1 2 3
4 5 6 7

មាស​ចាប់​ផ្តើម​ឡើង​ថ្លៃ​បន្ទាប់​ពី​ធ្លាក់​ចុះ​ពី ២០១៣

20140219_11

ហាងលក់មាសមួយកន្លែងនៅផ្សារថ្មី។ តម្លៃមាសនៅកម្ពុជា​បានស្ទុះងើបឡើងវិញ​នៅដើម​ឆ្នាំនេះ ។ រូបថត ហេង ជីវ័ន​

ភ្នំពេញៈ តម្លៃ​មាស​នៅ​ទីផ្សារ​ក្នុង​ស្រុក​បាន​កើន​ឡើង​បន្តិច​នៅ​ខែ​ទី​ពីរ​ដើម ឆ្នាំ ២០១៤ នេះ បន្ទាប់​ពី​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ឆ្នាំ ២០១៣។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ សន្ទស្សន៍​តម្លៃ​មាស​បាន​កើន​ដល់ ១ ៦១០ ដុល្លារ​ក្នុង​មួយ​តម្លឹង​កើន ៨,៤៤ ភាគរយ បើ​ធៀប​នឹង​តម្លៃ​មាស​ក្នុង​ខែ មករា ឆ្នាំ ២០១៤។ នេះ​បើ​តាម​របាយ​ការណ៍​សន្ទស្សន៍​ទំនិញ​ចេញ​ផ្សាយ​ដោយ​ក្រសួង ពាណិជ្ជកម្ម។

របាយ​ការណ៍​បង្ហាញ​ថា មាស​បន្ត​ធ្លាក់​ថ្លៃ​ពី ១ ៩៥០ ដុល្លារ​ក្នុង​មួយ​តម្លឹង​នៅ​ដើម​ខែ មករា ឆ្នាំ ២០១៣ មក​ត្រឹម ១៤៨០ ដុល្លារ​នៅ​បំណាច់​ឆ្នាំ។ តម្លៃ​មាស​នៅ​បន្ត​នៅ​ទ្រឹង​ត្រឹម ១ ៤៨០ ដុល្លារ​ក្នុង ខែ មករា ឆ្នាំ ២០១៤។

អ្នក​ស្រី សៀង លីម ម្ចាស់​ក្រុមហ៊ុន លីហួរ ដែល​ជា​ហាង​ប្តូរ​ប្រាក់ និង​ទិញ​លក់​មាស​ធំ​មួយ​នៅ កម្ពុជា បាន​ឲ្យ​ដឹង​ថា តម្លៃ​មាស​ក្នុង​ខែ កុម្ភៈ នេះ​បាន​ឡើង​ថ្លៃ​បន្តិច​ហើយ​ធៀប​នឹង​ឆ្នាំ​មុន។

មាស​ឡើង​ថ្លៃ​ធ្វើ​ឲ្យ​សកម្មភាព​ជួញ​ដូរ​មាន​ការ​ប្រែ​ប្រួល​ដែរ។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​សម្បូរ​អ្នក​លក់​ចេញ។ គេ​ទិញ​ពេល​មាស​នៅ​ថោក​ដល់​ពេល​មាស​ឡើង​ថ្លៃ​បន្តិច​វិញ​នោះ គេ​យក​មក​លក់​ដើម្បី​យក​ចំណេញ»។ អ្នក​ស្រី​បញ្ជាក់​ថា តម្លៃ​មាស​ដែល​កើន​ឡើង​នេះ​គឺ​មិន​មែន​មក​ពី​តម្រូវការ​មាស​ក្នុង​ស្រុក​កើន ​ឡើង​នោះ​ទេ​តែ​វា​ឡើង​ចុះ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ។

ចំណែក អ្នក​ស្រី សុខ លីម៉េង ម្ចាស់​ហាង​មាស ម្កុដ ពេជ្រ ដែល​ជួញ​ដូរ​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជំនួញ​នៅ​ក្នុង​ហាង​របស់​អ្នក​ស្រី​មាន​ការ​ថយ​ចុះ​បន្ទាប់​ពី​តម្លៃ​មាស​ បន្ត​ធ្លាក់​ចុះ​នៅ​ឆ្នាំ ២០១៣។

អ្នក​ស្រី​ថ្លែង​ថា៖ «មាស​ចុះ​រហូត​តាំង​ពី ២ ៣០០ ដុល្លារ​ក្នុង​មួយ​តម្លឹង​នៅ​ឆ្នាំ ២០១១-២០១២ មក ១ ៧៥០ ដុល្លារ​ដើម​ឆ្នាំ ២០១៣ រួច​មក​នៅ​ត្រឹម ១ ៤៥០ ដុល្លារ ទើប​តែ​ឡើង​បាន​ប្រហែល ១ ៦០០ វិញ​ថ្មីៗ​នេះ។ អ្នក​ទិញ​គេ​មិន​ហ៊ាន​ទិញ​ទេ ព្រោះ​ខ្លាច​ខាត​ពេល​មាស​ចុះ​ថ្លៃ​រហូត​ដូច្នេះ»។

ទោះ​ជា​យ៉ាង​ណា​អ្នក​ស្រី​និយាយ​កាល​ពី​ម្សិលមិញ​ថា អ្នក​ស្រី​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​មាស​ឡើង​ថ្លៃ​បន្តិច​វិញ ហើយ​រំពឹង​ថា ថ្លៃ​មាស​អាច​នឹង​បន្ត​កើន​ឡើង​នៅ​ខែ​បន្ទាប់។

លោក Grant Knuckey អគ្គ​នាយក​ធនាគារ ANZ និយាយ​ថា តម្លៃ​មាស​នៅ​កម្ពុជា​ដើរ​តាម​តម្លៃ​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ ពាក់​ព័ន្ធ​នឹង​កត្តា​នាំ​ឲ្យ​មាស​ឡើង​ថ្លៃ​នេះ​លោក​ពន្យល់​ថា៖ «តម្លៃ​មាស​ដែល​កើន​ឡើង​នៅ​ពេល​នេះ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ តម្រូវការ​មាស​ជា​ទ្រព្យ​សុវត្ថិភាព​នៅ​ទីផ្សារ​អន្តរជាតិ ខណៈ​ពេល​ដែល​រូបិយប័ណ្ណ​ដុល្លារ​ធ្លាក់​ចុះ បូក​រួម​នឹង​ទិន្នន័យ​សន្ទុះ​សេដ្ឋកិច្ច​ចិន​ដែល​បង្ហាញ​ថា បាន​ថម​ថយ​បន្តិច​នោះ»។

លោក Grant បន្ថែម​ថា ទីផ្សារ​មាស​នៅ កម្ពុជា នៅ​មាន​លក្ខណៈ​តូច​នៅ​ឡើយ។ ទីផ្សារ​មាស​នៅ​ក្នុង​ស្រុក​ពឹង​ផ្អែក​លើ​តម្រូវ​ការ​ពី​វិនិយោគិន និង​អ្នក​ប្រើ​ប្រាស់ [មាស​ជា​គ្រឿង​អលង្ការ] តែ​ប៉ុណ្ណោះ។ ធនាគារ ANZ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ជួញ​ដូរ​មាស​ធំៗ​ទាំង ៥ ក្នុង​ពិភពលោក។ ANZ ក៏​ជា​ធនាគារ​មួយ​នៅ​ក្នុង​ចំណោម​ធនាគារ​ផ្សេង​ទៀត​នៅ កម្ពុជា ដែល​មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​នាំ​ចូល​មាស​ដែរ។

Bloomberg រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា មាស​ដុំ​បាន​ឡើង​ថ្លៃ ១០ ភាគរយ​នៅ​ឆ្នាំ ២០១៤ នេះ នៅ​ពេល​មាន​កំណើន​តម្រូវ​ការ​កាក់ និង​មាស​សន្លឹក និង​ដោយ​សារ​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​អាមេរិក ដែល​បាន​ជំរុញ​ដល់​កំណើន​តម្រូវ​ការ​មាស​របស់​ក្រុម​វិនិយោគិន​ទុក​ធ្វើ​ជា​ ទ្រព្យ​សុវត្ថិភាព៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS