1 2 3
4 5 6 7

ព្រះ​កាយ​ច័ន្ទ​ និង​ឪពុក​អួលដើម​ក​ពេល​និយាយ​ពី​ជីវ​ភាព​មិន​ហុឺ​ហា​ដូច​គេ​ តែ​មាន​មោទ​ន​ភាព​ចំពោះ​ទេព​កោ​សល្យ​មិន​ចង់​មាន​បាន​ដោយ​អំពើ​មិន​សម​រម្យ​

ប្រភព៖ កោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ ខណៈ​តារា​ស្រី​ជា​ច្រើន​ដួង​បង្ហាញ​ភាព​ឡូយ​ឆាយ​ ដោយ​ការ​ប្រើ​របស់​ទំនើប​ៗ​ ពិសេស​រថ​យន្ត​នោះ​ កញ្ញា​ព្រះ​កាយ​ច័ន្ទ​ លេច​ធ្លោ​តែ​កេរ្តិ៍​ឈ្មោះ​ តែ​ជីវ​ភាព​​នៅ​សាមញ្ញ​ ប្រើ​ប្រាស់​តែ​ម៉ូតូ​​ជាមធ្យោ​បាយ​ធ្វើ​ដំណើរ​ ដោយ​ឪពុក​ជា​អ្នក​ឌុប​ ។ ជា​ជាង​​ភាព​មាន​បាន​ដោយ​អំពើ​មិន​សម​រម្យ​នោះ​ ព្រះ​កាយ​ច័ន្ទ​ មាន​មោទ​ន​ភាព​ចំពោះ​ទេព​កោ​សល្យ​សិល្បៈ ដែល​ទ្រ​ទ្រង់​ជីវ​ភាព​របស់​ខ្លួន​ ហើយ​ឪពុក​របស់​នាង​ក៏​មាន​មោទ​ន​ភាព​បែប​នេះ​ដែរ​ ។

តា​រា​សម្តែង​ និង​ពិធី​ការិនី​ទើប​តែ​រះ​ឡើង​​យា៉ង​ចិញ្ចាច​ នាង​ព្រះ​កាយ​ច័ន្ទ​ បាន​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​កម្ម​វិធី​របស់​ស្ថានីយ​ទូរ​ទស្សន៍​មួយ​ ហើយ​បង្ហាញ​ពី​ជីវិត​សិល្បៈ​តាំង​ពី​ដំបូង​រហូត​មក​ទល់​សព្វ​ថ្ងៃ​ ។ ព្រះ​កាយ​ច័ន្ទ​ មាន​​​កេរ្តិ៍​ឈ្មោះ​ត្រដែត​ឡើង​នៅ​ក្នុង​​ពិភព​សិល្បៈ​ តែ​នាង​នៅ​មិន​ទាន់​មាន​របស់​របរ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​​ទំនើប​ដូច​គេ​ ឡើយ​ ។ ដូច្នេះ​ហើយ​ពេល​ព្រះ​កាយ​ច័ន្ទ​ និង​ឪពុក​រៀប​រាប់​ពី​ជី​វិត​សិល្បៈ​រុង​រឿង​ តែ​នៅ​មិន​ទាន់​ជួយ​ឱ្យ​ខ្លួន​មាន​ភាព​ហឺុ​ហា​ មាន​រថ​យន្ត​ជិះ​នោះ​ ទាំង​នាង​ និង​លោក​ឪពុក​អួល​ដើម​ក​ ។

នៅ​ក្នុង​ពិភព​សិល្បៈ​នាពេល​បច្ចុ​ប្បន្ន​ អ្នក​ណា​ក៏​ទទួល​ស្គាល់​ថា​នាង​ព្រះ​កាយ​ច័ន្ទ​ ដែល​មាន​ឈ្មោះ​ដើម​ រា៉​ សូ​នី​តា​ ជា​តា​រា​កំពុង​ចែង​​ចាំង​ជាមួយ​ស្នា​ដៃ​សម្តែង​ជា​ច្រើន​ ។ នាង​ក្តោប​ក្តាប់​បាន​ការ​ងារ​សិល្បៈ​ជា​ច្រើន​​ដូច​តារា​ល្បី​ឈ្មោះ​ខ្លះ​ ទៀត​ដែរ ។ ព្រះ​កាយ​ច័ន្ទ​ ដែល​ត្រូវ​គេ​ចាត់​ចូល​ក្នុង​បញ្ជី​តារា​ស្រី​ល្បី​ឈ្មោះ​​នេះ​ លេច​ធ្លោ​ជាមួយ​អាជីព​ពិធី​ការិនី​ បង្ហាញ​ម៉ូដ និង​ចុង​ក្រោយ​នេះ​ នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​តាម​រយៈ​ការ​បង្ហាញ​ស្នា​ដៃ​ក្នុង​ ខ្សែ​ភាព​យន្ត​ថ្មី​​បញ្ចាំង​ ​ព្រមៗ​គ្នា​ ។

ខណ​ៈ​សិល្បៈ​រីក​ដុះ​ដាល​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ គេ​ជឿ​ថា​ព្រះ​កាយ​ច័ន្ទ​ រួច​ផុត​ពី​ភាព​​ខ្វះ​ខាត​ក្នុង​ជី​វ​ភាព​ ពិសេស​លែង​ទៅ​ណា​មក​ណា​ជាមួយ​ម៉ូតូ​ដែល​ឪពុក​ឌុប​​មាន​ទាំង​ផ្ទុក​សម្ភារ​ តុប​តែង​កាយ​របស់​នាង​ ។ ផ្ទុយ​ទៅ​វិញ​ព្រះ​កាយ​ច័ន្ទ​ នៅ​តែ​ជិះ​ម៉ូតូ​ចាស់​ជាមួយ​ឪពុក​ដដែល​ មើល​ទៅ​ហាក់​គ្មាន​ប្រែ​ប្រួល​ឡូយ​ឆាយ​អី​ដូច​តា​រា​ស្រី​ផ្សេង​សោះ​ សូម្បី​តែ​អ្នក​សារ​ព័ត៌​មាន​ដែល​ស្គាល់​នាង​ខ្លះ​ ក៏​លាន់​មាត់​និយាយ​ថា​ តា​រា​ស្រី​ម្នាក់​នេះ​មាន​ចិត្ត​តស៊ូ​បំផុត​ មិន​ភ្លើត​ភ្លើន​ ហឺុ​ហា​ដោយ​សម្ភារ​ដូច​គេ​ទេ​ ។ នាង​សុខ​ចិត្ត​ធ្វើ​ការ​តាម​កម្លាំង​កាយ​ចិត្ត​ មិន​ត្រូវ​ការ​របស់​ទ្រព្យ​លោត​ផ្លោះ​ដូច​គេ​ឡើយ​ ។

ក្នុង​ពេល​ព្រះ​កាយ​ច័ន្ទ​ និង​ឪពុក​​ត្រូវ​គេ​អញ្ជើញ​ឱ្យ​ចូល​រួម​សម្ភាសន៍​នៅ​ក្នុង​កម្ម​វិធី​ទូរ​ ទស្សន៍​នោះ​ ព្រះ​កាយ​ច័ន្ទ​ បាន​សម្តែង​ទឹក​ចិត្ត​រំភើប​ដែល​កិច្ច​ការ​សិល្បៈ​របស់​នាង​រីក​ចម្រើន​ទៅ​ មុខ​ជា​បន្ត​បន្ទាប់​ ដោយ​សារ​តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ទោះ​ជា​ពេល​នេះ​ជីវ​ភាព​នៅ​ខ្វះ​ខាត​ក៏​ដោយ​ ។ ទោះ​ជា​យា៉ង​ណា​ក្តី​ នាង​អះ​អាង​ថា​បាន​ស្រាល​ខ្លួន​ខ្លះ​ មិន​សូវ​​ដូច​មុន​ជា​តា​រា​ថ្មី​គេ​ពុំ​សូវ​ស្គាល់​ ហើយ​ពេល​សម្តែង​ ម្តង​ៗ​ទទួល​បាន​ប្រាក់​កម្រៃ​ទាប​ណាស់​ បើ​ប្រៀប​ធៀប​តារា​ល្បី​ឈ្មោះ​ ។

តារា​វ័យ​ក្មេង​ ព្រះ​កាយ​ច័ន្ទ​ និយាយ​ថា «រាល់​កិច្ច​ការ​សិល្បៈ​ដែល​នាង​ខ្ញុំ​បាន​បំពេញ​គ្រប់​ទិស​ទី​ទាំង​ទៅ​​ សម្តែង​ និង​ធ្វើ​ពិធី​ការិនី​គ្មាន​អ្នក​ណា​ក្រៅ​ពី​លោក​ឪពុក​ទេ​ជា​អ្នក​មើល​ថែ​ ទាំ​ ។ ដូច​ដឹង​ហើយ​ខ្ញុំ​ និង​បា៉​របស់​ខ្ញុំ​គ្មាន​អី​ប្រើ​ ដូច​ជា​គ្មាន​ឡាន​ថ្មី​ គ្មាន​របស់​ ទំនើប​ៗ​ប្រើ​ ជិះ​តែ​ម៉ូតូ​ទេ​តែ​សប្បាយ​ចិត្ត​ផង​តូច​ចិត្ត​ផង​ ដែល​ពេល​ខ្លះ​ឃើញ​គេ​ល្អ​ជាង​យើង​ ។ តា​រា​មួយ​ចំនួន​គេ​ឡូយ​មាន​ឡាន​ជិះ​ទៅ​សម្តែង​ បែរ​ជា​ងាក​មក​មើល​ខ្លួន​យើង​ជិះ​តែ​ម៉ូតូ​ តែ​ពេល​ខ្លះ​ទៀត​គិត​ថា​ជីវិត​គ្មាន​អ្នក​​ណា​មាន​បាន​ទាំង​អស់​គ្នា​ទេ ។ សម្រាប់​នាង​ខ្ញុំ​សំខាន់​គឺ​ការ​តស៊ូ​ ព្យាយាម​ ហើយ​រាល់​ការ​សម្តែង​បើ​សិន​ជា​បា៉​របស់​ខ្ញុំ​មិន​នៅ​ជិត ​នៅ​ក្បែរ​ជា​កម្លាំង​ចិត្ត​ទេ គឺ​នាង​ខ្ញុំ​ច្បាស់​ជា​ធ្វើ​អ្វី​មិន​ចេញ​ទេ» ។

ចំណែក​ឪពុក​ព្រះ​កាយ​ច័ន្ទ​ បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​មហា​ជន​តាម​រយៈ​កញ្ចក់​ទូរ​ទស្សន៍​ទាំង​អារម្មណ៍​ ក្តុក​ក្តួល​ថា «ខ្ញុំ​សូម​បញ្ជាក់​ជូន​បង​ប្អូន​ទាំង​អស់​ថា​ ព្រះ​កាយ​ច័ន្ទ​កូន​ស្រី​របស់​ខ្ញុំ​រាល់​ថ្ងៃ​នេះ​ ប្រឹង​ប្រែង​ធ្វើ​ការ​ជាមួយ​តែ​អាជីព​សិល្បៈ​​ សុទ្ធ​សាធ​១០០%​ ព្រោះ​មិន​ចង់​ដើរ​ផ្លូវ​លោត​ផ្លោះ​ ។

ទោះ​ជា​ពេល​នេះ​កូន​ស្រីខ្ញុំ​នាង​មាន​ការ​ទទួល​ ស្គាល់​ពី​មហា​ជន​មែន​ តែ​នាង​នៅ​តែ​ទៅ​ណា​មក​ណា​ជាមួយ​ម៉ូតូ​របស់​ខ្ញុំ​ ។ ទៅ​ថ្ងៃ​មុខ​គ្មាន​ប្រាក់​ទិញ​ឡាន​ជិះ​ក៏​សុខ​ចិត្ត​ប្រើ​របស់​ដដែល​មិន​ ប្តូរ​ដែរ​ សំខាន់​ អ្វី​ៗ​ក្នុង​ផ្លូវ​ត្រូវ​ បើ​ទោះ​ជា​ពេល​ខ្លះ​ ខ្ញុំ​មាន​អារម្មណ៍​អាណិត​កូន​ ក៏​ខ្ញុំ​មិន​អាច​ឱ្យ​កូន​ទៅ​ហក់​លោត​លើស​ពី​សមត្ថ​ភាព​ដែរ​ ។ ធ្វើ​ម៉េច​គ្នា​កូន​អ្នក​ក្រ​មាន​តែ​តស៊ូ​ទេ​ ជា​ផ្លូវ​ជួយ​ឱ្យ​យើង​មាន​ជីវិត​រស់​ត​ទៅ​ទៀត​បាន​» ៕

e73a4872-dab3-435b-8658-87f271200474 7eed75bc-8383-44e9-81ad-0b7201a34c58 9e20d765-244f-43bc-806f-ad8ee8b50150

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS