1 2 3
4 5 6 7

ភ្លើង​ប្រចណ្ឌ​ ៖ ប្ដី​កាប់​ប្រពន្ធ​មួយ​ពូថៅ​រង​របួសធ្ងន់​

ប្រភព៖ នគរវត្ត

ខេត្ដ ​ប៉ៃលិន​ ៖​ បុរស​ម្នាក់​ត្រូវ​នគរ​បាល​ឃាត់ខ្លួន​ បន្ទាប់​ពី​ប្រើអំពើហិង្សា​យក​ពូថៅ​កាប់​ទៅ​លើ​ប្រពន្ធ​ចំ​ក្បាល​មួយ​ពូថៅ​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ព្រោះតែ​ភ្លើង​ប្រចណ្ឌ​ ។​ ការ ​ឃាត់ខ្លួន​បុរស​ជា​ប្ដី​នេះ​ សមត្ថកិច្ចបាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​ក្នុងផ្ទះ​បុរស​ដៃដល់​ស្ថិត​ក្នុងភូមិ​ក្បាល​ព្រ​លាន​ សង្កាត់​អូរ​តា​វ៉ៅ​ ក្រុង​ប៉ៃ​លិ​ន​ ។​ ក្រោយកើតហេតុ ​ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប៉ៃលិន​ ដោយសារ​ស្ថានភាព​របួសធ្ងន់​រួច​ក៏​បញ្ជូន​បន្ដ​ទៅ​មន្ទីរពេទ្យ​ ខេត្ដបាត់ដំបង​ ។​

​លោក​ គង់​ សំណាង​ នាយ​ប៉ុស្ដិ៍​នគរ​បាល​សង្កាត់​អូរ​តា​វ៉ៅ​ បានឱ្យ​ដឹង​ថា​ បុរស​ជា​ប្ដី​ដែល​នគរបាល​ឃាត់ខ្លួន​ ឈ្មោះ​ ជូ​ សារី​ អាយុ​៤៩​ឆ្នាំ​ មានមុខ​របរ​ជា​ជាងសំណង់​ ។​ ចំណែក​ស្ដ្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ មាស​ ស្រី​មុំ​ អាយុ​៣២​ឆ្នាំ​ មុខរបរ​លក់​អាវ​ជជុះ​ មាន​ទី​លំនៅ​ចំណុច​កើតហេតុ​ខាងលើ​ត្រូវ​ប្ដី​កាប់​ចំ​ក្បាល​ពីក្រោយ​មួយ​ ពូថៅ​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ ។​ ពួក​គេ​ទាំង​ពីរ​នាក់​បាន​រៀប​ការ​ជាមួយ​គ្នា​ជាង​១៤​ឆ្នាំ​មក​ហើយ​ៗមានកូន​ ២​នាក់​(​ស្រី​ម្នាក់​)​ ។​

​លោក​បាន​ បន្ដ​ទៀត​ថា​ មូលហេតុ​ដែល​ប្ដី​យក​ពូថៅ​ទៅ​កាប់​ប្រពន្ធ​ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ ព្រោះ​នៅ​មុន​ពេល​កើតហេតុ​ ប្ដី​របស់​នាង​តែងតែ​រករឿង​វាយ​ដំ​ប្រពន្ធ​ និង​រស់នៅ​មិនសូវ​ចុះសម្រុង​គ្នា​ ។​ រហូត​ដល់​ប្រពន្ធ​ប្ដឹង​មេ​ភូមិ​សុំ​លែងលះ​គ្នា​អស់​រយៈពេល​៤​ខែ​មក​ហើយ​មិន ​បាន​នៅ​ជាមួយ​គ្នា​ទេ​ ។​ ពេល​ថ្មីៗ​នេះ ​ប្ដី​របស់​ស្ដ្រី​រង​គ្រោះ​បាន​ត្រឡប់​ចូល​ផ្ទះ​ក៏​ត្រូវ​គ្នា​វិញ​ទៅ​ ស្រាប់តែ​មិន​បាន​ប៉ុន្មាន​ផង​ បុរស​ជា​ប្ដី​ក៏​យក​ពូថៅ​ទៅ​កាប់​ប្រពន្ធ​តែ​ម្ដង​ ។​

​ស្ដ្រី​ ឈ្មោះ​ ប៉ុន​ រ៉ាត់​ អាយុ​៥៧​ឆ្នាំ​ ជា​ម្ដាយ​ស្ដ្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ កូនស្រី​បាន​ដើរមក​ផ្ទះ​គាត់​ ព្រោះ​ផ្ទះ​គាត់​និង​ផ្ទះ​កូន​នៅ​ទល់មុខ​គ្នា​ចម្ងាយ​ប្រហែលជា​២០​ម៉ែត្រ​ ។​ ពេល​កូន​គាត់​ដើរមក​ដល់​ក្រោមផ្ទះ​ ស្រាប់តែ​ប្ដី​របស់​នាង​ដើរមក​តាម​ពីក្រោយ​ ។​ ពេល​មក​ដល់​ជិត​កូន​គាត់​ក៏​ទាញ​ពូថៅ​ពី​ចង្កេះ​កាប់​កូនស្រី​គាត់​ចំ​ក្បាល ​ពីក្រោយ ​បណ្ដាល​ឱ្យ​ដួល​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្ដង​ ។​ ពេល​ឃើញ​ដូច​នោះ ​គាត់​ក៏​ស្ទុះ​ទៅ​ចាប់​ ហើយ​ស្រែក​ឱ្យ​គេ​ឯ​ជួយ​ ហើយបុរស​ជា​ប្ដី​បាន​រត់ឡើង​ទៅ​លើ​ផ្ទះ​ តែ​ត្រូវ​នគរបាល​ឃាត់ខ្លួន​ ​។​

​ បច្ចុប្បន្ន​ បុរស​ជា​ប្ដី​ដៃដល់​កាប់​ប្រពន្ធ​ខ្លួនឯង ​ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​ ផ្លូវច្បាប់​ ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS