1 2 3
4 5 6 7

ឧបនាយករដ្ឋមន្រ្តី ស ខេង និង លោក សម រង្ស៊ី ព្រមព្រៀងបញ្ចប់ វិសោធនកម្ម ច្បាប់បោះឆ្នោត

ភ្នំពេញ៖ ក្រោយជំនួបពិភាក្សជិត ៤ម៉ោង លោកឧបនាយករដ្ឋមន្រ្តី ស ខេង និង លោក សម រង្ស៊ី ដែលជាប្រធាន ក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន និងភាគតិចក្នុងរដ្ឋសភា បានព្រមព្រៀងបិទបញ្ចប់នូវបញ្ហាមិនយល់ស្របគ្នា ទាំង ១៥ចំណុច នៃវិសោធនកម្មច្បាប់បោះឆ្នោត ដែលបន្សល់ដោយក្រុមការងារបក្សទាំងពីរ។

ជំនួបពិភាក្សាទៅលើវិសោធនកម្មច្បាប់បោះឆ្នោតចំនួន ១៥ចំណុច ដែលចាប់ផ្តើមឡើងនៅម៉ោង ៤រសៀល រហូត ដល់ម៉ោង ៧ និង៥៣នាទីយប់ថ្ងៃនេះ ទាំងលោកឧបនាយករដ្ឋមន្រ្តី ស ខេង និងលោក សម រង្ស៊ី មិនបានផ្តល់បទ សម្ភាសន៍លំអិតទៅលើលទ្ធផលនៃជំនួបនោះឡើយ ដោយរុញឲ្យក្រុមអ្នកកាសែតទៅមើលលទ្ធផល នៃសេចក្តីប្រ កាសរួម។

ទោះបីជាយ៉ាងណា លោកឧបនាយករដ្ឋមន្រ្តី ស ខេង និង លោក សម រង្ស៊ី បានបញ្ជាក់ខ្លីថា អ្វីដែលក្រុមការងារ កំពុងធ្វើ គឺដើម្បីថែរក្សាសន្តិសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។

សេចក្តីប្រកាស ដែលចុះហត្ថលេខារួមដោយឧបនាយករដ្ឋមន្រ្តី ស ខេង និង លោក សម រង្ស៊ី បានបញ្ជាក់ថា ថ្នាក់ ដឹកនាំតំណាងរាស្រ្តទាំងពីរ បានដោះស្រាយបញ្ចប់នូវរាល់បញ្ហា ដែលនៅសេសសល់ទាំងអស់ នៃសេចក្តីស្នើវិ សោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

សេចក្តីប្រកាសដដែល បានបន្តឲ្យដឹងផងដែរថា  ពាក់ព័ន្ធទៅនឹងការធានានិរន្តរភាព និងប្រក្រតី នៃស្ថាប័នជាតិ ដើម្បីបង្ការភាពជាប់គាំ បន្ទាប់ពីការបោះឆ្នោត ថ្នាក់ដឹកនាំតំណាងរាស្រ្តទាំងពីរ បានព្រមព្រៀងសិក្សាបន្ថែម ហើយ រៀបចំដាក់បញ្ចូលទៅក្នុងអត្ថបទច្បាប់សមស្របណាមួយ។ ថ្នាក់ដឹកនាំតំណាងរាស្រ្តទាំងពីរ ក៏បានឯកភាពគ្នា រៀបចំសិក្ខាសាលាពីគ្រោះយោបល់លើសេចក្តីស្នើច្បាប់នេះ និងសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលខាងមុខដ៏ខ្លីផងដែរ។

សូមបញ្ជាក់ថា ជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ស ខេង និង លោក សម រង្ស៊ី នៅល្ងាចថ្ងៃនេះ ដើម្បីពិភាក្សា លើចំណុចមិនត្រូវគ្នា នៃសេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតចំនួន ១៥ចំណុច ដែលបន្សល់ដោយក្រុមការងារ នៃគណបក្សទាំងពីរ។ ចំណុចមិនត្រូវទាំង ១៥នោះ មាននៅក្នុងជំពូកទី២ មាន ១ចំណុច ត្រង់មាត្រាទី៦, ជំពូកទី ៧ មាន ៨  ចំណុច ត្រង់មាត្រាទី ៦៨, ៧២, ៧៥, ៧៨, ៧៩, ៨៣, ៨៧, និងមាត្រា៩១, ជំពូកទី៨ មាន១ចំណុច ត្រង់  មាត្រា ១៣៧, ជំពូកទី១០ មាន ៣ចំណុច និងជំពូក១១ មាន ១ចំណុច ។

ចំណុចខ្វែងគំនិតគ្នានោះ រួមមាន ទី១. ការចែងអំពីការកំណត់អាសនៈរដ្ឋសភា, ទី២. ការចែងអំពីសកម្មភាព នៃ  ការឃោសនាបោះឆ្នោត, ទី៣. ការចែងអំពីរយៈពេល នៃយុទ្ធនាការឃោសនាបោះឆ្នោត, ទី៤, ការចែងអំពីការ  ផ្សព្វផ្សាយព័ត៌មានអប់រំអ្នកបោះឆ្នោតតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ, ទី៥. ការចែងអំពីការសុំជួលរោង  មហោស្រព មណ្ឌលកីឡា ឧទ្យានសាធារណៈ សាលសាធារណៈ សម្រាប់បម្រើការឃោសនាបោះឆ្នោត, ទី៦.   ការចែងអំពីការដាក់ពាក្យសុំជួលទីតាំង ដូចមានចែងនៅក្នុងមាត្រា ៧៨, ទី៧. ក្រុមការងារ នៃគណបក្សប្រជា  ជនកម្ពុជា បានដកស្រង់ពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត មកបញ្ចូលក្នុងមាត្រានេះ (មាត្រា៨៣)   ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ នគរបាល  ជាតិ និងមន្ត្រីតុលាការ អាចចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅ  ក្រៅម៉ោងធ្វើការ ឬមិនស្ថិតក្នុងពេលបំពេញការងារក្នុងសមត្ថភាពផ្លូវការ ដើម្បីធានាការពារសិទ្ធិនយោបាយ  របស់ប្រជាពលរដ្ឋ, ទី៨. ការចែងអំពីការផ្តល់កិច្ចសហប្រតិបត្តិការដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត   (គ.ជ.ប) និង គ.ជ.ប គ្រប់លំដាប់ថ្នាក់ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវលើការងារសន្តិសុខ   សណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ និងរបៀបរៀបរយ ក្នុងសម័យបោះឆ្នោត ការចុះបញ្ជី  បេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត,   ទី៩. ការចែងអំពីគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត ត្រូវផ្ញើសៀវភៅគណនី និងរបាយការណ៍  ចំណូលចំណាយសម្រាប់ការឃោសនាបោះឆ្នោត មក គ.ជ.ប យ៉ាងយូរ ១៥ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត ទី១០.   ការចែងអំពីការប្រកាន់ជំហរអព្យាក្រឹតភាពឥតលម្អៀងរបស់អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និង   អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមអន្តរជាតិ ដែលបំពេញការងារនៅក្នុងប្រទេសខ្មែរ ឬជនបរទេស នៅក្នុង  អំឡុងពេលបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត…។

ចំណុចដែលមិនទាន់ត្រូវគ្នាក៏មាន ការកំណត់កម្រិតការផាកពិន័យលើអង្គការសង្គមស៊ីវិល ដែលធ្វើផ្ទុយនឹងច្បាប់ ផងដែរ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ចង់ឲ្យផាកពិន័យពី ១០លាន ទៅ ៣០លានរៀល ខណៈគណបក្ស សង្រ្គោះជាតិ ចង់ឲ្យផាកពិន័យត្រឹម ៥លាន ទៅ ១០លានប៉ុណ្ណោះ។

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សមានអាសនៈក្នុងរដ្ឋសភា នៅនីតិកាលទី ៥ នៃរដ្ឋសភានេះ បានស្រុះស្រួលគ្នាធ្វើវិសោធនកម្មទៅលើច្បាប់បោះឆ្នោត ដើម្បីចៀសវាងនូវបញ្ហាទាំងឡាយ  ដែលនាំដល់ការមិនស្រុះស្រួល និងឈានទៅទំនាស់ផ្សេងៗ ក្នុងពេលបោះឆ្នោតនាពេលក្រោយៗទៀត។

បន្ទាប់ពីការស្រុះស្រួលក្រុមការងារ នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ  លោក ប៊ិន ឈិន និង គួយ ប៊ុនរឿន បានប្រើរយៈពេលជិត៣ខែ ដើម្បីពិភាក្សាទៅលើការងារនេះ ដោយចាប់ផ្តើម តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤។ ក្នុងជំនួប ២១លើក ក្រុមការងារទាំងពីរ បានបិទបញ្ចប់កិច្ចពិភាក្សាលើច្បាប់  បោះឆ្នោតចំនួន១២ជំពូក កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។

ក្រុមការងារពិភាក្សាបានធ្វើការកែតម្រូវច្បាប់បោះឆ្នោត ចំនួន ១៨មាត្រា និងរក្សាខ្លឹមសារដើមជាង ១០០មាត្រា  ហើយបន្សល់ទុកនូវចំណុចខ្វែងគំនិតគ្នា ចំនួន ១៥មាត្រា ស្មើនឹង ១៥ចំណុច ។ ចំណុចខ្វែងគ្នាទាំង ១៥នេះ  ត្រូវបានថ្នាក់ដឹកនាំបក្សលោកឧបនាយករដ្ឋមន្រ្តី ស ខេង និង លោក សម រង្ស៊ី លើកយកពិភាក្សាសម្រេចនៅ  ល្ងាចថ្ងៃនេះ ហើយបានឈានដល់ការព្រមព្រៀងគ្នាអស់ផងដែរ៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS