1 2 3
4 5 6 7

ចោរស្រីដៃរហ័ស ចូលលួច លុយដល់ក្នុងផ្ទះ ត្រូវជាប់ ខ្នោះសមត្ថកិច្ច

ភ្នំពេញ : ជនសង្ស័យជាស្រ្តី រួមជាមួយបក្ខពួក ជាបុរស ម្នាក់ទៀត ត្រូវសមត្ថកិច្ច នគរបាល ប៉ុស្តិ៍រដ្ឋបាលបឹង កេងកងទី៣ សហការជាមួយ ជនរងគ្រោះ ដេញស្ទាក់ចាប់ បានចំនួន២នាក់ ខណ:ជន សង្ស័យជាស្រ្តី ចូលលួច កញ្ចប់លុយដល់ ក្នុងផ្ទះ ហើយត្រូវម្ចាស់ទ្រព្យឃើញ ក៏ស្រែក ឆោឡោឡើង ផ្អើលដល់សមត្ថកិច្ច នាំគ្នាដេញចាប់ កាលពីវេលា ម៉ោង១៣ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅ ខាងក្រោយវត្តមហាមន្រ្តី រួចនាំមកកាន់ប៉ុស្តិ៍បឹងកេងកងទី៣ ដើម្បីសួរនាំ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹង កេងកងទី៣ បានឲ្យដឹងថា ជនសង្ស័យដៃដល់ ក្នុងការ ចូលលួច លុយដល់ក្នុងផ្ទះ នេះ ឈ្មោះ ចាន់ ស្រីមុំ ភេទស្រី អាយុ ៣៤ឆ្នាំ ស្នាក់ផ្ទះជួល សង្កាត់អូប្ញស្សីទី២ ខណ្ឌ៧មករា មានមុខរបរ ដើរស៊ីឈ្នួលបោកខោអាវតាមផ្ទះ ។ ចំណែកបក្ខពួកដែលឌុបស្រ្តីរូបនេះ ឈ្មោះ ស៊ុន លីស៊ីម ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះ លេខ៤៥BE0 ផ្លូវ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មានមុខរបរ ជាវិស្វករសំណង់ ។ ចំពោះម៉ូតូដែលពួកគេជិះឌុប ស្រ្តីដៃឆៅម៉ាកឌ្រីម សេ១១០ ស៊េរី៩២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D-3277 ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចាន់ ស្រីមុំ បានសារភាពថា ខ្លួនបានឲ្យឈ្មោះ ស៊ុន លីស៊ីម ឌុបមកពីផ្សារស៊ីលឹប ពេល មកដល់មុខផ្ទះជនរងគ្រោះ ឃើញជនរងគ្រោះព្យួរកាបូប នៅដៃចង្កូតម៉ូតូ ហើយបណ្តើរចូលក្នុងផ្ទះ រួចម្ចាស់កាបូបក៏ដើរចូលក្នុងបន្ទប់បាត់ ឃើញ ឱកាស ល្អ ខ្លួនក៏ដើរចូលទៅរ៉ូតកាបូប ដកយកលុយមួយបាច់ ខណ:នោះម្ចាស់ កាបូបឃើញក៏ ស្រែក ចោរៗ ពេលនោះ ខ្លួនភ័យពេកក៏ទម្លាក់លុយ ចោល ហើយរត់មករកម៉ូតូ វិញ និងប្រាប់ឲ្យបើក ចេញ ប៉ុន្តែភ្លាមៗនោះ ត្រូវម្ចាស់ ស្រែកឲ្យផ្អើលសមត្ថកិច្ច រួមគ្នាដេញតាមចាប់បាន នៅផ្លូវខាង ក្រោយវត្តមហា មន្រ្តីតែម្តង ។

ដោយឡែកបើតាមចម្លើយ របស់ជនសង្ស័យឈ្មោះ ស៊ុន លីស៊ីម បាននិយាយថា នៅមុនពេល កើតហេតុ ខ្លួនបានចេញពីលេងហ្គេម នៅយាំងចូវ ពេលអស់លុយ ក៏ជិះម៉ូតូចេញ មកជិតផ្សារ ស៊ីលឹប ហើយត្រូវស្រ្តីសង្ស័យ ចាន់ ស្រីមុំ ហៅឲ្យឌុបមកផ្ទះ បងប្អូន (ស្មានថាជាម៉ូតូឌុប) ពេល ជិះមកដល់មុខផ្ទះកើត ហេតុ ស្រ្តី ចាន់ ស្រីមុំ បានឲ្យឈប់ម៉ូតូ ហើយឈររេរាមួយសន្ទុះ ក៏ដើរ ចូលទៅក្នុងផ្ទះជនរង គ្រោះ រួចចេញមកវិញ ដោយបង្គាប់ឲ្យបើកម៉ូតូរត់ ហើយខ្លួនភ័យក៏បើកម៉ូតូ តាមស្រ្តី ចាន់ ស្រីមុំ រហូតមកដល់ផ្លូវខាងក្រោយ វត្តមហាមន្រ្តី ក៏ត្រូវសមត្ថកិច្ច ចាប់បានតែម្តង ។ ជនសង្ស័យ ឈ្មោះ ស៊ុន លីស៊ីម បានបញ្ជាក់ថា ខ្លួននិងស្រ្តីសង្ស័យ មិនដែលស្គាល់គ្នាទេ ហើយខ្លួនក៏មិនមែនជាអ្នករត់ម៉ូតូឌុបទេ តែដោយសារ ចាញ់ហ្គេមអស់ លុយ ហើយត្រូវគេហៅឲ្យ ឌុបនោះ ខ្លួនក៏ចេះតែឌុបទៅ ក្រែងបានលុយខ្លះ ដើម្បីបន្ត ការលេងហ្គេមទៀត ។

ទោះជាយ៉ាងណា ស្រ្តីរង គ្រោះបានបញ្ជាក់ថា នេះគ្រាន់តែការដោះសាររបស់ឈ្មោះ ស៊ុន លីស៊ីម ប៉ុណ្ណោះ ការពិតជាបក្ខពួក របស់ឈ្មោះ ចាន់ ស្រីមុំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ កុល ថាវរី ភេទស្រី អាយុ ៤៦ឆ្នាំ ស្នាក់ផ្ទះកើតហេតុ លេខ១២ ផ្លូវ១០៥ សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន ជាអាជីវករលក់ដូរ នៅផ្សារអូរប្ញស្សី ។ ស្រ្តីរង គ្រោះជាម្ចាស់លុយ បានឲ្យដឹងថា លុយដែលមាន នៅក្នុងកាបូបមានប្រមាណ ៤លានរៀល និងលុយដុល្លារ មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍បឹងកេងកងទី៣ កសាងសំណុំរឿង បញ្ជូនទៅឃុំខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS