រទេសមួយចំនួន ព្រមទាំងរំខាន ដល់ការបំលាស់ទី របស់មច្ឆាជាតិ និងសន្តិសុខស្បៀងយ៉ាងណាក្តី។

កន្លងមកនេះ ប្រទេសកម្ពុជាធ្លាប់បានសម្តែងការរិះគន់ចំពោះប្រទេស ឡាវ ដែលមិនបានបង្ហាញ ពីគម្រោងរបស់ខ្លួន ឲ្យបានច្បាស់លាស់ ដោយការងារសាងសង់នេះស្ថិត នៅចម្ងាយត្រឹម តែ ១,៥គីឡូម៉ែត្រប៉ុណ្ណោះ ពីបន្ទាត់ព្រំដែនប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ កម្ពុជាបានបង្ហាញការព្រួយបារម្ភ ចំពោះផលប៉ះពាល់នានា ដែលបណ្តាលមកពីគម្រោងនេះផងដែរ។

គួរបញ្ជាក់ថា ត្រីផ្សោត មិនត្រឹមតែចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរ ប៉ុណ្ណោះទេ ថែមទាំង បានចូលរួមចំណែកធ្វើឲ្យមានតុល្យភាព ក្នុងប្រព័ន្ធអេកូឡូស៊ីនៃទឹកទន្លេផងដែរ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS