ភ្នំពេញ៖ អ៊ីនធើណែត ចំនួន៣ទីតាំង ដែលបើកឲ្យក្មេងៗ ចូលលេងល្បែងហ្គេមគ្រប់ប្រភេទនោះ ត្រូវបានអាជ្ញាធរខណ្ឌ ដឹកនាំកម្លាំងចម្រុះ ចុះបិទនិងបានណែនាំ ដល់ក្មេងៗដែលកំពុងតែវក់ និងល្បែងហ្គេមនោះ រួចឲ្យត្រឡប់ទៅផ្ទះវិញ រួចហើយបានឲ្យម្ចាស់ទីតាំងទាំងអស់ ធ្វើកិច្ចសន្យ៉ាបិទជាបណ្តអាសន្ត ហើយត្រូវធ្វើច្បាប់ឲ្តបានត្រឹមត្រូវទើបអនុញ្ញាត ឲ្យបើកបំរើសេវាកម្មអ៊ីនធើណែតវិញ ។
ការចុះបិទហ្គេមនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើងនិងខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងឲ្យលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីលោក សាន ប៉ែត នាយប៉ុស្តិ៍កាកាប និងនាយរងម៉េអឹមខណ្ឌ រួមទាំងកងកម្លាំងមួយចំនួនទៀត។
បើតាមមន្ត្រីសាលាខណ្ឌ ដែលបានចូលរួមដែរនោះ បាននិយាយថា ក្នុងរយះពេល១ព្រឹក លោក ឃឹម ស៊ុនសូដា បានដឹកនាំកម្លាំង ហើយបានបញ្ជាឲ្យកងកម្លាំង សម្រុកចូលទីតាំងអ៊ីនធើណែត ចំនួន៣ទីតាំង ដើម្បីត្រួតពិនិត្យ ក្រែងលោកបង្កប់ល្បែងភ្នាល់នានា ហើយឃើញថា អ្នកចូលលេងអ៊ីនធើណែតទាំងនោះ គឹសុទ្ធតែក្មេងៗដែលមានអាយុ ប្រហែលជាក្រោម១០ឆ្នាំ និង១០ឆ្នាំជាង រួមលោកអភិបាលរង បានធ្វើការណែនាំដល់ក្មេងទាំងនោះ កុំឲ្យមកចូលលេង ហ្គេមបែបនេះ គឺត្រូវខិតខំរៀនសូត្រ ហើយបើទំនេរ ត្រូវជួយធ្វើការងារឪពុកម្តាយ រួចបានឲ្យត្រឡប់ទៅផ្ទះបិញអស់ និងបានហៅម្ចាស់ទីតាំង ទាំងបីទីតាំងធ្វើកិច្ចសន្យាបិទជាបណ្តោះអាសន្ន។
លោក ឃឹម ស៊ុនសូដា បានឲ្យដឹងដែរថា ទីតាំងអ៊ីនណែតចំនួន៣កន្លែង ក្នុងភូមិប៉ប្រក ខាងជើងមួយកន្លែង និងក្នុងភូមិប៉ប្រកខាងត្បូង២កន្លែង ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារតែទីតាំងអ៊ីនធើណែតទាំង៣នេះ ពុំមានច្បាប់ទម្លាប់ ត្រឹមត្រូវនោះទេ ហើយម្យ៉ាងទៀត ម្ចាស់អ៊ីនធើណែតទាំងនោះ គេអនុញ្ញាតឲ្យចូលលេង ដែលមួយចំនួនជាសិស្ស ដូច្នេះមិនគោរពទៅតាមការណែនាំនោះទេ។
លោកបានបន្តទៀតថា ១លើកនេះគឺយើងគ្រាន់តែចុះណែនាំនោះទេ មិនមានដកហូតអ្វីមួយឡើយ គ្រាន់តែឲ្យមានច្បាប់ត្រឹមត្រូវ ប៉ុន្តែថ្ងៃក្រោយនៅតែមិនគោរពច្បាប់ទៀតនោះ គឺត្រូវដកហូតតែម្តងមិនឲ្យវិញនោះទេ ៕
ប្រភព៖ ដើមអម្ពិល