1 2 3
4 5 6 7

ថៃ បាញ់​សម្លាប់​ខ្មែរ ៦៩ នាក់​និង​ចាប់​ឃុំ ១៦៥ នាក់​ក្នុង​ឆ្នាំ ២០១៣

20140220_04

អាជ្ញាធរ​នៅ​ខេត្ត​បន្ទាយមានជ័យអប់រំ​ពលរដ្ឋ​ដែល​ប៉ុន​ ប៉ង​​ឆ្លងដែន​​​​ទៅ​​​​​ថៃ​​រក​​ការ​ងារធ្វើ​​ខុ​សច្បាប់កន្លង​មក​​​។ រូបថត នប.​ជក​

ភ្នំពេញៈ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង មហាផ្ទៃ បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ ២០១៣ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ ២០១៤ នៅ​ចំពោះ​មុខ​ឧត្តម​មន្រ្តី​ប្រមាណ ៥០០ នាក់​ថា មាន​ពលរដ្ឋ កម្ពុជា យ៉ាង​ហោច ៦៩ នាក់ ត្រូវ​ទាហាន ថៃ បាញ់​សម្លាប់ ហើយ​មាន ១៦៥ នាក់​ទៀត ត្រូវ​ចាប់​ឃុំ​នៅ​ប្រទេស ថៃ ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​កាល​ពី​ឆ្នាំ​កន្លង​ទៅ។

លោក ខៀវ សុភ័គ បាន​ថ្លែង​ក្នុង​បទ​បង្ហាញ​ថា៖ «ករណី​ជន កម្ពុជា ត្រូវ​បាញ់​សម្លាប់​ដោយ ទាហាន ថៃ បាន​កើត​ឡើង ៥៥ លើក​គឺ​កើន​ឡើង ៣៩ លើក​ដែល​ក្នុង​នោះ​មាន ៦៩ នាក់​បាន​ស្លាប់​និង ១៦៥ នាក់​ត្រូវ​ចាប់​និង​ឃុំ​ខ្លួន​នៅ​ប្រទេស ថៃ»។

ប៉ុន្តែ​តួលេខ​អ្នក​ស្លាប់​នេះ ខុស​ពី​ទិន្នន័យ​របស់​ក្រសួង ការ​បរទេស​និង​ការិយាល័យ​ទំនាក់​ទំនង ព្រំដែន កម្ពុជា-ថៃ ដែល​បង្ហាញ​ថា មាន​ពលរដ្ឋ​ខ្មែរ​តិច​ជាង ២០នាក់ ត្រូវ​ទាហាន ថៃ បាញ់​សម្លាប់​ក្នុង​ឆ្នាំ​កន្លង​ទៅ។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង ការ​បរទេស បាន​ឲ្យ​ដឹង​ថា៖ «មាន​មនុស្ស ១៣ នាក់ ត្រូវ ថៃ បាញ់​សម្លាប់ នេះ​ជា​ព័ត៌មាន​ផ្លូវ​ការ​របស់​ខ្ញុំ តែ​ខ្ញុំ​មិន​ច្បាស់​ពី​តួលេខ​ស្លាប់ ដែល​បាន​រាយការណ៍​ដោយ​ក្រសួង មហាផ្ទៃ នោះ​ទេ»។ រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ហើយ​កន្លង​មក ក្រសួង​បាន​ផ្ញើ​លិខិត​ការទូត​អំពាវនាវ​ឲ្យ​ទាហាន ថៃ ឈប់​បាញ់​ប្រហារ​អ្នក​ឆ្លង​ដែន កម្ពុជា ប៉ុន្តែ​ខាង​ភាគី ថៃ បាន​ពន្យល់​ថា ការ​បាញ់​នេះ​គឺ​ដោយ​សារ​តែ​ការ​ត​ទល់​គ្នា​ពី​ក្រុម​អ្នក​ឆ្លង​ដែន​ខុស​ ច្បាប់»។

លោក ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន កម្ពុជា និង ថៃ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា តាម​របាយ​ការណ៍​របស់​ការិយាល័យ​ព្រំដែន​លោក​មាន​មនុស្ស​តិច​ជាង ២០ នាក់ ត្រូវ​បាន​សម្លាប់​ដោយ​ទាហាន ថៃ នៅ​ក្នុង​ឆ្នាំ ២០១៣ គឺ​តិច​ជាង​កាល​ពី​ឆ្នាំ ២០១២ ដែល​មាន​អ្នក​ស្លាប់​ដល់​ទៅ ជាង ៤០ នាក់។ នៅ​ក្នុង​ឆ្នាំ ២០១២ មនុស្ស​យ៉ាង​តិច ៤៥នាក់ ត្រូវ​ទាហាន ថៃ បាញ់​សម្លាប់ ខណៈ​ពួក​គេ​ឆ្លង​ដែន ថៃ ខុស​ច្បាប់​ជា​ចំនួន​កើន​ឡើង​បី​ដង ពី​ចំនួន​អ្នក​ស្លាប់​ក្នុង​ឆ្នាំ ២០១១។

លោក​បញ្ជាក់​ដែរ​ថា៖ «ខ្ញុំ​មិន​ច្បាស់​អំពី​របាយ​ការណ៍​របស់​ក្រសួង​ទេ ប៉ុន្តែ របាយ​ការណ៍​ខ្ញុំ តាម​ព្រំដែន កម្ពុជា-ថៃ មាន​មនុស្ស​តែ ១៧ នាក់​ត្រូវ ថៃ បាញ់​សម្លាប់ យើង​មាន​ភ័ស្តុតាង ដូចជា រូបថត​និង​សាក​សព​ពិត​ប្រាកដ។ យើង​តែង​ជួប​ប្រជុំ​ជាមួយ​នឹង​សម​ភាគី ថៃ នៅ​ព្រំដែន ហើយ​ចែក​រំលែក​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​ជួប​បញ្ហា​ទាក់ទង​នឹង​ កិច្ចការ​ព្រំដែន ហើយ​យើង​តែង​តែ​ស្នើ​ឲ្យ​ភាគី ថៃ អនុគ្រោះ​ដោយ​ធ្វើ​ការ​អនុវត្ត​ច្បាប់​វិញ ជាជាង​ការ​បាញ់​សម្លាប់​មនុស្ស»។

លោក​ថ្លែង​ថា ស្ថានការណ៍​ទូទៅ​តាម​បណ្តោយ​ព្រំដែន កម្ពុជា-ថៃ មាន​សភាព​ស្ងប់​ស្ងាត់ ចាប់​តាំង​ពី​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាប់​ឆ្នោត​ជា​នាយក​រដ្ឋ​មន្រ្តី ថៃ មក។

លោក ពេជ្រ វណ្ណា បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ «កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​ពីរ​ប្រទេស មាន​កិច្ច​សហ​ប្រតិបតិ្តការ​ល្អ​និង​ឯកភាព​គ្នា​ដើម្បី​ផល​ប្រយោជន៍ ព្រំដែន​សន្តិភាព»។

លោក ស្រី ណារ៉េន អ្នក​សម្រប​សម្រួល​ក្នុង​ខេត្ត ឧត្តរ​មាន​ជ័យ នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក បាន​ថ្លែង​ថា ការ​ប្រមូល​ព័ត៌មាន​អំពី​ករណី​បាញ់​សម្លាប់​ដោយ​ទាហាន ថៃ តាម​រយៈ​ការ​សម្ភាស​អ្នក​ជិត​ខាង និង​សាច់​ញាតិ​ពួក​គេ​គឺ​បាន​រក​ឃើញ​ថា មាន​ការ​បាញ់​ប្រហារ​ប្រហែល ៣៩ ករណី និង​មាន​មនុស្ស​ប្រមាណ ៤០ នាក់​បាន​ស្លាប់ ក្នុង​ពេល​ឆ្លង​ដែន ថៃ ខុស​ច្បាប់ ដើម្បី​កាប់​ឈើ​ប្រណីត។

លោក​បញ្ជាក់​ថា៖ «យោង​តាម​ការ​ស៊ើប​អង្កេត​របស់​ខ្ញុំ ចំនួន​មនុស្ស​ស្លាប់​នេះ​លើស​ពី​តួលេខ​ដែល​យើង​មាន ព្រោះ​តួលេខ​យើង​មាន​គឺ​មាន​នៅ​តែ​ខេត្ត ឧត្តរ​មាន​ជ័យ ប៉ុន្តែ ចំពោះ​ប្រជា​ពលរដ្ឋ​ពី​ខេត្ត​ដទៃ​ទៀត​គ្មាន​ព័ត៌មាន​ទេ។ ខ្ញុំ​ឯកភាព ចំពោះ​របាយ​ការណ៍​ពី​ចំនួន​មនុស្ស​ស្លាប់​របស់​ក្រសួង មហាផ្ទៃ ថ្វី​បើ​ចំនួន​អ្នក​ស្លាប់​អាច​លើស​ពី ៦៩ នាក់​ក៏​ដោយ»។

យោង​តាម​របាយ​ការណ៍​ក្រសួង មហាផ្ទៃ បាន​ឲ្យ​ដឹង​ដែរ​ថា ពលករ​កម្ពុជា​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​សរុប​ចំនួន ៨២ ៦៣៥ នាក់។

របាយ​ការណ៍​នោះ​ក៏​បង្ហាញ​ដែរ​ថា ក្នុង​ឆ្នាំ​កន្លង​ទៅ បទ​ល្មើស​ព្រហ្មទណ្ឌ ក្នុង​ប្រទេស​កើត​មាន ២ ៧១៦ លើក គឺ​កើន ២៧ លើក ស្មើ​នឹង ១ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១២។ ឆ្នាំ ២០១២ បទល្មើស​មាន ២ ៦៨៩ លើក កើន​ឡើង ៩៣២ លើក នៅ​ក្នុង ១ ៦៣៣ ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស ហើយ កំណើន​បទល្មើស​ក្នុង​ឆ្នាំ ២០១៣ គឺ​មាន​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត ព្រះវិហារ មណ្ឌលគិរី និង​ខេត្ត កោះកុង។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ថ្លែង​ក្នុង​មហា​សន្និបាត​នេះ​ដោយ​ចាត់​ទុក​កំណើន​បទល្មើស​តិច​តួច នៅ​ឆ្នាំ ២០១៣ ថា ជា​ជោគជ័យ​របស់​កង​កម្លាំង​សមត្ថកិច្ច​គ្រប់​ផ្នែក​នៅ​ក្នុង​ការងារ​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​រៀបរយ​ក្នុង​សង្គម​ឲ្យ​មាន​ភាព​ប្រក្រតី៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS