1 2 3
4 5 6 7

​តារាចម្រៀង​អ៊ុំ គន្ធា ទទួលបាន​​តំណែង​ក្នុង​ក្រសួង​ព័ត៌មាន​​

uom_kunthea_15_02_16-2015-02-16អ្នកនាង ​អ៊ុំ គន្ធា ទទួល​អំណោយ​ពីរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក ខៀវ កាញារីទ្ធ (រូបភាព៖ វង្ស សុម៉ាលីន)​

បន្ថែម​ពីលើ​ការផ្ដល់​អំណោយ និង​សន្យា​ផ្គត់ផ្គង់​ការសិក្សា​ដល់​កូនៗ​ទាំងពីរ​របស់​តារាចម្រៀង​នាង ​អ៊ុំ គន្ធា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៏​ប្រកាស​ផ្ដល់​តំណែង​ឲ្យ​អ​តី​តា​ល្បី​រូបនេះ ឲ្យក្លាយ​ជា​មន្ត្រី​ប្រចាំ​នៅ​ក្នុង​ក្រសួង​ផង​ដែរ ។ នេះ​ជា​ការ​ជ្រោមជ្រែង​មួយ​ដ៏​កម្រ បន្ទាប់​ពី​អ្នកនាង​បាន​ក្លាយជា​ស្ត្រី​ដែល​ផ្ទុក​មេរោគ​អេដស៍ និង​មាន​ជីវិត​ដុនដាប​រហូត​ធ្លាក់​ខ្លួន​រាវ​ខ្យង​ខ្ចៅ​អស់​មួយរយៈ​ធំ​។

​ក្នុង​ពិធី​ពិសារ​អាហារ​សាមគ្គី​ជាមួយ​តារា​សិល្បៈ និង​ចែក​អំណោយ​ដល់​អ្នកនាង អ៊ុំ គន្ធា អតីត​តារា​ចម្រៀង​យ៉េៗ ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​អតីត​ភរិយា​របស់​តារាចម្រៀង ផាន សុផាត នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ប្រាប់​VOD​ថា អ្នកនាង អ៊ុំ គន្ធា នឹង​ត្រូវ​ក្រសួង​សម្រេច​ឲ្យក្លាយ​ជា​មន្ត្រី​ជាប់​កិច្ចសន្យា​ចូល​ធ្វើការ​ នៅ​ក្នុង​ក្រសួង​ដូច​មន្ត្រី​មួយចំនួន​ក្នុង​ឆ្នាំ​២០១៥​នេះ ។ ការ​ផ្ដល់​តំណែង គឺ​បន្ទាប់ពី​លោក និង​មន្ត្រីជាន់ខ្ពស់​ប្រចាំ​នៅ​ក្នុង​ក្រសួង​ព័ត៌មាន មើលឃើញ​ពី​ការលំបាក​របស់​អ្នកនាង ហើយ​មាន​បំណង​លើកទឹកចិត្ត​ឲ្យ​នាង​មាន​ជីវិត​ស្រស់បំព្រង​ឡើងវិញ បើទោះជា​ធ្លាក់ខ្លួន​កើត​ជំងឺអេដស៍  ធ្លាក់​ខ្លួន​គ្មាន​ទីពំ​នាក់​ដែល​ស្ទើរតែ​បាត់បង់​អស់​តម្លៃ​ជា​មនុស្ស ។

លោក ខៀវ កាញារីទ្ធ ឲ្យ​ដឹង​ទៀត​ថា ក្រសួង​នឹង​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ ក្នុង​ការយល់ព្រម​ផ្ដល់​តួនាទី​ឲ្យ​នាង​ជា​មន្ត្រី​ជាប់​កិច្ចសន្យា ដោយ​មិន​មាន​ការប្រឡង​សមត្ថភាព​នោះទេ ។ លោក​បាន​ថ្លែង​បញ្ជាក់​ក្នុង​កិច្ចសម្ភាសន៍​ថា «​អ្វី​ដែល​ក្រសួង​ សម្រេច​នេះ​គឺ​ចង់​ឲ្យ​គាត់​ដឹង​ថា យើង​បើក​ទ្វារ​ផ្ដល់​ការងារ​ឲ្យ​គាត់ និង​លើកទឹកចិត្ត​ឲ្យ​គាត់​មាន​កម្លាំង​តស៊ូ​ដើម្បី​កូនៗ​តទៅទៀត ទោះជា​គាត់​មាន​ជំងឺ​អេដស៍ ហើយ​មិន​អាច​រកលុយ​ពី​ការ​រាំច្រៀង​បាន​ដូច​ពីមុន សំខាន់​ខ្ញុំ​ចង់​ផ្ដល់​ជា​គំរូ​មួយ​ថា យើង​មិន​ស្អប់ខ្ពើម ឬ​រើសអើង​ចំពោះ​តារា​សិល្បៈ ដែល​ធ្លាក់ខ្លួន​ដូច​គាត់​»​

អ្នកនាង  ​អ៊ុំ គន្ធា និង​កូន​ប្រុស​ទាំង​ពីរ (រូបភាព៖ វង្ស សុម៉ាលីន)

​លោក ផុស សុវណ្ណ ឧត្តម​មន្ត្រី​ទីប្រឹក្សា​ក្រសួ​ង និង​ជា​អគ្គនាយក​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​បាន​ថ្លែង​បញ្ជាក់ថា អ្នកនាង​អ៊ុំ គន្ធា នឹង​ចូល​បម្រើ​នៅក្នុង​ក្រសួង​ព័ត៌មាន ក្នុងនាម​ជា​មន្ត្រី​ជាប់​កិច្ចសន្យា​ចាប់ពី​អំឡុង​ខែ​មេសា ក្នុង​ឆ្នាំ​២០១៥​នេះ ដោយសារតែ​ការដាក់បញ្ចូល ក៏​ត្រូវ​រៀបរយ​ឯកសារ និង​ជជែក​វែកញែក​កាតព្វកិច្ច ដើម្បីឲ្យ​អ្នកនាង​បម្រើការ​ច្បាស់លាស់ ដោយ​មិន​មែន​យក​ទៅ​ឈរជើង​ឲ្យទទួល​តែ​បៀរ​វត្សរ៍ ។ អ្នកនាង​នឹងត្រូវ​អនុញ្ញាតឲ្យ​ចូល​បម្រើកា​រ​ក្នុង​នាយកដ្ឋាន​របស់​លោក ដោយ​ទំនងជា​ត្រូវ​បង្កើត​កម្មវិធី​ថ្មី​មួយ​ក្នុង​វិទ្យុ ឲ្យ​អ្នកនាង​អប់រំ​ដល់​អ្នក​ជំងឺអេដស៍ និង​អ្នក​ធ្លាប់​ញៀន​គ្រឿងញៀន ពី​បទពិសោធន៍​ដ៏​លំបាក ដើម្បី​ចែកចាយ​ដល់​មហាជន​ទូទៅ ។

​អ្នកនាង​នឹង​ទទួល​ប្រាក់ខែ​តាម​មុខ​តំណែង  ដូចគ្នា​នឹង​មន្ត្រី​ជាប់​កិច្ចសន្យា​ទូទៅ បើទោះជា​ការបំពេញភារកិច្ច នឹង​ត្រូវ​លើកលែង​ដោយ​មិន​កំណត់​ឲ្យធ្វើ​ការពេញ​ម៉ោង​នៅក្នុង​ក្រសួង ។ លោក ​ផុស សុវណ្ណ និយាយថា «​សម្រាប់​គាត់ ឯកឧត្តម​រដ្ឋមន្ត្រី​សម្រេច​ហើយ គឺ​ថា​គាត់​ទំនេរ​ម៉ោង​ណា​មក​ធ្វើការ​ម៉ោង​ហ្នឹង ដោយ​ខ្ញុំ​អាច​រៀបចំ​ឲ្យ​គាត់​មក​ធ្វើការ​តែ​សៅរ៍​-​អាទិត្យ​ខាង​ផ្នែក​ វិទ្យុ ឬ​ផ្នែក​កម្មវិធី​អប់រំ​របស់​ក្រសួង ព្រោះ​គាត់​ជា​តារា​អញ្ចឹង ហើយ​ធ្លាប់​មាន​បញ្ហា​ជីវិត​ផ្ទាល់ខ្លួន ពិតជា​មាន​បទពិសោធន៍​អាច​ធ្វើការ​បាន​»​។​

​ក្រសួង​គ្រោង​ផ្ដល់​កិច្ចសន្យា​ការងារ​ឲ្យ​អ្នកនាង​រយៈពេល​មួយ​ឆ្នាំ​ ដំបូង  ដោយ​រាប់​ពី​អំឡុង​ខែ​មេសា​ក្នុង​ឆ្នាំ​២០១៥​តទៅ ខណៈ​ដែល​ការសម្រេច​នេះ នឹង​បន្ត​ផ្ដល់​កិច្ចសន្យា​បន្ថែមទៀត បើ​អ្នកនាង​បំពេញ​ការងារ​ជា​បុគ្គល​បានល្អ​។ ការសម្រេច​នេះ​លោក​ថា មានបំណង​តែមួយគត់ គឺ​បង្កើន​ប្រាក់ចំណូល​ឲ្យ​អ្នកនាង ដើម្បីឲ្យ​មាន​សង្ឃឹម​ក្នុង​ជីវិត ។ លោក សុណ្ណ បញ្ជាក់ថា «​ហេតុ​ដែល​ នាំ​មាន​ការសម្រេច​នោះ គឺ​ដោយសារ​គាត់​សុំ​ឲ្យ​ផ្ដល់​ប្រាក់ប្រចាំ​ឆ្នាំ​ជួយ​កូន​គាត់​ទាំង​២​ ឲ្យបាន​រៀន​បន្ត ហើយ ដោយសារតែ​ក្រសួង​មើលឃើញថា អ្វី​ដែល​គាត់​ជួបប្រទះ​ក៏​ជួយ​ក្រសួង​បាន ទើប​ផ្ដល់​ការងារ​ឲ្យតែ​ម្ដង​ទៅ ។ ប៉ុន្តែ​ប្រាក់ឧបតម្ថ​ថ្លៃ​កូន​គាត់​រៀនទី​៧​ទាំង​ពីរ​នោះ នៅតែ​ជួយ​ទេ ព្រោះ​អាណិត​គាត់​» ។​

​អ្នកនាង អ៊ុំ គន្ធា  សន្យា​ប្រឹងប្រែង​ធ្វើការ ដើម្បី​ទទួលបាន​ប្រាក់ខែ​មួយ​តំណែង​ទៀត បន្ថែម​ពីលើ​ការងារ​ចែក​ថ្នាំ​ដល់​អ្នក​ជំងឺអេដស៍​ក្នុង​មន្ទីរពេទ្យកុសុមៈ  ឲ្យ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ផ្ទុកមេរោគ​អេដស៍ ហៅ​កាត់​ថា AHF ។ អ្នកនាង​និយាយថា ប្រាក់ខែ​ដែល​ទទួលបាន​ពី​អង្គការ​បាន​ជួយ​ឲ្យ​នាង​រួចផុត​ពី​ជីវិត​ដើរ​រាវ​ ខ្ចង​ខ្ចៅ​កាលពី​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ​មិន​អាច​ផ្គត់ផ្គង់​ឲ្យ​កូនប្រុស​ច្បង​អាយុ​១៤​ឆ្នាំ និង​កូនប្រុស​ពៅ​អាយុ​១៣​ឆ្នាំដែល​ផ្ទុក​មេរោគ​អេដស៍​ដូច​ខ្លួន អាច​សិក្សា និង​មាន​ជីវិត ល្អ​ប្រសើរ​នោះ​ទេ ទើប​នាង​រំភើបចិត្ត​ពេល​ឮ​ថា​ក្រសួង​ព័ត៌មាន​យល់ព្រម​ឲ្យចូល​ធ្វើការ​ ក្នុងនាម​ជា​មន្ត្រី​ម្នាក់ ។ អ្នកនាង​ថា នឹង​លាតត្រដាង​ពី​អតីតកាល​ដែល​ធ្លាប់​ញៀន​ថ្នាំ និង​ឆ្លង​ជំងឺអេដស៍ ចែក​បទពិសោធន៍​ដល់​មហាជន ក៏​ដូច​ជា​តារា​សិល្បៈ​ដែល​ភ្លើតភ្លើន​ដូច​អ្នក​នាង​ដោយ​មិន​លាក់លៀម​ឡើយ ប្រសិនបើ​អ្នកនាង មានសំណាង​បាន​បង្ហើរ​សំនៀង​តាម​រលក​វិទ្យុ​ដូច​ការគ្រោងទុក ៕

ប្រភព៖ VOD

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS