ភ្នំពេញៈ រដ្ឋសភា បានបង្កើតក្រុមការងារមួយដើម្បីរៀបចំតាក់តែងសេចក្តីស្នើច្បាប់ ស្តីពីភតិសន្យាពិសេស ឬកិច្ចសន្យាជួលផ្ទះ សម្រាប់វិស័យសង្គមកិច្ច ដែលច្បាប់នេះនឹងធានាដល់ផលប្រយោជន៍រវាងម្ចាស់ផ្ទះនិងអ្នកជួល ព្រមទាំងបញ្ចៀសនូវការដំឡើងថ្លៃជួលផ្ទះផង។
យោងតាមសេចក្តីសម្រេចចុះថ្ងៃសៅរ៍ របស់ប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងប្រធានតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានឲ្យដឹងថា ក្រុមការងារនេះមានសមាសភាព ៨រូប ក្នុងនោះ ៤រូប មកពីគណបក្សប្រជាជនកម្ពុជា និង ៤ រូបទៀត មកពីគណបក្សសង្គ្រោះជាតិ រួមមាន លោក ប៉ែន បញ្ញា ជាប្រធាន លោក អ៊ូ ច័ន្ទឫទ្ធិ អនុប្រធាន លោកស្រី កែ សុវណ្ណរតន៍ លោក ប៉ាល់ សំអឿន លោក ម៉ៅ មុនីវណ្ណ លោកស្រី កែ ច័ន្ទមុនី និងលោក យី វណ្ណដេត ជាសមាជិក។ ក្រុមការងារនេះមានភារកិច្ចពិនិត្យ សិក្សា និងរៀបចំតាក់តែងសេចក្តីស្នើច្បាប់ស្តីពីភតិសន្យាពិសេស ឬការគ្រប់គ្រងជួលផ្ទះសម្រាប់វិស័យសង្គមកិច្ច សម្រាប់ដាក់ជូនថ្នាក់ដឹកនាំតំណាងរាស្រ្តពិនិត្យនិងសម្រេច។
អនុប្រធានក្រុមការងារតាក់តែងសេចក្តីស្នើច្បាប់មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ មានប្រសាសន៍កាលពីថ្ងៃម្សិលមិញថា ក្រុមការងារថ្មីនេះ នឹងចាប់ផ្តើមជួបគ្នាជាលើកដំបូងនៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាទៅលើកិច្ចសន្យាជួលផ្ទះនិងលក្ខខណ្ឌផ្សេងៗ។
លោកថ្លែងថា៖ «គម្រោងនៃការធ្វើច្បាប់នេះ គឺពាក់ព័ន្ធនឹងការជួលផ្ទះស្នាក់នៅនិងការជួលផ្ទះសម្រាប់ធ្វើអាជីវកម្មខ្នាតតូច ហើយយើងក៏អាចកំណត់ពីតម្លៃ ការពារមិនឲ្យឡើងថ្លៃជួលផ្ទះ ហើយថា តើផ្ទះហ្នឹងស្អាតបាត មានអនាម័យត្រឹមត្រូវដែលអាចរស់នៅបានអត់? អ៊ីចឹងច្បាប់ហ្នឹងការពារទាំងម្ចាស់ផ្ទះ និងទាំងអ្នកជួល»។
ចំណែក លោក ប៉ាល់ សំអឿន សមាជិកក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា៖ «ជំហានដំបូង គឺការបង្កើតក្រុមការងារជាមុនសិន ហើយបន្ទាប់មកយើងកំណត់ថ្ងៃជួបគ្នាក្នុងសប្តាហ៍ ទី១ នៃ ខែមីនា នេះ ដើម្បីដាក់ជាវិធានការឬគោលការណ៍យ៉ាងណានោះគឺអាស្រ័យលើការជជែកគ្នា»។
ការបង្កើតក្រុមការងារតាក់តែងសេចក្តីស្នើច្បាប់ភតិសន្យាពិសេសនេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃ ទី១០ ខែកុម្ភៈ ថា លោកនិងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាពីការបង្កើតច្បាប់មួយគ្រប់គ្រងលើថ្លៃជួលផ្ទះ ដែលកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីប្រាក់ឈ្នួលអប្បបរមាប្រចាំខែក្នុងវិស័យកាត់ដេរត្រូវបានដំឡើងដល់ ១២៨ ដុល្លារ ក្នុងមួយខែ។ ផែនការនេះ ក៏នឹងត្រូវអនុវត្តចំពោះនិស្សិតក្រីក្រផងដែរ។ ប្រសិនបើច្បាប់នេះចេញជាផ្លែផ្កា មន្ត្រីសហជីព បានថ្លែងថា វាជាជំហានវិជ្ជមានរបស់រដ្ឋាភិបាលនិងគណបក្សប្រឆាំង ក្នុងការជួយកម្មករកាត់ដេរឲ្យទទួលបានប្រាក់ឈ្នួលសមរម្យ អាចឲ្យពួកគេរស់នៅបាន។
លោក អាត់ ធន់ ប្រធានសហជីពស៊ីខៅឌូ យល់ថា កម្មករភាគច្រើនបង់ប្រាក់ពី ២០ ទៅ ៥០ ដុល្លារ សម្រាប់ថ្លៃបន្ទប់ជួលគ្មានស្តង់ដារ ដែលស្នាក់នៅពី ៣ ទៅ ៥ នាក់ ខណៈអ្នកខ្លះដែលរស់នៅតំបន់ទីក្រុង ដូចជាភ្នំពេញ ពេលខ្លះ ត្រូវបង្ខំចិត្តបង់ប្រាក់រហូតដល់ ១០០ ដុល្លារក្នុងមួយខែ។
លោកលើកឡើងថា៖ «យើងគាំទ្រសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែយើងសង្ឃឹមថា វាមិនត្រឹមតែគ្រប់គ្រងលើថ្លៃឈ្នួលទេ ព្រោះមានការផ្លាស់ប្តូរច្រើនថែមទៀត ដែលត្រូវធ្វើសម្រាប់កម្មករ ដូចជា បង្កើនទំហំបន្ទប់និងធ្វើឲ្យមានបរិស្ថាននៅទីកន្លែងពួកគេរស់នៅកាន់តែប្រសើរឡើង»។
គួរបញ្ជាក់ថា គម្រោងបង្កើតច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមានការរអ៊ូរទាំ ពីកម្មករ-កម្មការិនី ថា ម្ចាស់ផ្ទះជួលមួយចំនួន បានដំឡើងថ្លៃឈ្នួលពី ៥ ទៅ ១០ ដុល្លារ ខណៈដែលប្រាក់ខែកម្មករត្រូវបានដំឡើងនាពេលថ្មីៗនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសឲ្យដឹងថា កម្មករដែលបានជួលផ្ទះដើម្បីស្នាក់នៅក្នុងពេលបំពេញការងារក្នុងវិស័យកាត់ដេរ មានប្រមាណជា ១៥ ម៉ឺននាក់ ខណៈអ្នកជួលចំនួន ៣ ម៉ឺនបន្ទប់ កំពុងទទួលការបំពាក់កុងទ័រភ្លើងថ្មី ដើម្បីកុំឲ្យម្ចាស់ផ្ទះជួលយកថ្លៃអគ្គិសនីខ្ពស់ពីកម្មករឬអ្នកជួលផ្ទះ៕
ប្រភព៖ postkhmer