1 2 3
4 5 6 7

ក្រុម​អ្នក​តវ៉ា​ថៃ​ឡោមព័ទ្ធ​ទី​ស្នាក់ការ​ដោះស្រាយ​វិបត្តិ​របស់​នាយករដ្ឋមន្ត្រី

20140220_17a

ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិ​បាល​ថៃគ្រវី​ទង់​ជាតិ​ នៅខាង​ក្រៅ​ការិយាល័យ​បណ្តោះអាសន្ន​​របស់​រដ្ឋាភិ​បាល​នៅលេខាធិការដ្ឋាន​ ការពារជាតិជាយ​ក្រុងបាងកក។ AFP

ក្រុងបាងកកៈ ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ថៃ​ដ៏​រឹងរូស បាន​ឡោមព័ទ្ធ​ទីស្នាក់ការ​ដោះស្រាយ​វិបត្តិ​របស់​លោកស្រី​នាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា ដោយ​បង្កើន​យុទ្ធនាការ​របស់​ពួកគេ មួយ​ថ្ងៃ បន្ទាប់ពី​ការ​ប៉ះទង្គិច​តាម​ដងផ្លូវ​ដ៏រន្ធត់ ដែល​បាន​ធ្វើឲ្យ​មនុស្ស​៥ នាក់​ស្លាប់ និង​រាប់​សិប​នាក់​បាន​រងរបួស​នៅ​ក្រុង​បាងកក​។

ការ កើនឡើង​នៃ​អំពើហិង្សា​នេះ បាន​បំផ្លាញ​ក្ដីសង្ឃឹម​នៃ​ការ​កាត់បន្ថយ​ការ​ប្រឈម​ដាក់​គ្នា​ខាង​នយោបាយ​៣ ​ខែ ដែល​មនុស្ស​១៦ នាក់​ត្រូវ​បាន​សម្លាប់ ដោយ​មាន​ទាំង​ក្រុម​បាតុករ និង​ក្រុម​ប៉ូលិស និង​រាប់រយ​នាក់​បាន​រងរបួស​ពី​ការ​បាញ់​កាំភ្លើង និង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ដៃ។

នៅ​ពី​ក្រោយ​ភាព​វឹកវរ​នេះ គឺ​ជម្លោះ​នយោបាយ​ជិត​មួយ​ទសវត្សរ៍​រវាង​ក្រុម​ប្រឆាំង និង​ក្រុម​អ្នក​គាំទ្រ​បងប្រុស​លោកស្រី​យីងឡាក់ គឺ​អតីត​នាយករដ្ឋមន្រ្តី​ដែល​គេច​ខ្លួន​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​តាម​ដងផ្លូវ​ជាច្រើន​។

ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​រាប់​ពាន់​នាក់ បាន​ប្រមូល​គ្នា​ផ្ដុំ​នៅ​ក្រៅ​ការិយាល័យ​លេខាធិការដ្ឋាន​អចិន្រៃ្តយ៍​ ក្រសួង​ការពារ​ជាតិ នៅ​ជាយក្រុង​បាងកក ជា​ទី​ដែល​លោកស្រី​យីងឡាក់​បាន​ធ្វើការ ប្រជុំ​កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ បន្ទាប់ពី​ត្រូវ​បាន​បង្ខំ​ឲ្យ​ចេញ​ពី​ទីស្នាក់ការ​របស់​លោកស្រី នៅក្នុង​សង្កាត់​រដ្ឋាភិបាល​នោះ​។

គេ​ជឿជាក់​ថា​លោកស្រី​នាយករដ្ឋមន្ត្រី​មិន​ស្ថិត​នៅ​ខាង​ក្នុង​ការិយាល័យ ​នោះ​ទេ នៅ​ពេល​នោះ​។ ភាព​តានតឹង​បាន​ធូរស្រាល​វិញ​បន្ទាប់ពី​ក្រុម​មន្រ្តី​យោធា​នៅឯ​ទីតាំង​នោះ បាន​យល់ព្រម​និយាយ​ជាមួយ​មេដឹកនាំ​ការ​តវ៉ា​លោក ស៊ូថេប ធឿកស៊ូបាន​។

លោក​ស៊ូថេបបាន​និយាយ​ថា៖ «បើ​សិន​ជា​លោកស្រី យីងឡាក់ នៅ​តែ​មក​ធ្វើការ​នៅ​ទីនេះ យើង​នឹង​មក​ទី​នេះ​រាល់​ថ្ងៃ​»។

ឥស្សរជន​បក្សប្រឆាំង​ជាន់​ខ្ពស់​ល្បី​ឈ្មោះ​រូប​នេះ ថែម​ទាំង​បាន ស្នើ​ថា លោកស្រី​នាយករដ្ឋមន្ត្រី​អាច​ត្រូវ​បង្ខំ​ឲ្យ​ចេញ​ពី​ប្រទេស​។

បន្ទាប់មក​លោក​បាន​ប្រាប់​អ្នក​គាំទ្រ​ដែល​ស្រែក​អបអរ​ថា​៖ « យើង​នឹង​តាម​ប្រមាញ់​គាត់​ពេញ​មួយ​ថ្ងៃ រហូត​ដល់​លោកស្រី​មិន​អាច​រស់នៅ​ទី​នេះ​បាន​។ ការ​សងសឹក​លោកស្រី យីងឡាក់ ត្រូវតែ ខ្លាំងក្លា​»​៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS