1 2 3
4 5 6 7

លី​ ច័ន្ទ​សីហា ព្រមាន​ហេង​ ប៊ុន​​លាភ តាម​ហ្វេស​ប៊ុក​

ប្រភព៖ កោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ តា​រា​សម្តែង​ល្បី​ឈ្មោះ​តាំង​ពី​នៅ​វ័យ​កុមារ​នាង​លី​ ច័ន្ទ​សីហា កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ត្រូវ​ជន​ម្នាក់​ក្លែង​ឈ្មោះជា​តា​រា​សម្តែង​លោក​​ហេង​ ប៊ុន​លាភ ខ្ចី​លុយ​តាម​ហ្វេស​ប៊ុក​ ដោយ​ប្រាប់​ថា​​មាន​បញ្ហា​ត្រូវ​ការ​ជំនួយ​បន្ទាន់​ ។ ដោយ​យល់​ថា​ជា​រឿង​ឆ​បោក​ លី​ ច័ន្ទ​សីហា​ មិន​ព្រម​វេរ​លុយ​ឱ្យ​ជន​កំហូច​ម្នាក់​នោះ​ទេ​ ថែម​ទាំង​ព្រមាន​ប្តឹង​ប៉ូលិស​ទៀត​​ផង​ ។

លី​ ច័ន្ទ​សីហា​ ជា​សិល្ប​ការិនី​ទី​២​​ហើយ​ ដែល​អំពាវ​នាវ​ឱ្យ​មហា​ជន​បាន​ដឹង​ជា​សាធារណៈ​ជុំ​វិញ​ជន​ឆ​បោក​លុយ​តាម​រយៈ ​​ហ្វេស​ប៊ុក​ ដោយ​យក​ឈ្មោះ​លោក​ហេង​ ប៊ុន​លាភ​ អតី​ត​តា​រា​សម្តែង​ល្បី​ឈ្មោះ​មក​ប្រើ​ ខណៈ​ម្ចាស់​ខ្លួន​មិន​បាន​ដឹង​សោះ​នោះ​ ។ មុន​នេះ​តា​រា​ចម្រៀង​អ្នក​នាង​ម៉ៅ​ សីុ​ណាត​ បាន​ប្រកាស​ថា​មាន​គេ​យក​ឈ្មោះ​ លោក​ហេង​ ប៊ុន​លាភ​ បន្លំ​បោក​យក​លុយ​ពី​នាង​ហើយ​នាង​វិះ​តែ​ចាញ់​បោក​គេ​អស់​៣០០​ដុល្លារ​ ។ នាង​ស្គាល់​អត្ត​ចរិត​លោក​​ប៊ុន​លាភ​ ដែល​ធ្លាប់​រួម​អាជីព​ជាមួយ​គ្នា​ ដូច្នេះ​ហើយ​ទើប​មិន​ភ្លាត់​ស្នៀត​ចាញ់​ល្បិច​ជន​ខិល​ខូច​ ។ ចំណែក​តា​រា​សម្តែង​​ លី​ ច័ន្ទ​សីហា​ ក៏​ជួប​រឿង​នេះ​ដែរ​ តែ​នាង​មិន​ចាញ់​ល្បិច​ឆ​បោក​នោះ​ទេ​ ។

ក្នុង​ជំនួប​កាល​ពី​រា​ត្រី​ថ្ងៃ​ទី​១៧​ កុម្ភៈ ២០១៤ លី​ ច័ន្ទ​សីហា​ ដែល​ចូល​រួម​ពិធី​ខួប​កំណើត​តា​រា​ចម្រៀង​ ឆៃ​លី​ ដា​ឡែន​ ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​ទាំង​ហួស​ចិត្ត​ថា​ នាង​មិន​ភ្លើ​ចាញ់​បោក​មនុស្ស​កំហូច​ម្នាក់​នោះ​ទេ​ ។ នាង​គ្មាន​អស់​លុយ​ដោយ​សារ​តែ​ពួក​ប្រើ​ល្បិច​កុហក​នោះ​ទេ​ គឺ​មួយ​រយ​លុយ​ខ្មែរ​ក៏​មិន​អស់​ដែរ​ ។ ម្ចាស់​ហ្វេស​ប៊ុក​នោះ​ លី​ ច័ន្ទ​សីហា​ អះ​អាង​ថា ជា​មនុស្ស​ប្រុស​ម្នាក់​ធ្វើ​ជា​ស្គាល់​គេ​ឯង​ពិសេស​អ្នក​សិល្បៈ និង​តាំង​ខ្លួន​ជា​លោក​ហេង​ ប៊ុន​លាភ ។ ជន​កំហូច​នោះ​ធ្វើ​ជា​ខូច​រថ​យន្ត​នៅ​កន្លែង​នេះ​នៅ​កន្លែង​នោះ​ ហើយ​ខ្វះ​លុយ​ក៏​សូម​ខ្ចី​​សិន​ ជាក់​ស្តែង​គឺ​ខ្ចី​រូប​នាង​តែ​ម្តង​ ។ តាម​រយៈ​ហ្វេស​ប៊ុក​ ជន​បោក​ប្រាស់​នោះ​ប្រើ​ពាក្យ​ «អូន​សីហា បង​ប៊ុន​លាភ​ ឥឡូវ​បង​ខូច​ឡាន​កុន​លុយ​ ប្អូន​អាច​វេរ​លុយ​ឱ្យ​ចំនួន​៣០០​ដុល្លារ​សិន​បាន​ទេ​ ចាំ​ដល់​ផ្ទះ​វេរ​សង​វិញ​តាម​ក្រោយ​» ។

សីហា​និយាយ​ថា «ប្រាប់​តាម​​ត្រង់​ទៅ​ចុះ​រវាង​ខ្ញុំ​ និង​លោក​ប៊ុន​លាភ​ គឺ​ស្គាល់​គ្នា​យូរ​ឆ្នាំ​មក​ហើយ​ និង​មិន​ដែល​មាន​ពាក្យ​ពេចន៍​អី​ហៅ​ខ្ញុំ​អូន​​បង​ពេញ​មាត់​នោះ​ទេ​ ។ គាត់​ធ្លាប់​តែ​ហៅ​ខ្ញុំ​ថា​កូន​ ហើយ​ខ្ញុំ​ធ្លាប់​ហៅ​គាត់​ថា​ ប៉ា​ៗ​ពេញ​មាត់​ រឿង​អី​និយាយ​ប្លែក​បែប​នេះ​ ។ នៅ​ទី​បំផុត​ខ្ញុំ​កាត់​យល់​ថា​ នោះ​ជា​ល្បិច​មិន​ខាន​ ទើប​នាង​ខ្ញុំ​ប្រាប់​ទៅ​តាម​ហ្វេស​ប៊ុក​វិញ​ថា កុំ​មក​បោក​អី​​ធ្វើ​ដូច​គេ​មិន​ស្គាល់​ប៊ុន​លាភ​ ។ បន្ទាប់​មក​ខ្ញុំ​លុប​ឈ្មោះ​នោះ​ចេញ​ពី​ហ្វេស​ប៊ុក​ចោល​ទៀត​ផង ។ មុន​លុប​ចេញ​ ខ្ញុំ​ព្រមាន​ហេង​ ប៊ុន​​លាភ​ ក្លែង​ក្លែយ​នោះ​ថា បើ​ហ៊ាន​ធ្វើ​បែប​នេះ​ទៀត​ នឹង​ចាត់​ការ​តាម​ច្បាប់​ ឱ្យ​គេ​តាម​ស្វែង​រក​តែ​ម្តង​ ព្រោះ​ខ្លាច​ធ្លាក់​ទៅ​លើ​អ្នក​ដទៃ​ទៀត» ។

លី​ ច័ន្ទ​សីហា ដែល​កំពុង​តែ​ធ្វើ​ជា​បេក្ខ​នារី​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​អប្សរា​២០១៤ ​ បាន​អំពាវ​​នាវ​ដល់​អ្នក​និយម​លេង​ហ្វេស​ប៊ុក​ទាំង​អស់​គួរ​តែ​ប្រើ​ក្នុង​ ផ្លូវ​ត្រូវ​ ប្រកប​ដោយ​សុជីវ​ធម៌​ មិន​ត្រូវ​លេង​ដើម្បី​បោក​គេ​ឯង​នោះ​ទេ ។ នាង​សរ​សើរ​ដែល​ប្រជា​ជន​យើង​ចេះ​ប្រើ​ប្រព័ន្ធ​ទំនើប​ ដែល​អាច​ដឹង​ពី​ស្ថាន​ភាព​ស្រុក​ទេស​ និង​ស្រុក​គេ​តែ​គួរ​តែ​លេង​ក្នុង​ផ្លូវ​​ល្អ​ ៕

2002ceec-9bd8-451d-b1c2-af3500a3f02e

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS