1 2 3
4 5 6 7

តម្លៃ​ដី​នៅ​ជុំវិញ​ផ្សារ​ធំ​ថ្មី​កើន​ឡើង ២០-៣០ ភាគរយ

140130_04

ទិដ្ឋភាព​នៃ​ផ្សារ​ធំថ្មី ដែល​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៩៣៧ នា​អំឡុង​អាណានិគម​និយម​បារាំង​ ។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ តម្លៃ​ដី​ធ្លី​នៅ​តំបន់​ផ្សារ​ធំ​ថ្មី ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​បេះដូង​នៃ​រាជធានី​ភ្នំពេញ និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​រស់​រវើក បាន​បន្ត​កើន​ឡើង​ប្រហែល ២០ ភាគរយ​នា​អំឡុង​ចុង​ឆ្នាំ ២០១៣ កន្លង​មក បើ​ទោះ​បី​ជា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ ១០០ ភាគរយ​ក៏​ដោយ។

លោក ស៊ា ឆៃលីន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ស៊ីអិល រៀលធី បាន​និយាយ​ថា តម្លៃ​ដី​នៅ​ជុំវិញ​ផ្សារ​ធំ​ថ្មី​កាល​ពី​ឆ្នាំ ២០១៣ បាន​កើន​ឡើង​ចន្លោះ​ពី ២០ ទៅ ៣០ ភាគរយ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១២។

លោក​បាន​បន្ត​ទៀត​ថា ដី​នៅ​តំបន់​ផ្សារ​ថ្មី​មាន​តម្លៃ​មធ្យម​ចន្លោះ​ពី ៧០០០ ទៅ ១០០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ខណៈ​ផ្ទះ​ល្វែង​នៅ​ជុំវិញ​ផ្សារ​មាន​តម្លៃ​ចាប់​ពី ៧០ ម៉ឺន​ទៅ​ជាង ១ លាន​ដុល្លារ។

លោក ឆៃលីន បាន​បញ្ជាក់​ថា៖ «ការ​សង្កេត​មើល​របស់​ខ្ញុំ​តម្លៃ​ដី​នៅ​តំបន់​នេះ​វា​បាន កើន​ឡើង​ដល់​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទិញ​មួយ​ចំនួន​មាន​ការ​ខ្លាច​រអា​ ក្នុង​ការ​ទិញ»។

នាយក​គ្រប់​គ្រង​នៃ​ក្រុមហ៊ុន ខេមថប ប្រផឹធី លោក ខាត់ សុវណ្ណ បាន​និយាយ​ថា តម្លៃ​នៅ​ក្នុង​តំបន់​ផ្សារ​ថ្មី​កាល​ពី​ឆ្នាំ ២០១៣ បាន​កើន​ក្នុង​ចន្លោះ​ពី ២០ ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១២។ ការ​កើន​ឡើង​នេះ​ដោយ​សារ​មាន​កត្តា​មួយ​ចំនួន​ដូចជា ទី១ ដី ឬ​អចលន​ទ្រព្យ​នៅ​តំបន់​ជុំវិញ​ផ្សារ​ថ្មី​ជួល​បាន​តម្លៃ​ខ្ពស់ ទី២ អ្នក​ទិញ​ដី ឬ​អចលន​ទ្រព្យ​នៅ​តំបន់​នេះ​ភាគ​ច្រើន​តែង​តែ​ប្រើ​ប្រាស់​សម្រាប់​ អាជីវកម្ម​ខ្នាត​ធំ។

អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ដី​នៅ​តំបន់​ផ្សារ​ធំ​ថ្មី​មាន​តម្លៃ​ចន្លោះ​ពី ៥០០០ ទៅ ៨០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ សម្រាប់​ផ្ទះ​បែប​ជា​ហាង។ លោក​បាន​បន្ត​ទៀត​ថា ផ្ទះ​ល្វែង​ដែល​មាន​ទំហំ ៤X២០ ម៉ែត្រ នៅ​ជុំវិញ​ផ្សារ​ធំ​ថ្មី​មាន​តម្លៃ​ទៅ​ដល់ ១ លាន​ដុលា្លរ​អាមេរិក។

ស្រប​ពេល​ដែល​ការ​ធ្វើ​សមាហរណកម្ម​តំបន់​សេដ្ឋកិច្ច​អាស៊ាន​ជិត​ឈាន​មក​ ដល់​លោក សុវណ្ណ មាន​សុទិដិ្ឋនិយម យ៉ាង​ខ្លាំង​ចំពោះ​អចលន​ទ្រព្យ​នៅ​តំបន់​ជុំវិញ​ផ្សារ​ថ្មី​ដោយ​លោក​មាន​ ប្រសាសន៍​ថា៖ «ពេល​សមាហរណកម្ម​អាស៊ាន​មក​ដល់​នា​អំឡុង​ចុង​ឆ្នាំ ២០១៥ តំបន់​ផ្សារ​ធំ​ថ្មី​នឹង​មាន​អ្នក​មក​ទស្សនា​ច្រើន ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​ចរន្ត​នៃ​ការ​ទិញ លក់​កាន់​តែ​មាន​សកម្មភាព​ខ្លាំង​ជាង​មុន ហើយ​អចលន​ទ្រព្យ​ក៏​នឹង​ឡើង​ថ្លៃ​ផង​ដែរ»។

លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អេស៊ា រៀល អេស្ទេត បាន​ថ្លែង​ថា ផ្សារ​ធំ​ថ្មី​គឺជា​តំបន់​ពាណិជ្ជកម្ម​ដែល​មាន​សក្តានុពល និង​ជា​ចំណុច​កណ្តាល​នៃ​រាជធានី​ភ្នំពេញ។ កាល​ពី​ឆ្នាំ ២០១៣ ដី​នៅ​តំបន់​ផ្សារ​ធំ​ថ្មី មាន​កំណើន​ចន្លោះ​ពី ១៥ ទៅ ២០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១២។ លោក​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​ដី​ក្នុង​តំបន់​នេះ​តម្លៃ​មាន​ចាប់​ពី ៧០០០ ទៅ ១០០០០ ដុល្លារ និង​ផ្ទះ​ល្វែង​ឈាន​ទៅ​ដល់ ៧០ ម៉ឺន​ទៅ ១ លាន​ដុល្លារ។

ទោះ​បី​ជា​តម្លៃ​ដី​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី​កំពុង​កើន​ឡើង​ជា​បន្ត​ បន្ទាប់​ស្រប​ពេល​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ជិត​ឈាន​ចូល​មក​ ដល់​ក៏​ដោយ ក៏​លោក អ៊ាវគង់ ហាក់​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​នា​ពេល​នេះ​ផង​ដែរ។ លោក អ៊ាវគង់ បាន​ថ្លែង​ថា៖ «ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ប្រសិន​បើ​ផ្នែក​ណា​មួយ​មាន​បញ្ហា​វា​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​គ្រប់​ ផ្នែក»។

ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៣៧ នា​អំឡុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស បារាំង ដែល​ពេល​នោះ​ផ្សារ​ធំ​ថ្មី គឺជា​ផ្សារ​ធំ​បំផុត​នៅ​ទ្វីប​អាស៊ី៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS