1 2 3
4 5 6 7

អ្នក​ជំនាញ​ព្រមាន​អ្នក​នាំចេញ​ឲ្យ​ត្រៀម​ខ្លួន

140204_11

ការវេចខ្ចប់អង្ករនៅ​រោងចក្រកែច្នៃអង្កររបស់ក្រុម​ហ៊ុននាំចេញ​អង្ករ​ខ្មែរហ្វូត នាពេលកន្លងមក។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ អ្នក​ជំនាញ​នៅក្នុង​ឧស្សាហកម្ម​អង្ករ​បាន​ព្រមាន​ថា អ្នក​នាំ​ចេញ​ត្រូវ​ត្រៀម​ខ្លួន​ទប់ទល់​នឹង​ការ​គំរាម​នានា ទាក់ទង​នឹង​ការ​បញ្ចប់​អត្ថប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​នាំ ចេញ​ទៅ​សហភាព​អឺរ៉ុប ខណៈ​ប្រទេស​អ៊ីតាលី​ពេល​ថ្មីៗ​នេះ​បាន​ដាក់​សំណើ​ទៅ​សហភាព​អឺរ៉ុប ឲ្យ​បញ្ចប់​ការ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​។

គេហទំព័រ​អូរីហ្សា ដែល​ជា​បណ្តុំ​រាល់​អត្ថបទ​ទាក់ទង​នឹង​ស្រូវ-អង្ករ បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ចុង​សប្តាហ៍​មុន​ដោយ​បង្ហាញ​ថា រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី​កំពុង​ស្នើ​ទៅ​សហភាព​អឺរ៉ុប​ឲ្យ បញ្ឈប់​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស កម្ពុជា និង​មីយ៉ាន់ម៉ា ដែល​កន្លង​មក​បាន​ទទួល​អត្ថប្រយោជន៍​លើ​ការ​នាំ​ចេញ​ពី​គោលនយោបាយ​ជួយ​ ប្រទេស​ក្រីក្រ​របស់​អឺរ៉ុប​។ ការ​ស្នើ​របស់​អ៊ីតាលី​ធ្វើ​ឡើង​ក្រោម​ហេតុផល​ដើម្បី​លើក​តម្កើង​ឧស្សាហកម្ម ​អង្ករ​ក្នុង​ស្រុក​ឡើង​វិញ ដែល​កន្លង​មក​បាន​ទទួល​រង​ឥទ្ធិពល​អវិជ្ជមាន​ពី​គោលនយោបាយ អនុគ្រោះ «អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ ឬ Everything But Arms» ។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ប្រចាំ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ និង​ជា​សហ​អ្នក​សរសេរ​គោលនយោបាយ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា សហគមន៍​អឺរ៉ុប​ទំនង​ជា​មិន​កាត់ផ្តាច់​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​លើ​ការ​ នាំ​ចេញ​ពី កម្ពុជា​ក្នុង​រយៈពេល​ខ្លី​នេះ​ទេ ប៉ុន្តែ​លោក រំឭក​ថា​ព័ត៌មាន​ពី ការ​ដាក់​សំណើ​របស់​អ៊ីតាលី​ឲ្យ​យក​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី កម្ពុជា​គឺជា​ការ​ដាស់តឿន​មួយ​ដល់​កម្ពុជា​ក៏​ដូចជា ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ឲ្យ​ដឹង​ថា ការ​លើកលែង​ពន្ធ (EBA) នឹង​មិន​នៅ​ជា​អមតៈ​ឡើយ ដែល​មាន​ន័យ​ថា យើង​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួចរាល់​ជា​មុន។

លោក​បញ្ជាក់​ថា ៖ «​នៅក្នុង​រយៈពេល​ខ្លី កម្ពុជា​នៅ​តែ​អាច​ទទួល​បាន​ការ​លើកលែង​ពន្ធ​ពី​សហគមន៍​អឺរ៉ុប។ តែ​ព័ត៌មាន​នេះ​ដូចជា​ការ​ព្រមាន​ដល់​ពួកយើង​ជា​មុន​សម្រាប់​ត្រៀម ខ្លួន និង​គិត​ឲ្យ​ហួស​ពី​អត្ថប្រយោជន៍​ពី​ការ​លើកលែង​ពន្ធ»។ លោក​បន្ត​ថា វា​ជា​ការ​ប្រកាស​មួយ​ដល់​ពួកយើង​ថា​នឹង​ត្រូវ​ប្រកួត​ប្រជែង​ដោយ​មិន មាន​ការ​យោគយល់​នា​ពេល​ខាង​មុខ។

កាលពី​ឆ្នាំ​២០១៣ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​សរុប​៣៧៨ ៨៥៦ តោន​គឺ​កើនឡើង​៨៤​ភាគរយ​ពី​ចំនួន​២០៥ ១៧១ តោន​នៅ​ឆ្នាំ​២០១២។ នេះ​បើ​តាម​របាយការណ៍​ពី​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ សម្រាប់​បំពេញ​បែបបទ​នាំ​ចេញ​អង្ករ។

អង្ករ​កម្ពុជា​បាន​នាំ​ចេញ​ទៅ ប្រទេស​ទាំងអស់​ចំនួន​៦៦​តាមរយៈ​ក្រុមហ៊ុន​នាំ​ចេញ​សរុប​ទាំងអស់ ៨៤ ក្រុមហ៊ុន​។ ក្នុង​ចំណោម​អង្ករ​នាំ​ចេញ​សរុប កម្ពុជា​បាន​នាំ​ចេញ​ប្រមាណ​៦០​ភាគរយ​ទៅ​ទីផ្សារ​នៅ​អឺរ៉ុប​។

គំនិត​ផ្តួចផ្តើម​បង្កើត​ដោយ​សហគមន៍​អឺរ៉ុប​ដើម្បី​ជួយ​ប្រទេស​មាន​ការ អភិវឌ្ឍ​តិចតួច​ឈ្មោះ​ថា EBA បាន​ជួយ​ឲ្យ​អង្ករ​កម្ពុជា​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប ដោយ​មិន​ចាំបាច់​បង់​ពន្ធ ស្រប​ពេល​ដែល​អង្ករ​នាំ​ចូល​ពី​ថៃ និង​វៀតណាម ត្រូវ​បង់ពន្ធ​ប្រមាណ​១៧៥ អឺរ៉ូ (២២៩ ដុល្លារអាមេរិក​) ក្នុង​អង្ករ​មួយ​តោន​។

ប្រទេស​អ៊ីតាលី​បាន​នាំ​ចូល​អង្ករ​ពី​កម្ពុជា​៩ ៨៧៤​តោន​កាលពី​ឆ្នាំ​មុន ឈរ​នៅ​លំដាប់​ទី​១១ ក្នុង​ចំណោម​ប្រទេស​ដែល​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ទាំងអស់។ នៅ​ឆ្នាំ​២០១៣ បារាំង​គឺជា​ប្រទេស​ដែល​បាន​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ច្រើន​ជាង​គេ​គឺ មាន​ចំនួន​៥៧ ២៣២ តោន បន្ទាប់មក​ប៉ូឡូញ​៥៥- ៨៧៩ តោន និង​ម៉ាឡេស៊ី​នាំ​ចូល​៥១ ៨២៣ តោន។

លោក គឹម សាវុធ ប្រធាន​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា បាន​ប្រាប់​ភ្នំពេញប៉ុស្ត៍​កាលពី​ម្សិលមិញ​ថា ឧស្សាហកម្ម​អង្ករ​កម្ពុជា​អាច​នឹង​ទទួល​រង​ឥទ្ធិពល​អវិជ្ជមាន​ប្រសិន បើ​មាន​ការ​តម្រូវ​ឲ្យ​បង់ពន្ធ​លើ​ការ​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​នា​ពេល នេះ ព្រោះ​កម្ពុជា​ទើប​ចាប់ផ្តើម​រៀនសូត្រ​ពី​ការ​នាំ​ចេញ​ប៉ុន្មាន​ឆ្នាំ ចុង​ក្រោយ​នេះ ហើយ​នៅ​មាន​ភាព​ប្រកួតប្រជែង​ទាប​ជាង​វៀតណាម និង ថៃ។ លោក​បន្ត​ថា គោលនយោបាយ​របស់​សហគមន៍​អឺរ៉ុប​ដើម្បី​ជួយ​ប្រទេស កម្ពុជា​លើ​ការ​នាំ​ចេញ​អង្ករ​គួរ​បន្ត​ផ្តល់​ឲ្យ​កម្ពុជា​ទៀត ព្រោះ​វា​បាន​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ប្រទេស​នេះ​។

លោក ថ្លែង​ថា៖ «​ប្រសិន​បើ​សហគមន៍​អឺរ៉ុប​សម្រេច​យក​ពន្ធ​លើ​អង្ករ​កម្ពុជា ផលិតករ និង​កសិករ​កម្ពុជា​នឹង​ទទួល​រង​ការ​ឈឺចាប់​ហើយ។ យើង​ក៏​បាន​ព្យាយាម​ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម​នេះ​ដែរ ដោយ​យើង​កំពុង​ផ្តោត​សំខាន់​លើ​ការ​នាំ​ចេញ​អង្ករ​ក្រអូប​ដែល​កម្ពុជា មាន​ភាព​ប្រកួត​ប្រជែង​ខ្ពស់ ហើយ​ស្វែងរក​ទីផ្សារ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្រៅពី​សហគមន៍​អឺរ៉ុប​ ផង​ដែរ​»​។ លោក​បន្ត​ថា ក្រុមហ៊ុន​នាំ​ចេញ​ទាំងអស់​ត្រូវ​រក្សា​មារយាទ​ល្អ​ក្នុង​ការ នាំ​ចេញ និង​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​ធានា​ពី​ប្រភព​ដើម​នៃ​ផលិតផល ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS