1 2 3
4 5 6 7

តូយ៉ូតា​ខេមបូឌា​ប្រកាស​ប្រមូល​រថយន្ត Hilux Vigo

7_story_1_10

ភ្នំពេញៈ ក្រុមហ៊ុន​តូយ៉ូតា ខេមបូឌា បាន​ប្រកាស​ពី​យុទ្ធនាការ​ប្រមូល​រថយន្ត តូយ៉ូតា Hilux Vigo ដែល​កំពុង​ចរាចរណ៍​នៅ​កម្ពុជា​ជិត ២ ពាន់​គ្រឿង​ដើម្បី​យក​មក​ត្រួត​ពិនិត្យ​ខ្សែ​ពោង​សុវត្ថិភាព​បន្ទាប់ពី​រោងចក្រ​ផលិត​នៅ​ជប៉ុន​បាន​រក​ឃើញ​ការ​សង្ស័យ​ដែល​អាច​បារម្ភ​ដល់​សុវត្ថិភាព​ដំណើរការ។

សេចក្តី​ប្រកាស​ពី​យុទ្ធនាការ​ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា រថយន្ត​ម៉ាក Toyota Hilux Vigo មួយ​ចំនួន​ដែល​ផលិត​នៅ​ចន្លោះ ឆ្នាំ​២០០៥ ដល់ ២០១០ ត្រូវ​បាន​រោងចក្រ​ប្រកាស​ឲ្យ​យក​មក​ត្រួត​ពិនិត្យ​ខ្សែ​ពោង​សុវត្ថិភាព​ឡើង​វិញ ដើម្បី​ឲ្យ​ប្រាកដ​ថា ខ្សែ​ពោង​សុវត្ថិភាព​ពិតជា​នៅ​ដំណើរការ​ធម្មតា។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ដើម្បី​ផ្តល់​ព័ត៌មាន​បន្ថែម​ស្តីពី​ការធ្វើ​យុទ្ធនាការ​នេះ​បានទេ​កាលពី​ម្សិលមិញ តែ​បើ​យោងតាម​បុគ្គលិក​ផ្នែក​បច្ចេកទេស​ក្រុមហ៊ុន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា រថយន្ត Toyota Hilux Vigo ដែល​ត្រូវបាន​សង្ស័យ ហើយ​ត្រូវ​ពិនិត្យ​ខ្សែ​ពោង​សុវត្ថិភាព​ឡើង​វិញ​មាន​ចំនួន ១ ៩៨៧ គ្រឿង ហើយ​ក្នុង​នោះ​មាន​រថយន្ត​ជាង ៣០០ គ្រឿង​ហើយ​ដែល​បាន​ត្រួត​ពិនិត្យ​រួច។

លោក​ថ្លែង​ថា៖ «វា​មិន​មែន​ជា​រឿង​បញ្ហា​អី​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​ឡាន​ដែល​យក​មក​ពិនិត្យ​ខ្លះ​ក៏​អត់​មាន​បញ្ហា​អី​ដែរ​បន្ទាប់ពី​ត្រួតពិនិត្យ​ហើយ»។

លោក​បន្តថា ការ​សង្ស័យ​នេះ​គឺ​មាន​តែ​ទៅ​លើ​ខ្សែ​ពោង​សុវត្ថិភាព​រថយន្ត​ដែល​ជា​ផ្នែក​តូច​មួយ​នៃ​គ្រឿង​របស់​រថយន្ត តែ​ទោះ​បី​ជា​បញ្ហា​តូច​យ៉ាងណា​ក៏ត្រូវ​ការពារ​ឲ្យ​ល្អ​ដើម្បី​បង្ការ​បញ្ហា​ដែល​អាច​កើតឡើង​នៅ​ថ្ងៃមុខ។ លោក​អះអាង​ថា៖ «មិន​ទាន់​មាន​ករណី​មាន​បញ្ហា​អី​កើតឡើង​នៅ​ឡើយ​ទេ គ្រាន់តែ​ថា​រោងចក្រ​នៅ​ជប៉ុន​រក​ឃើញ​ការ​សង្ស័យ​លើ​បញ្ហា​ខ្សែ​ពោង​សុវត្ថិភាព​អ៊ីចឹង​គេ​តម្រូវ​ឲ្យ​យើង​ត្រួត​ពិនិត្យ​ដើម្បី​ធានាថា​ផលិតផល​យើង​មាន​គុណភាព​សុវត្ថិភាព​មួយ​រយ​គាគ​រយ»។

សេចក្តី​ប្រកាស​ក្នុងការ​ប្រមូល​រថយន្ត​ដើម្បី​ត្រួត​ពិនិត្យ​ខ្សែ​ពោង​សុវត្ថិភាព​របស់​ក្រុមហ៊ុន​តូយ៉ូតា​នា​ពេល​នេះ​នឹង​មិន​បង្ក​ផល​ប៉ះពាល់​អាក្រក់​ណាមួយ​ដល់​ម៉ាក​រថយន្ត​នេះ ឬ​ក៏​ដំណើរការ​វិស័យ​រថយន្ត​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វា​គឺជា​សញ្ញា​វិជ្ជមាន​ពី​ដំណើរ​ការ​វិវត្ត​ល្អ​នៃ​ឧស្សាហកម្ម​នេះ​ដោយ​សារ​វា​បាន​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ក្រុមហ៊ុន​ផលិត ក្រុមហ៊ុន​ចែកចាយ ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ។ នេះ​បើ​យោង​តាម​លោក Pily Wong អនុប្រធាន​សហព័ន្ធ​ឧស្សាហ​កម្ម​រថយន្ត​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដោយ​សារ​តែ​ក្រុមហ៊ុន​ផលិត​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ផលិតផល​របស់​ពួកគេ ព្រោះថា​ផលិតករ​ទាំង​នោះ​មិន​ចង់​ឲ្យ​កើត​មាន​បញ្ហា​អី​នោះទេ​បើ​ទោះ​បីជា​តូច​តាច​ក៏​ដោយ ហើយ​ពួកគេ​ចង់​ឲ្យ​ប្រាកដថា ផលិតផល​ដែល​កំពុង​ដំណើរការ​គឺ ពិត​ជាមាន​សុវត្ថិភាព​មួយ​រយ​ភាគរយ។

លោក​បន្ត​ថា៖ «វា​កំពុង​ផ្ដល់​រូបភាព​វិជ្ជមាន​ដល់​ឧស្សាហកម្ម​រថយន្ត។ វា​បង្ហាញ​ថា រោងចក្រ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ផលិតផល​នេះ។ នេះ​បង្ហាញ​ថា នៅ​ពេល​អ្វីៗ​មិន​ល្អ​កើត​ឡើង​ទោះ​បី​តិចតួច​ក៏ដោយ ពួកគេ​មានការ​ទទួល​ខុស​ត្រូវ ហើយ​ពួកគេ​នឹង​ធ្វើ​វា​ឲ្យ​អតិថិជន​មាន​ភាព​ជឿ​ជាក់ ១០០ ភាគរយ​ថា​មាន​សុវត្ថិភាព»។

លោក​បន្ថែម​ថា ទោះបី​ជា​វា​កំពុង​កើតឡើង​ចំពោះ​ក្រុមហ៊ុន​តូយ៉ូតា​នៅ​ថ្ងៃ​នេះ​ក៏​ដោយ ប៉ុន្តែ​ជា​ទូទៅ​ម៉ាក​រថយន្ត​ផ្សេងៗ​តែង​កើត​មាន​ករណី​សង្ស័យ​លើ​បញ្ហា​តូចៗ​បែប​នេះ​ស្រដៀង​គ្នា​ជាច្រើន។

លោក Pily Wong លើក​ឡើង​បន្ត​ថា វា​ក៏បាន​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ដែល​អតិថិជន​ទិញ​រថយន្ត​ពី​ក្រុមហ៊ុន​ចែកចាយ​មាន​អាជ្ញាប័ណ្ណ។

លោក សេង វឹង អ្នក​គ្រប់​គ្រង​ផ្នែក​ចែកចាយ​រថយន្ត Ford របស់​ក្រុមហ៊ុន RMA Cambodia ថ្លែងថា វា​ជា​រឿង​ធម្មតា​ដែល​មាន​ករណី​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រកាស​មានការ​សង្ស័យ​លើ​ដំណើរ​ផ្នែក​ណាមួយ​របស់​រថយន្ត ហើយ​ប្រកាស​ប្រមូល​រថយន្ត​ដែល​សង្ស័យ​មក​ត្រួត​ពិនិត្យ​ឡើង​វិញ។

លោក​ថ្លែង​ថា៖ «វា​មិន​មែន​ជា​រូបភាព​អាក្រក់​នោះ​ទេ តែ​វា​ជា​រឿង​ល្អ។ នៅ​ពេល​ក្រុមហ៊ុន​រក​ឃើញ​អ្វី​មួយ​សង្ស័យ ហើយ​ពួកគេ​ប្រមូល​យក​មក​ត្រួត​ពិនិត្យ»៕

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS