1 2 3
4 5 6 7

បុរស​ម្នាក់​រសាត់​អណ្តែត​តាម​ទូក​​កណ្តាល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​14​ខែ​ រស់​បាន​ដោយ​ផឹក​ឈាម​អណ្តើក​ជំនួស​ទឹក​ ហូប​សត្វ​រំពេ​ និង​ត្រី​ឆៅ​

ប្រភព៖ កោះសន្តិភាព

រសាត់​អណ្តែត​បាត់​ទិស​ដៅ​ និង​ដាច់​ស្បៀង​អាហារ​លើ​ទូក​កណ្តាល​មហា​សមុទ្រ​ប៉ាសុី​ហ្វិក​អស់​រយៈ​ពេល​ ជាង​១ឆ្នាំ​ វា​សម​តែ​អស់​ជីវិត​ទៅ​ហើយ​ ប៉ុន្តែ​បុរស​ម្នាក់​អាច​នៅរស់​រាន​មាន​ជីវិត​បាន​ ដោយ​ការ​ផឹក​ឈាម​អណ្តើក​ជំនួស​ទឹក​ និង​បរិភោគ​ត្រី​ឆៅ​ ។ ការ​ត្រដរ​រស់​បាន​ក្នុង​ស្ថាន​ភាព​មិន​គួរ​ឱ្យ​រស់​ បុរស​នោះ​ត្រូវ​គេ​ដាក់​រហស្ស​នាម​ថា​ «មនុស្ស​អច្ឆរិយ» ។​

សារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​៣​ កុម្ភៈ​​ ឆ្នាំ​២០១៤​ ផ្សាយ​ថា​ បុរស​នោះ​ឈ្មោះ​ចូសេ​ អុីវ៉ាន​ ជា​អ្នក​នេសាទ​ជន​ជាតិ​អែល​សាល់​វ៉ាឌ័រ​ ។ គាត់​បាន​ទទួល​រហស្ស​នាម​ថា​ ជា​ «មនុស្ស​អច្ឆរិយ» ក្រោយ​ពី​រួច​ផុត​ពី​គ្រោះ​ថ្នាក់​អណ្តែត​តែល​តោល​នៅ​លើ​ទូក​កណ្តាល​មហា​ សមុទ្រ​ប៉ាសុីហ្វិក​ អស់​រយៈ​ពេល​១៤​ខែ​ ។​ លោក​ចូសេ​ អុីវ៉ាន​ បាន​ធ្វើ​ដំណើរ​ចេញ​ពី​មុិក​សុិក​ នៅ​ចុង​ឆ្នាំ​២០១២​ រួម​ជាមួយ​មិត្ត​ភក្តិ​ម្នាក់​ទៀត​ ដែល​បាន​ស្លាប់​ទៅ​ហើយ​នៅ​កណ្តាល​មហា​សមុទ្រ​ ។​ ការ​រួច​ពី​គ្រោះ​ថ្នាក់​របស់​លោក​ចូសេ​ អុីវ៉ាន​ ដោយ​សារ​ទទួល​ទាន​ឈាម​អណ្តើក​ជំនួស​ទឹក​ រួម​ទាំង​ទទួល​ទាន​អណ្តើក​ ត្រី​ និង​សត្វ​រំពេឆៅ​ ដែល​ចាប់​ដោយ​ដៃ​ ដើម្បី​រស់​រាន​មាន​ជីវិត​អស់​រយៈ​ពេល​ជាង​១ឆ្នាំ​ រួម​ទាំង​ការ​អាន​គម្ពីរ​ «ប៊ីប៊ល» សម្រាប់​ជា​ការ​បន់​ស្រន់​ឱ្យ​អាច​រក្សា​ជីវិត​បាន​ ។​

លោក​ចូសេ​ អុីវ៉ាន​ ត្រូវ​ក្រុម​ឆ្មាំ​សមុទ្រ​ជួយ​សង្គ្រោះ​ បន្ទាប់​ពី​ទូក​របស់​គេ​អណ្តែត​ទៅ​ទើរ​នៅ​លើ​កោះ​អេបុន​អាតេល​ កាល​ពី​សប្តាហ៍​កន្លង​មក​ ខណៈ​រាង​កាយ​គ្មាន​កម្លាំង​កំហែង​ សក់​បះ​កន្ទ្រីង​កន្ទ្រើង​ និង​មាន​ពុក​មាត់​វែង​ ។​ សមត្ថ​កិច្ច​បញ្ជូន​លោក​ចូសេ​ អុីវ៉ាន​ ទៅ​ពិនិត្យ​សុខ​ភាព​ជា​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​ម៉ាដូរ៉ូ​ ។​ ក្រោយ​ពី​រស់​រាន​មាន​ជីវិត​ បុរស​អច្ឆរិយ​ចូសេ អុីវ៉ាន​ បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ ការ​រស់​រាន​មាន​ជីវិត​រហូត​មក​ដល់​ពេល​នេះ​ គឺ​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​ ប៉ុន្តែ​វា​ជា​ការណ៍​ពិត​ ដែល​លោក​បាន​ឆ្លង​កាត់​ ៕​

91cae6a5-6de1-41f7-83e6-8207d282b7ed

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS