1 2 3
4 5 6 7

វីត​វីត ប្រកាន់​ជំហរ​បិទផ្លូវ​​

ប្រភព៖ VOD

​វីត​វីត ដែល​មានឈ្មោះ​ដើម​ថា​សា​ទី​វីត កាលពីកន្លងទៅ/វង្ស សុម៉ាលីន

អំណះអំណាង ​ថ្មីៗ​របស់​ពិធី​ការិនី​វីត​វីត នៅ​តែ​រក្សា​ដដែល​គឺ​មិន​ទទួល​ឃោសនា​នូវ​រាល់​ផលិតផល​ពាក់ព័ន្ធ​នឹង​គ្រឿង​ ស្រវឹង រួមមាន ស្រា ស្រា​ប៊ៀ និង​បារី​ជាដើម​។ ក្នុងនោះ​សួម្បី​តែ​ផលិតផល ដែល​មាន​លក្ខណៈ​ឆបោក​អតិថិជន ក៏​នាង​ប្រកាន់​ជំហរ​មិន​ទទួល​ឃោសនា​នោះដែរ​។ នេះ​ជា​ជំហរ​ដ៏​កម្រ ដែល​តារា​ល្បី​ដូច​ប្រកាន់​ភ្ជាប់ ប៉ុន្តែ​ក៏​ត្រូវ​គេ​អះអាង​ជា​ជំហាន​បិទ​ច្រក​ខ្លួនឯង ក្នុងការ​ក្រសោប​ភាព​ល្បី និង​ប្រាក់​ចំណូល​ផងដែរ​។

​វីត​វីត ដែល​មានឈ្មោះ​ដើម​ថា​សា​ទី​វីត ឲ្យដឹងថា រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដែល​នាង​ប្រកាន់​ជំហរ​មិន​ទទួល​ឃោសនា​ផលិតផល​ទាំងនោះ​។ ជាក់ស្ដែង​ចាប់​តាំងពី​នាង​លេចធ្លោ​ក្នុង​អាជីព​ជា​ពិធី​ការិនី មាន​ក្រុមហ៊ុនស្រា​ប៊ៀ និង​ផលិតផល​ធំៗ​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​ជា​ច្រើន​បន្តកន្ទុយ​គ្នា ទាក់ទង​ឲ្យ​នាង​ថត​ស្ពត​។ ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​គឺ​នាង​មិន​ទទួលយក​ឡើយ ដើម្បី​ឲ្យស្រប​នឹង​ការប្រកាស​ផ្លូវការ ថា​​មិន​​ទទួល​ឃោសនា​ចំពោះ​ផលិតផល​ទាំងនោះ​។ នាង​មិន​ខ្លាច​ចំពោះ​រឿង​មិន​ល្បី​លឿន​ស្លេវ បើ​គ្រាន់តែ​មិន​ទទួល​ថត​ស្ពត និង​ឃោស​នា​នូវ​គ្រឿង​ស្រវឹង និង​ផលិតផល​បែប​បោក​បញ្ឆោទ​ទាំង​ហ្នឹង​នោះទេ បើ​ទោះ ជា​ដឹងថា ស្ពត​របស់​ផលិតផល ទាំងនោះ មាន​កម្លាំង​​ជំរុញ​គ្រប់គ្រាន់ ដើម្បី​ឲ្យ​នាង​ឈានទៅ​ក្លាយ​ជា​តារា​ជួរមុខ​។ វីត​វីត​លើកឡើងថា ស្ពត​ធំៗ​នៅ​ស្រុក​ខ្មែរ ភាគច្រើន​គឺ​ទាក់ទង​ស្រា ស្រា​ប៊ៀរ និង​គ្រឿង​ស្រវឹង​នានា​។ ក្រៅពី​មាន​ខ្ទង់ចំណាយ​ខ្ពស់ ក្នុង​ការប្រូ​ម៉ូត​នៅលើ​កញ្ចក់​ទូរទស្សន៍ ក្រុមហ៊ុន​ទាំង​នេះ ក៏​មាន​លទ្ធភាព​ពេញលេញ​ក្នុងការ​ឃោសនា​តាម​ផ្ទាំង​បដា​ធំៗ​នៅ​លើ​ដងផ្លួវ​ ទៀតផង​។ អ៊ីចឹង​ហើយ ទើប​តារា​ដែល​មាន​ឱកាស​ទទួល​ថ​ត​ស្ពត​ទាំងអស់​នោះ ឬ​មាន​ឱកាស​បាន​ក្លាយជា​កម្មវិធី​របស់​ផលិតផ​លទាំង​អស់​នេះ គឺ​ងាយ​នឹង​លេចធ្លោរ​។ ប៉ុន្តែ​សម្រាប់​នាង មិន​គិត​ថា​នោះ​ជា​អ្វី​ដែល​នាង​​ត្រូវ​ធ្វើ​នោះ​ទេ បន្ទាប់ពី​នាង​យល់ថា ធ្វើ​ជា​តារា​ម្នាក់ បើ​មិន​បាន​អ្វី​ជួយ​សង្គម គឺ​គួរ​កុំ​ប្រើ​ប្រជាប្រិយភាព​របស់​ខ្លួន ទៅ​បង្វក់​ក្មេងៗ​។ នាង​អះអាង​ថា ទោះជា​ស្ពត​ទាំងនោះ ហ៊ាន​តម្លៃ​ខ្ពស់ ក៏​នាង​មិន​ទទួល​ឃោសនា​នោះដែរ ដើម្បី​រក្សា​ជំហរ ដែល​នាង​ធ្លាប់​ប្រកាស​តាំងពី​មុន​មក កុំឲ្យ​មាន​ការរិះគន់​។ តារា​រូប​នេះ​ពោលថា «​ទស្សនៈ​របស់​ខ្ញុំ គឺ​ខ្ញុំ​មិន​ទទួល​ផ្សព្វផ្សាយ​ផលិតផល​ទាំង​ហ្នឹង​នោះទេ ព្រោះ​ខ្ញុំ​ចង់​ធ្វើ​ជា​គំរូ​ដល់​យុវជន ហើយ​បើ​កុំ​តែ​ប្រកាន់​ជំហរ​នេះ ប្រហែល​ជា​ខ្ញុំ​ដើរ​ទៅ​មុខ​បាន​លឿន​ឆ្ងាយ​ណាស់ នៅក្នុង​សិល្បៈ​»​។

(​វីត​វីត ដែល​មានឈ្មោះ​ដើម​ថា​សា​ទី​វីត និងតារាសម្តែងផ្សេងទៀត/វង្ស សុម៉ាលីន)

​វីត​វីត លើកឡើងថា ទទួល​ឃោសនា​ផលិតផល​បែប​គ្រឿង​ស្រវឹង​មិនកើត​ទេ ក្នុងពេល​ដែល​នាង​រមែង​ផ្ដែផ្ដាំ​អ្នកទស្សនា និង​យុវវ័យ​ទាំង​ឡាយ ដែល​ទស្សនា​កម្មវិធីរ​បស់​នាង ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ផ្សេងៗ ហើយ​បែរជា​មក​ថត​ស្ព​តស្រា បារី និង​គ្រឿង​​ស្រវឹង ដើម្បី​លើកទឹកចិត្ត​ឲ្យ​ពួកគេ ទទួលទាន​នោះ​។ វា​មិន​ខាតបង់​ប៉ុន្មាន​ឡើយ ដោយ​គ្រាន់តែ​មិន​ទទួល​ថត​ស្ពត​ទាំងនេះ ដើម្បី​កូន​​ខ្មែរ និង​ដើម្បី​រក្សា​ជំហរ​ខ្លួនឯង​។ យ៉ាងណាមិញ នាង​មិន​បាន​សម្ដែង​ការរិះគន់​ចំពោះ​តារា​ទាំងឡាយ ដែល​បាន​ប្រើប្រាស់​ប្រជា​ប្រិយ​ភាព​​របស់​ខ្លួន​ទទួល​ឃោសនា​ផលិតផល​ទាំងនោះ ​ឡើយ ដោយ​នាង​គ្រាន់​តែ​គិតថា ខ្លួន​ល្បី​ពី​មហាជន គឺ​មិន​អាច​បង្វក់​មហាជន តាម​រយៈ​​ផលិតផល​ទាំងនោះ​ប៉ុណ្ណោះ​។ នាង​ទទួលស្គាល់ថា ជំហរ​នេះ កំពុង​បណ្ដាលឲ្យនាង​បង់ឱ​កាសថត​ស្ព​តរបស់​ផលិត​គ្រឿង​ស្រវឹង​ធំៗ និង​បង្ហាញមុខ​នៅ​កម្មវិធី​ដែល​រៀបចំ​ផលិតផល​ទាំងនោះ ក្នុង​ពេល​ឡើង​កូដ​។ ប៉ុន្តែ​នាង​នៅ​តែ​សប្បាយចិត្ត ព្រោះតែ​ការលះបង់ បាន​​ជួយ​ឲ្យ​នាង​ទទួលបាន​មោទនភាព​ពី​សំណាក់​អ្នកគាំទ្រ​។

​ជំហរ​របស់​វីត​វីត គឺជា​អ្វី​ដែល​គេ​កម្រ​ឃើញ​នៅក្នុង​ចង្កោម​តារា​ល្បី​។ ប៉ុន្តែ​ជំហរ​នេះ បានទទួល​ការកោតសរសើរ​យ៉ាង​ខ្លាំង ក្នុងពេល​ដែល​អ្នក​ណា​ក៏​ដឹង​ថា​គ្រឿង​ស្រវឹង​នៅ​កម្ពុជា មាន​ការផ្សព្វផ្សាយ ក្នុងន័យ​លើកទឹកចិត្ត​ឲ្យ​ជនជាតិ​ខ្មែរ​ពិសារ​កាន់តែច្រើន ដែល​ជា​កត្តា​នាំទៅ​ដល់​អត្រា​គ្រោះថ្នាក់​ចរាចរ​ខ្ពស់​ជា​រៀងរាល់ឆ្នាំ​។ វីត​វីត និយាយថា បើ​នាង​មិន​ប្រកាន់​ជំហរ​មួយ​នេះ នាង​ប្រហែលជា​ខ្វះ​ឱកាស​ថត​ស្ពត​លេចធ្លោ និង​ទទួល​កម្មវិធី​ខេត្ត​ក្រុង ដែល​ជា​ការរៀបចំ និង​ស្ពុន​ស័រ ដោយ​ផលិតផល​ដែល​ជា​គ្រឿង​ស្រវឹង​ទាំងនោះ​ឡើយ​៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS