1 2 3
4 5 6 7

របាយ​ការណ៍​ថា​សិស្ស​កម្ពុជា​ជាង ៦០% ជួប​ហិង្សា​ដោយ​សារ​ភេទ

20150305_08_0

ថ្នាក់​រៀន​មួយ​នៅ​វិទ្យាល័យ​កំពង់​សិសា ខេត្ត​ព្រះ​សីហនុ កាល​ពី ឆ្នាំ​២០១៣។ ហុង មិនា

ភ្នំពេញៈ យោង​តាម​របាយ​ការណ៍​ស្រាវជ្រាវ​ថ្មី​ពី​អង្គការ Plan International និង​មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​ការ​ស្រាវជ្រាវ និង​ស្ត្រី បាន​ឲ្យ​ដឹង​ថា សិស្ស​កម្ពុជា​ជាង ៦០ ភាគរយ​មាន​បទ​ពិសោធ​ជួប​ប្រទះ​អំពើ​ហិង្សា​ដោយ​សារ​ភេទ​ចំនួន ៥ ដង​នៅ​ក្នុង​សាលា​រៀន។

ទោះ​ជា​យ៉ាង​ណា កម្ពុជា​នៅ​តែ​មាន​អត្រា​អំពើ​ហិង្សា​នៅ​តាម​សាលា​ទាប​បំផុត ដែល​រួម​បញ្ចូល​នូវ​អំពើ​ហិង្សា​ផ្លូវ​អារម្មណ៍ ដូចជា ការ​ប្រមាថ ឬ​ការ​គំរាម ក្នុង​ចំណោម​ប្រទេស​អាស៊ី​ទាំង ៥ ដែល​ត្រូវ​បាន​ស្ទង់​មតិ លើក​លែង​តែ​ប្រទេស​ប៉ាគីស្ថាន។

ការ​សិក្សា​បាន​រក​ឃើញ​ថា ទោះ​បី​ជា​កម្ពុជា​មាន​អត្រា​ក្មេង​ស្រី និង​ក្មេង​ប្រុស​ចូល​រួម​ស្មើ​គ្នា នៅ​ក្នុង​ថ្នាក់​រៀន​ក៏​ដោយ ក៏​ប៉ុន្តែ អំពើ​ហិង្សា​ដោយ​សារ​ភេទ​នៅ​តែ​មាន​កម្រិត​ខ្ពស់​ដោយ​សិស្ស​ចំនួន ៦០ ភាគរយ បាន​រាយការណ៍​ថា សិស្ស​ដទៃ​ទៀត​ជា​អ្នក​ប្រព្រឹត្ត​មក​លើ​ពួកគេ។ សិស្ស​សាលា​កម្ពុជា ៦១ ភាគរយ​បាន​រាយការណ៍​ថា បាន​ជួប​ប្រទះ​នូវ​អំពើ​ហិង្សា​ផ្លូវ​អារម្មណ៍ ក្នុង​រយៈ​ពេល ៦ ខែ មុន​ពេល​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ដោយ ២២ ភាគរយ​បាន​រាយការណ៍​ពី​អំពើ​ហិង្សា​លើ​រូប​កាយ ហើយ ២ ភាគរយ​រាយការណ៍​ពី​អំពើ​ហិង្សា​លើ​ផ្លូវ​ភេទ។

ការ​សិក្សា​នេះ​ក៏បាន​រក​ឃើញ​ផង​ដែរ​ថា ជន​រងគ្រោះ​ម្នាក់ ក្នុង​ចំណោម​ស្ត្រី​រងគ្រោះ ៣ នាក់ ដោយ​សារ​អំពើ​ហិង្សា​ដោយ​ផ្អែក​លើ​ភេទ នៅ​សាលា​រៀន​កម្ពុជា បាន​រាយការណ៍​ថា ជា​លទ្ធផល​ពួកគេ​មាន​អារម្មណ៍​សោក​សៅ ឬ​បាក់​ទឹក​ចិត្ត ដែល​នេះ គឺជា​អត្រា​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់។

ទិន្នន័យ​ត្រូវ​បាន​ប្រមូល​ពី​សិស្ស​ជាង ៩ ពាន់​នាក់​ចាប់​ពី​ថ្នាក់ ទី៦ ដល់​ថ្នាក់ ទី៨ នៅ​ក្នុង ប្រទេស​ប៉ាគីស្ថាន កម្ពុជា វៀតណាម ប្រទេស​នេប៉ាល់ និង​ប្រទេស​ឥណ្ឌូនេស៊ី។

លោក Alex Munive អ្នក​និពន្ធ​ម្នាក់ នៃ​របាយ​ការណ៍​នេះ បាន​ថ្លែង​ថា ប្រព័ន្ធ​អប់រំ​កម្ពុជា ជា​ញឹក​ញាប់ ជំរុញ​ឲ្យ​មាន​តួនាទី​តាម​ភេទ​ដែល​កំណត់​ក្មេង​ស្រី​ថា «ខ្មាស​អៀន» ហើយ «ស្តាប់​បង្គាប់» ចំណែក​ឯ​ក្មេង​ប្រុស​វិញ «មាន​លក្ខណៈ​ប្រើ​អំណាច​លើ​គេ»។

មន្ត្រី​ក្រសួង​អប់រំ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

របាយ​ការណ៍​នេះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ ខណៈ​ពេល​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា កំពុង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ទៅ​លើ​ប្រព័ន្ធ​អប់រំ ដើម្បី​ពង្រឹង​គុណភាព​ប្រព័ន្ធ​អប់រំ ដែល​តែងតែ​ទទួល​រង​ការ​រិះគន់​តាំងពី​យូរ​មក​ហើយ៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS