1 2 3
4 5 6 7

អ្នក​វិភាគ​ហៅ​ឧត្តម​សេនីយ៍​ស្រុក​ខ្មែរ​ជា​ឧត្តម​សេនីយ៍ ស៊ូណាមិ

20140220_06b

នាយ​នគរ​បាល​​ ​ចូល​រួម​ក្នុងអង្គ​​សន្និ​បាត​ក្រសួងមហាផ្ទៃ​ ​​កន្លង​មក​​​។ រូបថត ហេង ជីវ័ន​

ភ្នំពេញៈ ក្នុង​ស្ថានភាព​ដែល កម្ពុជា មាន​ពលរដ្ឋ​ត្រឹម​តែ ១៤ លាន​នាក់​នោះ ឧត្តម​សេនីយ៍​ជិត ១០០ នាក់​ត្រូវ​បាន​ដំឡើង​ទៅ​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ ៤ ដែល​កំណើន​នេះ​ត្រូវ​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​ឧត្តម​សេនីយ៍ ស៊ូណាមិ។

តាម​ពិត​អ្នក​វិភាគ បាន​ហៅ​ចំនួន​ឧត្តម​សេនីយ៍​នៅ កម្ពុជា ថា ជា «ឧត្តមសេនីយ៍​ស៊ូណាមិ» ដោយ​អះអាង​ថា គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច​ខ្លាច​បាត់បង់​អំណាច​នៅ​ពេល​ដែល​ពួក​ គេ​ចាញ់​ឆ្នោត ហេតុ​នេះ ទើប​ត្រូវ​តែ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​មេ​បញ្ជាការ​កម្លាំង​ប្រដាប់​អាវុធ​ ឲ្យ​ឡើង​ដល់​ថ្នាក់​កំពូល​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន។

លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ​បាន​លើក​ឡើង​ថា ការ​ដំឡើង​ឋានន្តរស័ក្តិ​ឲ្យ​មន្ត្រី​ប្រដាប់​អាវុធ គឺជា​មេរៀន​ដដែល​ពី​អតីតកាល ខណៈ​ដែល​រដ្ឋាភិបាល​ចម្រុះ​ដឹក​នាំ​ដោយ​គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​ទ្រង់ នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋ​មន្រ្តី ទី១ និង​គណបក្ស​ប្រជាជន មាន​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្រ្តី ទី២ កាល​ពី​ឆ្នាំ ១៩៩៨។ នៅ​ពេល​នោះ ទ្រង់ នរោត្តម រណឫទ្ធិ និង លោក ហ៊ុន សែន ប្រជែង​គ្នា​ដំឡើង​ឋានន្តរស័ក្តិ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​រៀងៗ​ខ្លួន ដើម្បី​ការពារ​អំណាច ប៉ុន្តែ ក្រោយ​មក​ឋានន្តរស័ក្តិ​មន្ត្រី​ទាំង​នោះ​ត្រូវ​កាត់​បន្ថយ​វិញ។ លោក កែម ឡី ថា ឧត្តសេនីយ៍​ផ្កាយ ៣ ត្រូវ​កាត់​មក​នៅ​ផ្កាយ ១ ហើយ​ផ្កាយ ២ ត្រូវ​កាត់​មក វរ​សេនីយ៍​ឯក។

លោក កែម ឡី អះអាង​ថា៖ «និយាយ​ជា​រួម វា​ជា​កំហុស​មួយ​ទៀត។ វា​ជា​ឧត្តម​សេនីយ៍ ស៊ូណាមិ។ ឧត្តម​សេនីយ៍​ច្រើន​ណាស់។ វា​បណ្តាល​មក​ពី​រឿង​នយោបាយ​ព្រោះ​រដ្ឋាភិបាល​ត្រូវ​ការ​អំណាច រដ្ឋាភិបាល​ត្រូវ​ការ​កងទ័ព​ដើម្បី​ក្រាញ​អំណាច ដូច្នេះ ក្នុង​ស្ថានការណ៍​ដែល CPP ចាញ់​ឆ្នោត CPP នឹង​មិន​ចុះ​ចេញ​ទេ»។

លោក កែម ឡី បាន​ប្រៀប​ប្រដូច កម្ពុជា ទៅ​នឹង មីយ៉ាន់ម៉ា នៅ​ពេល​ដែល​មេ​បក្ស​ប្រឆាំង​លោក​ស្រី អ៊ុងសាន ស៊ូជី ឈ្នះ​ឆ្នោត កាល​ពី​ឆ្នាំ ១៩៩៤ បក្ស​កាន់​អំណាច មីយ៉ាន់ម៉ា បាន​បញ្ជា​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ចាប់​ខ្លួន​អ្នក​នយោបាយ​របស់​បក្ស​ ប្រឆាំង​ដាក់​គុក។

លោក កែម ឡី មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​យើង​មិន​ធ្វើ​កំណែ​ទម្រង់​កងទ័ព​ឲ្យ​ឯករាជ្យ ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​មហាក្សត្រ​ទេ វា​អាច​ដូច​គ្នា​នឹង មីយ៉ាន់ម៉ា»។ លោក​មើល​ឃើញ​ថា ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា ឆ្នាំ ២០១៣ នៅ​ពេល​លេច​ធ្លាយ​ព័ត៌មាន​ថា CNRP ឈ្នះ​ឆ្នោត CPP បាន​ចល័ត​កម្លាំង​ប្រដាប់​អាវុធ​ចូល ភ្នំពេញ ប៉ុន្តែ​ពេល​មាន​ព័ត៌មាន​ថា CPP ឈ្នះ​ឆ្នោត ស្ថានការណ៍​បាន​វិល​មក​ធម្មតា​វិញ។

កាល​ពី​សប្តាហ៍​មុន ក្រសួង ការពារ​ជាតិ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តម​សេនីយ៍​ចំនួន ២៩រូប ទៅ​ជា​នាយ​ឧត្តម​សេនីយ៍​ផ្កាយ ៤ ខណៈ​នាយ​ឧត្តម​សេនីយ៍​ផ្កាយ ៤ ដែល​មាន​ស្រាប់ មាន​ចំនួន ២៩ រូប។ ទន្ទឹម​គ្នា​នេះ ក្រសួង មហាផ្ទៃ ក៏​បាន​ដំឡើង​ឧត្តម​សេនីយ៍ ៦រូប ទៅ​ជា​នាយ​ឧត្តម​សេនីយ៍​ដែរ ហើយ​កាល​ពី​ម្សិលមិញ​ក្រសួង មហាផ្ទៃ បាន​ដំឡើង​ឧត្តម​សេនីយ៍ ៣រូប ទៀត ទៅ​ជា​នាយ​ឧត្តម​សេនីយ៍។ សរុប​ទៅ កម្ពុជា មាន​នាយ​ឧត្តម​សេនីយ៍ ចំនួន ៦៧រូប។

នាយ​ឧត្តម​សេនីយ៍​នគរបាល ទើប​ទទួល​រាជក្រឹត្យ​តែង​តាំង​ថ្មី​បី​រូប​មាន លោក​ឧត្តម​សេនីយ៍ ឈុន ឈុន្នី លោក​ឧត្តម​សេនីយ៍ ស៊ឹម សុផល និង​លោក​ឧត្តម​សេនីយ៍ ខេង សុមេធ។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​លោក ផៃ ស៊ីផាន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​សារ​ថា វា​ជា​ការ​វាយ​ប្រហារ​ដែល​គ្មាន​មូលដ្ឋាន ហើយ​ចាត់​ថា នេះ​ជា​ការ​ប្រមាថ​ធ្ងន់​ធ្ងរ​ដែល​គេ​មិន​អាច​ទទួល​យក​បាន។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា៖ «ការ​ដំឡើង​ឋានន្តរស័ក្តិ​នេះ គឺ​ដោយ​សារ​តែ​ពួក​គេ​បម្រើ​ជាតិ។

(យើង) មិន​អាច​ធ្វើ​បាន​ដូច​យើង​គិត​ទេ។ ពួក​គេ​លះបង់​ជីវិត​ដើម្បី​ការពារ​ទឹក​ដី។ អំណាច​នាយក​រដ្ឋ​មន្រ្តី គឺ​មិន​ពឹង​លើ​កងទ័ព​ទេ។ អំណាច​នាយក​រដ្ឋ​មន្រ្តី​គឺ​ពឹង​លើ​ការ​ទុក​ចិត្ត​របស់​ពលរដ្ឋ»៕

ប្រភព៖ postkhmer

ព័ត៌មានផ្សេងៗ

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS