1 2 3
4 5 6 7

តុលាការ​ផ្ដន្ទាទោស​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​មន្ត្រី​ក្រសួងមហាផ្ទៃ​ដាក់គុក​ម្នាក់ៗ​៣​ឆ្នាំ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ

M19-p-full

ប្រភព៖ កម្ពុជាថ្មី

ភ្នំពេញ ​៖ អតីតមន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួងយុត្តិធម៌​ម្នាក់ និង​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់ ដែល​ត្រូវបាន​ចោទប្រកាន់ ពីបទ​ឆបោក​ប្រាក់​ចំនួន​២.៥០០​ ដុល្លារ ដោយ​ប្រើប្រាស់​ឈ្មោះ ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ជួយ​រត់ការ​ដោះលែង​ជនល្មើស​ចេញពី​គុក តែ​មិនបាន​សម្រេច នោះ​ត្រូវ​បាន​លោក ស៊ិន វិសាល ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤ សម្រេច​ផ្ដន្ទាទោស​ក្នុង​ម្នាក់​៣ ឆ្នាំ តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​២​ឆ្នាំ ពី​បទ​ឆបោក​ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ។

អតីតមន្ត្រី ​ទាំងពីរ​នាក់​នេះ​ឈ្មោះ នួន សា​រ៉ា​ត អាយុ​៤២​ឆ្នាំ ជា​ម​ន្ត្រី នៃ​នាយកដ្ឋាន រដ្ឋប្បវេណី ក្រសួងយុត្តិធម៌ និង​ឈ្មោះ កែវ សុផល អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​នគរបាល នាយកដ្ឋាន​បេតិកភណ្ឌ ក្រសួងមហាផ្ទៃ។ អ្នក​ទាំងពីរ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ឃុំខ្លួន​ដាក់​ពន្ធនាគារ​ កាលពី​រសៀល​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៣ ពី​បទ​ឆបោក។

គួរ​ រំលឹក​ថា នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៣ ​​មួយថ្ងៃ បន្ទាប់ពី​ជនល្មើស​ទាំងពីរ​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ឃុំខ្លួន​ដាក់​ពន្ធនាគារ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានធ្វើ​សន្និសីទកាសែត​មួយ។ ក្នុងនោះ លោក នួន សុ​ធិ​មន្ត ប្រធាន​នាយកដ្ឋាន​កិច្ចការ​គតិយុត្តិ ពាក្យបណ្តឹង និង​អន្តរជាតិ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១២ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល បណ្តឹង​មួយ​ពី​ឈ្មោះ សាន យេន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មានមុខ​របរ​ជាកសិករ រស់នៅ​ខេត្តកំពត ប្តឹង​ឈ្មោះ នួន សា​រ៉ា​ត និង​ឈ្មោះ កែវ សុផល ថា​បាន​ឆបោក​ប្រាក់​របស់​គាត់​ចំនួន​២.៥០០ ដុល្លារ ដើម្បី​រត់ការ​ដោះលែង ឲ្យ​នៅ​ក្រៅ​ឃុំ បងប្អូន​របស់​គាត់​ឈ្មោះ ឃ្លោក វ៉ៃ ភេទ​ស្រី ពី​មន្ទីរអប់រំ​កែប្រែ​ព្រៃ​ស។

លោក នួន សុ​ធិ​មន្ត បន្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​ពាក្យបណ្តឹង ចំនួន​៣ ពាក់ព័ន្ធ នឹង​ជនសង្ស័យ​ខាងលើ។ ក្រោយមក​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានធ្វើការ​ស្តាប់​ចម្លើយ​សាក្សី ដើម​បណ្តឹង និង​ជនសង្ស័យ ទាំងពីរ​នាក់ ខាងលើ​ជា​លទ្ធផល អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រកឃើញ​ថា ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​ជាប់​ពាក់ព័ន្ធ នឹង​ការប្រើប្រាស់​ឈ្មោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​តេជោ​ជ្រៃ​បាក់ ឃុំ​តេ​ជោ​អភិវឌ្ឍ ស្រុក​ឈូក ខេត្តកំពត ក្នុង​ការ​រត់ការ​ដោះលែង ជនជាប់ចោទ ឈ្មោះ ឃ្លោក វ៉ែ ភេទ​ស្រី ដែល​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ឃុំខ្លួន​បណ្ដោះអាសន្ន​ នៅ​ពន្ធនាគារ​ព្រៃ​ស៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS