1 2 3
4 5 6 7

សៀវភៅ​ផ្ទះបាយ​ខ្មែរ​ឈ្នះ​ជ័យលាភី​ឆ្នើម​នៅ​អង់គ្លេស​ឆ្ពោះ​ទៅ​ថ្នាក់​សកល

140204_21a

អ្នកស្រី Kanika ​ទទួល​​​វិញ្ញាបនបត្រជ័យលាភី​សៀវភៅ​ម្ហូបឆ្នើម។អ្នកស្រី ឡុង សូរី ជា​សហនិពន្ធ​សៀវភៅ​វិជ្ជាធ្វើម្ហូប​ខ្មែរ។

ភ្នំពេញ : ចំណង់​អាហារ​នៅ​ស្រុក​កំណើត​នា​ពេល​កំពុង​ពពោះ​កូន​ដំបូង​បាន​ធ្វើឲ្យ​ ស្ត្រី ខ្មែរ​ដែល​រស់នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ផ្ដើម​ចូល​ចង្ក្រាន​ចម្អិនម្ហូប និង​ចងក្រង​រូបមន្ត​ទាំងនោះ​ឲ្យ​ក្លាយ​ទៅ​ជា​សៀវភៅ​ផ្ទះបាយ​ដ៏​ល្បីល្បាញ ជា​អន្តរជាតិ។

សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ខ្មែរ​ចំណងជើង​ថា Ambarella, Cambodian Cuisine ដែល​ចាប់​បដិសន្ធិ​ចេញ​ពី​ស្នាដៃ និង​ក្ដីស្រឡាញ់​រវាង​អ្នកស្រី ឡុង សូរី ជា​ម្ដាយ និង​អ្នកស្រី កន្និកា លីនដិន (Kanika Linden) បាន​ឈ្នះ​ជ័យលាភី​ហ្គួរមេនដ៍ ជា​សៀវភៅ វិជ្ជា​ធ្វើ​ម្ហូប​អាស៊ី​ឆ្នើម (Best Asian Cuisine) ប្រចាំ​ឆ្នាំ​២០១៣ នៅ​ចក្រភព​អង់គ្លេស។

ការ​ជាប់​ជ័យលាភី​ខាង​លើ​នឹង​ធ្វើឲ្យ​សៀវភៅ វិជ្ជា​ផ្ទះបាយ​នេះ​មាន​សិទ្ធិ​ក្នុង​ការ​ប្រកួត​ងារ​ជា​សៀវភៅ​វិជ្ជា ធ្វើ​ម្ហូប​ឆ្នើម​ថ្នាក់​ពិភពលោក ដែល​លទ្ធផល​នៃ​ការ​ប្រកួត​នឹង​ប្រកាស​ក្នុង​កម្មវិធី​នៅ​ទីក្រុង​ប៉េកាំង ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សៀវភៅ​ផ្ទះបាយ​នៅ​ថ្ងៃ​ទី​១៩​ដល់​២២​ខែ​ឧសភា​ខាង​មុខ នេះ។

ជា​រៀងរាល់​ឆ្នាំ​មាន​សៀវភៅ និង​ឯកសារ​ផ្សព្វផ្សាយ​ពី​ម្ហូបអាហារ និង​ភេសជ្ជៈ​ជាង​២៦០០០​ត្រូវ​បាន​ចេញ​ផ្សាយ​ទូទាំង​ពិភពលោក។ ឆ្នាំ​នេះ​សៀវភៅ Ambarella ដែល​មាន​ចងក្រង​នូវ​រូបមន្ត​ម្ហូប​ខ្មែរ​ពិតៗ​ចំនួន​ជាង​១០០​មុខ​ជា ស្នាដៃ​ស្ថិត​ក្នុង​ចំណោម​១៨៧​ប្រទេស​ដទៃ​ទៀត​ដែល​ចូលរួម​ការ​ប្រកួត ជ្រើសរើស​ដ៏​ធំ​នេះ។

អ្នកស្រី កន្និកា លីនដិន ដែល​សហនិពន្ធ​សៀវភៅ​នេះ មាន​កំណើត​នៅ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​សង្គ្រាម​ឆ្នាំ​១៩៧០។ នៅពេល​ដែល​អ្នកស្រី​មាន​វ័យ​ប្រមាណ​ជា​៥​ឆ្នាំ ក្រុម​គ្រួសារ​របស់​អ្នកស្រី​ត្រូវ​បាន​ជម្លៀស​ដោយ​ឧត្ថម្ភាគចក្រ​អាមេរិក ទៅ​រស់នៅ​ជំរំ​ជនភៀសខ្លួន​ក្នុង​ទីក្រុង​សាន់ឌីហ្គូ ទឹកដី​អាមេរិក។ ក្រោយ​មក​ឪពុក​អ្នកស្រី​បាន​សម្រេច​ចិត្ត​ទៅ​រស់នៅ​ប្រទេស​បារាំង ដែល​ទី​នោះ​ហើយ​ជា​កន្លែង​អ្នកស្រី កន្និកា ក្រេបជញ្ជក់​ចំណេះដឹង​ផ្នែក​ពាណិជ្ជកម្ម មុន​នឹង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​បង្កើត​ក្រុម​គ្រួសារ​ថ្មី​នៅ​ទឹកដី​អង់គ្លេស ក្រោយពី​រៀបការ​មាន​ស្វាមី​រួច។

អ្នកម្ដាយ​មាន​កូន​៣​នាក់​រូប​នេះ​បាន រំឭក​ថា៖ «ក្រោយពេល​ដែល​ខ្ញុំ​សម្រាល​កូន​ដំបូង ខ្ញុំ​បាន​រៀន​វគ្គ​ថតរូប​អាជីព ដោយសារ​តែ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ផ្នែក​សិល្បៈ​រូបភាព»។

ក្រោយ​មក​ជំនាញ​នេះ​បាន​ជួយ​ដល់​អ្នកស្រី​ក្នុង​ការ​ផ្ដិត​យក​រូបភាព និង​រចនា​សៀវភៅ​វិជ្ជា​មុខម្ហូប​ខ្មែរ។

ទាក់ទិន នឹង​ដំណើរ​ដើមទង​នៃ​ការ​ចងក្រង​សៀវភៅ​នេះ​ឡើង អ្នកស្រី​បាន​រៀបរាប់​ថា៖ «កាល​នោះ​ខ្ញុំ​ពពោះ​កូន​ដំបូង ហើយ​ខ្ញុំ​នឹក​ឃ្លាន​ម្ហូប​ខ្មែរ​ណាស់។ ដើម​ឡើយ​ខ្ញុំ​មិន​ធ្លាប់​ធ្វើ​ម្ហូប​ខ្លួន​ឯង​ទេ ព្រោះ​ម្ដាយ​ខ្ញុំ​គិត​ថា​គាត់​មាន​តួនាទី​ចម្អិន​អាហារ​ឲ្យ​កូនៗ​របស់​ គាត់។ ដោយសារ​តែ​នៅ​ទីក្រុង​ឡុងដ៍​សឹង​តែ​មិន​មាន​សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ខ្មែរ ដូច្នេះ​ម្ដាយ​ខ្ញុំ​បាន​សរសេរ​រូបមន្ត​ធ្វើ​ម្ហូប​ឲ្យ​ខ្ញុំ​ជានិច្ច។ អស់​រយៈពេល​ជាង​១០​ឆ្នាំ​រូបមន្ត​ទាំងនេះ​បាន​រំលេច​នូវ​គំនិត​មួយ​ឲ្យ យើង​គួរ​ចងក្រង​ជា​សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ខ្មែរ»។

សម្រាប់​អ្នក​ម្ដាយ និង​កូនស្រី​ពីរ​រូប​នេះ ម្ហូបអាហារ​មិន​ត្រឹម​តែ​ជា​របស់​ចម្អែត​ក្រពះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ពិពណ៌នា​ពី​រូបមន្ត​អាហារ​ទាំងនេះ​បាន​កកាយ​ឡើង​វិញ​នូវ​ រឿងរ៉ាវ​អតីតកាល រួម​ទាំង​សាវតារ​គ្រួសារ​ដែល​អ្នកម្ដាយ​ម្នាក់​មិន​ធ្លាប់​លើក​យក​មក​បរិយាយ ប្រាប់​កូនស្រី​របស់​ខ្លួន។

អ្នកស្រី កន្និកា បាន​និយាយ​ថា៖ «នៅពេល​ដែល​រឿងរ៉ាវ​ជីវិត​ម្ដាយ​របស់​ខ្ញុំ​ត្រូវ​បាន​លាតត្រដាង​តាមរយៈ ការ​ប្រាប់​ពី​រូបមន្ត​ម្ហូប​ទាំងនេះ ខ្ញុំ​ស្វែង​យល់​កាន់តែ​ច្បាស់​ពី​ប្រវត្តិ និង​ជីវិត​គ្រួសារ​ម្ដាយ​ខ្ញុំ ហើយ​សម្រាប់​យើង​វា​ជា​ដំណើរ​ផ្សារ​ភ្ជាប់​ក្ដីស្រឡាញ់​រវាង​ម្ដាយ និង​កូន​ផង​ដែរ»។

គម្រោង​ផលិត​សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​នេះ​បាន​ចាប់ផ្ដើម មែនទែន​នៅពេល​ដែល​អ្នកស្រី កន្និកា មក​លេង​ប្រទេស​កំណើត​នៅ​ឆ្នាំ​២០០៨។ ដោយ​ប្រើ​ជំនាញ​ថតរូប​ដែល​ខ្លួន​បាន​ចេះ​រួច​មក​នោះ អ្នកស្រី​បាន​ថតរូប​ផ្លែ​ម្នាស់ និង​គ្រឿងផ្សំ​ខ្មែរ​ដទៃ​ទៀត​សម្រាប់​ចងក្រង​ក្នុង​សៀវភៅ​របស់​ខ្លួន។

ចំពោះ មិត្ត​អ្នកអាន​រស់នៅ​ប្រទេស​នានា​ដែល​មិន​មាន​លក់​នូវ​គ្រឿងផ្សំ​ខ្មែរ អ្នកស្រី កន្និកា ក៏​បាន​ផ្ដល់​នូវ​បញ្ជី​ឈ្មោះ​គ្រឿង​ជា​អក្សរ​ឡាតាំង អម​នឹង​រូបភាព ក៏​ដូចជា​ជម្រើស​គ្រឿងផ្សំ​ដទៃ​ទៀត​អាច​ប្រើ​ជំនួស​ផង​ដែរ។

រាល់​ដំណាក់កាល ផលិត​សៀវភៅ អ្នកស្រី​គឺជា​អ្នក​រ៉ាប់រង​ដោយ​ខ្លួនឯង​ដោយ​សូម្បីតែ​ការ​ថតរូប បកប្រែ សរសេរ រចនា​ទំព័រ បោះពុម្ព និង​ចែកចាយ ដោយ​មាន​ការ​ស្ម័គ្រចិត្ត​ជួយ​ពី​មិត្តភក្តិ​មួយ​ចំនួន។

ក្រៅពី​សៀវភៅ វិជ្ជា​ធ្វើ​ម្ហូប Ambarella អ្នកស្រី ឡុង សូរី និង​អ្នកស្រី កន្និកា ក៏​បាន​បោះពុម្ព​នូវ​ស្នាដៃ​ពីរ​ផ្សេង​ទៀត​គឺ​សៀវភៅ Authentic Cambodian Receipes ដែល​បន្ត​ពី​ម្ដាយ​មក​កូនស្រី​កាល​ពី​ឆ្នាំ​២០១០ និង​សៀវភៅ​ម្ហូប​ខ្មែរ​រសជាតិ​ដើម Au Pays de la Pomme Cythere ដែល​បាន​ឈ្នះ​ជ័យលាភី​ហ្គួរមេនដ៍​សៀវភៅ​ផ្ទះបាយ​អាស៊ី​ឆ្នើម​កាលពី​ឆ្នាំ ២០០៩ ផង​ដែរ។

ទាក់ទិន​នឹង​ជោគជ័យ​នៃ​ការ​ចេញ​ផ្សាយ​សៀវភៅ​នេះ អ្នកស្រី កន្និកា បាន​ថ្លែង​ថា៖ «ពេល​ដែល​សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ខ្មែរ បោះពុម្ព​ជា​ភាសា​បារាំង​លើក​ដំបូង យើង​បាន​ទទួល​ពី​រោងពុម្ព​ចំ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៩ ពោល​គឺជា​ខួប​នៃ​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​រាជធានី​ភ្នំពេញ។ សម្រាប់​ខ្ញុំ​វា​មិនមែន​ជា​ការ​ចៃដន្យ​ធម្មតា​ទេ។ វា​ហាក់បី​ដូចជា​សៀវភៅ​នេះ​មាន​ជីវិត និង​កំពុង​ប្រាប់​យើង​ថា ជា​ជាង​ផ្ដោត​ទៅលើ​សោកនាដកម្ម​នៅ​កម្ពុជា យើង​គួរ​តែ​ជ្រើសរើស​សម្លឹង​មើល​អ្វី​ដែល​ល្អៗ​របស់​ប្រទេស​យើង​វិញ ដូចជា​ប្រពៃណី ឬ​សិល្បៈ​ក្នុង​ការ​ចម្អិន​ម្ហូបអាហារ​ជាដើម»។

អ្នកស្រី កន្និកា សង្ឃឹម​ថា សៀវភៅ​របស់​អ្នកស្រី​គឺជា​ផ្នែក​មួយ​នៃ​ការ​ស្ដារ​អត្តសញ្ញាណ​ខ្មែរ​ឡើង​វិញ ក៏​ដូចជា​ការ​លើកតម្កើង​ដល់​ស្រ្តី​ខ្មែរ​ទាំងឡាយ​ជា​អ្នក​ថែរក្សា​ការពារ ប្រពៃណី​ផ្ទះ​បាយ និង​វិជ្ជា​ធ្វើ​ម្ហូប​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS