1 2 3
4 5 6 7

កម្ពុជា​កំពុងពង្រឹង ផលិតផល​ក្នុងស្រុក ជាស្តង់ដារ​អន្តរជាតិ ត្រៀមខ្លួន​សម្រាប់អាស៊ាន

ប្រភព៖ ដើមអម្ពិល

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជំរុញឲ្យមានការផលិត ផលិតផលកសិ-ឧស្សាហកម្ម នៅក្នុងប្រទេសឲ្យមាន គុណភាពស្តង់ដារបែបអឺរ៉ុប ដើម្បីប្រកួតប្រជែងលើទីផ្សារ ស្របពេលដែលសមាហរណកម្មអាស៊ាន នឹងមកដល់នៅឆ្នាំ២០១៥ខាងមុខនេះ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយ ស្តីពីការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម ក្នុងផ្នែកកសិ-ឧស្សាហកម្ម នៅកម្ពុជា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា កម្ពុជានឹងជួបប្រទះបញ្ហាប្រឈម រយៈខ្លី និងមធ្យម នៅពេលសមាហរណកម្មកម្ពុជា នៅក្នុងប្រទេសអាស៊ាន ដោយពេលនោះផលិតផល ដែលឆ្លងកាត់ពីប្រទេសមួយ ទៅកាន់ប្រទេសមួយទៀត គឺមិនមានការបង់ពន្ធនោះទេ។ ហើយនៅពេលនោះទំនិញមានតម្លៃថោកៗ នឹងហូរចូលមកប្រទេសកម្ពុជា ហើយកម្ពុជាមិនអាចមានទំនិញ ក្នុងប្រកួតប្រជែង ជាមួយប្រទេសជិតខាង នៅក្នុងសមាហរណកម្មអាស៊ាន បាននោះទេ ប្រសិនបើទំនិញរបស់កម្ពុជា មិនមានគុណភាពបែបស្តង់ដារ។

លោកបានថ្លែងឲ្យដឹងថា «បច្ចុប្បន្នក្រសួងដែលជាប់ពាក់ព័ន្ធ ទៅលើវិស័យកសិ-ឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា កំពុងមានការខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីធ្វើយ៉ាងណាឲ្យផលិតផល នៅក្នុងប្រទេសមានគុណភាព និងអាចនាំចេញបានកាន់តែច្រើន ជាពិសេសគឺ ដើម្បីធ្វើការប្រកួតប្រជែង នៅក្នុងសមាហរណកម្មអាស៊ាន ដែលនឹងមកដល់នៅឆ្នាំក្រោយនេះ»។

លោកបានបន្តថា ការបង្កើតវិទ្យាស្ថានស្តង់ដារ និងមជ្ឈមណ្ឌលផលិតភាពជាតិ នៅក្នុងប្រទេសកម្ពុជា ក៏មានសារៈសំខាន់ផងដែរ ដោយទាំងអស់នេះ គឺជាឧបករណ៍ សំខាន់ៗ ដើម្បីធ្វើការគាំទ្រទៅលើ គុណភាពស្តង់ដារនៅពេលអនាគត ក្នុងប្រទេសកម្ពុជា។ ហើយក្រសួងឧស្សាហកម្ម មានតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យ លើផលិតផលកម្ពុជា ដោយធ្វើយ៉ាងណាឲ្យមានស្តង់ដារ នឹងស្របតាមការចង់បានរបស់អន្តរជាតិ។

លោកបានបន្តឲ្យដឹងទៀតថា ទីផ្សារអឺរ៉ុបគឺជាទីផ្សារដ៏ធំទូលាយមួយ របស់ប្រទេសកម្ពុជា នៅពេលអនាគត ដូច្នេះប្រសិនបើទំនិញកម្ពុជា មានការផលិតតាមបែបស្តង់ដារអឺរ៉ុបនោះ នឹងធ្វើឲ្យទំនិញកម្ពុជា មានការទទួលស្គាល់ ហើយនឹងមិនមានបញ្ហានៅក្នុងការនាំចេញ ទៅកាន់ប្រទេសដ៏ទៃទៀតនោះទេ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម ប្រមានជាង៥០ម៉ឺនសហគ្រាស និងមានរោងចក្រជាង៣០០រោងចក្រផងដែរ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS