1 2 3
4 5 6 7

កូនប្រុស អនុរដ្ឋ លេខាធិការម្នាក់ ចាកចេញពីផ្ទះ ក្រោយរងនូវការ ស្តីបន្ទោសពីឪពុក បន្តិចបន្តួច

ប្រភព៖ ដើមអម្ពិល

ភ្នំពេញ ៖ កូនប្រុសរបស់ លោកអនុរដ្ឋលេខាធិការ ក្រសួងមួយរូប បានដើរចាកចេញពីផ្ទះ ដោយសារតែ មានការស្តីបន្ទោស បន្តិចបន្តួច ពីឪពុកតាំង ពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤មកម្ល៉េះ ហើយរហូតមកដល់ថ្ងៃនេះ មិនទាន់ត្រឡប់ចូល ផ្ទះវិញនៅឡើយទេ ដែលធ្វើអោយ គ្រួសារទាំងមូល ជាពិសេសឪពុកម្តាយ មានការព្រួយបារម្ភ យ៉ាងខ្លាំង។

សាច់ញាតិមួយរូប របស់បុរសខាងលើ សូមមិនបញ្ចេញឈ្មោះ បាននិយាយថា លោក ហោ សុផារិន អាយុ៣២ឆ្នាំ ជាកូនប្រុសថ្នាក់ អនុរដ្ឋលេខាធិការម្នាក់ ហើយបម្រើការងារ នៅស្ថាប័នកំពូល ផ្នែកច្បាប់ បានចាកចេញពីផ្ទះអស់ រយ:ពេលកន្លះខែហើយ។

សាច់ញាតិរូបនេះ បានបន្តទៀតថា កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ លោក ហោ សុផារិន ទទួល ការស្តីបន្ទោសបន្តិចបន្តួច ពីឪពុក ហើយធ្វើអោយលោក មានការខឹងសម្បារ រហូតដល់ថ្នាក់ចាកចេញពីផ្ទះតាំង ពីយប់ថ្ងៃនោះមកម្ល៉េះ ។

ដំបូងឡើយ គ្រួសាររបស់លោកគិតថា លោក សុផារិន នឹងត្រឡប់មកផ្ទះវិញ នាពេលឆាប់ៗ ខាងមុខនេះ ពេលអស់កំហឹងក្នុងខ្លួន ប៉ុន្តែបែរជាលោកខឹងក្នុងចិត្ត ចំពោះឪពុកម្តាយដែលជាព្រះរស់ មិនព្រមត្រឡប់មកវិញ រហូតមកដល់ថ្ងៃនេះ។

សាច់ញាតិខាងលើបានបន្តថា ដោយសារការ ចាកចេញពីផ្ទះ មិនត្រឡប់មកវិញ បានធ្វើអោយឪពុកម្តាយ និងបងប្អូនគ្រួសារ ទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះឪពុកម្តាយ សូមអំពាវនាវអោយកូនប្រុសត្រឡប់ ចូលផ្ទះវិញ ហើយគ្រួសារទាំងមូលរង់ចាំស្វាគមន៍ជានិច្ច។

សាច់ញាតិរូបនេះ តាមរយ:ព័ត៌មាន សូមប្រាប់ទៅលោក សុផារិន ថា ឪពុកម្តាយពិតជាមានទុក្ខយ៉ាងខ្លាំង ចំពោះការចាកចេញពីផ្ទះ របស់កូនប្រុស ដែលនេះជាទឹកចិត្តឪពុកម្តាយគ្រប់រូប ពោលរកធ្វើអ្វីមិនកើតនោះទេ ហើយសឹងធ្លាក់ខ្លួនឈឺទៀតផង ដូច្នេះបើកូនប្រុស ជាទីស្រឡាញ់លើសជីវិតទៅទៀតនោះ បានឃើញ និងឮជាព័ត៌មានហើយ សូមមេត្តាត្រឡប់ មកផ្ទះវិញកុំខាន ។

ជាមួយគ្នានេះ ក្រុមគ្រួសារសូមជូនដំណឹងដល់បងប្អូននិងមិត្តភក្តិទាំងឡាយ បើសិនបានឃើញ និងស្គាល់ លោក ហោ សុផារិន មេត្តាផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទ ០៦៩ ២០២ ៩៩៩ ឬ ០១១ ៦១៩ ៧១៩ នោះនឹងទទួលបានសាគុណ តាមការគួរ ៕

Photo by DAP-NEWS

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS